សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១១:១-៣៤

  • «​ចូរ​យក​តម្រាប់​ខ្ញុំ​»​ (​)

  • ប្រមុខ​ភាព​និង​ការ​ពាក់​អ្វី​នៅ​លើ​ក្បាល (​២​-​១៦)

  • ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ (​១៧​-​៣៤)

១១  ចូរ​យក​តម្រាប់​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​គ្រិស្ត។+ ២  ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​គិត​អំពី​ខ្ញុំ​ជា​និច្ច ហើយ​កំពុង​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ៣  ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត+ ឯ​ប្រមុខ​របស់​ស្ត្រី​គឺ​បុរស+ ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ។+ ៤  បុរស​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ​ដោយ​ពាក់​អ្វី​លើ​ក្បាល នោះ​ធ្វើ​ឲ្យ​ក្បាល*ខ្លួន​អាប់​ឱន​កិត្តិយស។ ៥  ប៉ុន្តែ ស្ត្រី​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ+ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល នោះ​ធ្វើ​ឲ្យ​ក្បាល*ខ្លួន​អាប់​ឱន​កិត្តិយស គឺ​នាង​ដូច​ជា​ស្ត្រី​ដែល​ត្រូវ​គេ​កោរ​សក់។* ៦  ព្រោះ​ប្រសិន​បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​លើ​ក្បាល នោះ​នាង​ត្រូវ​កាត់​សក់​ឲ្យ​ខ្លី។ ប៉ុន្តែ ប្រសិន​បើ​ការ​កាត់​សក់​ឲ្យ​ខ្លី​ឬ​កោរ​សក់​នាំ​ឲ្យ​នាង​អាប់​ឱន​កិត្តិយស នោះ​ជា​ការ​ល្អ​ជាង​បើ​នាង​ពាក់​អ្វី​លើ​ក្បាល។ ៧  រីឯ​បុរស​មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ដោយ​សារ​បុរស​មាន​ភាព​ដូច​ព្រះ+ ហើយ​នាំ​ឲ្យ​ព្រះ​ទទួល​កិត្តិយស តែ​ស្ត្រី​នាំ​ឲ្យ​បុរស​ទទួល​កិត្តិយស។ ៨  ព្រោះ​បុរស​មិន​មក​ពី​ស្ត្រី​ទេ តែ​ស្ត្រី​មក​ពី​បុរស។+ ៩  ម្យ៉ាង​ទៀត ព្រះ​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ទេ តែ​លោក​បាន​បង្កើត​ស្ត្រី​សម្រាប់​បុរស។+ ១០  ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ត្រូវ​មាន​អ្វី​លើ​ក្បាល ដើម្បី​បញ្ជាក់​អំ​ពី​ការ​ចុះ​ចូល និង​ដោយ​សារ​បណ្ដា​ទេវតា។+ ១១  ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​កាន់​តាម​លោក​ម្ចាស់ មិន​អាច​មាន​ស្ត្រី​ដោយ​គ្មាន​បុរស ហើយ​មិន​អាច​មាន​បុរស​ដោយ​គ្មាន​ស្ត្រី​ទេ។ ១២  ព្រោះ​ដូច​ស្ត្រី​មក​ពី​បុរស+ បុរស​កើត​ចេញ​ពី​ស្ត្រី តែ​អ្វី​ៗ​ទាំង​អស់​មក​ពី​ព្រះ។+ ១៣  សូម​ពិចារណា​ដោយ​ខ្លួន​អ្នក​ចុះ​៖ តើ​ជា​ការ​សម​រម្យ​ទេ ប្រសិន​បើ​ស្ត្រី​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល? ១៤  តើ​ធម្មជាតិ​មិន​បង្ហាញ​ទេ​ថា បុរស​ត្រូវ​អាប់​ឱន​កិត្តិយស​ប្រសិន​បើ​មាន​សក់​វែង? ១៥  ប៉ុន្តែ ប្រសិន​បើ​ស្ត្រី​មាន​សក់​វែង នោះ​ជា​កិត្តិយស​ដល់​នាង​វិញ មែន​ទេ? ពី​ព្រោះ​នាង​បាន​សក់​ជំនួស​អ្វី​ដែល​ពាក់​លើ​ក្បាល។ ១៦  ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ប្រកែក​តវ៉ា​ដើម្បី​ធ្វើ​តាម​ទម្លាប់​ណា​ផ្សេង​ទៀត យើង​គ្មាន​ទម្លាប់​ណា​ផ្សេង​ទៀត​ទេ ហើយ​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ​ក៏​គ្មាន​ដែរ។ ១៧  ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឲ្យ​ការ​ណែនាំ​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ការ​ជួប​ជុំ​របស់​អ្នក​រាល់​គ្នា មិន​បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ តែ​នាំ​ឲ្យ​បង់​ប្រយោជន៍​វិញ។ ១៨  ព្រោះ​ទី​១ ខ្ញុំ​បាន​ឮ​ថា​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពេល​ដែល​ជួប​ជុំ​ជា​ក្រុម​ជំនុំ ហើយ​ខ្ញុំ​ក៏​ជឿ​ខ្លះ​ដែរ។ ១៩  ព្រោះ​ប្រាកដ​ជា​នឹង​មាន​និកាយ​ផ្សេង​ៗ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហើយ​ការ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ណា​ខ្លះ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត។ ២០  ពេល​ដែល​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​នៅ​កន្លែង​មួយ អ្នក​រាល់​គ្នា​មិន​មែន​មក​ដើម្បី​បរិភោគ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ទេ។+ ២១  ព្រោះ​ពេល​ដល់​ម៉ោង​បរិភោគ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ អ្នក​រាល់​គ្នា​ខ្លះ​បាន​បរិភោគ​អាហារ​ល្ងាច​ផ្ទាល់​ខ្លួន​រួច​ហើយ។ ហេតុ​នេះ អ្នក​ខ្លះ​ឃ្លាន ឯ​អ្នក​ខ្លះ​ទៀត​ស្រវឹង​ស្រា។ ២២  តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ​ដើម្បី​ផឹក​និង​បរិភោគ​ទេ​ឬ? ឬ​តើ​អ្នក​រាល់​គ្នា​មើល​ងាយ​ក្រុម​ជំនុំ​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​សោះ​មាន​អារម្មណ៍​អៀន​ខ្មាស​ឬ? តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៅ​អ្នក​រាល់​គ្នា? តើ​ខ្ញុំ​ត្រូវ​សរសើរ​អ្នក​រាល់​គ្នា​ឬ? ក្នុង​រឿង​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ។ ២៣  ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់+ដែល​លោក​ម្ចាស់​យេស៊ូ​ត្រូវ​គេ​ក្បត់ លោក​បាន​យក​នំ​ប៉័ង​មួយ​ដុំ ២៤  ហើយ​អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ+ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​អំពី​ខ្ញុំ​»។+ ២៥  បន្ទាប់​ពី​បាន​ពិសា​អាហារ​ល្ងាច​ហើយ លោក​ក៏​យក​ពែង​នោះ+ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី+ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ។+ រាល់​ដង​ដែល​អ្នក​រាល់​គ្នា​ផឹក​ពី​ពែង​នេះ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​អំ​ពី​ខ្ញុំ​»។+ ២៦  ព្រោះ​រាល់​ដង​ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំ​ប៉័ង​នោះ និង​ផឹក​ពី​ពែង​នោះ អ្នក​រាល់​គ្នា​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់ រហូត​ដល់​លោក​មក​ដល់។ ២៧  ដូច្នេះ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង ឬ​ផឹក​ពី​ពែង​របស់​លោក​ម្ចាស់​ដោយ​ខ្លួន​មិន​សម​នឹង​ទទួល អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​និង​ឈាម​របស់​លោក​ម្ចាស់។ ២៨  ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់+ ដើម្បី​ដឹង​ប្រាកដ​ថា​ខ្លួន​សម​ឬ​មិន​សម​នឹង​ទទួល រួច​សឹម​បរិភោគ​នំ​ប៉័ង​នោះ​និង​ផឹក​ពី​ពែង​នោះ​ចុះ។ ២៩  ព្រោះ​អ្នក​ណា​ដែល​បរិភោគ​និង​ផឹក​ដោយ​មិន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​រូប​កាយ អ្នក​នោះ​បរិភោគ​និង​ផឹក​ទាំង​នាំ​ឲ្យ​ខ្លួន​ទទួល​ការ​វិនិច្ឆ័យ។ ៣០  ហេតុ​នោះ​ហើយ​បាន​ជា​មាន​អ្នក​ខ្សោយ​និង​អ្នក​ឈឺ​ជា​ច្រើន​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​មួយ​ចំនួន​បាន​ស្លាប់*ទៅ​ហើយ។+ ៣១  ប៉ុន្តែ ប្រសិន​បើ​យើង​ពិចារណា​ឲ្យ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​បែប​ណា នោះ​យើង​នឹង​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ។ ៣២  ក៏​ប៉ុន្តែ ពេល​ដែល​ព្រះ​យេហូវ៉ា*វិនិច្ឆ័យ​យើង លោក​ប្រដៅ​យើង+ ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ការ​ផ្ដន្ទា​ទោស​ជា​មួយ​នឹង​ពិភព​លោក។+ ៣៣  ដូច្នេះ បង​ប្អូន​ខ្ញុំ​អើយ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​ដើម្បី​បរិភោគ​អាហារ​នេះ ចូរ​ចាំ​គ្នា។ ៣៤  ប្រសិន​បើ​មាន​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​បរិភោគ​នៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ ពេល​ដែល​មក​ជួប​ជុំ​គ្នា។+ ចំណែក​រឿង​ទាំង​ប៉ុន្មាន​ទៀត ខ្ញុំ​នឹង​ដោះ​ស្រាយ​ពេល​ដែល​ខ្ញុំ​មក។

កំណត់សម្គាល់

ឬ​«​ប្រមុខ​»​
ឬ​«​ប្រមុខ​»​
ជា​ទោស​ដែល​ទទួល​ដោយ​សារបាន​ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ
នេះ​សំដៅ​លើ​ការ​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥