ដំណើរចាកចេញ ២៣:១-៣៣

  • ក្រឹត្យ​ក្រម​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល (​១​-​១៩)

    • ស្ដី​អំពី​ការ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​និង​យុត្តិធម៌ (​១​-​៩)

    • ស្ដី​អំពី​ថ្ងៃ​ឈប់​សម្រាក​និង​បុណ្យ​ផ្សេង​ៗ​ (​១០​-​១៩)

  • ការ​ណែនាំ​ពី​ទេវតា​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល (​២០​-​២៦)

  • ការ​ទទួល​ទឹក​ដី​និង​ព្រំ​ប្រទល់​ទឹក​ដី (​២៧​-​៣៣)

២៣  «​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត+ ហើយ​មិន​ត្រូវ​ចូល​ដៃ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ ដោយ​ធ្វើ​ជា​សាក្សី​ក្នុង​បំណង​ធ្វើ​បាប​អ្នក​ឯ​ទៀត​នោះ​ឡើយ។+ ២  អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​តាម​មនុស្ស​ភាគ​ច្រើន​នោះ​ទេ។ ពេល​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​និយាយ​មិន​ពិត​តាម​ពួក​មាន​គ្នា​ច្រើន​ដែរ ព្រោះ​បើ​ធ្វើ​ដូច្នោះ អ្នក​បង្វែរ​យុត្តិធម៌​ហើយ។ ៣  ពេល​កាត់​ក្ដី​ឲ្យ​ពួក​អ្នក​ក្រ អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ ៤  ​«​បើ​អ្នក​រាល់​គ្នា​ឃើញ​គោ​ឬ​លា​របស់​សត្រូវ​វង្វេង​ផ្លូវ អ្នក​ត្រូវ​នាំ​វា​យក​ទៅ​ឲ្យ​ម្ចាស់​វិញ។+ ៥  បើ​អ្នក​រាល់​គ្នា​ឃើញ​សត្វ​លា​របស់​បុគ្គល​ដែល​ស្អប់​អ្នក​រាល់​គ្នា ទន់​ជង្គង់​ដួល​ដោយ​សារ​មាន​បន្ទុក​ធ្ងន់ អ្នក​មិន​ត្រូវ​ធ្វើ​ព្រងើយ រួច​ដើរ​ចេញ​ទៅ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ជួយ​អ្នក​នោះ​ដោះ​បន្ទុក​ពី​លើ​ខ្នង​លា​របស់​គាត់។+ ៦  ​«​ពេល​សម្រេច​ក្ដី​ឲ្យ​ពួក​អ្នក​ក្រី​ក្រ អ្នក​រាល់​គ្នា​មិន​ត្រូវ​សម្រេច​ក្ដី​ដោយ​អយុត្តិធម៌​ឡើយ។+ ៧  ​«​ពេល​មាន​ការ​ចោទ​ប្រកាន់​មិន​ពិត កុំ​ចូល​ដៃ​ជា​មួយ​នឹង​គេ​ឡើយ។ កុំ​សម្លាប់​ជន​គ្មាន​ទោស​និង​ជន​សុចរិត​ឲ្យ​សោះ ព្រោះ​ខ្ញុំ​នឹង​មិន​ចាត់​ទុក​មនុស្ស​ទុច្ចរិត​ថា​ជា​មនុស្ស​សុចរិត​ឡើយ។+ ៨  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សំណូក​ឡើយ ព្រោះ​សំណូក​អាច​បំបិទ​ភ្នែក​ចៅ​ក្រម ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ក្រឡាស់​ពាក្យ​សម្ដី​ខ្លួន។+ ៩  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​គាប​សង្កត់​ជន​បរទេស​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យល់​អារម្មណ៍​នោះ​ហើយ ដោយ​សារ​អ្នក​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេហ្ស៊ីប​ដែរ។+ ១០  ​«​ក្នុង​អំឡុង​៦​ឆ្នាំ អ្នក​រាល់​គ្នា​អាច​សាប​ព្រោះ ហើយ​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​បាន។+ ១១  ប៉ុន្តែ នៅ​ឆ្នាំ​ទី​៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​ទេ តែ​ត្រូវ​ទុក​ឲ្យ​ស្រែ​ចម្ការ​ដុះ​ឯង។ យ៉ាង​នេះ ពួក​អ្នក​ក្រី​ក្រ​អាច​បរិភោគ​ផល​ពី​នោះ ហើយ​អ្វី​ដែល​នៅ​សល់ សត្វ​ព្រៃ​អាច​ស៊ី​បាន។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ចំពោះ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។ ១២  ​«​អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​បាន តែ​នៅ​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ផ្អាក​ពី​ការងារ ដើម្បី​ឲ្យ​សត្វ​គោ​សត្វ​លា​បាន​សម្រាក ថែម​ទាំង​ឲ្យ​ពួក​ខ្ញុំ​បម្រើ​និង​ជន​បរទេស​អាច​មាន​កម្លាំង​ឡើង​វិញ។+ ១៣  ​«​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ​ឲ្យ​បាន​ហ្មត់​ចត់+ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ហៅ​រក​ព្រះ​ឯ​ទៀត​ឡើយ។ ឯ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ក៏​មិន​ត្រូវ​ចេញ​ពី​មាត់​អ្នក​ដែរ។+ ១៤  ​«​ក្នុង​មួយ​ឆ្នាំ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ជូន​ខ្ញុំ​បី​ដង។+ ១៥  ពិធី​បុណ្យ​ទី​១ គឺ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​៧​ថ្ងៃ ដូច​ខ្ញុំ​បាន​បង្គាប់​និង​កំណត់​ទុក​ពី​មុន គឺ​ក្នុង​ខែ​អាប៊ីប*+ ជា​វេលា​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ អ្នក​រាល់​គ្នា​មិន​ត្រូវ​មក​ឯ​ខ្ញុំ​ដោយ​ដៃ​ទទេ​ឡើយ។+ ១៦  ពិធី​បុណ្យ​ទី​២ គឺ​បុណ្យ​អាទិត្យ​ទី​៧* ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ដំបូង​ពី​ស្រែ​ចម្ការ។+ ពិធី​បុណ្យ​ទី៣ គឺ​បុណ្យ​ប្រមូល​ផល*ដែល​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ ជា​ពេល​ដែល​អ្នក​ប្រមូល​ផល​ចុង​ក្រោយ​ពី​ស្រែ​ចម្ការ។+ ១៧  មួយ​ឆ្នាំ​បី​ដង ពួក​បុរស​ទាំង​អស់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ពិត។+ ១៨  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​ខ្ញុំ​នូវ​អ្វី​ដែល​មាន​ដំបែ​ជា​មួយ​នឹង​ឈាម​នៃ​គ្រឿង​បូជា​ទេ។ រីឯ​ខ្លាញ់​នៃ​គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា​ជូន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​បុណ្យ នោះ​មិន​ត្រូវ​ទុក​ដល់​ព្រឹក​ស្អែក​ឡើយ។ ១៩  ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​ដំបូង​ដ៏​ល្អ​បំផុត​ពី​ស្រែ​ចម្ការ មក​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ដំណាក់​លោក។+ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។+ ២០  ​«​ខ្ញុំ​នឹង​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា+ ដើម្បី​ការ​ពារ​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ ហើយ​នាំ​អ្នក​រាល់​គ្នា​ទៅ​ដល់​កន្លែង​ដែល​ខ្ញុំ​បាន​រៀបចំ​ទុក។+ ២១  អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​គាត់​ឲ្យ​បាន​ដិត​ដល់។ កុំ​បះ​បោរ​ប្រឆាំង​នឹង​គាត់​ឡើយ ព្រោះ​គាត់​នឹង​មិន​អនុគ្រោះ​ឲ្យ​អ្នក​រាល់​គ្នា​ទេ+ ដោយ​សារ​គាត់​ជា​តំណាង​នាម​ខ្ញុំ។ ២២  បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​គាត់ ព្រម​ទាំង​ធ្វើ​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​តតាំង​នឹង​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប្រឆាំង​អ្នក​រាល់​គ្នា។ ២៣  ព្រោះ​ទេវតា​របស់​ខ្ញុំ​នឹង​ទៅ​មុន​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​កាណាន ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ពេល​នោះ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទៅ។+ ២៤  អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​គោរព​បណ្ដា​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ចុះ​ចាញ់​ការ​ទាក់​ទាញ​ឲ្យ​ទៅ​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ បន្ថែម​ទៅ​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​ពួក​គេ​ឡើយ។+ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំបាក់​បំបែក​រូប​ព្រះ​របស់​ពួក​គេ ថែម​ទាំង​បំផ្លិច​បំផ្លាញ​បង្គោល​ថ្ម​ពិសិដ្ឋ​របស់​ពួក​គេ​ផង​ដែរ។+ ២៥  អ្នក​រាល់​គ្នា​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក+ ហើយ​លោក​នឹង​ឲ្យ​ពរ​ជា​អាហារ​និង​ទឹក​ដល់​អ្នក​រាល់​គ្នា+ ព្រម​ទាំង​មិន​ឲ្យ​ជំងឺ​មក​បៀត​បៀន​អ្នក​រាល់​គ្នា​ឡើយ។+ ២៦  ឯ​ពួក​ស្ត្រី​ដែល​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា ពួក​គេ​នឹង​មិន​រលូត​កូន​ឬ​ទៅ​ជា​ស្រី​អារ​ឡើយ។+ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង។ ២៧  ​«​មុន​អ្នក​រាល់​គ្នា​ទៅ​ដល់ ជន​ជាតិ​នា​នា​នឹង​ឮ​អំពី​ខ្ញុំ ហើយ​ញ័រ​រន្ធត់។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ចលាចល ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​រត់​គេច​ពី​អ្នក​រាល់​គ្នា។+ ២៨  កាល​ដែល​អ្នក​រាល់​គ្នា​មិន​ទាន់​ទៅ​ដល់ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សត្រូវ​របស់​អ្នក​ស្រយុត​ចិត្ត+ ហើយ​ខ្ញុំ​នឹង​បណ្ដេញ​ជន​ជាតិ​ហេវី ជន​ជាតិ​កាណាន និង​ជន​ជាតិ​ហេត​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។+ ២៩  ប៉ុន្តែ ខ្ញុំ​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​ឲ្យ​អស់​ក្នុង​មួយ​ឆ្នាំ​ទេ ដើម្បី​កុំ​ឲ្យ​ទឹក​ដី​នោះ​ទៅ​ជា​ស្ងាត់​ជ្រងំ បណ្ដាល​ឲ្យ​មាន​សត្វ​ព្រៃ​កាន់​តែ​ច្រើន មក​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា។+ ៣០  ខ្ញុំ​នឹង​បណ្ដេញ​ពួក​គេ​ចេញ​បន្តិច​ម្ដង​ៗ រហូត​ដល់​អ្នក​រាល់​គ្នា​បង្កើត​កូន​ជា​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​បាន។+ ៣១  ​«​ខ្ញុំ​នឹង​កំណត់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ្នក​រាល់​គ្នា ចាប់​ពី​សមុទ្រក្រហម​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ានេ* ហើយ​ចាប់​ពី​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ដល់​ទន្លេ​អឺប្រាត។+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​អ្នក​ស្រុក​ទាំង​នោះ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា រួច​អ្នក​រាល់​គ្នា​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​ទាំង​នោះ​ទៅ។+ ៣២  អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ឬ​បណ្ដា​ព្រះ​របស់​ពួក​គេ​ឡើយ។+ ៣៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ជាប់​អន្ទាក់​ពួក​គេ​ហើយ​»។+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ក៏​ត្រូវ​ហៅ​ថា​បុណ្យ​ថ្ងៃ​ទី​៥០​ដែរ
ឬ​«​បុណ្យ​ខ្ទម​»​
ឬ​«​សមុទ្រ​ភីលីស្ទីន​»​