ដើមកំណើត ១៩:១-៣៨

  • ទេវតា​បាន​មក​ជួប​ឡុត (​១​-​១១)

  • ឡុត​និង​ក្រុម​គ្រួសារ​គាត់​បាន​ត្រូវ​តឿន​ឲ្យ​ចាក​ចេញ (​១២​-​២២)

  • ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​បាន​ត្រូវ​បំផ្លាញ (​២៣​-​២៩)

    • ប្រពន្ធ​ឡុត​បាន​ក្លាយ​ទៅ​ជា​បង្គោល​អំបិល (​២៦)

  • ឡុត​និង​កូន​ស្រី​របស់​គាត់ (​៣០​-​៣៨)

    • ដើម​កំណើត​នៃ​ម៉ូអាប់​និង​អាំម៉ូន (​៣៧, ៣៨)

១៩  នៅ​ពេល​ល្ងាច ទេវតា​ពីរ​រូប​នោះ​បាន​មក​ដល់​ក្រុង​សូដុម។ ពេល​នោះ ឡុតកំពុង​អង្គុយ​នៅ​ខ្លោង​ទ្វារ​ក្រុង។ ពេល​គាត់​ឃើញ​ទេវតា​ពីរ​រូប​នោះ គាត់​បាន​ក្រោក​ទៅ​ជួប​ពួក​គាត់ ហើយ​ក្រាប​មុខ​ដល់​ដី។+ ២  គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់! សូម​អញ្ជើញ​មក​ផ្ទះ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​លាង​ជើង​ជូន​លោក ហើយ​សូម​លោក​ស្នាក់​នៅ​មួយ​យប់ ចាំ​ដល់​ពេល​ព្រឹក​ព្រលឹម សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ​»។ ពួក​គាត់​ឆ្លើយ​តប​ទៅ​វិញ​ថា​៖ ​«​ទេ! យើង​នឹង​ស្នាក់​នៅ​ទី​លាន​សាធារណៈ​វិញ​»។ ៣  ប៉ុន្តែ ដោយ​សារ​ឡុត​ចេះ​តែ​ទទូច​អង្វរ ពួក​គាត់​ក៏​ព្រម​ទៅ។ បន្ទាប់​មក ឡុត​បាន​ដុត​នំ​ប៉័ង​ឥត​ដំបែ ហើយ​រៀបចំ​អាហារ​ជា​ច្រើន​ជូន​ពួក​គាត់​ពិសា។ ៤  មុន​ពួក​គាត់​ចូល​សម្រាន្ត ពួក​ប្រុស​ៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​ទាំង​ចាស់​ទាំង​ក្មេង បាន​មក​ឡោម​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​ឡុត។ ៥  ពួក​គេ​ស្រែក​សួរ​ឡុត​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​តើ​បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ឯ​ណា? នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​នឹង​ពួក​គេ​»។+ ៦  បន្ទាប់​មក ឡុត​បាន​បើក​ទ្វារ​ចេញ​ទៅ​ជួប​ពួក​គេ រួច​ទាញ​ទ្វារ​បិទ​ពី​ក្រោយ​គាត់។ ៧  គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​បង​ប្អូន​ខ្ញុំ​អើយ! សូម​កុំ​ប្រព្រឹត្ត​ការ​អាក្រក់​នេះ​ឡើយ។ ៨  ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់​ដែល​មិន​ទាន់​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ សូម​ឲ្យ​ខ្ញុំ​នាំ​នាង​ទាំង​ពីរ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​សូម​ប្រព្រឹត្ត​ទៅ​លើ​ពួក​នាង​តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ សូម​កុំ​ធ្វើ​អ្វី​បែប​នេះ​ចំពោះ​បុរស​ទាំង​ពីរ​នេះ​ឡើយ ព្រោះ​ពួក​គេ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​»។*+ ៩  ពេល​ឮ​ដូច្នេះ ពួក​បុរស​ទាំង​នេះ​បាន​និយាយ​ថា​៖ ​«​ថយ​ចេញ​ភ្លាម!​»។ រួច​ពួក​គេ​បន្ថែម​ទៀត​ថា​៖ ​«​ជន​បរទេស​ម្នាក់​នេះ​មក​រស់​នៅ​លើ​ទឹក​ដី​យើង​ហើយ ហ៊ាន​មក​វិនិច្ឆ័យ​យើង​ទៀត! យើង​នឹង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯង​ឲ្យ​អាក្រក់​ជាង​ទៅ​លើ​បុរស​ពីរ​នាក់​នោះ​ទៅ​ទៀត​»។ លុះ​និយាយ​ចប់​ហើយ ពួក​គេ​ក៏​ប្រជ្រៀត​គ្នា​ចូល ក្នុង​បំណង​ទម្លាយ​ទ្វារ។ ១០  ខណៈ​នោះ ភ្ញៀវ​របស់​ឡុត​បាន​លូក​ដៃ​ចាប់​ទាញ​គាត់​ចូល​ក្នុង​ផ្ទះ រួច​ក៏​បិទ​ទ្វារ​ទៅ​វិញ។ ១១  ភ្ញៀវ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បុរស​ទាំង​អស់​ដែល​នៅ​មាត់​ទ្វារ​ងងឹត​ភ្នែក គឺ​ទាំង​ក្មេង​ទាំង​ចាស់។ ពួក​គេ​ខំ​រក​ទ្វារ​ចូល​តែ​រក​មិន​ឃើញ រហូត​ដល់​ពួក​គេ​ល្វើយ។ ១២  បន្ទាប់​មក បុរស​ទាំង​ពីរ​នោះ​បាន​សួរ​ឡុត​ថា​៖ ​«​តើ​អ្នក​មាន​អ្នក​ណា​ទៀត​នៅ​ទី​នេះ​ឬ​ទេ? បើ​មាន​កូន​ប្រុស កូន​ស្រី កូន​ប្រសា និង​សាច់​ញាតិ​ឯ​ទៀត ចូរ​នាំ​ពួក​គេ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់! ១៣  ពួក​ខ្ញុំ​បម្រុង​បំផ្លាញ​ក្រុង​នេះ​ចោល​ហើយ ពី​ព្រោះ​សម្រែក​ទាស់​នឹង​ក្រុង​នេះ​លាន់​ឮ​ជា​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា។+ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​ពួក​ខ្ញុំ​ឲ្យ​មក​បំផ្លាញ​ក្រុង​នេះ​»។ ១៤  ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ហៅ​កូន​ប្រសា​ទាំង​ពីរ​ដែល​នឹង​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ទាំង​ពីរ​របស់​គាត់។ គាត់​ប្រាប់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់ ព្រោះ​ព្រះ​យេហូវ៉ា​ជិត​បំផ្លាញ​ក្រុង​នេះ​ហើយ!​»។ ប៉ុន្តែ ពួក​គេ​ស្មានថា​គាត់​និយាយ​លេង។+ ១៥  លុះ​ទៀប​ភ្លឺ ទេវតា​បាន​តឿន​ឡុត​ថា​៖ ​«​លឿន​ឡើង! ចូរ​នាំ​ប្រពន្ធ​និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ស្លាប់​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ​»។+ ១៦  ពេល​ឡុត​បង្អែ​បង្អង់ ទេវតា​ទាំង​ពីរ​នោះ​បាន​ចាប់​ដៃ​ឡុត​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ស្រី​ទាំង​ពីរ ហើយ​នាំ​ពួក​គេ​ចេញ​ទៅ​ក្រៅ​ក្រុង។+ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ឡុត។+ ១៧  កាល​ដែល​ពួក​គេ​រត់​ចេញ​ផុត​ពី​ក្រុង​ហើយ ទេវតា​មួយ​រូប​បាន​បង្គាប់​ថា​៖ ​«​ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​ក្រោយ​ឲ្យ​សោះ+ ហើយ​ក៏​កុំ​ឈប់​នៅ​តំបន់​ណា​មួយ​ដែរ!+ ចូរ​រត់​ទៅ​តំបន់​ភ្នំ​ចុះ ដើម្បី​បាន​រួច​ជីវិត!​»។ ១៨  ប៉ុន្តែ ឡុត​បាន​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​កុំ​ឲ្យ​ខ្ញុំ​ទៅ​ទី​នោះ​អី! ១៩  លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​សប្បុរស​ដ៏​លើស​លប់*ចំពោះ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ដោយ​ទុក​ជីវិត​ឲ្យ​ខ្ញុំ។+ ប៉ុន្តែ ខ្ញុំ​មិន​អាច​រត់​ទៅ​តំបន់​ភ្នំ​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​ជួប​អន្តរាយ ហើយ​ត្រូវ​ស្លាប់​នៅ​ទី​នោះ។+ ២០  នៅ​ជិត​នេះ​មាន​ក្រុង​តូច​មួយ​ដែល​ខ្ញុំ​អាច​រត់​ទៅ​បាន។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​រត់​ទៅ​ទី​នោះ​ផង ព្រោះ​គ្រាន់​តែ​ជា​ក្រុង​តូច​មួយ​ប៉ុណ្ណោះ។ បើ​ខ្ញុំ​រត់​ទៅ​ទី​នោះ ខ្ញុំ​នឹង​រួច​ជីវិត​ជា​មិន​ខាន​»។ ២១  ទេវតា​នោះ​បាន​និយាយ​ទៅ​កាន់​ឡុត​ថា​៖ ​«​បាន! ដូច្នេះ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ក្រុង​នោះ​ទេ+ ដោយ​យោគ​យល់​ដល់​អ្នក។+ ២២  ចូរ​រត់​ទៅ​ទី​នោះ​ជា​ប្រញាប់! ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​មិន​បាន​ទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ក្រុង​នោះ​សិន​»។+ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​សូអា។*+ ២៣  លុះ​ថ្ងៃ​រះ​ឡើង ឡុត​បាន​រត់​ទៅ​ដល់​ក្រុង​សូអា។ ២៤  ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ភ្លើង​និង​ស្ពាន់ធ័រ​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។+ ២៥  យ៉ាង​នេះ ព្រះ​បាន​បំផ្លាញ​ក្រុង​ទាំង​ពីរ​នោះ និង​តំបន់​ជុំ​វិញ​ឲ្យ​សាប​សូន្យ​ទៅ រួម​ទាំង​បណ្ដា​ជន​និង​រុក្ខជាតិ​នៅ​ក្នុង​ក្រុង​នោះ។+ ២៦  ចំណែក​ប្រពន្ធ​ឡុត​វិញ កាល​ដែល​នាង​កំពុង​រត់​ពី​ក្រោយ​ឡុត នាង​បាន​ងាក​មើល​ទៅ​ក្រោយ ហើយ​ក៏​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ។+ ២៧  ឯ​អាប្រាហាំ គាត់​បាន​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។+ ២៨  ពេល​គាត់​មើល​ទៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា និង​ទឹក​ដី​ទាំង​មូល​ក្បែរ​នោះ គាត់​បាន​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់ គឺ​ផ្សែង​ហុយ​ឡើង​យ៉ាង​ក្រាស់ ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។+ ២៩  ប៉ុន្តែ មុន​ព្រះ​បំផ្លាញ​ក្រុង​នៅ​តំបន់​នោះ លោក​បាន​ឲ្យ​ឡុត​ចាក​ចេញ​ពី​ក្រុង​នោះ ជា​ក្រុង​ដែល​គាត់​ស្នាក់​នៅ។ លោក​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​គិត​ដល់​អាប្រាហាំ។+ ៣០  ក្រោយ​មក ឡុត​បាន​នាំ​កូន​ស្រី​ទាំង​ពីរ​ចេញ​ពី​ក្រុង​សូអា ទៅ​រស់​នៅ​តំបន់​ភ្នំ+ ព្រោះ​គាត់​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអា​ទេ។+ ដូច្នេះ គាត់​និង​កូន​ស្រី​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​រអាង​ភ្នំ។ ៣១  ក្រោយ​នោះ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​ឪពុក​យើង​ចាស់​ណាស់​ហើយ ហើយ​ក៏​គ្មាន​បុរស​ណា​នៅ​ក្នុង​ស្រុក​នេះ មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​ឲ្យ​យើង​អាច​មាន​កូន​ដូច​គេ​ដូច​ឯង​នោះ​ទេ។ ៣២  ដូច្នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង ហើយ​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។ ៣៣  នៅ​យប់​នោះ ពួក​គេ​ក៏​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក កូន​ស្រី​ច្បង​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៤  នៅ​ថ្ងៃ​បន្ទាប់ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​យើង​ហើយ។ ដូច្នេះ នៅ​យប់​នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង​ម្ដង​ទៀត រួច​ប្អូន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។ ៣៥  នៅ​យប់​នោះ ពួក​គេ​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក នាង​ប្អូន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៦  យ៉ាង​នេះ កូន​ស្រី​ទាំង​ពីរ​នាក់​របស់​ឡុត​ក៏​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​ខ្លួន។ ៣៧  ក្រោយ​មក កូន​ស្រី​ច្បង​សម្រាល​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​ម៉ូអាប់។+ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ។+ ៣៨  ឯ​កូន​ស្រី​ប្អូន នាង​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអាំមី។ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​អាំម៉ូន+សព្វ​ថ្ងៃ។

កំណត់សម្គាល់

ន័យ​ត្រង់​«​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
មាន​ន័យ​ថា​«​ភាព​តូច​»​