សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១:១-២៤

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • ព្រះ​សម្រាល​ទុក្ខ​ពី​សេចក្ដី​វេទនា​គ្រប់​យ៉ាង (​៣​-​១១)

  • ប៉ូល​ផ្លាស់​ប្ដូរ​គម្រោង​ធ្វើ​ដំណើរ (​១២​-​២៤)

 ពី​ខ្ញុំ ប៉ូល ដែល​ជា​សាវ័ក*របស់​គ្រិស្ត​យេស៊ូ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ព្រម​ទាំង​ធីម៉ូថេ+ជា​បង​ប្អូន​របស់​យើង ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ឯ​ក្រុង​កូរិនថូស និង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ខេត្ត​អាខេយ៉ា​៖+ ២  សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៣  សូម​សរសើរ​ព្រះ ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង+ ហើយ​ជា​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា+ និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង+ ៤  លោក​សម្រាល​ទុក្ខ*យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង+ ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក+ដែល​ជួប​ប្រទះ​ការ​លំបាក*ផ្សេង​ៗ តាម​រយៈ​ការ​សម្រាល​ទុក្ខ​ដែល​យើង​កំពុង​ទទួល​ពី​ព្រះ។+ ៥  ព្រោះ​ដូច​យើង​រង​ទុក្ខ​ជា​ច្រើន​ដើម្បី​គ្រិស្ត+ នោះ​យើង​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​តាម​រយៈ​គ្រិស្ត​ដែរ។ ៦  បើ​យើង​ជួប​ការ​លំបាក* គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្គ្រោះ ហើយ​បើ​យើង​ទទួល​ការ​សម្រាល​ទុក្ខ នោះ​អ្នក​រាល់​គ្នា​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ដែរ ហើយ​នេះ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដូច​យើង​ស៊ូ​ទ្រាំ​ដែរ។ ៧  ដូច្នេះ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​មិន​រង្គោះ​រង្គើ​ឡើយ ដោយ​ដឹង​ថា​អ្នក​រាល់​គ្នា​រង​ទុក្ខ​លំបាក​ដូច​យើង ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដូច​យើង​ដែរ។+ ៨  បង​ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​ខេត្ត​អាស៊ី។*+ នៅ​ទី​នោះ យើង​មាន​បន្ទុក​ធ្ងន់​ហួស​ពី​កម្លាំង​យើង រហូត​ដល់​ធ្វើ​ឲ្យ​យើង​គិត​ថា​យើង​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត។+ ៩  តាម​ការ​ពិត យើង​មាន​អារម្មណ៍​ថា យើង​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ប៉ុន្តែ នេះ​គឺ​ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ+ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ជា​ជាង​ទុក​ចិត្តខ្លួន​យើង។  ១០  ដូច្នេះ លោក​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ក៏​នឹង​សង្គ្រោះ​យើង​ម្ដង​ទៀត។ យើង​សង្ឃឹម​លើ​លោក​ថា លោក​នឹងសង្គ្រោះ​យើង​ត​ទៅ​ទៀត។+ ១១  អ្នក​រាល់​គ្នា​ក៏​អាច​ជួយ​យើង​ដោយ​អធិដ្ឋាន​អង្វរ​ព្រះ​ឲ្យ​យើង​ដែរ+ ពី​ព្រោះ​ព្រះ​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ជា​ច្រើន ហើយ​លោក​នឹង​ជួយ​យើង។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​នឹង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ។+ ១២  យើង​អាច​មាន​ហេតុ​អួត​អំពី​រឿង​នេះ​៖ សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត​និង​ដោយ​សេចក្ដី​បរិសុទ្ធ​ដែល​មក​ពី​ព្រះ កាល​ដែល​យើង​នៅ​ក្នុង​ពិភព​លោក​នេះ ហើយ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​មិន​មែន​ពឹង​លើ​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ទេ+ តែ​យើង​ពឹង​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ១៣  ព្រោះ​តាម​ពិត យើង​សរសេរ​តែ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​អាច​អាន*និង​យល់ ជា​សេចក្ដី​ដែល​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​បន្ត​យល់​យ៉ាង​ច្បាស់​លាស់​រហូត​ដល់​ទី​បញ្ចប់ ១៤  ដូច​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ហើយ​ថា យើង​ជា​ហេតុ​ឲ្យ​អ្នក​រាល់​គ្នា​អួត ដូច​ដែល​យើង​នឹង​មាន​ហេតុ​អួត​អំពី​អ្នក​រាល់​គ្នា​ដែរ នៅ​ថ្ងៃ​នៃ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង។ ១៥  ម្ល៉ោះ​ហើយ ដោយ​មាន​ទំនុក​ចិត្ត​ដូច្នេះ ពី​មុន​ខ្ញុំ​មាន​បំណង​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​អរ​សប្បាយ*ជា​លើក​ទី​២។ ១៦  ព្រោះ​ខ្ញុំ​មាន​បំណង​ទៅ​លេង​អ្នក​រាល់​គ្នា ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​តំបន់​ម៉ាសេដូន រួច​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​ពេល​មក​ពី​តំបន់​ម៉ាសេដូន​វិញ។ បន្ទាប់​មក ឲ្យ​អ្នក​រាល់​គ្នា​ជូន​ដំណើរ​ខ្ញុំ​ទៅ​តំបន់​យូឌា។+ ១៧  ពេល​ដែល​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ ខ្ញុំ​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​តូច​តាច​ទេ មែន​ទេ? តើ​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ ដោយ​សារ​ខ្ញុំ​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ បាន​ជា​ខ្ញុំ​និយាយ​ថា​«​មែន​ៗ​»​ រួច​ថា​«​ទេ​ៗ​»​? ១៨  ប៉ុន្តែ ដូច​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​ទុក​ចិត្ត​សម្ដី​យើង​បាន។ យើង​មិន​មែន​ថា​«​មែន​»​ រួច​ថា​«​ទេ​»​វិញ​ឡើយ។ ១៩  ព្រោះ​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​ព្រះ និង​ដែល​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តាម​រយៈ​យើង ពោល​គឺ​ខ្ញុំ​ប៉ូល ស៊ីលវេនុស* និង​ធីម៉ូថេ+ លោក​មិន​បាន​ទៅ​ជា​«​មែន​»​ផង ហើយ​«​ទេ​»​ផង​នោះ​ឡើយ។ ប៉ុន្តែ ក្នុង​ករណី​របស់​លោក ​«​មែន​»​ គឺ​«​មែន​»។ ២០  ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សន្យា​ទាំង​អស់​នោះ​បាន​ទៅ​ជា​«​មែន​»​តាម​រយៈ​លោក។+ ដូច្នេះ តាម​រយៈ​លោក យើង​និយាយ​«​អាមេន​»​​ទៅ​កាន់​ព្រះ+ ដើម្បី​យើង​អាច​លើក​តម្កើង​ព្រះ។ ២១  ប៉ុន្តែ លោក​ដែល​ធានា​ថា​យើង​និង​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត ហើយ​ដែល​បាន​រើស​តាំង​យើង គឺ​ជា​ព្រះ។+ ២២  លោក​ក៏​បាន​បោះ​ត្រា​លើ​យើង​ដែរ+ ហើយ​ឲ្យ​អ្វី​មួយ​មក​យើង​ទុក​ជា​ការ​បញ្ចាំ​ចិត្ត ពោល​គឺ​ឫទ្ធានុភាព+របស់​លោក​នៅ​ក្នុង​ចិត្ត​យើង។ ២៣  ឥឡូវ ខ្ញុំ​សូម​ស្បថ​ចំពោះ​ព្រះ​ដោយ​ដាក់​ជីវិត*ថា ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិនថូស​ទេ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ចិត្ត​ខ្លាំង​ជាង​នេះ។ ២៤  មិន​មែន​ថា​យើង​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ+ តែ​យើង​ជា​អ្នក​រួម​ការងារ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​កំពុង​កាន់​ជំហរ​មាំ​មួន​ដោយ​សារ​ជំនឿ​របស់​អ្នក​រាល់​គ្នា។

កំណត់សម្គាល់

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​
ឬ​«​លើក​ទឹក​ចិត្ត​»​
ឬ​«​សេចក្ដី​វេទនា​»​
ឬ​«​សេចក្ដី​វេទនា​»​
មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​រួច​ហើយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍​»​
ក៏​មាន​ឈ្មោះ​ថា​ស៊ីឡាស​ដែរ
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​