លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វីដែលយើងអាចរៀនពីគម្ពីរបរិសុទ្ធ

អ្វីដែលយើងអាចរៀនពីគម្ពីរបរិសុទ្ធ

​«​នេះ​ជា​កំណត់​ហេតុ​អំពី​ដើម​កំណើត​មេឃ​និង​ផែនដី​ក្នុង​កាល​ដែល​បាន​ត្រូវ​បង្កើត​»។ (​ដើម​កំណើត ២:៤​) នេះ​គឺ​ជា​អ្វី​ដែល​គម្ពីរ​បរិសុទ្ធ​ចែង​អំពី​ដើម​កំណើត​នៃ​ផែនដី​របស់​យើង។ តើ​អ្វី​ដែល​គម្ពីរ​ចែង​ស្រប​នឹង​វិទ្យា​សាស្ត្រ​ដែរ​ឬ​ទេ? សូម​ពិចារណា​អំពី​ឧទាហរណ៍​ខ្លះ​ៗ។

នៅ​ដើម​ដំបូង​ឡើយ: មេឃ​និង​ផែនដី​បាន​ត្រូវ​បង្កើត

តើ​សកល​លោក​មាន​ទី​ចាប់​ផ្ដើម​ឬ​ទេ?

សៀវភៅ​ដើម​កំណើត ១:១ ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី​»។

មុន​ឆ្នាំ​១៩៥០ អ្នក​វិទ្យា​សាស្ត្រ​ដ៏​ល្បី​ល្បាញ​ជា​ច្រើន​ជឿ​ថា​សកល​លោក​មិន​មាន​ទី​ចាប់​ផ្ដើម​ទេ។ ប៉ុន្តែ​ក្រោយ​មក ដោយ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​សកល​លោក​របស់​យើង​ពិត​ជា​មាន​ទី​ចាប់​ផ្ដើម​មែន។

នៅ​ដើម​ដំបូង តើ​ផែនដី​មាន​ស្ថានភាព​យ៉ាង​ណា?

សៀវភៅ​ដើម​កំណើត ១:២, រៀប​រាប់​ថា​ពេល​ដែល​ផែនដី​បាន​ត្រូវ​បង្កើត វា​«​មិន​ទាន់​មាន​រូប​រាង​ច្បាស់​លាស់​ទេ ហើយ​នៅ​ទទេ​»​ និង​មាន​តែ​ទឹក​ប៉ុណ្ណោះ។

អ្នក​វិទ្យា​សាស្ត្រ​យល់​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​បាន​ចែង​ស្ដី​អំពី​រឿង​នេះ។ ជីវ​វិទូ​ម្នាក់​ឈ្មោះ​ផាទ្រីក ស៊ីង​និយាយ​ថា​នៅ​ដើម​ដំបូង ផែនដី​របស់​យើង​«​គ្មាន​អុកស៊ីហ្ស៊ែនឡើយ . . . ហើយ​មាន​ស្ថានភាព​ដែល​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ​»។ ទស្សនាវដ្ដី​អំពី​តារា​សាស្ត្រ​មួយ​បាន​រាយ​ការណ៍​ថា​៖ ​«​ការ​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា ពី​មុន​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​ទឹក ហើយ​គ្មាន​ដី​គោក​នោះ​ឡើយ​»​ (​Astronomy​)។

យូរ​ៗ​ទៅ តើ​បរិយាកាស​នៃ​ផែនដី​បាន​ផ្លាស់​ប្ដូរ​តាម​របៀប​ណា?

សៀវភៅ​ដើម​កំណើត ១:៣​-​៥ បាន​បង្ហាញ​ថា​ពេល​ពន្លឺ​ចាំង​ដល់​បរិយាកាស​នៃ​ផែនដី​ដំបូង វា​មិន​បាន​ជះ​ចូល​ដល់​ផ្ទៃ​ផែនដី​នោះ​ឡើយ។ អស់​មួយ​រយៈ​ពេល​ក្រោយ​មក ទើប​អាច​មើល​ឃើញ​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ច្បាស់​ពី​ផែនដី។—ដើម​កំណើត ១:១៤​-​១៨

គម្ពីរ​មិន​បាន​ចែង​ថា​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែនដី​បាន​ត្រូវ​បង្កើត​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដោយ​ថ្ងៃ​នីមួយ​ៗ​មាន​២៤​ម៉ោង​នោះ​ទេ

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អំពី​បរិស្ថាន​មួយ​បាន​និយាយ​ថា​៖ ​«​ដំបូង ពន្លឺ​អាច​សាយភាយ​ចូល​ក្នុង​បរិយាកាស​របស់​ផែនដី​តែ​បន្តិច​ប៉ុណ្ណោះ​»។ មជ្ឈមណ្ឌល​នេះ​បាន​បន្ថែម​ទៀត​ថា​៖ ​«​ឧស្ម័ន​មេតាន​នៅ​ក្នុង​បរិយាកាស​កាស​ដែល​ប្រៀប​ដូច​ជា​ពពក​បាន​គ្រប​ដណ្ដប់​ផែនដី​»។ ក្រោយ​មក​«​ស្រទាប់​នៃ​ឧស្ម័ន​មេតាន​បាន​ស្រឡះ​ទៅ ហើយ​អាច​ឃើញ​មេឃ​ពណ៌​ខៀវ​»​ (​The Smithsonian Environmental Research Center​)។

តើ​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​បង្កើត​មក​តាម​លំដាប់​លំដោយ​យ៉ាង​ដូច​ម្ដេច?

សៀវភៅ​ដើម​កំណើត ១:២០​-​២៧ ចែង​ថា​មាន​ត្រី សត្វ​ស្លាប សត្វ​នៅ​លើ​គោក ហើយ​នៅ​ទី​បំផុត​មនុស្ស​បាន​ត្រូវ​បង្កើត។ អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​មាន​ត្រី​យូរ​មុន​មាន​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ហើយ​អស់​រយៈ​ពេល​យ៉ាង​យូរ​ក្រោយ​មក​ទៀត​ទើប​មាន​មនុស្ស។

គម្ពីរ​មិន​បាន​ចែង​ថា យូរ​ៗ​ទៅ​ភាវរស់​មិន​អាច​ប្រែ​ប្រួល​តាម​បរិស្ថាន​របស់​វា​នោះ​ទេ

តើ​គម្ពីរ​មិន​បាន​ចែង​អំពី​អ្វី?

មនុស្ស​មួយ​ចំនួន​អះអាង​ថា​គម្ពីរ​គឺ​មិន​ស្រប​គ្នា​នឹង​អ្វី​ដែល​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថ្មី​ៗ​នេះ​ទេ។ ប៉ុន្តែ ការ​អះអាង​ទាំង​នេះ​ភាគ​ច្រើន​មាន​មូលដ្ឋាន​ទៅ​លើ​ការ​យល់​ច្រឡំ​អំពី​អ្វី​ដែល​គម្ពីរ​ចែង។

គម្ពីរ​មិន​បាន​ចែង​ថា​សកល​លោក​ឬ​ផែនដី​មាន​អាយុ​ត្រឹម​តែ​៦.០០០​ឆ្នាំ​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​គ្រាន់​តែ​ចែង​ថា​«​កាល​ដើម​ដំបូង​ឡើយ​»​ផែនដី​និង​សកល​លោក​បាន​ត្រូវ​បង្កើត។ (​ដើម​កំណើត ១:១​) គម្ពីរ​មិន​បាន​ប្រាប់​យ៉ាង​ជាក់​លាក់​អំពី​ពេល​ណា​ដែល​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​បង្កើត​នោះ​ទេ។

គម្ពីរ​មិន​បាន​ចែង​ថា​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែនដី​បាន​ត្រូវ​បង្កើត​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដោយ​ថ្ងៃ​នីមួយ​ៗ​មាន​២៤​ម៉ោង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ប្រើ​ពាក្យ​«​ថ្ងៃ​»​ដើម្បី​សំដៅ​ទៅ​លើ​រយៈ​ពេល​ផ្សេង​ៗ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​ការ​បង្កើត​នៃ​ភព​ផែនដី​និង​ជីវិត​ទាំង​ឡាយ​ក្នុង​អំឡុង​ពេល​៦​«​ថ្ងៃ​»​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​ដើម​កំណើត​ជំពូក​១ បាន​កើត​ឡើង​នៅ​«​គ្រា​ដែល​ព្រះ​យេហូវ៉ា *បាន​បង្កើត​មេឃ​និង​ផែនដី​»។ (​ដើម​កំណើត ២:៤​) ដូច្នេះ ថ្ងៃ​នីមួយ​ៗ​នៃ​«​ថ្ងៃ​»​ទាំង​៦​ដែល​ព្រះ​បាន​រៀបចំ​ផែនដី​និង​ជីវិត​ទាំង​ឡាយ​អាច​មាន​រយៈ​ពេល​យូរ។

គម្ពីរ​មិន​បាន​ចែង​ថា យូរ​ៗ​ទៅ​ភាវរស់​មិន​អាច​ប្រែ​ប្រួល​តាម​បរិស្ថាន​របស់​វា​នោះ​ទេ។ សៀវភៅ​ដើម​កំណើត​បាន​ចែង​ថា សត្វ​បាន​ត្រូវ​បង្កើត​«​តាម​ពូជ​»​របស់​វា។ (​ដើម​កំណើត ១:២៤, ២៥​) ពេល​គម្ពីរ​ប្រើ​ពាក្យ​«​ពូជ​»​ នេះ​ចង់​សំដៅ​ទៅ​លើ​ប្រភេទ​ផ្សេង​ៗ​នៃ​សត្វ​នោះ​ក្នុង​ពូជ​តែ​មួយ។ ដូច្នេះ ក្នុង​«​ពូជ​»​មួយ​អាច​មាន​ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន ហើយ​ពាក្យ​នេះ​បញ្ជាក់​ថា យូរ​ៗ​ទៅ​ប្រភេទ​នៃ​សត្វ​ក្នុង​«​ពូជ​»​នីមួយ​ៗ​អាច​ប្រែ​ប្រួល​មួយ​កម្រិត។

តើ​អ្នក​គិត​យ៉ាង​ណា?

ដូច​បាន​បញ្ជាក់​នៅ​ខាង​លើ គម្ពីរ​បាន​រៀប​រាប់​យ៉ាង​ស្រួល​យល់​និង​ត្រឹម​ត្រូវ​អំពី​ទី​ចាប់​ផ្ដើម​នៃ​សកល​លោក ស្ថានភាព​ដំបូង​នៃ​ផែនដី និង​អំពី​ការ​លូត​លាស់​នៃ​ជីវិត។ បើ​ដូច្នេះ​មែន តើ​គម្ពីរ​បាន​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​បុគ្គល​ដែល​បាន​បង្កើត​អ្វី​ទាំង​នោះ​ដែរ​ឬ​ទេ? សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​បាន​ចែង​ថា​៖ ​«​ការ​ជឿ​ថា​ដើម​កំណើត​នៃ​ជីវិត​បណ្ដាល​មក​ពី​បាតុភូត​ដ៏​អស្ចារ្យ​គឺ​មិន​ខុស​ពី​អ្វី​ដែល​ពួក​អ្នក​វិទ្យា​សាស្ត្រ​នៅ​សម័យ​នេះ​បាន​រក​ឃើញ​នោះ​ទេ​»។ *

^ វគ្គ 17 យេហូវ៉ា​គឺ​ជា​ឈ្មោះ​របស់​ព្រះ​ដូច​ដែល​មាន​ក្នុង​គម្ពីរ។

^ វគ្គ 20 សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​មិន​គាំទ្រ​ទស្សនៈ​ដែល​ថា​មាន​អ្នក​បង្កើត​ភាវរស់​ទាំង​ឡាយ​នោះ​ទេ។