ដើមកំណើត ២:១-២៥

  • ព្រះ​សម្រាក​នៅ​ថ្ងៃ​ទី៧ (​១​-​៣)

  • ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​មេឃ​និង​ផែនដី (​)

  • បុរស​និង​ស្ត្រី​នៅ​ក្នុង​សួន​អេដែន (​៥​-​២៥)

    • មនុស្ស​បាន​ត្រូវ​សូន​ពី​ដី (​)

    • បម្រាម​ចំពោះ​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​អាក្រក់ (​១៥​-​១៧)

    • ការ​បង្កើត​ស្ត្រី (​១៨​-​២៥)

 យ៉ាង​នេះ ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​លើ​មេឃ​និង​ផែនដី​រួច​រាល់។+ ២  នៅ​ថ្ងៃ​ទី​៧ ព្រះ​បាន​សម្រេច​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ចប់​សព្វ​គ្រប់ ហើយ​នៅ​ថ្ងៃ​នោះ​លោក​បាន​សម្រាក​ពី​កិច្ចការ​ទាំង​អស់។+ ៣  ព្រះ​ក៏​បាន​ឲ្យ​ពរ​ដល់​ថ្ងៃ​ទី​៧ ហើយ​កំណត់​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ពិសិដ្ឋ ព្រោះ​នៅ​ថ្ងៃ​នោះ លោក​បាន​សម្រាក​ពី​កិច្ចការ​បង្កើត គឺ​ជា​កិច្ចការ​ទាំង​អស់​ដែល​លោក​មាន​បំណង​ធ្វើ។ ៤  នេះ​ជា​កំណត់​ហេតុ​អំពី​ដើម​កំណើត​មេឃ​និង​ផែនដី​ក្នុង​កាល​ដែល​បាន​ត្រូវ​បង្កើត គឺ​ជា​គ្រា*ដែល​ព្រះ​យេហូវ៉ា*បាន​បង្កើត​មេឃ​និង​ផែនដី។+ ៥  នៅ​ផែនដី​មិន​ទាន់​មាន​រុក្ខជាតិ​ណា​ឡើយ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​ទាន់​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ហើយ​ក៏​គ្មាន​អ្នក​ដាំ​ដុះ​ថែ​ទាំ​ដែរ។ ៦  ប៉ុន្តែ ព្រះ​បាន​ធ្វើ​ឲ្យ​ចំហាយ​ទឹក​ចេញ​ពី​ផែនដី មក​ស្រោច​ស្រព​លើ​ផ្ទៃ​ផែនដី​វិញ។ ៧  ព្រះ​យេហូវ៉ា​បាន​យក​ដី​មក​សូន​ធ្វើ​ជា​មនុស្ស​ម្នាក់+ ហើយ​ផ្លុំ​ដង្ហើម​ជីវិត​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គាត់។+ ពេល​នោះ គាត់​ក៏​មាន​ជីវិត*ឡើង។+ ៨  បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ធ្វើ​សួន​មួយ​ក្នុង​តំបន់​អេដែន+នៅ​ភាគ​ខាង​កើត ហើយ​លោក​បាន​ដាក់​បុរស​ដែល​លោក​បាន​បង្កើត​ឲ្យ​នៅ​ទី​នោះ។+ ៩  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ដាំ​ដើម​ឈើ​ស្អាត​ៗ​គ្រប់​ប្រភេទ និង​មាន​ផល​ផ្លែ​អាច​បរិភោគ​បាន។ ឯ​នៅ​កណ្ដាល​សួន​វិញ ព្រះ​បាន​ដាំ​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត+ និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់។+ ១០  នៅ​អេដែន មាន​ប្រភព​ទឹក​មួយ​ហូរ​មក​ស្រោច​ស្រព​សួន​នោះ ហើយ​ក៏​បែក​ចេញ​ទៅ​ជា​ទន្លេ​បួន។ ១១  ទន្លេ​ទី​១​ឈ្មោះ​ពីសុន។ ទន្លេ​នោះ​ហូរ​ព័ទ្ធ​ជុំ​វិញ​ស្រុក​ហាវីឡា ជា​តំបន់​ដែល​មាន​មាស។ ១២  មាស​នៅ​ទឹក​ដី​នោះ​ជា​មាស​ល្អ ហើយ​នៅ​ទី​នោះ​ក៏​សម្បូរ​ជ័រ​ក្រអូប​ដេលាម និង​ត្បូង​អូនីក្ស​ផង​ដែរ។ ១៣  ទន្លេ​ទី​២​ឈ្មោះ​គីហុន។ ទន្លេ​នោះ​ហូរ​ព័ទ្ធ​ជុំ​វិញ​ស្រុក​គូស។ ១៤  ទន្លេ​ទី៣​ឈ្មោះ​ហ៊ីដេកែល។*+ ទន្លេ​នោះ​ហូរ​ទៅ​ភាគ​ខាង​កើត​ស្រុក​អាស៊ីរី+ ហើយ​ទន្លេ​ទី​៤​ឈ្មោះ​អឺប្រាត។+ ១៥  ព្រះ​យេហូវ៉ា​បាន​ដាក់​បុរស​នោះ​ឲ្យ​រស់​នៅ​ក្នុង​សួន​អេដែន ដើម្បី​គាត់​អាច​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​ទាំ​សួន​នោះ។+ ១៦  រួច​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ថា​៖ ​«​អ្នក​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​បាន​តាម​ចិត្ត។+ ១៧  ប៉ុន្តែ អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ព្រោះ​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន​»។+ ១៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​មិន​ល្អ​ទេ ដែល​បុរស​នេះ​នៅ​តែ​ម្នាក់​ឯង។ ខ្ញុំ​នឹង​បង្កើត*ជំនួយ​ម្នាក់​ដែល​សម​នឹងគាត់​»។*+ ១៩  នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ព្រៃ​ទាំង​ឡាយ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ រួច​មក លោក​នាំ​យក​សត្វ​ទាំង​នោះ​ទៅ​ឲ្យ​បុរស​នោះ​មើល​ថា​គួរ​ដាក់​ឈ្មោះ​អ្វី។ ឯ​ឈ្មោះ​សត្វ​ណា​ដែល​បុរស​នោះ​បាន​ដាក់​ឲ្យ សត្វ​នោះ​ក៏​មាន​ឈ្មោះ​នោះ​ទៅ។+ ២០  ដូច្នេះ បុរស​នោះ​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ព្រៃ​សត្វ​ស្រុក និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ ប៉ុន្តែ បុរស​នោះ​គ្មាន​ជំនួយ​ជា​គូ​បង្គ្រប់​គាត់​ទេ។ ២១  ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដេក​លក់​ស៊ប់​ទៅ ហើយ​លោក​ដក​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់ រួច​ភ្ជិត​សាច់​គាត់​ទៅ​វិញ។ ២២  ព្រះ​យេហូវ៉ា​បាន​យក​ឆ្អឹង​ជំនីរ​នោះ​មក​ធ្វើ​ជា​ស្ត្រី​ម្នាក់ រួច​នាំ​នាង​ទៅ​ប្រគល់​ឲ្យ​បុរស​នោះ។+ ២៣  បន្ទាប់​មក បុរស​នោះ​បាន​និយាយ​ថា​៖ ​«​នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ។ ដូច្នេះ អ្នក​នេះ​នឹង​ត្រូវ​ហៅ​ថា​ស្ត្រី ព្រោះ​បាន​ត្រូវ​យក​ចេញ​ពី​បុរស​មក​»។+ ២៤  ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ។+ ២៥  នៅ​ពេល​នោះ ពួក​គេ​ទាំង​ពីរ​នាក់​នៅ​ខ្លួន​ទទេ+ គឺ​បុរស​នោះ​និង​ប្រពន្ធ​គាត់។ ប៉ុន្តែ ពួក​គេ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ឡើយ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ថ្ងៃ​»​
នេះ​ជា​ខ​ទី​១​ដែល​មាន​នាម​របស់​ព្រះ​ផ្ទាល់ יהוה (​យ​ហ​វ​ហ​)។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​ទីគ្រី​ស​»​
ន័យ​ត្រង់​«​ធ្វើ​»​
ឬ​«​ដែល​ជា​គូ​បង្គ្រប់​គាត់​»​