សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ៦:១-១៨

  • កុំ​ប្រើ​សេចក្ដី​សប្បុរស​របស់​ព្រះ​ដោយ​ឥតប្រយោជន៍ (​១, ២)

  • ការ​រៀប​រាប់​អំពី​កិច្ច​បម្រើ​របស់​ប៉ូល (​៣​-​១៣)

  • កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ (​១៤​-​១៨)

 ម្យ៉ាង​ទៀត ដោយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក+ យើង​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដោយ​ឥត​ប្រយោជន៍។+ ២  ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រា​ដែល​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​បាន​ឮ​អ្នក ហើយ​នៅ​ថ្ងៃ​សង្គ្រោះ ខ្ញុំ​បាន​ជួយ​អ្នក​»។+ មើល! ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត។ មើល! ឥឡូវ​នេះ​គឺ​ជា​ថ្ងៃ​សង្គ្រោះ។ ៣  យើង​មិន​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល*ឡើយ ដើម្បី​កុំ​ឲ្យ​គេ​រិះគន់​កិច្ច​បម្រើ​របស់​យើង។+ ៤  ប៉ុន្តែ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ+ ដោយ​ស៊ូ​ទ្រាំ​អ្វី​ៗ​ជា​ច្រើន ដោយ​រង​ទុក្ខ​វេទនា ដោយ​ខ្វះ​ខាត ដោយ​មាន​ទុក្ខ​លំបាក+ ៥  ដោយ​ត្រូវ​គេ​វាយ​ដំ ដោយ​ជាប់​គុក+ ដោយ​ស៊ូ​ទ្រាំ​ក្នុង​ស្ថានភាព​ច្របូក​ច្របល់ ដោយ​នឿយ​ហត់ ដោយ​អត់​ងងុយ ជួន​កាល​ដោយ​គ្មាន​អាហារ​បរិភោគ+ ៦  ដោយ​សេចក្ដី​បរិសុទ្ធ ដោយ​ចំណេះ ដោយ​ចិត្ត​អត់​ធ្មត់+ ដោយ​សេចក្ដី​សប្បុរស+ ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ពុត​ត្បុត+ ៧  ដោយ​និយាយ​សេចក្ដី​ពិត ដោយ​ឫទ្ធានុភាព​របស់​ព្រះ+ តាម​រយៈ​អាវុធ​នៃ​សេចក្ដី​សុចរិត+ដែល​នៅ​ក្នុង​ដៃ​ស្ដាំ* និង​នៅ​ក្នុង​ដៃ​ឆ្វេង។* ៨  យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ ពេល​មាន​កិត្តិយស​និង​អាប់​ឱន​កិត្តិយស ពេល​មាន​កេរ្ដិ៍​ឈ្មោះ​អាក្រក់​និង​កេរ្ដិ៍​ឈ្មោះ​ល្អ។ គេ​ចាត់​ទុក​យើង​ជា​អ្នក​បោក​បញ្ឆោត តែ​យើង​និយាយ​សេចក្ដី​ពិត ៩  គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​គ្មាន​អ្នក​ណា​ស្គាល់ តែ​មាន​អ្នក​ដែល​ទទួល​ស្គាល់​យើង គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​កំពុង​ស្លាប់* តែ​មើល! យើង​នៅ​រស់​នៅ​ឡើយ+ គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​ដាក់​ទោស* តែ​មិន​ដល់​ទោស​ស្លាប់​ទេ+ ១០  គេ​ចាត់​ទុក​យើង​ជា​អ្នក​ដែល​ព្រួយ​ចិត្ត តែ​យើង​អរ​សប្បាយ​ជា​និច្ច គេ​ចាត់​ទុក​យើង​ជា​អ្នក​ក្រ តែ​យើង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន គេ​ចាត់​ទុក​យើង​ថា​គ្មាន​អ្វី​សោះ តែ​យើង​មាន​អ្វី​ៗ​ទាំង​អស់។+ ១១  បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​បាន​និយាយ​ត្រង់​ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា យើង​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ។ ១២  យើង​មិន​មាន​ចិត្ត​ចង្អៀត​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ+ តែ​គឺ​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​មាន​ចិត្ត​ចង្អៀត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ ១៣  ដូច្នេះ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​ជា​កូន​របស់​ខ្ញុំ។ ចូរ​អ្នក​រាល់​គ្នា​បើក​ចិត្ត​ឲ្យ​ទូលាយ​យ៉ាង​ដូច្នោះ​ដែរ។+ ១៤  កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ។*+ ព្រោះ​តើ​សេចក្ដី​សុចរិត​និង​ការ​ប្រឆាំង​ច្បាប់​មាន​អ្វី​ត្រូវ​គ្នា?+ ឬ​តើ​ពន្លឺ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​ភាព​ងងឹត?+ ១៥  ម្យ៉ាង​ទៀត តើ​គ្រិស្ត​និង​បេលាល* រួម​ចិត្ត​គំនិត​គ្នា​ត្រង់​ណា?+ ឬ​តើ​អ្នក​ដែល​ជឿ*មាន​ចំណែក​អ្វី​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ?+ ១៦  ហើយ​តើ​វិហារ​របស់​ព្រះ​មាន​អ្វី​ត្រូវ​គ្នា​នឹង​រូប​ព្រះ?+ ព្រោះ​យើង​ជា​វិហារ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ+ ដូច​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ក្នុង​ចំណោម​ពួក​គេ+ ក៏​នឹងដើរក្នុង​ចំណោម​ពួក​គេ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ខ្ញុំ​»។+ ១៧  ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ដូច្នេះ ចូរ​ចេញ​ពី​ចំណោម​ពួក​គេ​មក ហើយ​ញែក​ខ្លួន​ចេញ។ ឈប់​ពាល់​អ្វី​ដែល​មិន​ស្អាត›​»​+ ​«​‹រួច​ខ្ញុំ​នឹង​ទទួល​អ្នករាល់​គ្នា›​»។+ ១៨  ​«​‹ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា+ ឯ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កូន​ប្រុស​កូន​ស្រី​របស់​ខ្ញុំ›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា* ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។

កំណត់សម្គាល់

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ
ប្រហែល​ជា​ដើម្បី​ប្រយុទ្ធ
ប្រហែល​ជា​ដើម្បី​តតាំង
ឬ​«​អ្នក​ដែល​សម​នឹង​ស្លាប់​»​
ឬ​«​ប្រៀន​ប្រដៅ​»​
ន័យ​ត្រង់​«​កុំ​ចូល​នៅ​ក្រោម​នឹម​ដែល​មិន​ស្មើ​»​
ជា​ពាក្យ​ហេប្រឺ មាន​ន័យ​ថា​«​ចោល​ម្សៀត​»។ នេះ​សំដៅ​លើ​សាថាន
ឬ​«​មនុស្ស​ស្មោះ​ត្រង់​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥