លោតទៅអត្ថបទ

តើពួកនីហ្វីលីមជាអ្នកណា?

តើពួកនីហ្វីលីមជាអ្នកណា?

អ្វី​ដែល​គម្ពីរ​រៀប​រាប់

 ពួក​នីហ្វីលីម​ជា​មនុស្ស​ធំ​សម្បើម​និង​ឃោរ​ឃៅ។ ពួក​គេ​ជា​កូន​ៗ​របស់​ពួក​ទេវតា​ដែល​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ជា​មនុស្ស​នៅ​សម័យ​ណូអេ។ a

 គម្ពីរ​ចែង​ថា​៖​«​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ​»។ (​លោកុប្បត្តិ ៦:២​) តាម​ពិត ​«​ពួក​កូន​ប្រុស​របស់​ព្រះ​»​ជា​បុគ្គល​វិញ្ញាណ​ដែល​បាន​បះ​បោរ​ប្រឆាំង​ព្រះ ព្រោះ​ពួក​គេ​«​បាន​បោះ​បង់​ចោល​សភាព​ដើម​»​របស់​ខ្លួន ហើយ​កាឡា​ខ្លួន​ជា​មនុស្ស រួច​យក​កូន​ស្រី​របស់​មនុស្ស​«​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​»។—យូដាស ៦; លោកុប្បត្តិ ៦:២

 កូន​កាត់​ទេវតា​និង​មនុស្ស មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ ដោយ​សារ​ការ​ដែល​ទេវតា​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស គឺ​ជា​អ្វី​ដែល​ខុស​ពី​ធម្មជាតិ។ (​លោកុប្បត្តិ ៦:៤​) ពួក​នីហ្វីលីម​ជា​មនុស្ស​មាន​មាឌ​ធំ​សម្បើម ហើយ​ពួក​គេ​ប្រើ​អំណាច​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ពួក​គេ​បង្ក​ឲ្យ​មាន​អំពើ​ឃោរ​ឃៅ​ពេញ​ផែនដី។ (​លោកុប្បត្តិ ៦:១៣​) គម្ពីរ​ពណ៌នា​អំពី​ពួក​គេ​ថា​ជា​«​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ​»។ (​លោកុប្បត្តិ ៦:៤​) ក្រោយ​ពួក​គេ​ស្លាប់​ទៅ មនុស្ស​ចាប់​ផ្ដើម​ប្រព្រឹត្ត​ឃោរ​ឃៅ​ដូច​ពួក​គេ​ដែរ។—លោកុប្បត្តិ ៦:៥; ជន​គណនា ១៣:៣៣ b

ការ​យល់​ខុស​អំពី​ពួក​នីហ្វីលីម

 ការ​យល់​ខុស: ពួក​នីហ្វីលីម​នៅ​តែ​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 ការ​ពិត: ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ពេញ​ផែនដី ហើយ​បំផ្លាញ​មនុស្ស​ដ៏​ឃោរ​ឃៅ​នៅ​ជំនាន់​នោះ។ ពួក​នីហ្វីលីម​បាន​ត្រូវ​បំផ្លាញ ព្រម​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​ទាំង​អស់។ ប៉ុន្តែ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​មាន​តែ​ពួក​គាត់​ប៉ុណ្ណោះ​ដែល​បាន​រួច​រស់​ជីវិត​នៅ​គ្រា​នោះ។—លោកុប្បត្តិ ៦:៩; ៧:១២, ១៣, ២៣; ពេត្រុស​ទី​២ ២:៥

 ការ​យល់​ខុស: ពួក​នីហ្វីលីម​មាន​ឪពុក​ជា​មនុស្ស។

 ការ​ពិត: ឪពុក​របស់​ពួក​គេ​បាន​ត្រូវ​ហៅ​ថា​«​ពួក​កូន​ប្រុស​របស់​ព្រះ​»។ (​លោកុប្បត្តិ ៦:២​) គម្ពីរ​ក៏​ប្រើ​ឃ្លា​នេះ​ពេល​រៀប​រាប់​អំពី​ពួក​ទេវតា​ដែរ។ (​យ៉ូប ១:៦; ២:១; ៣៨:៧​) ទេវតា​ទាំង​នោះ​បាន​ប្រើ​ឫទ្ធានុភាព​ដើម្បី​កាឡា​ខ្លួន​ជា​មនុស្ស។ (​លោកុប្បត្តិ ១៩:១​-​៥; យ៉ូស្វេ ៥:១៣​-​១៥​) សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​«​ពួក​វិញ្ញាណ​ដែល​មិន​បាន​ស្ដាប់​បង្គាប់ ពេល​ដែល​ព្រះ​កំពុង​រង់​ចាំ​ដោយ​អត់​ធ្មត់​នៅ​សម័យ​ណូអេ​»។ (​ពេត្រុស​ទី​១ ៣:១៩, ២០​) ក្នុង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ យូដាស​ជា​អ្នក​សរសេរ​គម្ពីរ​ពន្យល់​ថា ទេវតា​ខ្លះ​«​បាន​បោះ​បង់​ចោល​សភាព​ដើម និង​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»។—យូដាស ៦

 ការ​យល់​ខុស: ពួក​នីហ្វីលីម​គឺ​ជា​ពួក​ទេវតា​ដែល​ធ្លាក់​ពី​ស្ថាន​សួគ៌។

 ការ​ពិត: លោកុប្បត្តិ ៦:៤​បញ្ជាក់​ថា​ពួក​នីហ្វីលីម មិន​មែន​ជា​ទេវតា​ទេ តែ​ជា​កូន​ៗ​កើត​ពី​មនុស្ស​ស្រី​ដែល​បាន​រួម​ដំណេក​ជា​មួយ​នឹង​ទេវតា។ ក្រោយ​ពី​ទេវតា​ទាំង​នោះ​ចាប់​ផ្ដើម​យក​ស្ត្រី​ជា​មនុស្ស​«​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​»​ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា ១២០​ឆ្នាំ​ក្រោយ​លោក​នឹង​ចាត់​វិធានការ​ដាក់​ទោស​មនុស្ស​ដែល​ឥត​កោត​ខ្លាច​ព្រះ​នៅ​សម័យ​នោះ។ (​លោកុប្បត្តិ ៦:១​-​៣​) កំណត់​ហេតុ​នោះ​បាន​បញ្ជាក់​ថែម​ទៀត​ថា​«​នៅ​ជំនាន់​នោះ​»​ ទេវតា​ដែល​បាន​កាឡា​ខ្លួន​ជា​មនុស្ស​បន្ត​«​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស​»​ ហើយ​បាន​បង្កើត​កូន​ជា​«​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម​»​ ពោល​គឺ​ពួក​នីហ្វីលីម។—លោកុប្បត្តិ ៦:៤

a ក្នុង​ភាសា​ហេប្រឺ ពាក្យ​ថា​«​នីហ្វីលីម​»​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ផ្ដួល​»។ សៀវភៅ​Wilson’s Old Testament Word Studies ប្រាប់​ថា​ពាក្យ​នេះ​សំដៅ​លើ​អស់​អ្នក​«​ដែល​ធ្វើ​អំពើ​ឃោរឃៅ​ទៅ​លើ​មនុស្ស ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ដួល​ចុះ​»។

b ក្នុង​ជន​គណនា ១៣:៣៣ ពួក​អ្នក​ស៊ើបការណ៍​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រាប់​ថា ពួក​គេ​បាន​ឃើញ​ពួក​មនុស្ស​មាន​មាឌ​ធំ ហើយ​នេះ​បាន​រំលឹក​ពួក​គេ​អំពី​ពួក​នីហ្វីលីម​ដែល​បាន​ស្លាប់​ប៉ុន្មាន​សតវត្សរ៍​មុន។—លោកុប្បត្តិ ៧:២១​-​២៣