ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី ៣:១-២៩

  • ភាព​ផ្ទុយ​គ្នា​រវាង​ការ​ប្រព្រឹត្ត​តាម​ច្បាប់​និងតាមជំនឿ (​១​-​១៤)

    • មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​ជំនឿ (​១១)

  • សេចក្ដី​សន្យា​ជា​មួយ​អាប្រាហាំ​មិន​មែន​ដោយ​សារ​ច្បាប់​ទេ (​១៥​-​១៨)

    • គ្រិស្ត​ជា​កូន​ចៅ​អាប្រាហាំ (​១៦)

  • ការ​ពន្យល់​ថា​ច្បាប់​មក​ពី​ណា ហើយ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី (​១៩​-​២៥)

  • ជា​កូន​របស់​ព្រះ​ដោយ​សារ​ជំនឿ (​២៦​-​២៩)

    • កូន​ចៅ​របស់​អាប្រាហាំ និង​ពួក​អ្នក​ដែល​ជា​របស់​គ្រិស្ត (​២៩)

 ឱ​អ្នក​ខេត្ត​កាឡាទី​ដែល​មិន​ចេះ​ពិចារណា​អើយ! តើ​អ្នក​ណា​បាន​បញ្ឆោត​អ្នក​រាល់​គ្នា?+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ពន្យល់​យ៉ាង​ច្បាស់​អំពី​ការ​ស្លាប់​របស់​លោក​យេស៊ូ​គ្រិស្ត​លើ​បង្គោល​ឈើ*រួច​ហើយ។+ ២  ខ្ញុំ​ចង់​សួរ​មួយ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ច្បាប់ ឬ​ដោយ​សារ​មាន​ជំនឿ​លើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ?+ ៣  តើ​អ្នក​រាល់​គ្នា​ពិត​ជា​មិន​ចេះ​ពិចារណា​ដល់​ថ្នាក់​នេះ​ឬ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​ដោយ​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះ តែ​ឥឡូវ តើ​អ្នក​រាល់​គ្នា​បែរ​ជា​បញ្ចប់​ដោយ​ផ្អែក​លើ​អ្វី​ៗ​ដែល​មក​ពី​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ឬ?+ ៤  តើ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ជា​ច្រើន​ដោយ​ឥត​អំពើ​ឬ? ខ្ញុំ​ប្រាកដ​ថា​ការ​នោះ​មិន​មែន​ឥត​អំពើ​ទេ។ ៥  ចុះ​អ្នក​ដែល​ឲ្យ​ឫទ្ធានុភាព​របស់ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​នោះ​ធ្វើ​ការ​ទាំង​នោះ​ដោយ​សារ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ច្បាប់ ឬ​ក៏​ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ? ៦  ដូច​អាប្រាហាំ​«​បាន​ជឿ​ព្រះ​យេហូវ៉ា* ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​»។+ ៧  អ្នក​រាល់​គ្នា​ច្បាស់​ជា​ដឹង​ថា អ្នក​ណា​ដែល​ធ្វើ​តាម​ជំនឿ អ្នក​នោះ​ជា​កូន​អាប្រាហាំ។+ ៨  បទ​គម្ពីរ​បាន​ចែង​ទុក​តាំង​ពី​យូរ​មក​ហើយ​ថា ព្រះ​នឹង​ប្រកាស​ថា​ជន​ជាតិ​ដទៃ​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ហើយ​បទ​គម្ពីរ​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​អាប្រាហាំ​ជា​មុន​ថា​៖ ​«​តាម​រយៈ​អ្នក ប្រជាជាតិ​ទាំង​អស់​នឹង​ទទួល​ពរ​»។+ ៩  ហេតុ​នេះ អស់​អ្នក​ដែល​ធ្វើ​តាម​ជំនឿ​កំពុង​ទទួល​ពរ​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ។+ ១០  អស់​អ្នក​ដែល​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់ អ្នក​ទាំង​នោះ​ត្រូវ​បណ្ដាសា​ហើយ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ជា​និច្ច​នូវ​អ្វី​ៗ​ទាំង​អស់ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ច្បាប់* អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ​»។+ ១១  ម្យ៉ាង​ទៀត យើង​ឃើញ​ច្បាស់​ថា​ព្រះ​មិន​ប្រកាស​ថា​អ្នក​ណា​ជា​មនុស្ស​សុចរិត​ដោយ​សារច្បាប់​ទេ+ ពី​ព្រោះ​«​មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​ជំនឿ​»។+ ១២  ឯ​ច្បាប់​មិន​តម្រូវ​ឲ្យ​មាន​ជំនឿ​ទេ ប៉ុន្តែ​«​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ នឹង​រស់​ដោយ​សារ​បញ្ញត្ដិ​ទាំង​នោះ​»។+ ១៣  ដោយ​សារ​គ្រិស្ត​បាន​ទិញ​យើង+ នោះ​លោក​បាន​រំដោះ​យើង+ឲ្យ​រួច​ពី​បណ្ដាសា​នៃ​ច្បាប់ ដោយ​ធ្វើ​ជា​អ្នក​ត្រូវ​បណ្ដាសា​ជំនួស​យើង ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ​»។+ ១៤  ការ​នោះ​បាន​កើត​ឡើង​ដើម្បី​ឲ្យ​ជន​ជាតិ​ដទៃ​បាន​ពរ​របស់​អាប្រាហាំ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។+ យ៉ាង​នេះ យើង​អាច​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​តាម​សេចក្ដី​សន្យា​របស់​លោក+ ដោយ​សារ​ជំនឿ​របស់​យើង។ ១៥  បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​៖ ពេល​កិច្ច​ព្រម​ព្រៀង​មួយ​មាន​សុពលភាព នោះ​គ្មាន​អ្នក​ណា​អាច​លើក​ចោល​ឬ​បន្ថែម​អ្វី​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ទេ។ ១៦  អាប្រាហាំ​និង​កូន​ចៅ*របស់​គាត់​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​នោះ។+ បទ​គម្ពីរ​មិន​ចែង​ថា​៖ ​«​ដល់​កូន​ចៅ*ទាំង​ឡាយ​របស់​អ្នក​»​ទេ ព្រោះ​បើ​ចែង​ដូច្នេះ​គឺ​សំដៅ​លើ​មនុស្ស​ច្រើន។ ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ ​«​ដល់​កូន​ចៅ*របស់​អ្នក​»​ គឺ​សំដៅ​លើ​មនុស្ស​តែ​ម្នាក់​វិញ គឺ​ជា​គ្រិស្ត។+ ១៧  ម្យ៉ាង​ទៀត ខ្ញុំ​សុំ​និយាយ​ថា​៤៣០​ឆ្នាំ​ក្រោយ​មក+ ច្បាប់​ម៉ូសេ​បាន​ត្រូវ​បង្កើត​ឡើង តែ​ច្បាប់​នេះ​មិន​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​សុពលភាព​ពី​មុន​នោះ​ទៅ​ជា​មោឃ ឬ​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ផ្លាស់​ប្ដូរ​នោះ​ទេ។ ១៨  ព្រោះ​ប្រសិន​បើ​ព្រះ​ឲ្យ​មត៌ក​ដោយ​សារ​ច្បាប់ នោះ​លោក​នឹង​លែង​ឲ្យ​ដោយ​សារ​សេចក្ដី​សន្យា​ទៀត​ហើយ។ ក៏​ប៉ុន្តែ ព្រះ​បាន​មេត្តា​ឲ្យ​មត៌ក​នោះ​ដល់​អាប្រាហាំ គឺ​តាម​រយៈ​សេចក្ដី​សន្យា។+ ១៩  បើ​ដូច្នេះ ហេតុ​អ្វី​ក៏​មាន​ច្បាប់? ច្បាប់​នោះ​បាន​ត្រូវ​បន្ថែម​ដើម្បី​ស​ឲ្យ​ឃើញ​ការ​រំលង+ រហូត​ដល់​កូន​ចៅ*ដែល​បាន​ទទួល​សេចក្ដី​សន្យា​នោះ​លេច​មក។+ ព្រះ​បាន​ប្រើ​ទេវតា​ឲ្យ​ប្រគល់​ច្បាប់​នោះ​ដល់​បណ្ដា​ជន+ តាម​រយៈ​អ្នក​សម្រុះ​សម្រួល។+ ២០  ពេល​ដែល​មាន​ភាគី​តែ​ម្ខាង នោះ​មិន​ត្រូវ​ការ​អ្នក​សម្រុះ​សម្រួល​ទេ។ ដូច​គ្នា​ដែរ ព្រះ​គឺ​ជា​ភាគី​តែ​ម្ខាង​ដែល​បាន​ធ្វើ​សេចក្ដី​សន្យា​នោះ។ ២១  បើ​ដូច្នេះ តើ​ច្បាប់​ប្រឆាំង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? ច្បាស់​ជា​មិន​មែន​ទេ! ព្រោះ​ប្រសិន​បើ​មនុស្ស​បាន​ទទួល​ច្បាប់​មួយ​ដែល​អាច​ផ្ដល់​ជីវិត នោះ​ពួក​គេ​នឹង​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត​តាម​រយៈ​ច្បាប់​នោះ។ ២២  ប៉ុន្តែ បទ​គម្ពីរ​បាន​បង្ហាញ​ថា​មនុស្ស​បាន​នៅ​ក្រោម​អំណាច​នៃ​ភាព​ខុស​ឆ្គង* ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត អាច​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ។ ២៣  ក៏​ប៉ុន្តែ មុន​ជំនឿ​នោះ​មក​ដល់ យើង​បាន​ត្រូវ​ការ​ពារ​និង​គ្រប់​គ្រង​ដោយ​ច្បាប់ ហើយ​យើង​កំពុង​រង់​ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​បើក​បង្ហាញ។+ ២៤  ហេតុ​នេះ ច្បាប់​បាន​ធ្វើ​ជា​អ្នក​មើល​ថែ​រក្សា*ដែល​នាំ​យើង​ទៅ​ដល់​គ្រិស្ត+ ដើម្បី​ឲ្យ​ព្រះ​ប្រកាស​ថា​យើង​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ។+ ២៥  ប៉ុន្តែ ឥឡូវ​ជំនឿ​នោះ​បាន​មក​ដល់​ហើយ+ ដូច្នេះ​យើង​លែង​នៅ​ក្រោម​អំណាច​អ្នក​មើល​ថែ​រក្សា​ទៀត។+ ២៦  តាម​ការ​ពិត អ្នក​រាល់​គ្នា​ជា​កូន​ព្រះ+ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។+ ២៧  ព្រោះ​អ្នក​រាល់​គ្នា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត បាន​បំពាក់​ខ្លួន​ដោយ​គ្រិស្ត។+ ២៨  គ្មាន​ជនជាតិ​យូដា ឬ​ជន​ជាតិ​ក្រិច+ គ្មាន​ខ្ញុំ​បម្រើ ឬ​អ្នក​ដែល​មាន​សេរី​ភាព+ គ្មាន​ប្រុស ឬ​ស្រី​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​រួប​រួម​គ្នា​ដូច​ជា​បុគ្គល​តែ​មួយ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។+ ២៩  ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ*អាប្រាហាំ+ដែល​ជា​អ្នក​ទទួល​មត៌ក+តាម​សេចក្ដី​សន្យា។+

កំណត់សម្គាល់

ឬ​«​ដែល​បាន​ត្រូវ​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល​ឈើ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ឬ​«​ជា​គ្រូ​»​
ន័យ​ត្រង់​«​ពូជ​»​