សំបុត្រទី២ជូនចំពោះធីម៉ូថេ ២:១-២៦

  • ចូរ​ផ្ញើ​ដំណឹង​ទុក​នឹង​បុរស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ (​១​-​៧)

  • ការ​ស៊ូ​ទ្រាំ​ទុក្ខ​វេទនា​ដើម្បី​ដំណឹង​ល្អ (​៨​-​១៣)

  • ពន្យល់​បណ្ដាំ​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ (​១៤​-​១៩)

  • ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​គ្រា​យុវវ័យ (​២០​-​២២)

  • របៀប​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ប្រឆាំង (​២៣​-​២៦)

 ដូច្នេះ កូន​អើយ+ ចូរ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​មក​ពី​គ្រិស្ត​យេស៊ូ។ ២  ចំណែក​ឯ​សេចក្ដី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ដោយ​មាន​សាក្សី​បញ្ជាក់​ជា​ច្រើន+ ចូរ​ផ្ញើ​ទុក​នឹង​បុរស​ស្មោះ​ត្រង់ រួច​ពួក​គាត់​នឹង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​អ្នក​ឯ​ទៀត។ ៣  ក្នុង​នាម​ជា​ទាហាន​ល្អ​ប្រសើរ+របស់​គ្រិស្ត​យេស៊ូ ចូរ​ត្រៀម​ខ្លួន​ទទួល​រង​ការ​អាក្រក់។+ ៤  គ្មាន​ទាហាន​ណា​ម្នាក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​របស់​ជន​ស៊ី​វិល*ទេ ព្រោះ​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​ចុះ​ឈ្មោះ​គាត់​ជា​ទាហាន ពេញ​ចិត្ត​គាត់។ ៥  សូម្បី​តែ​អ្នក​ប្រកួត​កីឡា​ក៏​មិន​ទទួល​រង្វាន់*ដែរ បើ​គាត់​មិន​បាន​ប្រកួត​តាម​ច្បាប់។+ ៦  រីឯ​ពួក​កសិករ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ពួក​គេ​ត្រូវ​បរិភោគ​ផល​មុន​គេ។ ៧  ចូរ​គិត​ជា​និច្ច​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ប្រាប់។ លោក​ម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​យល់​ដឹង*ក្នុង​គ្រប់​ការ​ទាំង​អស់។ ៨  សូម​ចាំ​ថា លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ ហើយ​លោក​ជា​កូន​ចៅ*របស់​ដាវីឌ+ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ។+ ៩  ព្រោះ​នោះ​ជា​ហេតុ​ដែល​ខ្ញុំ​រង​ការ​អាក្រក់ ហើយ​ត្រូវ​ជាប់​ចំណង​ជា​ឧក្រិដ្ឋ​ជន។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។+ ១០  ហេតុ​នេះ ខ្ញុំ​បន្ត​ស៊ូ​ទ្រាំ​គ្រប់​ការ​ទាំង​អស់​ដើម្បី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។+ យ៉ាង​នេះ ពួក​គាត់​ក៏​អាច​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​គ្រិស្ត​យេស៊ូ និង​ទទួល​សិរី​រុង​រឿង​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ដែរ។ ១១  ពាក្យ​នេះ​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ប្រសិន​បើ​យើង​ស្លាប់​ជា​មួយ​នឹង​លោក យើង​ប្រាកដ​ជា​នឹង​រស់​ជា​មួយ​នឹង​លោក។+ ១២  បើ​យើង​បន្ត​ស៊ូ​ទ្រាំ យើង​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​លោក។+ ប្រសិន​បើ​យើង​មិន​ទទួល​ស្គាល់​លោក លោក​ក៏​មិន​ទទួល​ស្គាល់​យើង​ដែរ។+ ១៣  ទោះ​ជា​យើង​មិន​ស្មោះ​ត្រង់​ក៏​ដោយ លោក​នៅ​តែ​ស្មោះ​ត្រង់​ជា​និច្ច ព្រោះ​លោក​មិន​អាច​បដិសេធ​ខ្លួន​លោក​បាន​ឡើយ។ ១៤  ចូរ​រំលឹក​ពួក​គេ​អំពី​ការ​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​បង្គាប់​ពួក​គេ*នៅ​ចំពោះ​មុខ​ព្រះ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ ជា​ការ​ដែល​គ្មាន​ប្រយោជន៍​សោះ ព្រោះ​នោះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជួប​អន្តរាយ។* ១៥  ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត និង​ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស ព្រម​ទាំង​ជា​អ្នក​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។+ ១៦  ប៉ុន្តែ ចូរ​ជៀស​ចេញ​ពី​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ+ ព្រោះ​សម្ដី​បែប​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​មិន​គោរព​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ១៧  ហើយ​នឹង​រាល​ដាល​ដូច​ដំបៅ​រលួយ។ ហែមេនាស​និង​ភីឡេតូស គឺ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ។+ ១៨  បុរស​ទាំង​នោះ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត ដោយ​និយាយ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​កើត​ឡើង​រួច​ហើយ។+ ពួក​គេ​ថែម​ទាំង​កំពុង​បំផ្លាញ​ជំនឿ​របស់​អ្នក​ខ្លះ​ទៀត​ផង។ ១៩  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ដែល​នៅ​ស្ថិត​ស្ថេរ ហើយ​គ្រឹះ​នោះ​បាន​ត្រូវ​បិទ​ត្រា​ដោយ​ពាក្យ​ថា​៖ ​«​ព្រះ​យេហូវ៉ា*ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក​»​+ និង​ពាក្យ​ថា​«​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា*+ លះ​ចោល​អ្វី​ដែល​មិន​សុចរិត​»។ ២០  ក្នុង​ផ្ទះ​ធំ​មួយ​មាន​ភាជនៈ​ធ្វើ​ពី​មាស​និង​ប្រាក់ ហើយ​ក៏​មាន​ភាជនៈ​ធ្វើ​ពី​ឈើ​និង​ដី​ដែរ។ ភាជនៈ​ខ្លះ​សម្រាប់​ការ​ដែល​ប្រកប​ដោយ​កិត្តិយស តែ​ភាជនៈ​ខ្លះ​ទៀត​សម្រាប់​ការ​ដែល​មិន​ប្រកប​ដោយ​កិត្តិយស។ ២១  ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ជៀស​ឆ្ងាយ​ពី​ភាជនៈ​សម្រាប់​ការ​ដែល​មិន​ប្រកប​ដោយ​កិត្តិយស អ្នក​នោះ​នឹង​ទៅ​ជា​ភាជនៈ​សម្រាប់​ការ​ដែល​ប្រកប​ដោយ​កិត្តិយស ក៏​នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ និង​មាន​ប្រយោជន៍​ដល់​ម្ចាស់​ខ្លួន ព្រម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង។ ២២  ម្ល៉ោះ​ហើយ ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​គ្រា​យុវវ័យ តែ​ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​នឹង​ពួក​អ្នក​ដែល​ហៅ​រក​លោក​ម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ។ ២៣  ម្យ៉ាង​ទៀត ចូរ​បដិសេធ​ការ​ជជែក​ផ្ដេស​ផ្ដាស​និង​ល្ងង់​ខ្លៅ+ ដោយ​ដឹង​ថាការ​ជជែក​ទាំង​នោះ​នាំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា។ ២៤  ប៉ុន្តែ ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព*ចំពោះ​មនុស្ស​ទាំង​អស់+ មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន ចេះ​ទប់​ចិត្ត​ពេល​រង​ការ​អាក្រក់+ ២៥  ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត ពេល​ណែនាំ​ពួក​អ្នក​ដែល​មិន​យល់​ស្រប​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បង្រៀន។+ ដោយ​ធ្វើ​ដូច្នេះ ប្រហែល​ជា​ព្រះ​នឹង​ឲ្យ​ឱកាស​ពួក​គេ​ប្រែ​ចិត្ត ដើម្បី​ពួក​គេ​អាច​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត+ ២៦  ហើយ​ពួក​គេ​អាច​ភ្ញាក់​ខ្លួន និង​ចេញ​ពី​អន្ទាក់​របស់​មេកំណាច* ដោយ​សារ​ដឹង​ថា​មេកំណាច​បាន​ចាប់​ពួក​គេ​ទាំង​រស់​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​វា។+

កំណត់សម្គាល់

ឬ​ប្រហែល​មាន​ន័យ​ថា​«​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​»​
ន័យ​ត្រង់​«​មកុដ​»​
ឬ​«​សមត្ថភាព​វែក​ញែក​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ដល់​ពួក​គេ​»​
ឬ​«​ជួប​សេចក្ដី​វិនាស​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ប្រព្រឹត្ត​ដោយ​វាង​វៃ​»​
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​