លោតទៅអត្ថបទ

តើព្រះប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតផ្សេងៗឬ?

តើព្រះប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតផ្សេងៗឬ?

ចម្លើយ​ពី​គម្ពីរ

 មិន​មែន​ទេ។ គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​ព្រះ​បាន​បង្កើត​មនុស្ស សត្វ និង​រុក្ខជាតិ​«​តាម​ពូជ​»​នីមួយ​ៗ។ a (​លោកុប្បត្តិ ១:១២, ២១, ២៥, ២៧; ការ​បើក​បង្ហាញ ៤:១១​) គម្ពីរ​ចែង​ថា​មនុស្សជាតិ​ទាំង​អស់​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង។ (​លោកុប្បត្តិ ៣:២០; ៤:១​) កំណត់​ហេតុ​គម្ពីរ​មិន​គាំទ្រ​ទ្រឹស្ដី​ដែល​ថា​ព្រះ​បាន​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ជីវិត​ផ្សេង​ៗ​ទេ។ ប៉ុន្តែ អ្វី​ដែល​គម្ពីរ​ចែង​មិន​បាន​ផ្ទុយ​គ្នា​នឹង​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រាប់​ថា​ភាវរស់​នីមួយ​ៗ​មាន​ប្រភេទ​ផ្សេង​ៗ​តាម​ពូជ​របស់​វា​ទេ។ b

 តើ​ព្រះ​បាន​ប្រើ​ការ​វិវត្តន៍​ទេ?

 មនុស្ស​ខ្លះ​ដែល​ជឿ​ថា​ព្រះ​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ភាវរស់​ផ្សេង​ៗ​មាន​គំនិត​ខុស​ៗ​គ្នា។ យោង​តាម​សព្វវចនាធិប្បាយ​មួយ (​Encyclop​æ​dia Britannica​) បាន​ប្រាប់​ថា​មនុស្ស​ខ្លះ​ជឿ​ថា​៖​«​ការ​ជ្រើស​រើស​តាម​ធម្មជាតិ​ជា​វិធី​មួយ​ដែល​ព្រះ​ប្រើ​ដើម្បី​ណែនាំ​ពិភព​ធម្មជាតិ​»។

 ការ​ជឿ​ថា​ព្រះ​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ភាវរស់​ផ្សេង​ៗ​ក៏​រួម​បញ្ចូល​គំនិត​ដូច​ត​ទៅ​នេះ​ដែរ​៖

  •   ភាវរស់​ទាំង​អស់​បាន​កើត​តាម​ពូជ​តាំង​ពី​សម័យ​បុរាណ​មក។

  •   ភាវរស់​មួយ​ប្រភេទ​អាច​វិវត្តន៍​ទៅ​ជា​ប្រភេទ​ខុស​គ្នា​ទាំង​ស្រុង។ ពេល​ខ្លះ គំនិត​នេះ​បាន​ត្រូវ​ហៅ​ថា​មីក្រូ​វិវត្តន៍។

  •   ព្រះ​មាន​ចំណែក​ចំពោះ​ដំណើរ​ការ​នៃ​ការ​វិវត្តន៍​ទាំង​នេះ។

 តើ​ការ​វិវត្តន៍​ស្រប​គ្នា​ជា​មួយ​នឹង​គម្ពីរ​ទេ?

 ការ​ជឿ​ថា​ព្រះ​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ភាវរស់​ផ្សេង​ៗ បង្ហាញ​ថា​កំណត់​ហេតុ​អំពី​ការ​បង្កើត​ក្នុង​សៀវភៅ​លោកុប្បត្តិ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ពិត។ (​លោកុប្បត្តិ ១:២៦, ២៧; ២:១៨​-​២៤; ម៉ាថាយ ១៩:៤​-​៦​) គម្ពីរ​ចែង​ថា​មុន​លោក​យេស៊ូ​មក​ផែនដី លោក​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ព្រះ ហើយ​លោក​ជា​ជំនួយ​របស់​ព្រះ​ក្នុង​ការ​បង្កើត​«​អ្វី​ៗ​ទាំង​អស់​»។ (​យ៉ូហាន ១:៣​) ដូច្នេះ គំនិត​ដែល​ថា​ព្រះ​បាន​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ភាវរស់​ផ្សេង​ៗ គឺ​មិន​ស្រប​គ្នា​នឹង​អ្វី​ដែល​គម្ពីរ​បង្រៀន​ឡើយ។

 តើ​រុក្ខជាតិ​និង​សត្វ​អាច​សម្រប​ខ្លួន​ដើម្បី​រស់​ជា​ការ​វិវត្តន៍​បាន​ទេ?

 គម្ពីរ​មិន​បាន​ពន្យល់​ថា​មាន​ភាវរស់​ប៉ុន្មាន​ប្រភេទ​ដែល​កើត​ក្នុង​ពូជ​មួយ​ទេ។ ម្យ៉ាង​ទៀត គម្ពីរ​ក៏​មិន​បាន​ប្រឆាំង​ការ​ពិត​ដែល​ថា សត្វ​និង​រុក្ខជាតិ​ប្រភេទ​ថ្មី​ផ្សេង​ៗ​បាន​កើត​ឡើង​ពី​ការ​បង្កាត់​ពូជ ឬ​មក​ពី​ការ​សម្រប​ខ្លួន​នឹង​បរិស្ថាន​ថ្មី​នោះ​ដែរ។ ទោះ​ជា​មនុស្ស​ខ្លះ​ចាត់​ទុក​ការ​បន្សាំ​ដូច​នេះ​ជា​ការ​វិវត្តន៍​មួយ​ក៏​ដោយ តែ​គ្មាន​ភាវរស់​ពូជ​ថ្មី​កើត​មក​ទេ។

a គម្ពីរ​ប្រើ​ពាក្យ​«​តាម​ពូជ​»​ នេះ​មាន​អត្ថន័យ​ទូលាយ​ជាង​ពាក្យ​«​ប្រភេទ​»​ដែល​ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ។ ជា​ញឹក​ញយ ពេល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ភាវរស់​ប្រភេទ​ថ្មី ពួក​គេ​និយាយ​ថា​នោះ​បាន​មក​ពី​ការ​វិវត្តន៍។ ប៉ុន្តែ តាម​ពិត​នោះ​គ្រាន់​តែ​ជា​ប្រភេទ​មួយ​ដែល​នៅ​ក្នុង​ពូជ​របស់​វា ដូច​ដែល​សៀវភៅ​លោកុប្បត្តិ​ចែង។

b ជួន​កាល​គំនិត​នេះ​បាន​ត្រូវ​ហៅ​ថា​«​មីក្រូ​វិវត្តន៍​»។