លោតទៅអត្ថបទ

តើរឿងណូអេនិងទឹកជំនន់ដ៏ធំ គ្រាន់តែជារឿងព្រេងឬ?

តើរឿងណូអេនិងទឹកជំនន់ដ៏ធំ គ្រាន់តែជារឿងព្រេងឬ?

ចម្លើយ​ពី​គម្ពីរ

 ទឹក​ជំនន់​ដ៏​ធំ​គឺ​ជា​ហេតុ​ការណ៍​ពិត។ ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់ តែ​លោក​បាន​បង្គាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​មនុស្ស​ល្អ និង​សត្វ​ទាំង​ឡាយ។ (ដើម​កំណើត ៦:១១​-​២០) យើង​អាច​ជឿ​ជាក់​ថា​ទឹក​ជំនន់​ពិត​ជា​បាន​កើត​ឡើង​មែន ព្រោះ​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​ដែល«បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»។—ធីម៉ូថេ​ទី​២ ៣:១៦

 តើ​ជា​ហេតុ​ការណ៍​ពិត​ឬ​ជា​រឿង​ព្រេង?

 គម្ពីរ​រៀប​រាប់​ថា​ណូអេ​ជា​បុគ្គល​ដែល​មាន​ពិត​មែន ហើយ​ថា​ទឹក​ជំនន់​ក៏​ជា​ហេតុ​ការណ៍​ពិត​ដែរ មិន​មែន​ជា​រឿង​ព្រេង​ឬ​រឿង​ប្រឌិត​នោះ​ទេ។

  •   អ្នក​សរសេរ​គម្ពីរ​បាន​ជឿ​ថា​ណូអេ​ជា​បុគ្គល​ដែល​មាន​ពិត​មែន។ ជា​ឧទាហរណ៍ អ្នក​សរសេរ​គម្ពីរ​ឈ្មោះ​អែសរ៉ា និង​លូកា​ជា​អ្នក​ជំនាញ​ខាង​ប្រវត្ដិសាស្ត្រ ពួក​គាត់​បាន​រៀប​រាប់​ឈ្មោះ​ណូអេ​ក្នុង​បញ្ជី​ឈ្មោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។ (ប្រវត្តិហេតុ​ទី​១ ១:៤; លូកា ៣:៣៦) អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ឈ្មោះ​ម៉ាថាយ​និង​លូកា បាន​កត់​ទុក​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ណូអេ​និង​ទឹក​ជំនន់។—ម៉ាថាយ ២៤:៣៧​-​៣៩; លូកា ១៧:២៦, ២៧

     ម្យ៉ាង​ទៀត អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​និង​សាវ័ក​ប៉ូល បាន​លើក​បញ្ជាក់​អំពី​ណូអេ​ជា​គំរូ​ល្អ​ក្នុង​ការ​មាន​ជំនឿ​និង​សេចក្ដី​សុចរិត។ (អេសេគាល ១៤:១៤, ២០; ហេប្រឺ ១១:៧) តើ​ជា​ការ​សម​ហេតុ​ផល​ទេ ដែល​អ្នក​សរសេរ​គម្ពីរ​ទាំង​នេះ លើក​បញ្ជាក់​អំពី​បុគ្គល​ដែល​មិន​ធ្លាប់​មាន​ពិត​មែន​នោះ? ណូអេ​និង​បុរស​ស្ត្រី​ឯ​ទៀត​ដែល​មាន​ជំនឿ ពិត​ជា​គំរូ​ល្អ​ឲ្យ​យើង​ធ្វើ​តាម​មែន ព្រោះ​ពួក​គេ​ជា​បុគ្គល​ដែល​មាន​ពិត​ប្រាកដ។—ហេប្រឺ ១២:១; យ៉ាកុប ៥:១៧

  •   គម្ពីរ​ប្រាប់​ព័ត៌មាន​ជាក់​លាក់​អំពី​ទឹក​ជំនន់។ កំណត់​ហេតុ​គម្ពីរ​អំពី​ទឹក​ជំនន់ មិន​មែន​ចាប់​ផ្ដើម​ដោយ​រៀប​រាប់​ថា«កាល​ពី​ព្រេង​នាយ» ដូច​ក្នុង​រឿង​និទាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បាន​ចែង​អំពី​ថ្ងៃ ខែ និង​ឆ្នាំ​ដែល​ទឹក​ជំនន់​ដ៏​ធំ​កើត​ឡើង។ (ដើម​កំណើត ៧:១១; ៨:៤, ១៣, ១៤) គម្ពីរ​ក៏​រៀប​រាប់​អំពី​ទំហំ​ទូក​ដែល​ណូអេ​ត្រូវ​សង់​ដែរ។ (ដើម​កំណើត ៦:១៥) ព័ត៌មាន​ទាំង​នោះ​បង្ហាញ​ថា​ទឹក​ជំនន់​គឺ​ជា​ហេតុ​ការណ៍​ពិត មិន​មែន​ជា​រឿង​ព្រេង​ទេ។

 ហេតុ​អ្វី​មាន​ទឹក​ជំនន់​ដ៏​ធំ?

 យោង​តាម​គម្ពីរ មុន​ពេល​មាន​ទឹក​ជំនន់«ការ​អាក្រក់​របស់​មនុស្ស​មាន​ច្រើន​ក្រៃ​លែង»។ (ដើម​កំណើត ៦:៥) គម្ពីរ​ក៏​ចែង​ទៀត​ថា៖«ផែនដី​បាន​ទៅ​ជា​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ​ពិត» ដោយ​សារ​ផែនដី​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ និង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។—ដើម​កំណើត ៦:១១; យូដាស ៦, ៧

 គម្ពីរ​ចែង​ថា​បញ្ហា​ជា​ច្រើន គឺ​បណ្ដាល​មក​ពី​ពួក​ទេវតា​អាក្រក់​ដែល​ចាក​ចេញ​ពី​ស្ថាន​សួគ៌ មក​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី។ កូន​របស់​ទេវតា​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​ពួក​នីហ្វីលីម ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​មនុស្ស​នៅ​គ្រា​នោះ។ (ដើម​កំណើត ៦:១, ២,) ព្រះ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​ល្អ​មាន​សា​ជា​ថ្មី​ដោយ​គ្មាន​ឥទ្ធិពល​អាក្រក់។—ដើម​កំណើត ៦:៦, ៧, ១៧

 តើ​មនុស្ស​បាន​ដឹង​ថា​ទឹក​ជំនន់​នឹង​មក​ឬ​ទេ?

 ពួក​គេ​ពិត​ជា​ដឹង​មែន ព្រោះ​ព្រះ​បាន​ប្រាប់​ណូអេ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង ហើយ​លោក​បាន​ណែនាំ​គាត់​ឲ្យ​សង់​ទូក​ធំ​ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​គាត់ និង​សត្វ​ទាំង​ឡាយ។ (ដើម​កំណើត ៦:១៣, ១៤; ៧:១​-​៤) ណូអេ​បាន​ព្រមាន​មនុស្ស​អំពី​ការ​បំផ្លាញ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ តែ​ពួក​គេ​មិន​ស្ដាប់​តាម​ការ​ព្រមាន​របស់​គាត់​ទេ។ (ពេត្រុស​ទី​២ ២:៥) គម្ពីរ​ចែង​ថា«ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ»។—ម៉ាថាយ ២៤:៣៧​-​៣៩

 តើ​ទូក​ធំ​ដែល​ណូអេ​បាន​សង់​មាន​រាង​ដូច​ម្ដេច?

 ទូក​ធំ​នោះ​មាន​រាង​ជា​ប្រអប់​ធំ​បួន​ជ្រុង បណ្ដោយ​ប្រវែង​ប្រហែល​១៣៣​ម៉ែត្រ ទទឹង​២២​ម៉ែត្រ និង​កម្ពស់​១៣​ម៉ែត្រ។ a ទូក​ធំ​នោះ​បាន​ត្រូវ​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ហើយ​បាន​ត្រូវ​លាប​ជ័រ​ទាំង​ក្នុង​ទាំង​ក្រៅ។ ទូក​ធំ​នោះ​មាន​បី​ជាន់ ហើយ​មាន​បន្ទប់​មួយ​ចំនួន។ មាន​ទ្វារ​មួយ​នៅ​ចំហៀង​ទូក ហើយ​តាម​មើល​ទៅ​មាន​បង្អួច​ជុំ​វិញ​នៅ​ផ្នែក​ខាង​លើ។ ដំបូល​ទូក​នោះ​ទំនង​ជា​ខ្ពស់​កណ្ដាល ហើយ​មាន​ជម្រាល​សង​ខាង​ដើម្បី​ឲ្យ​ទឹក​ស្រួល​ហូរ​ចុះ។—ដើម​កំណើត ៦:១៤​-​១៦

 តើ​ណូអេ​ចំណាយ​ពេល​សង់​ទូក​ធំ​នោះ​អស់​រយៈ​ពេល​ប៉ុន្មាន?

 គម្ពីរ​មិន​បាន​ចែង​ថា​ណូអេ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​សង់​ទូក​ធំ​នោះ​ទេ តែ​តាម​មើល​ទៅ​គាត់​បាន​ចំណាយ​ពេល​បួន​ប្រាំ​ទសវត្សរ៍​ក្នុង​ការ​សង់​ទូក​នោះ។ ពេល​កូន​ច្បង​របស់​ណូអេ​កើត​មក គាត់​មាន​អាយុ​ជាង​៥០០​ឆ្នាំ ហើយ​ពេល​មាន​ទឹក​ជំនន់ គាត់​មាន​អាយុ​៦០០​ឆ្នាំ។ bដើម​កំណើត ៥:៣២; ៧:៦

 ព្រះ​បាន​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក ក្រោយ​ពី​កូន​បី​នាក់​របស់​គាត់​បាន​ធំ​ឡើង ហើយ​រៀប​ការ។ រយៈ​ពេល​នោះ​អាច​ជា​៥០​ឬ​៦០​ឆ្នាំ។ (ដើម​កំណើត ៦:១៤, ១៨) បើ​នោះ​ជា​ការ​ពិត​មែន គឺ​សម​ហេតុ​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា​ទូក​នោះ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤០​ឬ​៥០​ឆ្នាំ​ដើម្បី​សង់​រួច។

a គម្ពីរ​រៀប​រាប់​អំពី​ទំហំ​របស់​ទូក​នោះ​គិត​ជា​ហត្ថ។ «ខ្នាត​ហេប្រឺ​១​ហត្ថ ស្មើ​នឹង​៤៤,៤៥​សង់ទីម៉ែត្រ(១៧,៥​អ៊ី​ង)»។—The Illustrated Bible Dictionary កំណែ​ថ្មី​ភាគ​៣ ទំព័រ​១៦៣៥

b ស្តី​អំពី​អាយុ​កាល​ដ៏​វែង​របស់​មនុស្ស ដូច​ជា​អាយុ​ណូអេ​ជា​ដើម សូម​មើល​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១០ អត្ថបទ​ចំណ​ង​ជើង​ថា«តើ​មនុស្ស​នៅ​សម័យ​គម្ពីរ​ពិត​ជា​មាន​អាយុ​វែង​មែន​ឬ?»។