លោតទៅអត្ថបទ

តើការជ្រមុជទឹកជាអ្វី?

តើការជ្រមុជទឹកជាអ្វី?

ចម្លើយ​ពី​គម្ពីរ

 ការ​ជ្រមុជ​ទឹក​សំដៅ​លើ​ការ​ពន្លិច​រូប​កាយ​ទៅ​ក្នុង​ទឹក រួច​ងើប​ចេញ​ពី​ទឹក​វិញ។ a នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទន្លេ​មួយ។ (​ម៉ាថាយ ៣:១៣, ១៦​) ស្រដៀង​គ្នា​ដែរ បុរស​ជន​ជាតិ​អេត្យូពី​ម្នាក់​បាន​សុំ​ទទួល​ការ​ជ្រមុជ​ទឹក នៅ​ពេល​គាត់​ទៅ​ដល់​«​កន្លែង​មួយ​មាន​ទឹក​ច្រើន​»។—សកម្មភាព ៨:៣៦​-​៤០

អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក

 គម្ពីរ​បាន​ប្រដូច​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​បញ្ចុះ​សព។ (​រ៉ូម ៦:៤; កូឡុស ២:១២​) ការ​ជ្រមុជ​ទឹក​ជា​និមិត្តរូប​ដែល​បង្ហាញ​ថា បុគ្គល​ម្នាក់​ស្លាប់​ពី​គន្លង​ជីវិត​ចាស់​របស់​គាត់​ឬ​លែង​ពេញ​ចិត្ត​នឹង​របៀប​រស់​នៅ​ដែល​គាត់​ធ្លាប់​មាន​ពី​មុន ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ ការ​ជ្រមុជ​ទឹក​និង​ជំហាន​ផ្សេង​ៗ​ដែល​នាំ​ទៅ​ដល់​ការ​ជ្រមុជ​ទឹក គឺ​ជា​ការ​រៀបចំ​ពី​ព្រះ​សម្រាប់​អ្នក​ដែល​ចង់​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដោយ​ផ្អែក​លើ​ជំនឿ​របស់​គាត់​ចំពោះ​ការ​បូជា​ជីវិត​របស់​លោក​យេស៊ូ​គ្រិស្ត។ (​ពេត្រុស​ទី​១ ៣:២១​) ម្ល៉ោះ​ហើយ លោក​យេស៊ូ​បាន​បង្រៀន​ថា​ពួក​អ្នក​កាន់​តាម​លោក​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។—ម៉ាថាយ ២៨:១៩, ២០

តើ​ការ​ជ្រមុជ​ទឹក​ជា​ការ​លាង​សម្អាត​ភាព​ខុស​ឆ្គង​ឬ​ទេ?

 មិន​មែន​ទេ! គម្ពីរ​បង្រៀន​ថា វិធី​តែ​មួយ​គត់​ដែល​អាច​សម្អាត​ភាព​ខុស​ឆ្គង​របស់​យើង​បាន គឺ​តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ។ (​រ៉ូម ៥:៨, ៩; យ៉ូហាន​ទី​១ ១:៧​) ប៉ុន្តែ បើ​អ្នក​ណា​ចង់​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ អ្នក​នោះ​ត្រូវ​បង្ហាញ​ជំនឿ​លើ​លោក ហើយ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​លោក រួច​មក​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្មភាព ២:៣៨; ៣:១៩

តើ​គម្ពីរ​បង្រៀន​អំពី​ការ​ជ្រមុជ​ទឹក​ឲ្យ​ទារក​ឬ​ទេ?

 គម្ពីរ​មិន​បាន​បង្រៀន​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែ វិហារ​ខ្លះ​បាន​ធ្វើ​ពិធី​«​ជ្រមុជ​ទឹក​»​ឲ្យ​ទារក (​ដោយ​ប្រោះ​ទឹក​ឬ​ចាក់​ទឹក​លើ​ក្បាល​) រួច​មក​ដាក់​ឈ្មោះ​ឲ្យ​ទារក។ ផ្ទុយ​ទៅ​វិញ ការ​ជ្រមុជ​ទឹក​របស់​គ្រិស្ត​សាសនិក គឺ​សម្រាប់​អ្នក​ដែល​មាន​អាយុ​គ្រប់​គ្រាន់​ល្មម​ដើម្បី​យល់​និង​ជឿ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​»។ (​សកម្មភាព ៨:១២​) គម្ពីរ​បង្រៀន​ថា​អស់​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ដំបូង​ត្រូវ​រៀន​អំពី​បណ្ដាំ​របស់​ព្រះ បន្ទាប់​មក​ទទួល​យក​សេចក្ដី​បង្រៀន​នោះ រួច​ប្រែ​ចិត្ត។ ប៉ុន្តែ ទារក​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។—សកម្មភាព ២:២២, ៣៨, ៤១

 ម្យ៉ាង​ទៀត គម្ពីរ​បង្ហាញ​ថា​ព្រះ​ចាត់​ទុក​កូន​របស់​គ្រិស្ត​សាសនិក​ថា​បរិសុទ្ធ​ឬ​ស្អាត​ស្អំ ដោយ​សារ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ស្មោះ​ត្រង់​ចំពោះ​លោក។ (​កូរិនថូស​ទី​១ ៧:១៤​) ក៏​ប៉ុន្តែ បើ​ទារក​ទទួល​ការ​ជ្រមុជ​ទឹក​មាន​ប្រយោជន៍ នោះ​ទារក​មិន​មែន​ចាត់​ទុក​ថា​បរិសុទ្ធ​ដោយ​សារ​ឪពុក​ម្ដាយ​ស្មោះ​ត្រង់​នោះ​ទេ។ b

ការ​យល់​ច្រឡំ​អំពី​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក

 ការ​យល់​ច្រឡំ: មនុស្ស​ខ្លះ​យល់​ថា​ការ​ចាក់​ទឹក​ឬ​ប្រោះ​ទឹក​លើ​បុគ្គល​ណា​ម្នាក់ គឺ​ជំនួស​ការ​ពន្លិច​ខ្លួន​ទៅ​ក្នុង​ទឹក។

 ការ​ពិត: ការ​ជ្រមុជ​ទឹក​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ គឺ​ជា​ការ​ពន្លិច​ខ្លួន​ទាំង​មូល​ទៅ​ក្នុង​ទឹក។ ជា​ឧទាហរណ៍ ពេល​ភីលីព​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត ជ្រមុជ​ទឹក​ឲ្យ​មន្ត្រី​ជន​ជាតិ​អេត្យូពី​ម្នាក់ គឺ​ពួក​គាត់​បាន​«​ចុះ​ទៅ​ក្នុង​ទឹក​»​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក រួច​«​ពួក​គាត់​ឡើង​ពី​ទឹក​មក​»​វិញ។—សកម្មភាព ៨:៣៦​-​៣៩ c

 ការ​យល់​ច្រឡំ: ក្នុង​គម្ពីរ​និយាយ​ថា ពួក​អ្នក​ផ្ទះ​ទាំង​អស់​បាន​ទទួល​ការ​ជ្រមុជ​ទឹក នេះ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​យល់​ថា​ពាក្យ​នោះ​ក៏​រួម​បញ្ចូល​ទារក​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​អំពី​ឆ្មាំ​គុក​នៅ​ក្រុង​ភីលីព​ថា​៖​«​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្មភាព ១៦:៣១​-​៣៤

 ការ​ពិត: កំណត់​ហេតុ​គម្ពីរ​អំពី​ឆ្មាំ​គុក​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​ដែល​ទទួល​ការ​ជ្រមុជ​ទឹក បញ្ជាក់​ថា​ពួក​គាត់​គ្រប់​គ្នា​បាន​យល់​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​ថា​ពួក​គាត់​«​ត្រេក​អរ​ជា​ខ្លាំង​»។ (​សកម្មភាព ១៦:៣២, ៣៤​) ដូច្នេះ​ហើយ​យើង​អាច​យល់​ថា ទារក​ដែល​នៅ​ក្នុង​ផ្ទះ​របស់​ឆ្មាំ​គុក​មិន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ្នក​ផ្ទះ​របស់​ឆ្មាំ​គុក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ពីព្រោះ​ទារក​មិន​អាច​យល់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។

 ការ​យល់​ច្រឡំ: ដោយ​សារ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​កូន​ក្មេង ដូច្នេះ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​យល់​ថា​កូន​ក្មេង​ឬ​ទារក​ក៏​អាច​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ដែរ។—ម៉ាថាយ ១៩:១៣​-​១៥; ម៉ាកុស ១០:១៣​-​១៦

 ការ​ពិត: ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ពាក្យ​ទាំង​នេះ លោក​មិន​បាន​សំដៅ​ទៅ​លើ​ការ​ជ្រមុជ​ទឹក​ទេ។ ប៉ុន្តែ លោក​កំពុង​ពន្យល់​ថា​អ្នក​ដែល​អាច​ចូល​ក្នុង​រាជាណាចក្រ​ព្រះ ត្រូវ​មាន​លក្ខណៈ​ដូច​កូន​ក្មេង ពោល​គឺ​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​ព្រម​ទទួល​យក​សេចក្ដី​បង្រៀន។—ម៉ាថាយ ១៨:៤; លូកា ១៨:១៦, ១៧

a ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ជ្រមុជ​»​មក​ពី​ឫសគល់​នៃ​ពាក្យ​មួយ​ដែល​មាន​ន័យ​ថា​«​ពន្លិច​ទៅ​ក្នុង​»​ (​សូម​មើល​សៀវភៅ​Theological Dictionary of the New Testament ក្បាល​ទី​១ ទំព័រ​៥២៩​)។

b សព្វ​វចនាធិប្បាយ​មួយ​ចែង​ថា​៖​«​គ្មាន​កន្លែង​ណា​មួយ​ក្នុង​សញ្ញា​ថ្មី​ដែល​និយាយ​អំពី​ការ​ជ្រមុជ​ទឹក​ឲ្យ​ទារក​ទេ​»។ សព្វ​វចនាធិប្បាយ​នោះ​ក៏​ចែង​ដែរ​ថា ទំនៀម​ទម្លាប់​នេះ​ផ្ដើម​ចេញ​ពី​«​ការ​យល់​ច្រឡំ​និង​ការ​សន្និដ្ឋាន​ទុក​ជា​មុន​អំពី​រឿង​នេះ​»​ ពោល​គឺ​គេ​យល់​ថា​ការ​ជ្រមុជ​ទឹក​អាច​លាង​សម្អាត​ភាព​ខុស​ឆ្គង​ទាំង​អស់​បាន (​The International Standard Bible Encyclopedia ក្បាល​ទី​១ ទំព័រ​៤១៦​-​៤១៧​)។

c ក្រោម​ចំណង​ជើង​ថា​«​ការ​ជ្រមុជ​ទឹក(​ក្នុង​គម្ពីរ​)​»​ នៅ​ក្នុង​សព្វ​វចនាធិប្បាយ​កាតូលិក​មួយ​បាន​សរសេរ​ថា​៖​«​មាន​ភ័ស្តុតាង​ច្បាស់​លាស់​បញ្ជាក់​ថា ក្រុម​ជំនុំ​ដំបូង​បាន​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​ពន្លិច​ខ្លួន​ទាំង​មូល​ទៅ​ក្នុង​ទឹក​»​ (​New Catholic Encyclopedia states ក្បាល​ទី​២ ទំព័រ​៥៩​)។