លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាជាស្ដេចនៃរាជាណាចក្ររបស់ព្រះ?

តើអ្នកណាជាស្ដេចនៃរាជាណាចក្ររបស់ព្រះ?

ព្រះ​បាន​ណែនាំ​ឲ្យ​អ្នក​សរសេរ​គម្ពីរ​មួយ​ចំនួន កត់​ទុក​ព័ត៌មាន​ដែល​សម្គាល់​បុគ្គល​ដែល​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ អ្នក​គ្រប់​គ្រង​នោះ​នឹង​ត្រូវ

  • ជ្រើស​រើស​ដោយ​ព្រះ។ ​«​ខ្ញុំ​បាន​តែង​តាំង​ស្ដេច​មួយ​រូប . . . ខ្ញុំ​នឹង​ប្រគល់​ប្រជា​ជាតិ​នានា​ដល់​អ្នក​ជា​មត៌ក ហើយ​ឲ្យ​ផែនដី​ទាំង​មូល​ដល់​អ្នក​ជា​កម្មសិទ្ធិ​»។—ចម្រៀង​សរសើរ​ព្រះ ២:៦,

  • ជា​អ្នក​ស្នង​រាជ្យ​ពី​ស្ដេច​ដាវីឌ។ ​«​មាន​កូន​មួយ​បាន​កើត​មក​ដល់​យើង គឺ​កូន​ប្រុស​មួយ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​យើង​ហើយ . . . ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត ហើយ​នៅ​លើ​បល្ល័ង្ក​ដាវីឌ​និង​រាជាណាចក្រ​របស់​គាត់ នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច​»។—អេសាយ ៩:៦, ៧

  • កើត​នៅ​ក្រុង​បេថ្លេហិម។ ​«​ឱ​បេថ្លេហិម​អេប្រាតា​អើយ! . . . នឹង​មាន​បុគ្គល​ម្នាក់​កើត​ចេញ​ពី​អ្នក គាត់​នឹង​គ្រប់​គ្រង . . . អំណាច​ឧត្តុង្គ​ឧត្តម​របស់​គាត់​មាន​រហូត​ដល់​ចុង​ផែន​ដី​»។—មីកា ៥:២,

  • មនុស្ស​បដិសេធ​និង​សម្លាប់។ ​«​គាត់​ត្រូវ​មនុស្ស​មើល​ងាយ ហើយ​គ្មាន​អ្នក​ណា​រាប់​អាន​ទេ។ . . . គាត់​បាន​ត្រូវ​ចាក់​ទម្លុះ ដោយ​សារ​កំហុស​របស់​យើង គាត់​បាន​ត្រូវ​បំបាក់ ព្រោះ​តែ​អំពើ​រំលង​របស់​យើង​»។—អេសាយ ៥៣:៣,

  • ប្រោស​ឲ្យ​រស់​ឡើង​វិញ​និង​ទទួល​សិរី​រុង​រឿង។ ​«​លោក​នឹង​មិន​ទុក​ខ្ញុំ​ចោល​ក្នុង​ផ្នូរ​ឡើយ លោក​ក៏​មិន​ឲ្យ​អ្នក​ស្មោះ​ត្រង់​របស់​លោក​ឃើញ​រណ្ដៅ​ដែរ។ . . . ខ្ញុំ​មាន​សុភមង្គល​ជា​រៀង​រហូត ដោយ​សារ​ខ្ញុំ​នៅ​ខាង​ស្ដាំ​ដៃ​លោក​»។—ចម្រៀង​សរសើរ​ព្រះ ១៦:១០, ១១

ហេតុ​អ្វី​លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត?

ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ មាន​តែ​បុគ្គល​ម្នាក់​ទេ​ដែល​ត្រូវ​នឹង​ការ​ពណ៌នា​នៃ​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត គឺ​លោក​យេស៊ូ​គ្រិស្ត។ តាម​ពិត ទេវតា​មួយ​រូប​បាន​ប្រាប់​ម៉ារៀ​ដែល​ជា​ម្ដាយ​លោក​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស ឲ្យ​ដល់​បុត្រ​នោះ។ . . . ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។—លូកា ១:៣១​-​៣៣

លោក​យេស៊ូ​មិន​ដែល​គ្រប់​គ្រង​ពេល​លោក​នៅ​ផែន​ដី​ទេ។ ប៉ុន្តែ លោក​នឹង​គ្រប់​គ្រង​មនុស្សជាតិ​ពី​ស្ថាន​សួគ៌​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ហេតុ​អ្វី​លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត? សូម​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​លោក​នៅ​ផែន​ដី។

  • លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស។ លោក​បាន​ជួយ​ទាំង​បុរស​ទាំង​ស្ត្រី ទាំង​ក្មេង​ទាំង​ចាស់ ទោះ​ជា​ពួក​គេ​មាន​មជ្ឈដ្ឋាន​ឬ​ឋានៈ​អ្វី​ក៏​ដោយ។ (​ម៉ាថាយ ៩:៣៦; ម៉ាកុស ១០:១៦​) ពេល​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​អង្វរ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»​ នោះ​លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត ហើយ​បាន​ប្រោស​ឲ្យ​គាត់​ជា​សះ​ស្បើយ។—ម៉ាកុស ១:៤០​-​៤២

  • លោក​យេស៊ូ​បាន​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ​»។ លោក​ក៏​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ប្រព្រឹត្ត​ដល់​អ្នក​ឯ​ទៀត​តាម​របៀប​ដែល​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ដល់​យើង។ បន្ថែម​ទៀត លោក​បាន​បង្ហាញ​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របៀប​គិត​គូរ​និង​អារម្មណ៍​របស់​យើង មិន​គ្រាន់​តែ​អ្វី​ដែល​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ។ ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត យើង​ត្រូវ​គ្រប់​គ្រង​លើ​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង។ (​ម៉ាថាយ ៥:២៨; ៦:២៤; ៧:​១២​) លោក​យេស៊ូ​ក៏​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​យើង​មាន​សុភមង្គល​ពិត​ប្រាកដ យើង​ត្រូវ​រៀន​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ ហើយ​ក្រោយ​មក​ធ្វើ​តាម​អ្វី​ទាំង​នោះ។—លូកា ១១:២៨

  • លោក​យេស៊ូ​បង្រៀន​អំពី​អត្ថន័យ​នៃ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ប្រសាសន៍​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​ពួក​អ្នក​ស្ដាប់។ គម្ពីរ​ចែង​ថា​៖ ​«​បណ្ដា​ជន​បាន​កោត​ស្ងើច​ក្រៃ​លែង​អំពី​វិធី​បង្រៀន​របស់​លោក ពីព្រោះ . . . លោក​បង្រៀន​ក្នុង​នាម​ជា​អ្នក​ដែល​មាន​អំណាច​ពី​ព្រះ​»។ (​ម៉ាថាយ ៧:២៨, ២៩​) លោក​បង្រៀន​ពួក​គេ​ថា​៖ ‹ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក›។ សូម្បី​តែ​ពេល​លោក​បាន​ត្រូវ​ព្យួរ​លើ​បង្គោល​ទារុណកម្ម​ក៏​ដោយ លោក​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។—ម៉ាថាយ ៥:៤៤; លូកា ២៣:៣៤

លោក​យេស៊ូ​មាន​គុណ​សម្បត្តិ​ល្អ​ជាង​គេ​ដើម្បី​គ្រប់​គ្រង​ពិភព​លោក ហើយ​ជា​អ្នក​គ្រប់​គ្រង​ដែល​ជួយ​មនុស្ស​និង​មាន​ចិត្ត​សប្បុរស។ ប៉ុន្តែ តើ​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?