លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលប្រយោជន៍ពីការស្លាប់របស់លោកយេស៊ូ

ចូរទទួលប្រយោជន៍ពីការស្លាប់របស់លោកយេស៊ូ

 មួយ​ឆ្នាំ​ម្ដង សាក្សី​ព្រះ​យេហូវ៉ា​និង​មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ ដូច​លោក​បាន​បង្គាប់។ (​លូកា ២២:១៩​) កម្ម​វិធី​នេះ​ជួយ​យើង​ឲ្យ​យល់​សារៈ​សំខាន់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ ពេល​ដែល​លោក​លះ​បង់​ជីវិត​ខ្លួន​សម្រាប់​មនុស្សជាតិ។ កម្ម​វិធី​នេះ​ក៏​បង្ហាញ​អំពី​របៀប​ដែល​ការ​ស្លាប់​របស់​លោក​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត​ផង​ដែរ។—យ៉ូហាន ៣:១៦

 មិន​ថា​លោក​អ្នក​បាន​ចូល​រួម​ឬ​មិន​បាន​ចូល​រួម​ពិធី​រំលឹក​នៅ​ឆ្នាំ​នេះ​ក្ដី តើ​តាម​របៀប​ណា​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការ​ស្លាប់​របស់​លោក​យេស៊ូ? លោក​យេស៊ូ​បាន​បង្រៀន​ថា​យើង​គួរ​ធ្វើ​អ្វី​សំខាន់​ពីរ​យ៉ាង​៖

  1.  ១. រៀន​អំពី​ព្រះ​និង​លោក​យេស៊ូ។ ពេល​លោក​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌ លោក​បាន​មាន​ប្រសាសន៍​ថា​៖​«​អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

  2.  ២. ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា យើង​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​លោក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ជា​ឧទាហរណ៍ នៅ​ចុង​បញ្ចប់​សុន្ទរកថា​ដ៏​ល្បី​របស់​លោក លោក​បាន​បង្គាប់​ដល់​អស់​អ្នក​ដែល​«​ស្ដាប់​ពាក្យ​របស់[​លោក​] ហើយ​ធ្វើ​តាម​»។ (​លូកា ៦:៤៦​-​៤៨​) នៅ​ពេល​មួយ​ទៀត លោក​ក៏​បាន​មាន​ប្រសាសន៍​ស្រដៀង​នេះ​ដែរ​ថា​៖​«​ឥឡូវ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ តែ​បើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​»។—យ៉ូហាន ១៣:១៧

 តើ​អ្នក​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​និង​លោក​យេស៊ូ​ទេ? តើ​អ្នក​ចង់​ទទួល​ដំបូន្មាន​ល្អ​ៗ​អំពី​របៀប​ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន​ឬ​ទេ? នៅ​ខាង​ក្រោម​នេះ​មាន​វិធី​ខ្លះ​ដែល​អាច​ជួយ​អ្នក​បាន។

វគ្គ​សិក្សា​គម្ពីរ

 វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ និង​អនុវត្ត​តាម​អ្វី​ដែល​គម្ពីរ​ចែង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

  •   សូម​ចូល​ទៅ​ទំព័រ​ដែល​មាន​វគ្គ​សិក្សា​គម្ពីរ​ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​កម្ម​វិធី​នេះ។

  •   សូម​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​សូម​សប្បាយ​នឹង​ការ​រៀន​គម្ពីរ ដើម្បី​ដឹង​ថា​ការ​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​គឺ​យ៉ាង​ណា។

កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា

 សាក្សី​ព្រះ​យេហូវ៉ា​ជួប​ជុំ​គ្នា​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​នៅ​កន្លែង​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ដែល​ហៅ​ថា​សាល​ប្រជុំ។ នៅ​កិច្ច​ប្រជុំ​នោះ យើង​ពិភាក្សា​គ្នា​អំពី​គម្ពីរ​និង​រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។

 កិច្ច​ប្រជុំ​នោះ​បើក​ជា​សាធារណៈ ហើយ​អ្នក​មិន​ចាំ​បាច់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ចូល​រួម​នោះ​ទេ។ អ្នក​អាច​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់​ឬ​តាម​វីដេអូ​ក៏​បាន ស្រប​ទៅ​តាម​កាលៈទេសៈ​ក្នុង​តំបន់​របស់​អ្នក។

  •   សូម​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? ដើម្បី​ដឹង​អំពី​អ្វី​ដែល​ធ្វើ​ឡើង​នៅ​កិច្ច​ប្រជុំ​របស់​យើង។

អត្ថបទ​និង​វីដេអូ​តាម​អ៊ីនធឺណិត

 អត្ថបទ​និង​វីដេអូ​ជា​ច្រើន​នៅ​ក្នុង​គេហទំព័រ​នេះ អាច​ជួយ​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ និង​ប្រយោជន៍​នៃ​ការ​ស្លាប់​របស់​លោក។

 ជា​ឧទាហរណ៍ ដើម្បី​រៀន​អំពី​របៀប​ដែល​ការ​ស្លាប់​របស់​បុរស​ម្នាក់​នេះ​អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​រាប់​លាន​នាក់ សូម​អាន​អត្ថបទ ចំណង​ជើង​ថា​«​តើ​លោក​យេស៊ូ​សង្គ្រោះ​យើង​តាម​របៀប​ណា?​»​ ហើយ​«​ហេតុ​អ្វី​លោក​យេស៊ូ​បាន​រង​ទុក្ខ​និង​ស្លាប់?​»​ ឬ​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់?