លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

DEA/G. Dagli Orti/De Agostini via Getty Images

ហ៊ុលទ្រីក ស៊្វីងលី​បាន​ស្វះ​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ

ហ៊ុលទ្រីក ស៊្វីងលី​បាន​ស្វះ​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ

 នៅ​សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ចិត្ត​ស្មោះ​អាច​ស្វែង​យល់​ថា​ជំនឿ​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​គម្ពីរ​ឬ​យ៉ាង​ណា។ ប៉ុន្តែ នៅ​ដើម​សតវត្សរ៍​ទី១៦​មិន​មែន​ដូច្នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​នៅ​ពេល​នោះ​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​មាន​គម្ពីរ​ជា​ភាសា​របស់​ពួក​គេ​ឡើយ។ ជា​លទ្ធផល សមាជិក​ជា​ច្រើន​នៅ​ក្នុង​វិហារ​មិន​អាច​ប្រៀប​ធៀប​សេចក្ដី​បង្រៀន​នៅ​ក្នុង​វិហារ​ជា​មួយ​នឹង​អ្វី​ដែល​គម្ពីរ​បង្រៀន​បាន​ទេ។ ម្យ៉ាង​ទៀត បព្វជិត​នៅ​ក្នុង​វិហារ​ក៏​មិន​បាន​ជួយ​ច្រើន​ដែរ។ សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​គ្រិស្ត​សាសនា​បាន​រៀប​រាប់​ថា​៖​«​នៅ​ប្រទេស​ស្វីស ពួក​បព្វជិត​នៅ​ក្នុង​វិហារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​សូវ​មាន​ចំណេះ​ពី​គម្ពីរ កាន់​តាម​ជំនឿ​ឆ្វេង ហើយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​»។

 នៅ​គ្រា​នោះ ហ៊ុលទ្រីក ស៊្វីងលី បាន​ចាប់​ផ្ដើម​ស្វែង​រក​សេចក្ដី​ពិត​ពី​គម្ពីរ។ តើ​គាត់​បាន​រក​ឃើញ​អ្វី​ខ្លះ? តើ​គាត់​បាន​ចែក​រំលែក​អ្វី​ដែល​គាត់​បាន​រៀន​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ជីវិត​និង​ជំនឿ​របស់​គាត់?

ស៊្វីងលី​ចាប់​ផ្ដើម​ស្វែង​រក​សេចក្ដី​ពិត

 ពេល​ដែល​ស៊្វីងលី​មាន​វ័យ​ជំទង់ គាត់​ចង់​ក្លាយ​ជា​បូជាចារ្យ​មួយ​រូប​នៅ​ក្នុង​វិហារ​កាតូលិក។ ប៉ុន្តែ ដើម្បី​ក្លាយ​ជា​បូជាចារ្យ គាត់​ត្រូវ​សិក្សា​អំពី​ទស្សនវិជ្ជា ទំនៀម​ទម្លាប់​ក្នុង​វិហារ និង​សិក្សា​សៀវភៅ​របស់​ពួក​អ្នក​ផ្ដើម​សាសនា​កាតូលិក។ ប៉ុន្តែ គាត់​មិន​បាន​ស្រាវ​ជ្រាវ​ពី​គម្ពីរ​ទេ។

 តើ​ស៊្វីងលី​បាន​រក​ឃើញ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? អំឡុង​ពេល​គាត់​រៀន​នៅ​សកល​វិទ្យាល័យ​ក្នុង​ក្រុង​បាល ប្រទេស​ស្វីស គាត់​បាន​ចូល​រួម​ស្ដាប់​សុន្ទរកថា​របស់​ថូម៉ាស់ វីតថឺនបាក ដែល​ជា​អ្នក​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​បង្រៀន​ក្នុង​វិហារ។ a អ្នក​ប្រវត្តិសាស្ត្រ​ម្នាក់​បាន​រៀប​រាប់​អំពី​ស៊្វីងលី​ថា​៖​«​ស៊្វីងលី​បាន​រៀន​ពី[​វីតថឺនបាក​]ថា គ្រិស្ត​បាន​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច​ដើម្បី​លោះ​ការ​ខុស​ឆ្គង​របស់​យើង​»។ (​ពេត្រុស​ទី១ ៣:១៨​) ពេល​គាត់​បាន​យល់​ថា​មាន​តែ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​អាច​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​យើង នោះ​គាត់​បាន​បដិសេធ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​បង្រៀន​សាសនា​ដែល​ថា​ត្រូវ​បង់​ប្រាក់​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ។ (​សកម្មភាព ៨:២០​) ទោះ​ជា​យ៉ាង​នោះ​ក្ដី គាត់​បាន​បន្ត​ការ​សិក្សា ហើយ​ពេល​គាត់​មាន​អាយុ​២២​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​បូជាចារ្យ​កាតូលិក។

 ពេល​ស៊្វីងលី​មាន​អាយុ​២០​ឆ្នាំ​ប្លាយ គាត់​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ក្រិច​ដើម្បី​គាត់​អាច​យល់​គម្ពីរ​សញ្ញា​ថ្មី។ គាត់​បាន​ពិនិត្យ​មើល​សំណេរ​របស់​អេរ៉ាស្មឹស។ ដូច​គម្ពីរ​ចែង អ្វី​ដែល​គាត់​បាន​រៀប​រាប់​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​សម្រប​សម្រួល​រវាង​មនុស្ស​និង​ព្រះ។ (​ធីម៉ូថេ​ទី១ ២:៥​) ជា​លទ្ធផល ស៊្វីងលី​ចាប់​ផ្ដើម​សង្ស័យ​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​ដែល​ថា ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យើង​ត្រូវ​ការ​ជំនួយ​ពី​បុគ្គល​មួយ​ចំនួន​ដែល​គេ​ចាត់​ទុក​ថា​បរិសុទ្ធ។

 កាល​ដែល​ស៊្វីងលី​មាន​អាយុ​៣០​ឆ្នាំ​ប្លាយ គាត់​កាន់​តែ​ស្វែង​រក​សេចក្ដី​ពិត ហើយ​ក្នុង​អំឡុង​ពេល​ដែល​គាត់​ស្វែង​រក​សេចក្ដី​ពិត​នោះ គាត់​ក៏​បាន​ធ្វើ​ជា​បូជាចារ្យ​ឲ្យ​ពរ​ដល់​ពួក​ទាហាន ដែល​ទៅ​ច្បាំង​នៅ​អឺរ៉ុប​ដើម្បី​កាន់​កាប់​ប្រទេស​អ៊ីតាលី។ នៅ​ឆ្នាំ​១៥១៥ នៅ​ក្នុង​សមរភូមិ​ម៉ារីនញ៉ាណូ គាត់​បាន​ឃើញ​ពួក​កាតូលិក​សម្លាប់​ពួក​កាតូលិក​អស់​រាប់​ពាន់​នាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស៊្វីងលី​បាន​ចម្លង​បទ​គម្ពីរ​ដោយ​ផ្ទាល់​ដៃ ហើយ​គាត់​ក៏​ចង​ចាំ​បទ​គម្ពីរ​ភាសា​ក្រិច​នោះ​ជា​ច្រើន​ខ​ដែរ។ នៅ​ឆ្នាំ​១៥១៩ គាត់​បាន​រស់​នៅ​ក្រុង​ហ្សូរិច​ជា​កន្លែង​ដែល​មាន​ពួក​អ្នក​នយោបាយ​សំខាន់​ៗ។ នៅ​ទី​នោះ គាត់​យល់​ថា​នៅ​ក្នុង​វិហារ​មិន​គួរ​បង្រៀន​អ្វី​ដែល​មិន​មាន​មូលដ្ឋាន​នៅ​ក្នុង​គម្ពីរ​ទេ។ ប៉ុន្តែ តើ​គាត់​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទស្សនៈ​ដូច​គាត់​យ៉ាង​ដូច​ម្ដេច?

​«​យើង​មិន​ដែល​ឮ​ការ​ផ្សព្វ​ផ្សាយ​បែប​នេះ​ពី​មុន​ទេ​»​

 ស៊្វីងលី​ជឿ​ថា បើ​មនុស្ស​ស្គាល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ ពួក​គេ​នឹង​លែង​ទទួល​យក​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា​ទៀត។ ពេល​គាត់​បាន​ក្លាយ​ទៅ​ជា​បូជាចារ្យ​ម្នាក់​ក្នុង​វិហារ​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា​ក្រូសមើនស្ទើ​ក្នុង​ក្រុង​ហ្សូរិច គាត់​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន​ថា គាត់​នឹង​ឈប់​អាន​សៀវភៅ​ខ​គម្ពីរ​ភាសា​ឡាតាំង b ដែល​ពួក​បព្វជិត​បាន​រៀប​ចំ​ឡើង​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ផ្សព្វ​ផ្សាយ​ពី​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ដោយ​ផ្ទាល់ ពី​ជំពូក​មួយ​ទៅ​ជំពូក​មួយ ពី​ដើម​ដល់​ចប់។ ជា​ជាង​យក​សំណេរ​របស់​ពួក​អ្នក​ផ្ដើម​សាសនា​មក​ពន្យល់​ខ​គម្ពីរ គាត់​ព្យាយាម​ស្វែង​យល់​បទ​គម្ពីរ​ដែល​ពន្យល់​បទ​គម្ពីរ​ឯ​ទៀត។—ធីម៉ូថេ​ទី២ ៣:១៦

Sergio Azenha/Alamy Stock Photo

វិហារ​ក្រូសមើនស្ទើ​ក្នុង​ក្រុង​ហ្សូរិច

 ពេល​ដែល​គាត់​ផ្សព្វ​ផ្សាយ គាត់​បាន​បញ្ជាក់​ថា​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ គាត់​ក៏​បង្រៀន​ខ្នាត​តម្រា​សីលធម៌​ដែល​មាន​នៅ​ក្នុង​គម្ពីរ ហើយ​លើក​ឡើង​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ដែល​ពួក​បព្វជិត​បាន​ប្រព្រឹត្ត​ដែរ។ ម្យ៉ាង​ទៀត គាត់​ផ្សព្វ​ផ្សាយ​ថា​សេចក្ដី​បង្រៀន​របស់​វិហារ​គឺ​ខុស ដូច​ជា​ការ​គោរព​ប្រណិប័តន៍​ម៉ារៀ​ជា​ម្ដាយ​របស់​លោក​យេស៊ូ ការ​អធិដ្ឋាន​ទៅ​ពួក​អ្នក​ដែល​ពួក​គេ​ចាត់​ទុក​ថា​បរិសុទ្ធ និង​ការ​បង់​លុយ​ដើម្បី​ជួយ​មនុស្ស​ស្លាប់​ឲ្យ​រួច​ពី​ទោស​ជា​ដើម។ ដូច្នេះ តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្រោយ​ពី​ស្ដាប់​សុន្ទរកថា​ដំបូង​របស់​គាត់? មនុស្ស​ខ្លះ​បាន​និយាយ​ថា​៖​«​យើង​មិន​ដែល​ឮ​ការ​ផ្សព្វ​ផ្សាយ​បែប​នេះ​ពី​មុន​ទេ​»។ អ្នក​ប្រវត្តិសាស្ត្រ​ម្នាក់​បាន​សរសេរ​អំពី​អ្នក​កាន់​សាសនា​កាតូលិក​ដែល​ស្ដាប់​សុន្ទរកថា​របស់​គាត់​ថា​៖​«​ពួក​អ្នក​ដែល​ធ្លាប់​ឈប់​ចូល​រួម​វិហារ​ដោយ​សារ​ស្អប់​ខ្ពើម​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​របស់​អ្នក​ដឹក​នាំ​សាសនា ឥឡូវ​បាន​ត្រឡប់​មក​វិញ​ហើយ​»។

 នៅ​ក្នុង​ឆ្នាំ​១៥២២ ពួក​បព្វជិត​សាសនា​ព្យាយាម​ប្រើ​ពួក​អ្នក​នយោបាយ​នៅ​ក្រុង​ហ្សូរិច​ឲ្យ​បញ្ឈប់​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​លទ្ធិ​នៃ​វិហារ។ ជា​លទ្ធផល ស៊្វីងលី​បាន​ត្រូវ​គេ​ដាក់​ទោស។ ដោយ​សារ​ស៊្វីងលី​មិន​ព្រម​បោះ​បង់​ចោល​ជំនឿ​របស់​គាត់ គាត់​ក៏​បាន​លា​លែង​ពី​តំណែង​ជា​បូជាចារ្យ​នៅ​វិហារ​កាតូលិក​ទៀត។

តើ​ស៊្វីងលី​បាន​ធ្វើ​អ្វី?

 ទោះ​ជា​ស៊្វីងលី​លែង​ធ្វើ​ជា​បូជាចារ្យ​ក្ដី គាត់​នៅ​តែ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម ហើយ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ជំនឿ​ដូច​គាត់​ដែរ។ ការ​ផ្សព្វ​ផ្សាយ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ល្បី​ល្បាញ ហេតុ​នេះ គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល។ តាម​រយៈ​ឥទ្ធិពល​នោះ​គាត់​បាន​ធ្វើ​កំណែ​ទម្រង់​សាសនា​នៅ​ក្រុង​ហ្សូរិច។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៥២៣ គាត់​បាន​បញ្ចុះ​បញ្ចូល​ពួក​អ្នក​នយោបាយ​ក្នុង​ក្រុង​ហ្សូរិច​ឲ្យ​បង្កើត​ច្បាប់​មួយ​ដែល​ថា បើ​អ្នក​ណា​បង្រៀន​សាសនា​ដែល​មិន​មាន​មូលដ្ឋាន​លើ​គម្ពីរ អ្នក​នោះ​នឹង​ត្រូវ​មាន​ទោស។ នៅ​ឆ្នាំ​១៥២៤ គាត់​ក៏​បាន​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​បង្កើត​ច្បាប់​មួយ​ដែល​ថា​ការ​គោរព​បូជា​រូប​ព្រះ​គឺ​ខុស។ ដូច្នេះ ទាហាន​ស៊ីវិល​រួម​ទាំង​អ្នក​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ និង​មនុស្ស​ផ្សេង​ៗ បាន​សហការ​គ្នា​ដើម្បី​បំផ្លាញ​អាសនៈ រូប​ព្រះ និង​រូប​ផ្សេង​ៗ។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖​«​ក្រៅ​ពី​ក្រុម​វ៉ាយឃីង​ដែល​ធ្លាប់​ប្លន់​វិហារ មិន​ដែល​មាន​ក្រុម​ណា​ហ៊ាន​បំផ្លាញ​បែប​នេះ​ទេ​»។ មក​ដល់​ឆ្នាំ​១៥២៥ គាត់​បាន​បញ្ចុះ​បញ្ចូល​ពួក​អាជ្ញាធរ ឲ្យ​យក​ដី​ធ្លី​វិហារ​ធ្វើ​ជា​មន្ទីរ​ពេទ្យ និង​អនុញ្ញាត​ឲ្យ​ពួក​សង្ឃ​និង​ដូន​ជី​រៀប​ការ។ គាត់​ក៏​បាន​ប្ដូរ​ពិធី​អភិបូជា​របស់​សាសនា​កាតូលិក​ទៅ​ជា​បុណ្យ​សាមញ្ញ​មួយ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ (​កូរិនថូស​ទី១ ១១:២៣​-​២៥​) អ្នក​ប្រវត្តិសាស្ត្រ​និយាយ​ថា ការ​ខំ​ប្រឹង​របស់​ស៊្វីងលី​បាន​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​នយោបាយ​និង​អ្នក​ដឹក​នាំ​សាសនា​សហការ​គ្នា និង​បាន​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​សាសនា​នៅ​ក្រុង​ហ្សូរិច ហើយ​នាំ​ឲ្យ​មាន​សាសនា​ថ្មី​មួយ​ហៅ​ថា​ប្រូតេស្តង់(​Zwingli—God’s Armed Prophet​)។

គម្ពីរ​ហ្សូរិច​នេះ​ដែល​ចេញ​នៅ​ឆ្នាំ​១៥៣៦ មាន​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា នៅ​វ័រវិក រដ្ឋ​ញូវយ៉ក។

 កិច្ចការ​ដែល​មាន​ន័យ​បំផុត​របស់​ស៊្វីងលី​គឺ​ការ​បក​ប្រែ​គម្ពីរ។ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៥២០ គាត់​បាន​ដឹក​នាំ​បណ្ឌិត​មួយ​ក្រុម​ឲ្យ​បក​ប្រែ​គម្ពីរ​ភាសា​ដើម​ហេប្រឺ​និង​ភាសា​ក្រិច ជា​មួយ​នឹង​គម្ពីរ​សេបធួជីន​ភាសា​ក្រិច​និង​គម្ពីរ​វ៉ុលកេត​ភាសា​ឡាតាំង។ វិធី​ដែល​គេ​ធ្វើ​ដើម្បី​បក​ប្រែ​គឺ​សាមញ្ញ។ ពួក​គេ​បាន​អាន​ខ​គម្ពីរ​ភាសា​ដើម​នីមួយ​ៗ ព្រម​ទាំង​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ ហើយ​ពួក​គេ​ពិចារណា​ខ​គម្ពីរ​នោះ​ជា​មួយ​គ្នា ថា​ខ​គម្ពីរ​នោះ​មាន​ន័យ​យ៉ាង​ណា? ហើយ​សរសេរ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ។ កិច្ច​ការ​របស់​ពួក​គេ​គឺ​ពន្យល់​និង​បក​ប្រែ​គម្ពីរ​ដែល​ជា​បណ្ដាំ​ព្រះ។ ដូច្នេះ ជា​លទ្ធផល​គេ​បាន​សម្រេច​កិច្ច​ការ​ដ៏​ធំ​មួយ​គឺ ពួក​គេ​បាន​ចេញ​គម្ពីរ​ហ្សូរិច ក្បាល​ទី១ ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៥៣១។

 ទោះ​ជា​ស៊្វីងលី​ប្រហែល​មាន​ចិត្ត​ស្មោះ​ក្ដី តែ​គាត់​មិន​គោរព​ជំនឿ​របស់​អ្នក​ឯ​ទៀត ហើយ​គាត់​ជា​មនុស្ស​ឆាប់​ខឹង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៥២៥ គាត់​បាន​ចូល​រួម​កាត់​ក្ដី​និកាយ​មួយ​ទៀត​ដែល​មិន​យល់​ស្រប​នឹង​ជំនឿ​គាត់ ស្ដី​អំពី​ការ​ជ្រមុជ​ទឹក​ឲ្យ​ទារក។ ពេល​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ជ្រមុជ​ទឹក​ឲ្យ​ទារក ស៊្វីងលី​មិន​បាន​ប្រឆាំង​នឹង​ការ​កាត់​ទោស​ដ៏​សាហាវ​នោះ​ឡើយ។ បន្ថែម​ទៀត គាត់​ក៏​បាន​ជំរុញ​ពួក​អ្នក​ដឹក​នាំ​នយោបាយ​ឲ្យ​ប្រើ​កម្លាំង​យោធា​ដើម្បី​បង្ខំ​មនុស្ស​ឲ្យ​ទទួល​យក​ជំនឿ​ថ្មី​នោះ។ ប៉ុន្តែ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ស្វីស​ដែល​មាន​អ្នក​កាន់​សាសនា​កាតូលិក​យ៉ាង​ខ្លាំង បាន​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ថ្មី​នេះ ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល។ ស៊្វីងលី​ក៏​បាន​ចូល​រួម​ជា​មួយ​នឹង​ពួក​ទាហាន​ពី​ក្រុង​ហ្សូរិច ដើម្បី​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នោះ ហើយ​នៅ​ទី​នោះ​គេ​បាន​សម្លាប់​គាត់ កាល​ដែល​គាត់​មាន​អាយុ​៤៧​ឆ្នាំ។

អ្វី​ដែល​ស៊្វីងលី​បាន​បន្សល់​ទុក

 ហ៊ុលទ្រីក ស៊្វីងលី គឺ​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ។ គាត់​មាន​ឈ្មោះ​ល្បី តែ​គាត់​មិន​ល្បី​ដល់​ម៉ាធិន លូធើ និង​ចន ខាលវិន​ដែល​ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​សាសនា​ទេ។ ស៊្វីងលី​បាន​បដិសេធ​សេចក្ដី​បង្រៀន​សាសនា​កាតូលិក​រ៉ូម​យ៉ាង​ចំ​ៗ។ គាត់​ធ្វើ​ដូច្នេះ គឺ​ខ្លាំង​ជាង​អ្វី​ដែល​លូធើ​បាន​ធ្វើ​ទៅ​ទៀត។ ការ​ខំ​ព្យាយាម​របស់​គាត់​បាន​នាំ​ឲ្យ​មនុស្ស​ស្រួល​ទទួល​យក​ទស្សនៈ​របស់​ខាលវិន។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ចាត់​ទុក​ស៊្វីងលី​ជា​បុគ្គល​សំខាន់​ទី៣​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​សាសនា។

 កិច្ចការ​ដែល​ស៊្វីងលី​បាន​ធ្វើ​មាន​ទាំង​ល្អ មាន​ទាំង​មិន​ល្អ។ អ្វី​ដែល​មិន​ល្អ​គឺ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ទស្សនៈ​របស់​គាត់ គាត់​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​និង​សង្គ្រាម។ ដោយ​ធ្វើ​ដូច្នេះ គាត់​មិន​បាន​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ទេ គឺ​លោក​មិន​ចូល​រួម​ខាង​នយោបាយ ហើយ​លោក​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​សត្រូវ មិន​មែន​សម្លាប់​ពួក​គេ​ឡើយ។—ម៉ាថាយ ៥:៤៣, ៤៤; យ៉ូហាន ៦:១៤, ១៥

 ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ស៊្វីងលី​បាន​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង​រៀន​គម្ពីរ ហើយ​បាន​តាំង​ចិត្ត​ផ្សព្វ​ផ្សាយ​អំពី​អ្វី​ដែល​គាត់​បាន​រៀន។ គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត​ជា​ច្រើន​ក្នុង​គម្ពីរ ហើយ​គាត់​ក៏​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។

a សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​បង្កើត​ដោយ​ពួក​អ្នក​ដឹក​នាំ​ខាង​វិហារ ដែល​ថា​មនុស្ស​នឹង​រង​ទុក្ខ​នៅ​កន្លែង​ធ្វើ​ទារុណកម្ម​មួយ​ក្រោយ​ពី​ពួក​គេ​បាន​ស្លាប់ តែ​ទោស​នោះ​អាច​កាត់​បន្ថយ​ឬ​បំបាត់​តែ​ម្ដង បើ​ពួក​គេ​ឲ្យ​ប្រាក់​ដល់​បូជាចារ្យ។

b នេះ​ជា​សៀវភៅ​ខ​គម្ពីរ​ដែល​គេ​បាន​ជ្រើស​រើស​ទុក​ជា​មុន សម្រាប់​អាន​អស់​មួយ​ឆ្នាំ។