សៀវភៅម៉ាកុស ១:១-៤៥

  • យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ផ្សព្វ​ផ្សាយ (​១​-​៨)

  • លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក (​៩​-​១១)

  • សាថាន​បាន​ល្បួង​លោក​យេស៊ូ (​១២, ១៣)

  • លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​ស្រុកកាលីឡេ (​១៤, ១៥)

  • ការ​ហៅ​ឲ្យ​មក​ធ្វើ​ជា​អ្នក​កាន់​តាម​ដំបូង (​១៦​-​២០)

  • ការ​បណ្ដេញ​ពួក​វិញ្ញាណ​អសោច (​២១​-​២៨)

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជា​ច្រើន​ជា​សះ​ស្បើយ​នៅ​ក្រុង​កាពើណិម (​២៩​-​៣៤)

  • អធិដ្ឋាន​នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង (​៣៥​-​៣៩)

  • ធ្វើ​ឲ្យ​បុរស​កើត​ជំងឺ​ឃ្លង់​ជា​សះ​ស្បើយ (​៤០​-​៤៥)

 ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​ព្រះ ចាប់​ផ្ដើម​ដូច​ត​ទៅ​នេះ​៖ ២  ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​(​មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ទុក​សម្រាប់​អ្នក​)+ ៣  មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់›​»។+ ៤  យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជទឹកបាន​មក​តំបន់​ស្ងាត់​ជ្រងំ ហើយ​ប្រកាស​ប្រាប់​មនុស្ស​ថា ពួក​គេ​គួរ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ដោយ​ទទួល​ការ​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​ពួក​គេ។+ ៥  បណ្ដា​ជន​ទាំង​អស់​នៅ​តំបន់​យូឌា និង​មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូសាឡិម* បាន​ចេញ​ទៅ​ជួប​យ៉ូហាន។ រួច​ពួក​គេ​បាន​សារភាព​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ជា​សាធារណៈ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​ក្នុង​ទន្លេ​យ៉ូដាន់។+ ៦  យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​របស់​គាត់​ធ្វើ​ពី​ស្បែក+ ហើយ​អាហារ​របស់​គាត់​គឺ​ជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។+ ៧  គាត់​ធ្លាប់​ប្រកាស​ថា​៖ ​«​លោក​ដែល​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​ទាំង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​លោក​ផង។+ ៨  ខ្ញុំ​បាន​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុងឫទ្ធានុភាព​បរិសុទ្ធ​»។+ ៩  នៅ​គ្រា​នោះ លោក​យេស៊ូ​បាន​មក​ពី​ក្រុង​ណាសារ៉ែត​នៃ​ស្រុកកាលីឡេ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​ក្នុង​ទន្លេ​យ៉ូដាន់។+ ១០  ក្រោយ​ងើប​ពី​ទឹក​ភ្លាម លោក​ក៏​ឃើញ​មេឃ​បើក​ចំហ ហើយ​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​ដូច​ជា​សត្វ​ព្រាប ចុះ​មក​សណ្ឋិត​លើ​លោក។+ ១១  រួច​មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ​ថា​៖ ​«​អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់​»។+ ១២  រំពេច​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត​លោក​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ១៣  ម្ល៉ោះ​ហើយ លោក​បាន​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ថ្ងៃ នៅ​ទី​នោះ​មាន​សត្វ​ព្រៃ។ សាថាន*បាន​មក​ល្បួង​លោក។+ ក្រោយ​មក ពួក​ទេវតា​បាន​មក​បម្រើ​លោក។+ ១៤  ក្រោយ​ពេល​ដែល​យ៉ូហាន​ត្រូវ​គេ​ចាប់​ខ្លួន លោក​យេស៊ូ​បាន​ទៅ​ស្រុកកាលីឡេ+ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ+ ១៥  ដោយ​ពោល​ថា​៖ ​«​គ្រា​កំណត់​បាន​មក​ដល់​ហើយ រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ចូរ​ប្រែ​ចិត្ត+ ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ចុះ!​»។ ១៦  កាល​ដែល​លោក​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ*កាលីឡេ លោក​ឃើញ​ស៊ីម៉ូន​និង​អនទ្រេ​ជា​ប្អូន+កំពុង​បង់​សំណាញ់​ក្នុង​សមុទ្រ+ ពី​ព្រោះ​ពួក​គាត់​ជា​អ្នក​នេសាទ។+ ១៧  ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​»។+ ១៨  ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក។+ ១៩  ពេល​លោក​ដើរ​ទៅ​មុខ​បន្តិច ក៏​ឃើញ​កូន​ប្រុស​ៗ​របស់​សេបេដេ គឺ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។ ពួក​គាត់​នៅ​ក្នុង​ទូក​កំពុង​ជួស​ជុល​សំណាញ់។+ ២០  លោក​ក៏​បាន​ហៅ​ពួក​គាត់​ភ្លាម​ៗ។ ដូច្នេះ ពួក​គាត់​ក៏​បាន​ចាក​ចេញ​ពី​សេបេដេ​ជា​ឪពុក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​កូន​ឈ្នួល រួច​ទៅ​តាម​លោក។ ២១  ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​កាពើណិម។ ពេល​ថ្ងៃ​ឈប់​សម្រាក*មក​ដល់​ភ្លាម លោក​ក៏​ចូល​ទៅ​សាលា​ប្រជុំ* ហើយចាប់​ផ្ដើម​បង្រៀន។+ ២២  អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​នឹក​អស្ចារ្យ​នឹង​វិធី​បង្រៀនរបស់​លោក ពី​ព្រោះ​លោក​មិន​មែន​បង្រៀន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់*ទេ តែ​បង្រៀន​ដូច​អ្នក​ដែល​បាន​ទទួល​អំណាច​ពី​ព្រះ។+ ២៣  នៅ​ពេល​នោះ​ដែរ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច​ចូល ហើយ​គាត់​បាន​ស្រែក​សួរ​ថា​៖ ២៤  ​«​នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត!+ តើ​អ្នក​មក​រំខាន​ពួក​យើង​ធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​ពួក​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ២៥  ប៉ុន្តែ លោក​យេស៊ូ​ស្ដី​បន្ទោស​វា​ថា​៖ ​«​ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់!​»។ ២៦  រួច​វិញ្ញាណ​អសោច​បាន​ចេញ​ពី​បុរស​នោះ ក្រោយ​ពី​បាន​ស្រែក​អស់​សំឡេង ហើយ​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់។ ២៧  មនុស្ស​ទាំង​ឡាយ​នឹក​ស្ងើច​ក្នុង​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ចាប់​ផ្ដើម​និយាយ​គ្នា​ថា​៖ ​«​តើ​នេះ​ជា​អ្វី​ទៅ? នេះ​ជា​សេចក្ដី​បង្រៀន​ថ្មី! លោក​មាន​អំណាច​បង្គាប់​ទាំង​វិញ្ញាណ​អសោច ហើយ​ពួក​វា​ស្ដាប់​បង្គាប់​លោក​»។ ២៨  ដូច្នេះ ដំណឹង​អំពី​លោក​បាន​ចាប់​ផ្ដើម​ឮ​សុសសាយ​យ៉ាង​លឿន​ទូទាំង​ស្រុក​កាលីឡេ។ ២៩  លោក​និង​ពួក​គាត់​ក៏​ចាក​ចេញ​ពី​សាលា​ប្រជុំ រួច​ចូល​ផ្ទះ​របស់​ស៊ីម៉ូន​និង​អនទ្រេ​ជា​មួយ​នឹង​យ៉ាកុប​និង​យ៉ូហាន។+ ៣០  ពេល​នោះ ម្ដាយ​ក្មេក​របស់​ស៊ីម៉ូន+កំពុង​សម្រាន្ត​លើ​គ្រែ​ដោយ​សារ​គាត់​គ្រុន​ក្ដៅ។ ពួក​គាត់​បាន​ជម្រាប​លោក​ភ្លាម​អំពី​គាត់។ ៣១  លោក​បាន​ដើរ​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ងើប​ឡើង នោះ​គ្រុន​ក្ដៅ​ក៏​បាត់​ទៅ។ រួច​គាត់​ចាប់​ផ្ដើម​ធ្វើ​អាហារ​ជូន​លោក​និង​ពួក​គាត់។ ៣២  លុះ​ដល់​ល្ងាច ក្រោយ​ថ្ងៃ​លិច មនុស្ស​ចាប់​ផ្ដើម​នាំ​អស់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​កំណាច*ចូល ឲ្យ​មក​ជួប​លោក។+ ៣៣  អ្នក​នៅ​ក្រុង​នោះ​ទាំង​អស់ បាន​មក​មូល​គ្នា​នៅ​មាត់​ទ្វារ​ផ្ទះ​តែ​ម្ដង។ ៣៤  ដូច្នេះ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ជា​សះ​ស្បើយ+ ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន​ដែរ តែ​លោក​មិន​ឲ្យ​វិញ្ញាណ​កំណាច​ទាំង​នោះ​និយាយ​ទេ ពី​ព្រោះ​ពួក​វា​ដឹង​ថា​លោក​គឺ​ជា​គ្រិស្ត។* ៣៥  លុះ​ព្រលឹម​ស្រាង​ៗ កាល​មេឃ​ងងឹត​នៅ​ឡើយ លោក​បាន​ភ្ញាក់​ពី​សម្រាន្ត ហើយ​ចេញ​ទៅ​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ។ នៅ​ទី​នោះ លោក​ចាប់​ផ្ដើម​អធិដ្ឋាន។+ ៣៦  ប៉ុន្តែ ស៊ីម៉ូន​និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ នាំ​គ្នា​តាម​រក​លោក។ ៣៧  ពេល​រក​ឃើញ​ហើយ ពួក​គាត់​ប្រាប់​លោក​ថា​៖ ​«​មនុស្ស​ទាំង​អស់​កំពុង​រក​លោក​»។ ៣៨  ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​យើង​ទៅ​កន្លែង​ផ្សេង​វិញ ទៅ​ក្រុង​ជិត​ៗ​នេះ ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​»។+ ៣៩  រួច​លោក​បាន​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​ពេញ​ស្រុកកាលីឡេ​ទាំង​មូល ថែម​ទាំង​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ទៀត​ផង។+ ៤០  មាន​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​មក​រក​លោក ហើយ​លុត​ជង្គង់​អង្វរ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ៤១  ឃើញ​ដូច្នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត រួច​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+ ៤២  រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ៤៣  រួច​លោក​ប្រាប់​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​បង្គាប់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ ៤៤  ដោយ​ពោល​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ តែ​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ថែម​ទាំង​ជូន​អ្វី​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+ ៤៥  ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​ចេញ​ទៅ គាត់​ចាប់​ផ្ដើម​ប្រកាស​ឲ្យ​មនុស្ស​ឮ​សុសសាយ​នៅ​ទី​ជិត​ឆ្ងាយ​អំពី​រឿង​នោះ រហូត​ដល់​លោក​យេស៊ូ​មិន​អាច​ចូល​ក្នុង​ក្រុង​ណា​មួយ​ដោយ​បើក​ចំហ​បាន​ទៀត។ ផ្ទុយ​ទៅ​វិញ លោក​ត្រូវ​នៅ​ខាង​ក្រៅ នា​កន្លែង​ឆ្ងាយ​ពី​គេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​នៅ​តែ​មក​រក​លោក​ពី​គ្រប់​ទិស​ទី។+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨
មើល​កំណត់​សម្គាល់​ម៉ាថ ១២:១
មើល​កំណត់​សម្គាល់​ម៉ាថ ៤:២៣
មើល​កំណត់​សម្គាល់​ម៉ាថ ២:៤
ភាសា​ក្រិច​«​ដាយម៉ូនីហ្សូម៉ាយ​»។ សំដៅ​លើ​មនុស្ស​ដែល​មាន​ទេវតា​អាក្រក់​ចូល
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​វា​ដឹង​ថា​លោក​ជា​អ្នក​ណា​»​