លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលគម្ពីរជួយយើងឲ្យចេះអត់ឱន

របៀបដែលគម្ពីរជួយយើងឲ្យចេះអត់ឱន

 នៅ​ឆ្នាំ​១៩៩៥ អង្គការ​យូណេស្កូ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា​៖​«​មាន​តែ​ការ​អត់​ឱន​និង​យោគ​យល់​គ្នា​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​មាន​សន្តិភាព​ក្នុង​ពិភព​លោក​»។

 ការ​មិន​អត់​ឱន​អាច​នាំ​ឲ្យ​មនុស្ស​មិន​គោរព​គ្នា​និង​ស្អប់​គ្នា។ ពេល​មនុស្ស​មាន​អារម្មណ៍​បែប​នេះ ពួក​គេ​ប្រហែល​ជា​និយាយ​អសុរោះ ឬ​ប្រព្រឹត្ត​ដោយ​លម្អៀង​និង​ដោយ​ហិង្សា​ទៀត​ផង។

 ប៉ុន្តែ មនុស្ស​តែង​មាន​ទស្សនៈ​ខុស​គ្នា​អំពី​ការ​អត់​ឱន។ អ្នក​ខ្លះ​គិត​ថា បុគ្គល​ដែល​ចេះ​អត់​ឱន​ត្រូវ​យល់​ស្រប​នឹង​អ្វី​ទាំង​អស់​ដែល​អ្នក​ឯ​ទៀត​ធ្វើ។ ឯ​អ្នក​ខ្លះ​ទៀត មាន​គំនិត​ស្រប​នឹង​គម្ពីរ ពួក​គេ​គិត​ថា​មនុស្ស​ដែល​ចេះ​អត់​ឱន គឺ​ជា​មនុស្ស​ដែល​គោរព​សិទ្ធិ​អ្នក​ឯ​ទៀត​ក្នុង​ការ​ជ្រើស​រើស​សាសនា​និង​គោល​ការណ៍​របស់​ខ្លួន ទោះ​ជា​ពួក​គេ​ផ្ទាល់​មិន​យល់​ស្រប​ក៏​ដោយ។

 នៅ​សម័យ​យើង តើ​គម្ពីរ​អាច​ជួយ​មនុស្ស​ឲ្យ​អត់​ឱន​ឬ​ទេ?

គោល​ការណ៍​គម្ពីរ​ស្ដី​អំពី​ការ​អត់​ឱន

 គម្ពីរ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​អត់​ឱន​គ្នា ដោយ​ចែង​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ (​ភីលីព ៤:៥​) គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ចេះ​គិត ដោយ​គួរ​សម និង​ដោយ​ស្មើ​ភាព​គ្នា។ អស់​អ្នក​ដែល​ធ្វើ​តាម​ការ​ណែនាំ​នេះ ប្រហែល​ជា​មិន​យល់​ស្រប​ឬ​ទទួល​យក​គោល​ការណ៍​របស់​អ្នក​ឯ​ទៀត​ទេ តែ​ពួក​គេ​ទុក​ឲ្យ​អ្នក​នោះ​ធ្វើ​តាម​ជម្រើស​របស់​ខ្លួន។

 ផ្ទុយ​ទៅ​វិញ គម្ពីរ​ប្រាប់​ថា​ព្រះ​បាន​កំណត់​ខ្នាត​តម្រា​ស្ដី​អំពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស។ គម្ពីរ​ចែង​ថា​៖​«​ឱ​មនុស្ស​អើយ! [​ព្រះ​]បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​អំពី​អ្វី​ដែល​ល្អ​»។ (​មីកា ៦:៨​) ខ​នេះ​បង្ហាញ​ថា​ការ​ណែនាំ​របស់​ព្រះ​អាច​ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​ល្អ​ប្រសើរ​បំផុត។—អេសាយ ៤៨:១៧, ១៨

 ព្រះ​មិន​បាន​ឲ្យ​សិទ្ធិ​យើង​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ទេ។ យោង​ទៅ​តាម​គម្ពីរ​«​លោក​ដែល​បង្កើត​ច្បាប់​និង​ជា​ចៅ​ក្រម មាន​តែ​មួយ​ទេ . . . តើ​អ្នក​ជា​អ្នក​ណា​បាន​ជា​វិនិច្ឆ័យ​អ្នក​ជិត​ខាង​របស់​ខ្លួន?​»។ (​យ៉ាកុប ៤:១២​) ព្រះ​បាន​ឲ្យ​យើង​ម្នាក់​ៗ​មាន​សេរី​ភាព​ក្នុង​ការ​សម្រេច​ចិត្ត តែ​យើង​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង​ដែរ។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​គោរព?

 គម្ពីរ​ចែង​ថា​យើង​គួរ​«​គោរព​មនុស្ស​គ្រប់​ប្រភេទ​»។ (​ពេត្រុស​ទី​១ ២:១៧​) ដូច្នេះ អ្នក​ដែល​ជ្រើស​រើស​រស់​នៅ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំង​អស់​ដោយ​គោរព ទោះ​ជា​ពួក​គេ​មាន​ជំនឿ​សាសនា ឬ​មាន​របៀប​រស់​នៅ​បែប​ណា​ក៏​ដោយ។ (​លូកា ៦:៣១​) នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ដែល​ធ្វើ​តាម​គម្ពីរ​នឹង​យល់​ស្រប​ចំពោះ​ជំនឿ​សាសនា​ទាំង​អស់​ឬ​ទស្សនៈ​ដែល​អ្នក​ឯ​ទៀត​មាន ឬ​មួយ​ក៏​គាំទ្រ​រាល់​ការ​សម្រេច​ចិត្ត​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ពួក​គេ​ប្រព្រឹត្ត​ដោយ​គោរព​និង​ដោយ​សុជីវធម៌​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​ក៏​ព្យាយាម​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដែរ។

 ជា​ឧទាហរណ៍ ពេល​មួយ​លោក​យេស៊ូ​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​កាន់​សាសនា​ដែល​លោក​មិន​គាំទ្រ។ បន្ថែម​ទៅ​ទៀត ស្ត្រី​នោះ​កំពុង​រស់​នៅ​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​មិន​មែន​ជា​ប្ដី​របស់​នាង នោះ​ជា​របៀប​រស់​នៅ​ដែល​លោក​យេស៊ូ​មិន​ពេញ​ចិត្ត​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី លោក​នៅ​តែ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ដោយ​គោរព។—យ៉ូហាន ៤:៩, ១៧​-​២៤

 ដូច​លោក​យេស៊ូ​ដែរ គ្រិស្ត​សាសនិក​ពិត​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​ពួក​គេ​ទៅ​ដល់​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់ តែ​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​«​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​ពេត្រុស​ទី​១ ៣:១៥​) គម្ពីរ​បង្រៀន​គ្រិស្ត​សាសនិក​មិន​ឲ្យ​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទស្សនៈ​ដូច​ខ្លួន​ឡើយ។ គម្ពីរ​ប្រាប់​ថា​អ្នក​កាន់​តាម​គ្រិស្ត​«​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់​»​ រួម​ទាំង​អ្នក​ដែល​មាន​ជំនឿ​សាសនា​ផ្សេង​ពី​ពួក​គេ​ផង​ដែរ។—ធីម៉ូថេ​ទី​២ ២:២៤

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ស្អប់?

 គម្ពីរ​ប្រាប់​យើង​ឲ្យ​«​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។ (​ហេប្រឺ ១២:១៤​) អ្នក​ដែល​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​មិន​ស្អប់​គ្នា​ទេ។ ទោះ​ជា​គាត់​ព្យាយាម​រស់​នៅ​ដោយ​ចុះ​សម្រុង​ជា​មួយ​អ្នក​ឯ​ទៀត​ក្ដី តែ​គាត់​មិន​ព្រម​លះ​ចោល​ខ្នាត​តម្រា​គម្ពីរ​ឡើយ។ (​ម៉ាថាយ ៥:៩​) តាម​ពិត គម្ពីរ​ក៏​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ស្រឡាញ់​សត្រូវ​របស់​ពួក​គេ​ដែរ ដោយ​ប្រព្រឹត្ត​សប្បុរស​ចំពោះ​អ្នក​ដែល​ធ្វើ​បាប​ពួក​គេ។—ម៉ាថាយ ៥:៤៤

 ពិត​ណាស់ គម្ពីរ​ប្រាប់​ថា​ព្រះ​«​ស្អប់​»​ឬ​«​ខ្ពើម​រអើម​»​ការ​ប្រព្រឹត្ត​ណា​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ​អ្នក​ឯ​ទៀត ឬ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​រង​ទុក្ខ។ (​សុភាសិត ៦:១៦​-​១៩​) ប៉ុន្តែ នៅ​ទី​នេះ​គម្ពីរ​ប្រើ​ពាក្យ​«​ស្អប់​»​ដើម្បី​ពណ៌នា​នូវ​អារម្មណ៍​មិន​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​អាក្រក់។ គម្ពីរ​បង្ហាញ​ថា​ព្រះ​ចង់​ជួយ​និង​ពេញ​ចិត្ត​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ចង់​កែ​ខ្លួន ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។—អេសាយ ៥៥:៧

ខ​គម្ពីរ​ផ្សេង​ៗ​ដែល​ទាក់​ទង​ការ​អត់​ឱន​និង​ការ​គោរព

 ទីតុស ៣:២ ចែង​ថា​៖​«​ត្រូវ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត​ជា​និច្ច​ចំពោះ​មនុស្ស​ទាំង​អស់​»។

 មនុស្ស​សម​ហេតុ​ផល​ប្រព្រឹត្ត​តប​ទៅ​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង​ពី​ខ្លួន​ដោយ​ស្លូត​បូត និង​ដោយ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

 ម៉ាថាយ ៧:១២ ចែង​ថា​៖​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។

 យើង​ទាំង​អស់​គ្នា​ពិត​ជា​សប្បាយ​ណាស់​ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​គោរព ហើយ​ឲ្យ​តម្លៃ​ទស្សនៈ​និង​អារម្មណ៍​របស់​យើង។ ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​អនុវត្ត​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​នេះ​ស្ដី​អំពី​ការ​ប្រព្រឹត្ត​ដែល​លោក​យេស៊ូ​បាន​បង្រៀន សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​ជា​អ្វី?​»។

 យ៉ូស្វេ ២៤:១៥ ចែង​ថា​៖​«​សូម​ជ្រើស​រើស​នៅ​ថ្ងៃ​នេះ​ថា​អ្នក​រាល់​គ្នា​ចង់​បម្រើ​ព្រះ​មួយ​ណា​»។

 ពេល​យើង​គោរព​សិទ្ធិ​អ្នក​ឯ​ទៀត​ក្នុង​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន នោះ​យើង​ធ្វើ​ឲ្យ​មាន​សន្តិភាព។

 សកម្មភាព ១០:៣៤ ចែង​ថា​៖​«​ព្រះ​មិន​រើស​មុខ​ទេ​»។

 ព្រះ​មិន​វាយ​តម្លៃ​មនុស្ស​ផ្អែក​លើ​វប្បធម៌ ភេទ សញ្ជាតិ ជាតិ​សាសន៍ ឬ​មជ្ឈដ្ឋាន​របស់​ពួក​គេ​ឡើយ។ អស់​អ្នក​ដែល​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះ គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

 ហាបាគុក ១:១២, ១៣ ចែង​ថា​៖​«​[​ព្រះ​]មិន​អាច​ទ្រាំ​មើល​អំពើ​ទុច្ចរិត​ឡើយ​»។

 ការ​អត់​ទ្រាំ​របស់​ព្រះ​មាន​កម្រិត។ លោក​មិន​អនុញ្ញាត​ឲ្យ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​មនុស្ស​បន្ត​មាន​ជា​រៀង​រហូត​ទេ។ ដើម្បី​រៀន​ថែម​ទៀត សូម​មើល​វីដេអូ​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

 រ៉ូម ១២:១៩ ចែង​ថា​៖​«​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​ចំពោះ​អំពើ​ខុស​ឆ្គង ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖‹ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›​»។ a

 ព្រះ​យេហូវ៉ា​មិន​បាន​ប្រគល់​សិទ្ធិ​ឲ្យ​អ្នក​ណា​ម្នាក់​សង​សឹក​នោះ​ទេ។ លោក​នឹង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​នៅ​ពេល​ត្រឹម​ត្រូវ។ ដើម្បី​ស្វែង​យល់​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ព្រះ​ឮ​សម្រែក​រក​យុត្តិធម៌​ឬ​ទេ?​»។

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។