ដើមកំណើត ៧:១-២៤

  • ការ​ចូល​ក្នុង​ទូក​ធំ (​១​-​១០)

  • ទឹក​ជន់​លិច​ពិភព​លោក (​១១​-​២៤)

 ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ណូអេ​ថា​៖ ​«​ចូរ​អ្នក​និង​ក្រុម​គ្រួសារ​ចូល​ក្នុង​ទូក​ធំ ព្រោះ​នៅ​ជំនាន់​នេះ ខ្ញុំ​ឃើញ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ជា​មនុស្ស​សុចរិត។+ ២  អ្នក​ត្រូវ​នាំ​យក​សត្វ​ដែល​ស្អាត​បរិសុទ្ធ​ទាំង​ឈ្មោល​ទាំង​ញី តាម​ពូជ​នីមួយ​ៗ​ចំនួន​៧​ក្បាល។*+ ឯ​សត្វ​គ្រប់​ប្រភេទ​ដែល​មិន​ស្អាត​បរិសុទ្ធ ចូរ​យក​មួយ​គូ​ៗ​ទាំង​ឈ្មោល​ទាំង​ញី។ ៣  អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​ស្លាប​ដែល​ហើរ​លើ​អាកាស​ទាំង​ឈ្មោល​ទាំង​ញី តាម​ពូជ​នីមួយ​ៗ​ចំនួន​៧*ដែរ ដើម្បី​ឲ្យ​ពួក​វា​បន្ត​ពូជ​ពេញ​លើ​ផែនដី+ ៤  ព្រោះ​នៅ​សល់​តែ​៧​ថ្ងៃ​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង+ធ្លាក់​មក​លើ​ផែនដី​ចំនួន​៤០​ថ្ងៃ​៤០​យប់។+ ខ្ញុំ​នឹង​បំផ្លាញ​ជីវិត​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​បង្កើត​ឲ្យ​សាប​សូន្យ​ទៅ​»​។+ ៥  ណូអេ​ក៏​បាន​ធ្វើ​ដូច្នោះ តាម​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ប្រការ។ ៦  ពេល​ដែល​មាន​ទឹក​ជន់​លិច​ផែនដី ណូអេ​មាន​អាយុ​៦០០​ឆ្នាំ។+ ៧  មុន​ទឹក​ជន់​លិច ណូអេ​និង​ប្រពន្ធ​កូន ព្រម​ទាំង​កូន​ប្រសា​ស្រី បាន​ចូល​ក្នុង​ទូក​ធំ។+ ៨  ឯ​សត្វ​គ្រប់​ប្រភេទ​ដែល​ស្អាត​បរិសុទ្ធ និង​មិន​ស្អាត​បរិសុទ្ធ ព្រម​ទាំង​សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​ល្អិត​គ្រប់​ប្រភេទ+ ៩  ពួក​វា​បាន​មក​ឯ​ណូអេ​មួយ​គូ​ៗ​ទាំង​ឈ្មោល​ទាំង​ញី ចូល​ក្នុង​ទូក​ធំ​ដូច​ដែល​ព្រះ​បាន​ប្រាប់​ណូអេ​មែន។ ១០  លុះ​៧​ថ្ងៃ​ក្រោយ​មក ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់ ហើយ​បណ្ដាល​ឲ្យ​ទឹក​ជន់​ឡើង​ពេញ​ផែនដី។ ១១  នៅ​ថ្ងៃ​ទី​១៧ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​៦០០​នៃ​អាយុ​របស់​ណូអេ ទឹក​បាន​ធ្លាក់​មក​ពី​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​នៅ​ខាង​លើ ហើយ​ទ្វារទឹក​នៅ​លើ​មេឃ​ក៏​បាន​ត្រូវ​បើក​ដែរ។+ ១២  ភ្លៀង​បាន​ធ្លាក់​មក​លើ​ផែនដី​អស់​៤០​ថ្ងៃ​៤០​យប់។ ១៣  នៅ​ថ្ងៃ​នោះ ណូអេ​និង​ប្រពន្ធ​បាន​ចូល​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​គាត់ គឺ​សិម ហាំ និង​យ៉ាផេត+ ព្រម​ទាំង​ប្រពន្ធ​របស់​ពួក​គេ។+ ១៤  ពួក​គេ​បាន​ចូល​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​សត្វ​ព្រៃ​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ សត្វ​លូន​វារ​តាម​ពូជ និង​សត្វ​ហើរ​លើ​អាកាស​តាម​ពូជ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លាប។ ១៥  សត្វ​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​ឯ​ណូអេ ចូល​ក្នុង​ទូក​ធំ​ទាំង​គូ​ៗ គឺ​សត្វ​គ្រប់​ប្រភេទ​ដែល​មាន​ដង្ហើម​ជីវិត។ ១៦  ដូច្នេះ ពួក​វា​បាន​ចូល​ក្នុង​ទូក ទាំង​ឈ្មោល​ទាំង​ញី ដូច​ដែល​ព្រះ​បាន​ប្រាប់​ណូអេ​មែន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បិទ​ទ្វារ​ទូក។ ១៧  ទឹក​បាន​បន្ត​ជន់​លិច​ផែនដី​អស់​៤០​ថ្ងៃ ហើយ​ទឹក​ចេះ​តែ​កើន​ឡើង​ៗ​រហូត​ដល់​ទូក​អណ្ដែត​ផុត​ពី​ដី។ ១៨  ទឹក​នោះ​ជន់​ឡើង​ខ្លាំង​ក្រៃ​លែង ហើយ​បន្ត​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ៗ តែ​ទូក​ធំ​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក។ ១៩  ទឹក​ជំនន់​នោះ​ធំ​សម្បើម​ដល់​ម្ល៉េះ បាន​ជា​ភ្នំ​ខ្ពស់​ៗ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ បាន​លិច​ទាំង​អស់+ ២០  ហើយ​ឡើង​ផុត​ភ្នំ​ទាំង​នោះ អស់​១៥​ហត្ថ*ទៀត។ ២១  ដូច្នេះ ជីវិត​ទាំង​ឡាយ​ដែល​កម្រើក​នៅ​ផែនដី​បាន​វិនាស​ទៅ+ គឺ​សត្វ​ស្លាប សត្វ​ព្រៃ សត្វ​ស្រុក ពពួក​សត្វ​ល្អិត* និង​មនុស្សជាតិ​ទាំង​ឡាយ។+ ២២  គ្រប់​ទាំង​អស់​ដែល​រស់​នៅ​លើ​ដី​គោក ហើយ​មាន​ដង្ហើម​ជីវិត បាន​ស្លាប់​ទៅ។+ ២៣  ដូច្នេះ ព្រះ​បាន​បំផ្លាញ​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​អស់​ទៅ រួម​ទាំង​មនុស្សជាតិ សត្វ​លូន​វារ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ឯ​ទៀត+ មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ធំ​ប៉ុណ្ណោះ បាន​រួច​ជីវិត។+ ២៤  ទឹក​ជំនន់​ដ៏​ធំ​នោះ បាន​នៅ​ទ្រឹង​លើ​ផែនដី​អស់​១៥០​ថ្ងៃ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​៧​គូ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​៧​គូ​»​
មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា