លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​សម្រប​ខ្លួន​នឹង​ក្រុម​ជំនុំ​ថ្មី?

តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​សម្រប​ខ្លួន​នឹង​ក្រុម​ជំនុំ​ថ្មី?

តើ​អ្នក​ធ្លាប់​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី​ឬ​ទេ? បើ​មែន អ្នក​ទំនង​ជា​យល់​ស្រប​នឹង​បង​ប្រុស​ហ្សាន​ឆាល ដែល​និយាយ​ថា​៖ ​«​ពេល​ប្ដូរ​ក្រុម​ជំនុំ យើង​និង​ក្រុម​គ្រួសារ​យើង​ពិបាក​សម្រប​ខ្លួន ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ​ពិបាក​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ទាំង​អស់​គ្នា​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។ ក្រៅ​ពី​រក​ការ​ងារ កន្លែង​ស្នាក់​នៅ និង​ប្រហែល​ជា​សាលា​ថ្មី​សម្រាប់​កូន ពួក​អ្នក​ដែល​រើ​ទៅ​កន្លែង​ថ្មី​ប្រហែល​ជា​ក៏​ត្រូវ​ស៊ាំ​នឹង​អាកាសធាតុ​ថ្មី វប្បធម៌​ខុស​គ្នា និង​តំបន់​ផ្សាយ​ថ្មី។

បង​ប្រុស​នីកូឡាស​និង​បង​ស្រី​សេលីន​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង​ទៀត។ ការិយាល័យ​សាខា​បារាំង​បាន​ចាត់​ពួក​គាត់​ឲ្យ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី។ ពួក​គាត់​រៀប​រាប់​ថា​៖ ​«​នៅ​ដើម​ដំបូង យើង​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ​ក្រោយ​មក យើង​ចាប់​ផ្ដើម​នឹក​មិត្ត​ភក្ដិ​របស់​ពួក​យើង។ ពេល​នោះ យើង​មិន​ទាន់​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី​នៅ​ឡើយ​ទេ​»។ ដោយ​សារ​ការ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី​អាច​មាន​ការ​ពិបាក តើ​អ្នក​អាច​សប្បាយ​និង​ធ្វើ​ឲ្យ​ការ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី​នោះ​កើត​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​ឯ​ទៀត​អាច​ជួយ​អ្នក​ដែល​មក​ថ្មី​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​ថ្មី?

គោល​ការណ៍​បួន​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រប​ខ្លួន

ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា

១. ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ (​ចសព. ៣៧:៥) បង​ស្រី​ខាស៊ូមី​ពី​ប្រទេស​ជប៉ុន បាន​រើ​ចេញ​ពី​ក្រុម​ជំនុំ​ដែល​គាត់​បាន​បម្រើ​អស់​រយៈ​ពេល​២០​ឆ្នាំ ពេល​ប្ដី​របស់​គាត់​បាន​ត្រូវ​ផ្ទេរ​ការ​ងារ។ តើ​គាត់​«​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ផ្លូវ​»​គាត់​យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ភាព​ភ័យ​ខ្លាច អារម្មណ៍​ឯកា និង​កង្វល់​ទាំង​អស់​ដែល​ខ្ញុំ​មាន​ក្នុង​ចិត្ត។ រាល់​ដង​ដែល​ខ្ញុំ​ធ្វើ​ដូច្នោះ លោក​បាន​ផ្ដល់​កម្លាំង​ដែល​ខ្ញុំ​ត្រូវ​ការ​»។

តើ​អ្នក​អាច​កាន់​តែ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ដូច​រុក្ខជាតិ​ត្រូវ​ការ​ទឹក​និង​ស្រូប​ជីវជាតិ​ពី​ដី​ដើម្បី​លូត​លាស់ ជំនឿ​របស់​យើង​ក៏​ត្រូវ​ការ​ទឹក​និង​ជីវជាតិ​ក្នុង​ន័យ​ធៀប​ដើម្បី​រឹង​មាំ​ដែរ។ បង​នីកូឡាស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ឃើញ​ថា ការ​រំពឹង​គិត​អំពី​គំរូ​របស់​អាប្រាហាំ លោក​យេស៊ូ និង​ប៉ូល ពោល​គឺ​បុរស​ដែល​បាន​លះ​បង់​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា បាន​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់។ បើ​អ្នក​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្ដូរ​ណា​ក៏​ដោយ​ក្នុង​ជីវិត​របស់​អ្នក ហើយ​អ្នក​នឹង​ទាញ​មេ​រៀន​ដែល​អាច​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ថ្មី។

ចូរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប

២. ចូរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប។ (​អទ. ៧:១០) បង​ប្រុស​ជូល​ត្រូវ​សម្រប​ខ្លួន​នឹង​វប្បធម៌​ដែល​ខុស​គ្នា​ដាច់ ពេល​ដែល​គាត់​រើ​ពី​ប្រទេស​បេណាំង​ទៅ​សហរដ្ឋ​អាម៉េរិក។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​រ៉ាយរ៉ាប់​ជីវប្រវត្តិ​របស់​ខ្ញុំ​ដល់​បុគ្គល​ថ្មី​ៗ​ដែល​ខ្ញុំ​ជួប​»។ ដោយ​សារ​នៅ​តំបន់​ថ្មី របៀប​គេ​សួរ​នាំ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​ធំ​ឡើង គាត់​ចាប់​ផ្ដើម​គេច​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ ក្រោយ​ពី​គាត់​ស្គាល់​បង​ប្អូន​កាន់​តែ​ច្បាស់ គាត់​បាន​ប្ដូរ​ទស្សនៈ​របស់​ខ្លួន។ គាត់​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​នៅ​ផែន​ដី​គឺ​ដូច​គ្នា គ្រាន់​តែ​ខុស​គ្នា​ត្រង់​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ប៉ុណ្ណោះ។ គឺ​សំខាន់​ចាំ​បាច់​ឲ្យ​ទទួល​យក​ពួក​គេ​ជា​ពួក​គេ​»។ ដូច្នេះ ចូរ​កុំ​ប្រៀប​ធៀប​ក្រុម​ជំនុំ​ចាស់​ទៅ​នឹង​ក្រុម​ជំនុំ​ថ្មី។ បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ឈ្មោះ​អានលីស​និយាយ​ថា​៖ ​«​ខ្ញុំ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី ដោយ​សារ​ខ្ញុំ​ចង់​រៀន​អ្វី​ថ្មី មិន​មែន​ចង់​ឲ្យ​ក្រុម​ជំនុំ​ថ្មី​ដូច​ក្រុម​ជំនុំ​ចាស់​ទេ​»។

អ្នក​ចាស់​ទុំ​ក៏​ត្រូវ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ក្រុម​ជំនុំ​ថ្មី​ទៅ​នឹង​ក្រុម​ជំនុំ​ចាស់​ដែរ។ ទោះ​ជា​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ថ្មី​របស់​អ្នក​ធ្វើ​អ្វី​ណា​មួយ​តាម​របៀប​ផ្សេង​ក្ដី នោះ​មិន​តែង​តែ​មាន​ន័យ​ថា​ខុស​ទេ។ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​ស្វែង​យល់​ថែម​ទៀត​អំពី​ស្ថានភាព​ក្នុង​តំបន់​នោះ​មុន​ឲ្យ​យោបល់។ (​អទ. ៣:១, ៧​ខ​) គឺ​ជា​ការ​ប្រសើរ​ជាង​ឲ្យ​បង្រៀន​បង​ប្អូន​តាម​រយៈ​គំរូ​ល្អ​របស់​អ្នក ជា​ជាង​ព្យាយាម​បង្ខំ​ពួក​គេ​ឲ្យ​មាន​គំនិត​ដូច​អ្នក។—២កូ. ១:២៤

ចូរ​ជាប់​រវល់

៣. ចូរ​ជាប់​រវល់​ក្នុង​ក្រុម​ជំនុំ​ថ្មី។ (​ភី. ១:២៧) ការ​រើ​តម្រូវ​ឲ្យ​ចំណាយ​ពេល​និង​កម្លាំង​ជា​ច្រើន។ ប៉ុន្តែ គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​បាន​ឆាប់​បំផុត ហើយ​បើ​អាច​ធ្វើ​បាន​គឺ​ចូល​រួម​ដោយ​ផ្ទាល់។ សូម​គិត បើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី​មិន​សូវ​ស្គាល់​យើង​ឬ​កម្រ​ជួប​យើង តើ​ពួក​គេ​អាច​គាំទ្រ​យើង​យ៉ាង​ដូច​ម្ដេច​បាន? បង​ស្រី​លូស៊ីនដា​ដែល​បាន​រើ​ទៅ​ក្រុង​ធំ​នា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ជា​មួយ​កូន​ស្រី​ពីរ​នាក់ និយាយ​ថា​៖ ​«​មិត្ត​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ខំ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គេ និង​ចូល​រួម​លើក​ដៃ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ យើង​ក៏​បាន​ប្រាប់​បង​ប្អូន​ថា​ពួក​គេ​អាច​ប្រើ​ផ្ទះ​របស់​យើង​សម្រាប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​»។

ការ​«​ត​ស៊ូ​»​ក្នុង​សកម្មភាព​កិច្ច​បម្រើ​ព្រះ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី​របស់​អ្នក នឹង​ជួយ​ពង្រឹង​អ្នក​និង​អ្នក​ឯ​ទៀត។ បង​អានលីស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ចាស់​ទុំ​ឲ្យ​ព្យាយាម​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ថ្មី​របស់​គាត់។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ភ្លាម​ៗ ខ្ញុំ​ឃើញ​ថា​នេះ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ក្រុម​ជំនុំ​»។ ម្យ៉ាង​ទៀត ពេល​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដូច​ជា សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ នេះ​នឹង​បង្ហាញ​ដល់​បង​ប្អូន​ថា​អ្នក​ចាត់​ទុក​ក្រុម​ជំនុំ​នេះ​ជា​ក្រុម​ជំនុំ​របស់​អ្នក។ កាល​ដែល​អ្នក​កាន់​តែ​ជាប់​រវល់​ក្នុង​ក្រុម​ជំនុំ​ថ្មី បង​ប្អូន​នឹង​កាន់​តែ​មាន​អារម្មណ៍​ស្រួល​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​ឆាប់​មាន​អារម្មណ៍​ថា​ក្រុម​ជំនុំ​ថ្មី​ជា​ក្រុម​គ្រួសារ​របស់​អ្នក។

ចូរ​បង្កើត​មិត្តភាព​ថ្មី

៤. ចូរ​បង្កើត​មិត្តភាព​ថ្មី។ (​២កូ. ៦:១១​-​១៣) ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​របៀប​សំខាន់​បំផុត​ដើម្បី​មាន​មិត្ត​ថ្មី ដូច្នេះ​សូម​ទុក​ពេល​មុន​និង​ក្រោយ​កិច្ច​ប្រជុំ​ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​និង​ព្យាយាម​ស្គាល់​ពួក​គេ។ សូម​ព្យាយាម​ស្គាល់​ឈ្មោះ​របស់​ពួក​គេ។ ពេល​អ្នក​ចាំ​ឈ្មោះ​របស់​បង​ប្អូន រួស​រាយ​រាក់​ទាក់ និង​ស្រួល​ទាក់​ទង ពួក​គេ​នឹង​ចង់​ចូល​ទៅ​ជិត​អ្នក ហើយ​អ្នក​ទំនង​ជា​នឹង​ទៅ​ជា​មិត្ត​ល្អ​នឹង​គ្នា។

ជា​ជាង​បារម្ភ​ខ្លាច​គេ​មិន​ពេញ​ចិត្ត​អ្នក សូម​ទុក​ឲ្យ​បង​ប្អូន​ថ្មី​ស្គាល់​អ្នក​ជា​ខ្លួន​អ្នក។ សូម​រៀន​ពី​បង​លូស៊ីនដា​ដែល​បាន​និយាយ​ថា​៖ ​«​ឥឡូវ​យើង​មាន​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ដោយ​សារ​យើង​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​ផ្ទះ​របស់​យើង​មុន​»។

​«​ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​»​

បុគ្គល​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​ពេល​ចូល​ក្នុង​សាល​ប្រជុំ​ដែល​ពេញ​ទៅ​ដោយ​បុគ្គល​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់។ ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​បុគ្គល​ថ្មី​ដែល​បាន​រើ​មក​មាន​អារម្មណ៍​ស្រួល​ជាង? សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​«​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក ដូច​គ្រិស្ត​បាន​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា​»។ (​រ៉ូម ១៥:៧​) ដោយ​យក​តម្រាប់​តាម​គ្រិស្ត ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​អ្នក​ថ្មី​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្វី​ជួយ​ឲ្យ​ការ​រើ​ដំណើរ​ការ​យ៉ាង​រលូន?​»​) តាម​ការ​ពិត បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ រួម​ទាំង​ក្មេង​ៗ អាច​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ថ្មី​មាន​អារម្មណ៍​ស្រួល។

ការ​ស្វាគមន៍​អ្នក​ឯ​ទៀត​រួម​បញ្ចូល​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ប៉ុន្តែ​ក៏​ប្រហែល​ជា​រួម​បញ្ចូល​ការ​ផ្ដល់​ជំនួយ​ផង​ដែរ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​បាន​នាំ​បង​ស្រី​ម្នាក់​ទៀត​ដែល​ទើប​តែ​រើ​មក​តំបន់​របស់​គាត់​មើល​ជុំ​វិញ​ក្រុង ហើយ​បង្ហាញ​គាត់​អំពី​របៀប​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។ ការ​ប្រព្រឹត្ត​របស់​បង​ស្រី​នោះ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​បង​ស្រី​ថ្មី​នោះ ហើយ​បាន​ជួយ​គាត់​ឲ្យ​សម្រប​ខ្លួន។

ឱកាស​រីក​ចម្រើន

កាល​ដែល​កណ្ដូប​ធំ​លូត​លាស់ វា​សក​ប៉ុន្មាន​ដង​មុន​វា​អាច​ហើរ​បាន។ ស្រដៀង​គ្នា​ដែរ ពេល​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី អ្នក​ត្រូវ​សក​ឬ​លះ​ចោល​ការ​ព្រួយ​បារម្ភ​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ត្រដាង​ស្លាប​ហោះ​ហើរ​ក្នុង​ន័យ​ធៀប​នៅ​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា។ បង​នីកូឡាស​និង​បង​សេលីន​និយាយ​ថា​៖ ​«​ការ​រើ​គឺ​ជា​ការ​បង្ហាត់​បង្រៀន​ដ៏​ល្អ​មួយ។ យើង​ត្រូវ​តែ​បណ្ដុះ​គុណ​សម្បត្តិ​ថ្មី​ដើម្បី​សម្រប​ខ្លួន​ជា​មួយ​មនុស្ស​ថ្មី​និង​កន្លែង​ថ្មី​»។ បង​ហ្សានឆាល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​និយាយ​អំពី​ប្រយោជន៍​ដែល​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ថា​៖ ​«​ក្នុង​ក្រុម​ជំនុំ​ថ្មី កូន​ៗ​យើង​មាន​ភាព​ចាស់​ទុំ​ជាង ហើយ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​រើ​មក កូន​ស្រី​យើង​បាន​ចាប់​ផ្ដើម​មាន​ផ្នែក​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក ហើយ​កូន​ប្រុស​យើង​បាន​ទៅ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​»។

ចុះ​បើ​កាលៈទេសៈ​របស់​អ្នក​មិន​អនុញ្ញាត​ឲ្យ​អ្នក​រើ​ទៅ​កន្លែង​ផ្សេង​ដូច​ជា​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង? អ្នក​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បច្ចុប្បន្ន​របស់​អ្នក ហាក់​ដូច​ជា​ក្រុម​ជំនុំ​ថ្មី​ដោយ​ធ្វើ​តាម​យោបល់​ខ្លះ​ៗ​ក្នុង​អត្ថបទ​នេះ។ កាល​ដែល​អ្នក​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា សូម​ជាប់​រវល់​ក្នុង​សកម្មភាព​ក្រុម​ជំនុំ ដោយ​រៀប​គម្រោង​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​និង​បង្កើត​មិត្ត​ថ្មី​ឬ​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​ជាង​ជា​មួយ​បង​ប្អូន​ដែល​អ្នក​ស្គាល់​រួច​ហើយ។ តើ​អ្នក​ប្រហែល​ជា​អាច​ជួយ​អ្នក​ថ្មី​ឬ​បង​ប្អូន​ដែល​ត្រូវ​ការ​ជំនួយ​ឬ​ទេ? ដោយ​សារ​សេចក្ដី​ស្រឡាញ់​ជា​សញ្ញា​សម្គាល់​នៃ​គ្រិស្ត​សាសនិក​ពិត ការ​ជួយ​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៣:៣៥​) អ្នក​អាច​ប្រាកដ​ថា​«​ព្រះ​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ​»។—ហេ. ១៣:១៦

ទោះ​ជា​មាន​ការ​ពិបាក គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​អរ​សប្បាយ​និង​ធ្វើ​ឲ្យ​ការ​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី​កើត​ប្រយោជន៍​ច្រើន​បំផុត ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ! បង​អានលីស​និយាយ​ថា​៖ ​«​ការ​រើ​ក្រុម​ជំនុំ​បាន​ជួយ​ខ្ញុំ​បើក​ចិត្ត​ឲ្យ​ទូលាយ​»។ ឥឡូវ​បង​ខាស៊ូមី​ជឿ​ជាក់​ថា ការ​រើ​ក្រុម​ជំនុំ​អាច​ជួយ​យើង​ឲ្យ​ឃើញ​ថា​«​ព្រះ​យេហូវ៉ា​ជួយ​គាំទ្រ​តាម​របៀប​ដែល​មិន​ធ្លាប់​ពិសោធ​»។ ចុះ​យ៉ាង​ណា​បង​ជូល? គាត់​និយាយ​ថា​៖ ​«​ចំណង​មិត្តភាព​ថ្មី​ដែល​ខ្ញុំ​មាន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្រួល ហើយ​ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ខ្លាំង​ណាស់​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ជា​ខ្ញុំ​ពិបាក​រើ​ចេញ​ពី​ក្រុម​ជំនុំ​នេះ​»។