ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី ២:១-២១

  • ប៉ូល​ជួប​ពួក​សាវ័ក​នៅ​ក្រុង​យេរូសាឡិម (​១​-​១០)

  • ប៉ូល​កែ​តម្រង់​ពេត្រុស (​កៃផាស​) (​១១​-​១៤)

  • មនុស្ស​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាមរយៈ​ជំនឿ (​១៥​-​២១)

 លុះ​១៤​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ជា​មួយ​នឹង​បាណាបាស+ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ទីតុស​ទៅ​ជា​មួយ​ដែរ។+ ២  ខ្ញុំ​បាន​ឡើង​ទៅ​ដោយ​សារ​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ។ រួច​មក ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​ពួក​បុរស​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ។ ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​ដោយ​ឡែក​ពី​គេ ដើម្បី​ឲ្យ​ប្រាកដ​ថា​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​បំពេញ និង​កំពុង​បំពេញ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ៣  នៅ​ពេល​នោះ សូម្បីតែ​ទីតុស+ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ក៏​មិន​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ការ​កាត់​ចុង​ស្បែក*ដែរ+ ទោះ​ជា​គាត់​ជា​ជន​ជាតិ​ក្រិច​ក៏​ដោយ។ ៤  ប៉ុន្តែ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​បង​ប្អូន​ក្លែង​ក្លាយ​ដែល​បាន​ចូល​មក​ដោយ​សម្ងាត់+ គឺ​ពួក​គេ​បាន​លួច​បន្លំ​ចូល​ឃ្លាំ​មើល​ក្នុង​បំណង​រក​វិធី​បំផ្លាញ​សេរី​ភាព+ដែល​យើង​មាន​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ដើម្បី​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​ដាច់​ថ្លៃ។+ ៥  ប៉ុន្តែ យើង​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​គេ​ឡើយ+ សូម្បី​តែ​មួយ​ភ្លែត ព្រោះ​យើង​ចង់​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច។ ៦  ចំណែក​ពួក​អ្នក​ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​សំខាន់​ក្នុង​ក្រុម​ជំនុំ+ តាម​ពិត​ពួក​គាត់​មិន​បាន​បន្ថែម​ចំណេះ​ឲ្យ​ខ្ញុំ​សោះ។ ទោះ​ជា​ពី​មុន​ពួក​គាត់​ជា​អ្វី​ក៏​ដោយ នោះ​មិន​សំខាន់​ចំពោះ​ខ្ញុំ​ទេ ពី​ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ម្នាក់​ឡើយ។* ៧  ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ឃើញ​ថា​ដំណឹង​ល្អ​សម្រាប់​ជន​ជាតិ​ដទៃ*+បាន​ត្រូវ​ប្រគល់​មក​ខ្ញុំ ដូច​ដំណឹង​ល្អ​សម្រាប់​ជនជាតិ​យូដា*បាន​ត្រូវ​ប្រគល់​ទៅ​ពេត្រុស​ដែរ ៨  ព្រោះ​លោក​ដែល​បាន​ឲ្យ​អំណាច​ដល់​ពេត្រុស​ដើម្បី​ធ្វើ​ជា​សាវ័ក​សម្រាប់​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក ក៏​បាន​ឲ្យ​អំណាច​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​ជា​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​ដែរ។+ ៩  ដូច្នេះ ពួក​គាត់​បាន​ទទួល​ស្គាល់​អំពី​គុណ​ដ៏​វិសេស​លើស​លប់​ដែលខ្ញុំ​បាន​ទទួល+ ពេល​នោះ​យ៉ាកុប+ កេផាស* និង​យ៉ូហាន ជា​ពួក​អ្នក​ដែល​ត្រូវ​គេចាត់​ទុក​ជា​សសរ​នៃ​ក្រុម​ជំនុំ បាន​ហុច​ដៃ​ស្ដាំ​មក​យើង​ដើម្បី​បញ្ជាក់​ការ​យល់​ព្រម​ថា ខ្ញុំ​នឹង​បាណាបាស+គួរ​ទៅ​ឯ​ជន​ជាតិ​ដទៃ តែ​ពួក​គាត់​នឹង​ទៅ​ឯ​អស់​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក។ ១០  ពួក​គាត់​បាន​សុំ​យើង​រឿង​មួយ​គឺ កុំ​ឲ្យ​ភ្លេច​គិត​ដល់​បង​ប្អូន​ក្រី​ក្រ ហើយ​ខ្ញុំ​ក៏​បាន​ព្យាយាម​ធ្វើ​ការ​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដែរ។+ ១១  ក៏​ប៉ុន្តែ ពេល​កេផាស*+មក​ដល់​ក្រុង​អាន់ទីយ៉ូក+ ខ្ញុំ​បាន​ស្ដី​បន្ទោស​គាត់​នៅ​ចំពោះ​មុខ​តែ​ម្ដង ពី​ព្រោះ​គាត់​ពិត​ជា​បាន​ធ្វើ​ខុស​មែន។* ១២  ព្រោះ​យ៉ាកុប+បាន​ចាត់​បុរស​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ពួក​គេ​មក​ដល់ កេផាស​តែង​តែ​បរិភោគ​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ។+ ប៉ុន្តែ ពេល​ដែល​បុរស​ទាំង​នោះ​មក​ដល់ កេផាស​ឈប់​ធ្វើ​ដូច្នោះ​ទៀត ហើយ​នៅ​ដោយ​ឡែក​ពី​ជន​ជាតិ​ដទៃ​វិញ ដោយ​សារ​គាត់​ខ្លាច​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក។+ ១៣  រីឯ​ជនជាតិ​យូដា​ឯ​ទៀត​បាន​ធ្វើ​ពើ*ជា​មួយ​នឹង​គាត់ សូម្បី​តែ​បាណាបាស​ក៏​បាន​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ពួក​គាត់​ក្នុង​ការ​ធ្វើ​ពើ​នោះ​ដែរ។ ១៤  ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឃើញ​ថា​ពួក​គាត់​មិន​ដើរ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ+ នោះ​ខ្ញុំ​និយាយ​ទៅ​កេផាស​នៅ​មុខ​ពួក​គាត់​ទាំង​អស់​គ្នា​ថា​៖ ​«​ទោះ​ជា​អ្នក​ជា​ជនជាតិ​យូដា​ក៏​ដោយ តែ​បើ​អ្នក​មិន​រស់​នៅ​ដូច​ជនជាតិ​យូដា​ទេ គឺ​រស់​នៅ​ដូច​ជន​ជាតិ​ដទៃ ហេតុ​អ្វី​អ្នក​កំពុង​ជំរុញ​ចិត្ត​ជន​ជាតិ​ដទៃ​ឲ្យ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​យូដា?​»។+ ១៥  ចំណែក​យើង​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​យូដា យើង​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង*ដូច​ជន​ជាតិ​ដទៃ​ទេ ១៦  ហើយ​យើង​ដឹង​ថា​មនុស្ស​បានត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត មិន​មែន​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​តាម​រយៈ​ជំនឿ+លើ​គ្រិស្ត​យេស៊ូ​ប៉ុណ្ណោះ។+ ដូច្នេះ យើង​បាន​ជឿ​គ្រិស្ត​យេស៊ូ ដើម្បី​យើង​អាច​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​លើ​គ្រិស្ត មិន​មែន​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ទេ ពី​ព្រោះ​គ្មាន​អ្នក​ណា​អាច​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ឡើយ។+ ១៧  ប្រសិន​បើ​យើង​ដែល​កំពុង​ព្យាយាម​ធ្វើ​ជា​អ្នក​ដែល​នឹង​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាម​រយៈ​គ្រិស្ត បាន​ត្រូវ​គេ​ចាត់​ទុក​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ តើ​នេះ​មាន​ន័យ​ថា​គ្រិស្ត​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ខុស​ឬ? មិន​អាច​ទេ! ១៨  ប្រសិន​បើ​ខ្ញុំ​យក​អ្វី​ៗ​ដែល​ខ្ញុំ​បាន​រំលំ​ចោល ហើយ​មក​សង់​ឡើង​វិញ នោះ​បង្ហាញ​ថា​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង។ ១៩  ព្រោះ​តាម​រយៈ​ច្បាប់ ខ្ញុំ​បាន​រួច​ពី​ច្បាប់*+ ដូច្នេះ​ខ្ញុំ​អាច​រស់​ដើម្បី​ព្រះ។ ២០  ខ្ញុំ​បាន​ត្រូវ​ព្យួរ*ជា​មួយ​នឹង​គ្រិស្ត។+ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ តែ​គឺ​គ្រិស្ត​ដែល​កំពុង​រស់+ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​រស់​នៅ​ស្រប​តាម​ជំនឿ​លើ​បុត្រ​របស់​ព្រះ+ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​ដែល​បាន​បូជា​ជីវិត​ដើម្បី​ខ្ញុំ។+ ២១  ខ្ញុំ​មិន​ច្រាន​ចោល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ឡើយ+ ព្រោះ​ប្រសិន​បើ​សេចក្ដី​សុចរិត​គឺ​តាម​រយៈ​ច្បាប់ នោះ​គ្រិស្ត​បាន​ស្លាប់​គឺ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​
ន័យ​ត្រង់​«​ព្រះ​មិន​មើល​តែ​សម្បក​ក្រៅ​របស់​មនុស្ស​ទេ​»​
ឬ​«​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​»​
ឬ​«​អ្នក​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​»​
ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ
ឬ​«​គាត់​គួរ​ទទួល​ការ​ផ្ដន្ទា​ទោស​»​
ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ
ឬ​«​លាក់​ពុត​»​
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ន័យ​ត្រង់​«​ខ្ញុំ​បាន​ស្លាប់​ចំពោះ​ច្បាប់​»​
ឬ​«​បោះ​ដែក​គោល​ភ្ជាប់​នឹង​បង្គោល​ឈើ​»​