សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១៦:១-២៤

  • ការ​ប្រមូល​វិភាគទាន​សម្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម (​១​-​៤)

  • គម្រោង​ធ្វើ​ដំណើរ​របស់​ប៉ូល (​៥​-​៩)

  • គម្រោង​ទៅ​លេង​របស់​ធីម៉ូថេ​និង​អាប៉ូឡុស (​១០​-​១២)

  • ការ​បំផុស​ទឹក​ចិត្ត​និង​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ (​១៣​-​២៤)

១៦  ឥឡូវ ខ្ញុំ​សូម​និយាយ​អំពី​ការ​ប្រមូល​វិភាគទាន​សម្រាប់​ពួក​អ្នក​បរិសុទ្ធ។+ សូម​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​ណែនាំ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ខេត្ត​កាឡាទី។ ២  រាល់​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​តាម​ដែល​ខ្លួន​មាន ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​ប្រមូល​វិភាគទាន​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ៣  ប៉ុន្តែ ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​ពួក​បុរស​ដែល​អ្នក​រាល់​គ្នា​បាន​លើក​ឈ្មោះ​ឡើង​ក្នុង​សំបុត្រ+ ឲ្យ​យក​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូសាឡិម។ ៤  ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​ទៅ​គឺ​សម​ជាង នោះ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​គាត់។ ៥  ប៉ុន្តែ ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​រាល់​គ្នា​ក្រោយ​ពី​ខ្ញុំ​ធ្វើ​ដំណើរ​កាត់​តំបន់​ម៉ាសេដូន ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ។+ ៦  ប្រហែល​ជា​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​មួយ​រយៈ ឬ​ក៏​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ផុត​រដូវ​ត្រជាក់ ដើម្បី​ក្រោយ​មក​អ្នក​រាល់​គ្នា​អាច​ជូន​ដំណើរ​ខ្ញុំ​មួយ​កំណាត់​ផ្លូវ រួច​ខ្ញុំ​នឹង​ទៅ​កន្លែង​ដែល​ខ្ញុំ​បម្រុង​ទៅ។ ៧  ព្រោះ​ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់​គ្នា ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ​ភ្លែត​នោះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា​អាច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​បន្តិច+ ប្រសិន​បើ​ព្រះ​យេហូវ៉ា*អនុញ្ញាត។ ៨  ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ+រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ ៩  ព្រោះ​មាន​ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​បម្រើ+ តែ​មាន​អ្នក​ប្រឆាំង​ជា​ច្រើន។ ១០  ក៏​ប៉ុន្តែ ប្រសិន​បើ​ធីម៉ូថេ+មក​ដល់ កុំ​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​គាត់​កំពុង​បំពេញ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា*+ដូច​ខ្ញុំ​ដែរ។ ១១  ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់។ សូម​ជូន​ដំណើរ​គាត់​ដោយ​សុវត្ថិភាព ដើម្បី​គាត់​អាច​មក​ឯ​ខ្ញុំ ព្រោះ​ខ្ញុំ​និង​បង​ប្អូន​ឯ​ទៀត​កំពុង​រង់​ចាំ​គាត់។ ១២  ចំណែក​អាប៉ូឡុស+ ដែល​ជា​បង​ប្អូន​របស់​យើង ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​បង​ប្អូន ប៉ុន្តែ​គាត់​មិន​ទាន់​ចង់​មក​ទេ​ឥឡូវ​នេះ តែ​គាត់​នឹង​មក​ពេល​ដែល​គាត់​មាន​ឱកាស។ ១៣  ចូរ​ដឹង​ខ្លួន​ជា​និច្ច+ ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ+ ចូរ​មាន​ចិត្ត​ក្លាហាន*+ ចូរ​មាន​កម្លាំង​ខ្លាំង​ក្លា​ឡើង។+ ១៤  ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សេចក្ដីស្រឡាញ់។+ ១៥  បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​៖ អ្នក​រាល់​គ្នា​ដឹង​ថា​ពួក​អ្នក​ផ្ទះ​របស់​ស្ទេផាណាស ជា​ផល​ដំបូង​នៅ​ខេត្ត​អាខេយ៉ា ហើយ​ពួក​គាត់​ប្រុង​ប្រៀបខ្លួន​ជា​និច្ច​ដើម្បី​បម្រើ​ពួក​អ្នក​បរិសុទ្ធ។ ១៦  ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ត​ចុះ​ចូល​ចំពោះ​មនុស្ស​បែប​នោះ និង​ចំពោះ​អស់​អ្នក​ដែល​រួម​សហការ ព្រម​ទាំង​អស់​អ្នក​ដែល​ខំ​ប្រឹង​ធ្វើ​ការ។+ ១៧  ប៉ុន្តែ ខ្ញុំ​អរ​សប្បាយ​ដោយ​សារ​ស្ទេផាណាស+ ភ័រទូណាតុស និង​អាខេកុស​ដែល​បាន​មក​ជួប​ខ្ញុំ ព្រោះ​ការ​ដែល​ពួក​គាត់​មក នោះ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​នៅ​ទី​នេះ។ ១៨  ពី​ព្រោះ​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និង​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា​បុរស​បែប​នោះ​មាន​តម្លៃ។ ១៩  ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ខេត្ត​អាស៊ី*ផ្ដាំ​សួរ​សុខ​ទុក្ខ។ អាគីឡា​និង​ព្រីស្កា ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួក​គាត់+ ផ្ដាំ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ២០  បង​ប្អូន​ទាំង​ឡាយ​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។ ចូរ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប។* ២១  ខ្ញុំ ប៉ូល សរសេរ​ពាក្យ​សួរ​សុខ​ទុក្ខ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ ២២  ប្រសិន​បើ​អ្នក​ណា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ម្ចាស់ សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា។ ឱ​លោក​ម្ចាស់​របស់​យើង​អើយ! សូម​អញ្ជើញ​មក! ២៣  សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ២៤  សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ចូរ​ប្រព្រឹត្ត​ឲ្យ​ដូច​បុរស​»​
មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​
គ្រិស្ត​សាសនិក​ធ្លាប់​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ការ​ថើប​ពេល​ជួប​គ្នា