លោតទៅអត្ថបទ

តើគម្ពីរស្របគ្នានឹងវិទ្យាសាស្ត្រឬទេ?

តើគម្ពីរស្របគ្នានឹងវិទ្យាសាស្ត្រឬទេ?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យា​សាស្ត្រ​ទេ តែ​ពេល​គម្ពីរ​រៀប​រាប់​អំពី​រឿង​វិទ្យា​សាស្ត្រ​នោះ​គឺ​ត្រឹម​ត្រូវ​ទាំង​អស់។ សូម​ពិចារណា​ពី​ឧទាហរណ៍​ខ្លះ​ៗ​ដែល​បង្ហាញ​ថា វិទ្យា​សាស្ត្រ​និង​គម្ពីរ​គឺ​ស្រប​គ្នា ហើយ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​វិទ្យា​សាស្ត្រ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ជំនឿ​របស់​មនុស្ស​ដែល​រស់​នៅ​សម័យ​ដែល​គម្ពីរ​បាន​ត្រូវ​សរសេរ។

  •   សកល​លោក​មាន​ទី​ចាប់​ផ្ដើម។ (​លោកុប្បត្តិ ១:១​) ផ្ទុយ​ទៅ​វិញ នៅ​សម័យ​បុរាណ​មាន​ការ​និយាយ​ត​គ្នា​ថា សកល​លោក​មិន​មែន​បាន​ត្រូវ​បង្កើត​ទេ តែ​បាន​កើត​ឡើង​ដោយ​ឯកឯង​ពី​ធាតុ​ដែល​មាន​ស្រាប់​ហើយ។ ជន​ជាតិ​បាប៊ីឡូន​ជឿ​ថា​ព្រះ​បាន​បង្កើត​សកល​លោក​ចេញ​ពី​មហា​សមុទ្រ​ពីរ ហើយ​ការ​និយាយ​ត​ៗ​គ្នា​ឯ​ទៀត រៀប​រាប់​ថា​សកល​លោក​កើត​ចេញ​ពី​ស៊ុត​ដ៏​ធំ​មួយ។

  •   ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សកល​លោក​បាន​ត្រូវ​គ្រប់​គ្រង ដោយ​ច្បាប់​ធម្មជាតិ មិន​មែន​ដោយ​ព្រះ​ទេ។ (​យ៉ូប ៣៨:៣៣; យេរេមា ៣៣:២៥​) នៅ​ជុំវិញ​ពិភព​លោក​មាន​ការ​និយាយ​ត​ៗ​គ្នា​ថា ពេល​ជួប​រឿង​ខ្លោច​ផ្សា​មនុស្ស​នឹង​គ្មាន​ទី​ពឹង​ទេ ហើយ​ជួន​កាល​នេះ​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា​របស់​ព្រះ។

  •   ផែនដី​បាន​ត្រូវ​ព្យួរ​នៅ​ទទេ​ធេង។ (​យ៉ូប ២៦:៧​) មនុស្ស​ជា​ច្រើន​នៅ​សម័យ​បុរាណ​ជឿ​ថា​ផែនដី​មាន​រាង​សំប៉ែត ហើយ​បាន​ត្រូវ​ទ្រ​ដោយ​យក្ស ​ឬ​សត្វ​ផ្សេង​ៗ​ដូច​ជា សត្វ​ក្របី​ឬ​សត្វ​អណ្ដើក។

  •   ទន្លេ និង​ប្រភព​ទឹក​ក្រោម​ដី​បាន​មក​ពី​រំហួត​នៃ​មហា​សមុទ្រ​និង​ប្រភព​ទឹក​ឯ​ទៀត ហើយ​បន្ទាប់​មក​ធ្លាក់​មក​លើ​ផែនដី​វិញ​ជា​ភ្លៀង​ឬ​ព្រិល។ (​យ៉ូប ៣៦:២៧, ២៨; សាស្ដា ១:៧; អេសាយ ៥៥:១០; អេម៉ុស ៩:៦​) ជន​ជាតិ​ក្រិច​សម័យ​បុរាណ​គិត​ថា​ទន្លេ​មាន​ប្រភព​មក​ពី​ទឹក​ក្រោម​បាត​សមុទ្រ ហើយ​ទស្សនៈ​នេះ​នៅ​តែ​មាន​រហូត​ដល់​សតវត្សរ៍​ទី​១៨។

  •   ភ្នំ​ដុះ​ឡើង​និង​បាត់​ទៅ​វិញ ហើយ​ភ្នំ​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ធ្លាប់​ស្ថិត​នៅ​ក្រោម​មហា​សមុទ្រ។ (​ទំនុក​តម្កើង ១០៤:៦,​) ផ្ទុយ​ទៅ​វិញ ការ​និយាយ​ត​គ្នា​ខ្លះ​ថា ភ្នំ​ដែល​មាន​រូប​រាង​ដូច​សព្វ​ថ្ងៃ​នេះ​គឺ​ព្រះ​បង្កើត​វា​ឲ្យ​មាន​រូប​រាង​បែប​ហ្នឹង។

  •   ការ​មាន​អនាម័យ​ការ​ពារ​សុខភាព។ ច្បាប់​ដែល​បាន​ផ្ដល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​រួម​បញ្ចូល ការ​លាង​ដៃ​បន្ទាប់​ពី​ប៉ះ​សាក​សព ការ​នៅ​ដាច់​ដោយ​ឡែក​ពី​ពួក​អ្នក​ដែល​មាន​ជំងឺ​ឆ្លង និង​ការ​ជីក​កប់​លាមក​ឲ្យ​ជិត។ (​លេវីវិន័យ ១១:២៨; ១៣:១​-​៥; ចោទិយកថា ២៣:១៣​) ផ្ទុយ​ទៅ​វិញ ពេល​ដែល​ច្បាប់​នេះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល ជន​ជាតិ​អេស៊ីប​ម្នាក់​បែរ​ជា​ប្រើ​របៀប​ព្យាបាល​មុខ​របួស​ដោយ​យក​លាមក​មនុស្ស​មក​លាយ​ហើយ​លាប​លើ​មុខ​របួស​នោះ​ទៅ​វិញ។

តើ​គម្ពីរ​មាន​ភាព​ខុស​គ្នា​ខាង​វិទ្យា​សាស្ត្រ​ឬ​ទេ?

 ការ​ពន្យល់​ដ៏​សម​ហេតុ​ផល​ពី​គម្ពីរ​បង្ហាញ​ថា​គ្មាន​ទេ។ ខាង​ក្រោម​នេះ​រៀប​រាប់​អំពី​ការ​ភាន់​ច្រឡំ​អំពី​ភាព​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ​ក្នុង​គម្ពីរ។

 ការ​និយាយ​ត​គ្នា: គម្ពីរ​ចែង​ថា​សកល​លោក​បាន​ត្រូវ​បង្កើត​មក​ក្នុង​រយៈ​ពេល​៦​ថ្ងៃ ដែល​ក្នុង​១​ថ្ងៃ​មាន​២៤​ម៉ោង។

 ការ​ពិត: គម្ពីរ​មិន​បាន​ចែង​អំពី​រយៈ​ពេល​ជាក់​លាក់​ណា​មួយ​ដែល​ព្រះ​បង្កើត​សកល​លោក​នោះ​ទេ។ (​លោកុប្បត្តិ ១:១​) ដូច​គ្នា​ដែរ ថ្ងៃ​នីមួយ​ៗ​នៃ​ការ​បង្កើត​ដែល​បាន​រៀប​រាប់​នៅ​ជំពូក​ទី​១​នៃ​សៀវភៅ​លោកុប្បត្តិ​ក៏​មាន​រយៈ​ពេល​មិន​ច្បាស់​លាស់​ដែរ។ តាម​ពិត​រយៈ​ពេល​ទាំង​មូល​នៃ​ការ​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី​ក៏​បាន​ត្រូវ​ហៅ​ថា​«​ថ្ងៃ​»​ផង​ដែរ។—លោកុប្បត្តិ ២:៤

 ការ​និយាយ​ត​គ្នា: គម្ពីរ​ចែង​ថា​រុក្ខជាតិ​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក​មុន​បង្កើត​ព្រះ​អាទិត្យ​ទៅ​ទៀត ដើម្បី​ធ្វើ​រស្មី​សំយោគ។—លោកុប្បត្តិ ១:១១, ១៦

 ការ​ពិត: គម្ពីរ​បង្ហាញ​ថា​ព្រះ​អាទិត្យ គឺ​ជា​ផ្កាយ​មួយ​ក្នុង​ចំណោម​ផ្កាយ​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​«​ផ្ទៃ​មេឃ​»​មុន​រុក្ខជាតិ​ទាំង​អស់។ (​លោកុប្បត្តិ ១:១​) ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ទៅ​ដល់​ផ្ទៃ​ផែនដី​ក្នុង​«​ថ្ងៃ​»​ទី​១​នៃ​ការ​បង្កើត។ នៅ​«​ថ្ងៃ​»​ទី​៣​នៃ​ការ​បង្កើត បរិយាកាស​បាន​ត្រូវ​សម្អាត នោះ​ពន្លឺ​ព្រះ​អាទិត្យ​គឺ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​មាន​រស្មី​សំយោគ។ (​លោកុប្បត្តិ ១:៣​-​៥, ១២, ១៣​) ទាល់​តែ​មួយ​រយ:ក្រោយ​មក​ទើប​យើង​អាច​ឃើញ​ព្រះ​អាទិត្យ​យ៉ាង​ច្បាស់​ពី​ផ្ទៃ​ផែនដី។ (​លោកុប្បត្តិ ១:១៦​)

 ការ​និយាយ​ត​គ្នា: គម្ពីរ​ចែង​ថា​ព្រះ​អាទិត្យ​វិល​ជុំវិញ​ផែនដី។

 ការ​ពិត: នៅ​សាស្ដា ១:៥ ចែង​ថា​៖​«​ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង​ដែល​រះ​ឡើង​នោះ​ទៀត​»។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ការ​ពណ៌នា​អំពី​ចលនា​របស់​ព្រះ​អាទិត្យ​ពេល​មើល​ពី​ផែនដី។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ប្រើ​ពាក្យ ​«​ថ្ងៃ​រះ​»​ និង ​«​ថ្ងៃ​លិច​»​ ទោះ​ជា​គេ​ដឹង​ថា​ផែនដី​វិល​ជុំវិញ​ព្រះ​អាទិត្យ​ក៏​ដោយ។

 ការ​និយាយ​ត​គ្នា: គម្ពីរ​ចែង​ថា​ផែនដី​មាន​រាង​សំប៉ែត។

 ការ​ពិត: គម្ពីរ​ប្រើ​ឃ្លា​«​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»​ មាន​ន័យ​ថា ​«​ផ្នែក​ដែល​ឆ្ងាយ​បំផុត​របស់​ផែនដី​»​ នេះ​មិន​បញ្ជាក់​ថា​ផែនដី​គឺ​មាន​រាង​សំប៉ែត​ឬ​មាន​ចុង​បំផុត​នោះ​ទេ។ (​សកម្មភាព ១:៨​) ស្រដៀង​គ្នា​ដែរ ឃ្លា​ដែល​ថា​«​ទិស​ទាំង​៤​នៃ​ផែនដី​»​គឺ​សំដៅ​ទៅ​លើ​ផ្ទៃ​ទាំង​មូល​នៃ​ផែនដី ហើយ​សព្វ​ថ្ងៃ​មនុស្ស​ម្នាក់​អាច​ប្រើ​ពាក្យ​ទិស​ទាំង​៤​នៅ​លើ​ត្រី​វិស័យ​ជា​ពាក្យ​ប្រៀប​ធៀប​ដូច​គ្នា។—អេសាយ ១១:១២; លូកា ១៣:២៩