ដានីយ៉ែល ៧:១-២៨

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​សាហាវ​បួន​ក្បាល (​១​-​៨)

    • ស្នែង​តូច​ដែល​មាន​អំណួត​ដុះ​ឡើង (​)

  • ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ​បើក​សវនាការ (​៩​-​១៤)

    • កូន​មនុស្ស​បាន​ទទួល​អំណាច​ជា​ស្ដេច (​១៣, ១៤)

  • ដានីយ៉ែល​បាន​ទទួល​ការ​បក​ស្រាយ (​១៥​-​២៨)

    • សត្វ​ធំ​សម្បើម​ទាំង​បួន​ជា​តំណាង​ស្ដេច​បួន​រូប (​១៧)

    • ពួក​អ្នក​បរិសុទ្ធ​នឹង​ទទួល​រាជាណាចក្រ (​១៨)

    • ស្នែង​១០​ឬ​ស្ដេច​១០​រូប​នឹង​លេច​មក (​២៤)

 នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​បេលសាសារ+ស្ដេច​ស្រុក​បាប៊ីឡូន កាល​ដានីយ៉ែល​កំពុង​សម្រាន្ត​នៅ​លើ​គ្រែ គាត់​បាន​យល់​សប្ដិ​និង​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។+ បន្ទាប់​មក គាត់​បាន​កត់​ទុក​កំណត់​ហេតុ​ទាំង​មូល​នៃ​សុបិន​របស់​គាត់។+ ២  ដានីយ៉ែល​បាន​រៀប​រាប់​ថា​៖ ​«​នៅ​ពេល​យប់ ខ្ញុំ​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ ហើយ​ខ្ញុំ​ឃើញ​ខ្យល់​ពី​ទិស​ទាំង​បួន​បក់​បោក​ទៅ​លើ​សមុទ្រ​ធំ​ធេង ធ្វើ​ឲ្យ​កក្រើក​រំពើក​ជា​ខ្លាំង។+ ៣  ខណៈ​នោះ ស្រាប់​តែ​មាន​សត្វ​ធំ​សម្បើម​បួន​ក្បាល+ចេញ​ពី​សមុទ្រ​មក ហើយ​សត្វ​ទាំង​នោះ​មាន​រូប​រាង​ខុស​ប្លែក​ពី​គ្នា។ ៤  ​«​សត្វ​ធំ​សម្បើម​ទី​១​មាន​រូប​រាង​ដូច​តោ+ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។+ ពេលខ្ញុំ​កំពុង​សម្លឹង​មើល ខ្ញុំ​ឃើញ​ស្លាប​របស់​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពីដី ឲ្យ​ឈរ​ជើង​ពីរ​ដូច​ជា​មនុស្ស ថែម​ទាំង​ឲ្យ​មាន​ចិត្ត​ជា​មនុស្ស​ផង​ដែរ។ ៥  ​«​ឯ​សត្វ​ធំ​សម្បើម​ទី​២​វិញ មើល​ទៅ​វា​ដូច​ជា​ខ្លា​ឃ្មុំ+ ជើង​ម្ខាង​របស់​វា​បាន​ត្រូវ​លើក​ឡើង ហើយ​វា​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់។ រួច​មាន​ឮ​សំឡេង​បញ្ជា​វា​ថា​៖ ‹ចូរ​ក្រោក​ឡើង ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ›។+ ៦  ​«​បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​ធំ​សម្បើម​ទី​៣ មាន​រូប​រាង​ដូច​ខ្លា​រខិន។+ វា​មាន​ក្បាល​បួន+ ហើយ​លើ​ខ្នង​វា​មាន​ស្លាប​បួន​ដូច​ជា​ស្លាប​បក្សី។ វា​បាន​ទទួល​អំណាច​ដើម្បី​គ្រប់​គ្រង។ ៧  ​«​ក្នុង​ការ​បើក​បង្ហាញ​ដែល​ខ្ញុំ​ឃើញ​ក្នុង​គំនិត​នោះ ខ្ញុំ​ក៏​ឃើញ​សត្វ​ធំ​សម្បើម​ទី៤ មាន​រូប​រាង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ខ្លាំង​ក្លា​ក្រៃ​លែង និង​មាន​ធ្មេញ​ដែក​ធំ​ៗ ហើយ​មាន​ស្នែង​១០។ វា​កំពុង​ត្របាក់​ស៊ី​កម្ទេច ថែម​ទាំង​ជាន់​ឈ្លី​អ្វី​ដែល​នៅ​សេស​សល់។+ សត្វ​នោះ​ខុស​ប្លែក​ពី​សត្វ​មុន​ៗ។ ៨  ពេល​ខ្ញុំ​កំពុង​សង្កេត​មើល​ស្នែង​វា ស្រាប់​តែ​ឃើញ​មាន​ស្នែង​តូច​មួយ+ដុះ​ឡើង ហើយ​ស្នែង​បី​មុន​បាន​ត្រូវ​ដក​ចេញ​ពី​វា។ មើល! ស្នែង​តូច​នោះ​មាន​ភ្នែក​ដូច​ជា​ភ្នែក​មនុស្ស ថែម​ទាំង​មាន​មាត់​កំពុង​ពោល​យ៉ាង​ក្រអឺត។+ ៩  ​«​ខ្ញុំ​បន្ត​សម្លឹង​មើល រហូត​ដល់​ឃើញ​បល្ល័ង្ក​នា​នា​ត្រូវ​តាំង​ឡើង ហើយ​ខ្ញុំ​ឃើញ​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ+អង្គុយ​លើ​បល្ល័ង្ក​លោក។+ សម្លៀក​បំពាក់​លោក​ពណ៌​ស​ស្គុស​ដូច​ព្រឹល+ ហើយ​សក់​របស់​លោក​ស​ស្អាត​ដូច​រោម​ចៀម។ បល្ល័ង្ក​លោក​ជា​អណ្ដាត​ភ្លើង ហើយ​កង់​បល្ល័ង្ក​នោះ​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+ ១០  រួច​ខ្ញុំ​ឃើញ​ភ្លើង​ហូរ​ចេញ​ពី​លោក​មក+ ហើយ​មាន​ទេវតា​១.០០០​រូប​គុណ​នឹង​១.០០០​រូប កំពុង​បម្រើ​លោក ថែម​ទាំង​មាន​ទេវតា​១០.០០០​រូប​គុណ​នឹង​១០.០០០​រូប កំពុង​ឈរ​នៅ​ចំពោះ​លោក។+ ពេល​នោះ មាន​ការ​បើក​សវនាការ+ ហើយ​សៀវភៅ​ផ្សេង​ៗ​ក៏​បាន​ត្រូវ​បើក​ឡើង។ ១១  ​«​ខណៈ​នោះ ខ្ញុំ​នៅ​សម្លឹង​មើល​នៅ​ឡើយ ព្រោះ​ឮ​សំឡេង​ពី​ស្នែង​តូច​នោះ​ពោល​ដោយ​អំណួត។+ ខ្ញុំ​មើល​រហូត​ដល់​ឃើញ​សត្វ​ធំ​សម្បើម​ត្រូវ​សម្លាប់ ហើយ​សព​វា​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ឲ្យ​ឆេះ​ខ្ទេច​ខ្ទី​អស់។ ១២  រីឯ​សត្វ​ធំ​សម្បើម​ផ្សេង​ទៀត+ អំណាច​គ្រប់​គ្រង​បាន​ត្រូវ​ដក​ហូត​ចេញ​ពី​ពួក​វា ហើយ​ទុក​ឲ្យ​ពួក​វា​មាន​ជីវិត​មួយ​រយៈ​ពេល​និង​មួយ​រដូវ​កាល។ ១៣  ​«​ក្នុង​ការ​បើក​បង្ហាញ​ដែល​ខ្ញុំ​ឃើញ​ក្នុង​គំនិត​នៅ​យប់​នោះ ខ្ញុំ​ឃើញ​បុគ្គល​ម្នាក់​ដូច​ជា​កូន​មនុស្ស+ កំពុង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ។ គាត់​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ឯ​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ+ ហើយ​គេ​ក៏​នាំ​គាត់​ចូល​ទៅ​ខាង​មុខ​លោក។ ១៤  គាត់​បាន​ទទួល​អំណាច​គ្រប់​គ្រង+ កិត្តិយស+ និង​រាជាណាចក្រ​មួយ។ ហេតុ​នេះ មនុស្ស​ទាំង​អស់​ដែល​មក​ពី​គ្រប់​ជាតិ​សាសន៍​គ្រប់​ភាសា​ត្រូវ​បម្រើ​គាត់។+ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​មិន​សាប​សូន្យ​ទេ គឺ​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​គាត់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ។+ ១៥  ​«​ចំណែក​ខ្ញុំ​ដានីយ៉ែល​វិញ ការ​បើក​បង្ហាញ​ដែល​ខ្ញុំ​ឃើញ​ក្នុង​គំនិត​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ក្នុង​ចិត្ត ហើយ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។+ ១៦  ខ្ញុំ​ក៏​បាន​ចូល​ទៅ​ក្បែរ​ពួក​អ្នក​ដែល​កំពុង​ឈរ​នៅ​ទី​នោះ ហើយ​សួរ​បុគ្គល​ម្នាក់​អំពី​អត្ថន័យ​នៃ​ការ​បើក​បង្ហាញ​នោះ។ គាត់​ក៏​តប​មក​ខ្ញុំ ហើយ​ពន្យល់​អត្ថន័យ​ដល់​ខ្ញុំ​ដូច​ត​ទៅ​៖ ១៧  ​«​‹សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ​ជា​តំណាង​ស្ដេច​បួន​រូប+ ដែល​នឹង​ឡើង​គ្រង​រាជ្យ​នៅ​ផែនដី។*+ ១៨  ឯ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ពួក​គេ​នឹង​ទទួល​រាជាណាចក្រ+ ហើយ​រាជាណាចក្រ​នោះ​នឹង​ក្លាយ​ទៅ​ជា​របស់​ពួក​គេ+ជា​រៀង​រហូត›។ ១៩  ​«​បន្ទាប់​មក ខ្ញុំ​ក៏​សួរ​ថែម​ទៀត​ដើម្បី​ឲ្យ​ដឹង​ច្បាស់​អំពី​សត្វ​ធំ​សម្បើម​ទី​៤ ដែល​ខុស​ប្លែក​ពី​សត្វ​មុន​ៗ។ វា​មាន​រូប​រាង​គួរ​ឲ្យ​ស្ញែង​ខ្លាច ហើយ​មាន​ធ្មេញ​ដែក​ធំ​ៗ​និង​ក្រញាំ​ស្ពាន់ វា​កំពុង​ត្របាក់​ស៊ី​កម្ទេច ថែម​ទាំង​ជាន់​ឈ្លី​អ្វី​ដែល​នៅ​សេស​សល់។+ ២០  រួច​ខ្ញុំ​ក៏​សួរ​ថែម​ទៀត​អំពី​ស្នែង​១០+នៅ​លើ​ក្បាល​វា និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង បណ្ដាល​ឲ្យ​ស្នែង​៣​ធ្លាក់​ចុះ។+ ស្នែង​មួយ​នោះ​មាន​ភ្នែក​និង​មាត់​ដែល​ពោល​ដោយ​អំណួត ហើយ​មើល​ទៅ​ធំ​ជាង​ស្នែង​ឯ​ទៀត។ ២១  ​«​កាល​ខ្ញុំ​កំពុង​សម្លឹង​មើល ខ្ញុំ​ឃើញ​ស្នែង​នោះ​ច្បាំង​នឹង​ពួក​អ្នក​បរិសុទ្ធ ហើយ​វា​មាន​ប្រៀប​លើ​ពួក​គេ+ ២២  រហូត​ដល់​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ+បាន​មក ហើយ​កាត់​ក្ដី​គាំទ្រ​ខាង​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+ ពេល​នោះ គ្រា​កំណត់​ដែល​ពួក​អ្នក​បរិសុទ្ធ​ត្រូវ​ទទួល​រាជាណាចក្រ​ជា​មត៌ក ក៏​បាន​មក​ដល់។+ ២៣  ​«​បុរស​នោះ​បាន​ឆ្លើយ​មក​ខ្ញុំ​ថា​៖ ‹សត្វ​ធំ​សម្បើម​ទី​៤​ជា​តំណាង​រាជាណាចក្រ​ទី​៤​ដែល​នឹង​គ្រប់​គ្រង​នៅ​ផែនដី។ រាជាណាចក្រ​នោះ​នឹង​ខុស​ប្លែក​ពី​រាជាណាចក្រ​ទាំង​ឡាយ ហើយ​រាជាណាចក្រ​នោះ​នឹង​វាយ​ប្រហារ ជាន់​ឈ្លី ហើយ​កម្ទេច​ផែនដី​ទាំង​មូល។+ ២៤  រីឯ​ស្នែង​១០​វិញ ជា​តំណាង​ស្ដេច​១០​រូប​ដែល​នឹង​លេច​ចេញ​ពី​រាជាណាចក្រ​នោះ។ រួច​ស្ដេច​មួយ​រូប​ទៀត​នឹង​លេច​មក តែ​ស្ដេច​នោះ​ខុស​ប្លែក​ពី​ស្ដេច​មុន​ៗ ហើយ​ស្ដេច​នោះ​នឹង​បង្ក្រាប​ស្ដេច​បី​រូប។+ ២៥  ស្ដេច​នោះ​នឹង​និយាយ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ហើយ​តែង​តែ​ធ្វើ​ទុក្ខ​ដល់​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម។ ស្ដេច​នោះ​ប៉ុន​ប៉ង​ផ្លាស់​ប្ដូរ​ពេល​កំណត់​និង​ច្បាប់ ហើយ​ពួក​អ្នក​បរិសុទ្ធ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ អស់​រយៈ​ពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា។*+ ២៦  បន្ទាប់​មក មាន​ការ​បើក​សវនាការ ហើយ​គេ​បាន​ដក​ហូត​អំណាច​គ្រប់​គ្រង​របស់​ស្ដេច​នោះ រួច​បំផ្លាញ​គាត់​ឲ្យ​វិនាស​សាប​សូន្យ​ទៅ។+ ២៧  ​«​‹ក្រោយ​នោះ រាជាណាចក្រ អំណាច​គ្រប់​គ្រង និង​ភាព​រុង​រឿង​នៃ​រាជាណាចក្រ​ទាំង​ឡាយ​ដែល​នៅ​ក្រោម​មេឃ បាន​ត្រូវ​ប្រគល់​ដល់​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+ រាជាណាចក្រ​របស់​ពួក​គេ​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប+ ហើយ​រដ្ឋាភិបាល​ទាំង​អស់​នឹង​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​បម្រើ​ពួក​គេ›។ ២៨  ​«​សេចក្ដី​នោះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ​ដានីយ៉ែល​បាន​ភ័យ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មាន​ទឹក​មុខ​ស្លេក​ស្លាំង។ ប៉ុន្តែ ខ្ញុំ​បាន​រក្សា​រឿង​នោះ​ទុក​ក្នុង​ចិត្ត​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ដែល​នឹង​ក្រោក​ឡើង​ពី​ផែនដី​»​
នេះ​សំដៅ​លើ​បី​គ្រា​កន្លះ