ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ៥:១-៣៣

  • ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ស្អាត​បរិសុទ្ធ (​១​-​៥)

  • ចូរ​រស់​នៅ​ជា​កូន​នៃ​ពន្លឺ (​៦​-​១៤)

  • ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​ព្រះ (​១៥​-​២០)

    • ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត (​១៦)

  • ឱវាទ​សម្រាប់​ប្ដី​និង​ប្រពន្ធ (​២១​-​៣៣)

 ដូច្នេះ ចូរ​យក​តម្រាប់​ព្រះ+ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់លោក  ២  ហើយ​ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់+ ដូច​គ្រិស្ត​បាន​ស្រឡាញ់​យើង*+ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​យើង* ទុក​ជា​គ្រឿង​បូជា​និង​ក្លិន​ក្រអូប​ជូន​ព្រះ។+ ៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​និយាយ​ទាល់​តែ​សោះ​អំពី​រឿង​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អំពើ​ស្មោក​គ្រោក ឬ​ការ​លោភ​លន់​ណា​ឡើយ+ ពី​ព្រោះ​នោះ​មិន​សម​ត្រឹម​ត្រូវ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ​ទេ។+ ៤  អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ខ្មាស ការ​និយាយ​ពាក្យ​ផ្ដេស​ផ្ដាស ការ​និយាយ​កំប្លែង​អាសអាភាស+ ព្រោះ​ការ​ទាំង​នេះ​មិន​សម​រម្យ​ទេ តែ​ត្រូវ​អរគុណ​ព្រះ​វិញ។+ ៥  ព្រោះ​អ្នក​រាល់​គ្នា​ដឹង ហើយ​ក៏​យល់​ច្បាស់​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ មនុស្ស​ស្មោក​គ្រោក ឬ​អ្នក​លោភ​លន់+ដែល​ប្រៀប​ដូច​ជា​មនុស្ស​គោរព​បូជា​រូប​ព្រះ នឹង​មិនបាន​ទទួល​មត៌ក​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​ឡើយ។+ ៦  កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​អសារ​ឥត​ការ​ឡើយ ព្រោះ​ដោយ​សារ​ការ​ទាំង​នោះ កំហឹង​របស់​ព្រះ​នឹង​មក​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់។ ៧  ដូច្នេះ កុំ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ។ ៨  អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត តែ​ឥឡូវ​ជា​ពន្លឺ​វិញ+ ពីព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​លោក​ម្ចាស់។+ ចូរ​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ ៩  ព្រោះ​ផល​នៃ​ពន្លឺ​មាន គុណធម៌ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​យ៉ាង។+ ១០  ចូរ​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ត+ ១១  ហើយ​ឈប់​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ដែល​មិន​កើត​ផល​ដែល​ជា​ការ​ប្រព្រឹត្ត​ខាង​ភាព​ងងឹត+ តែ​ចូរ​លាត​ត្រដាង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​វិញ។ ១២  ព្រោះ​ការ​ដែល​ពួក​គេ​ធ្វើ​ដោយ​សម្ងាត់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ។ ១៣  រីឯ​ការ​ទាំង​អស់​ដែល​កំពុង​ត្រូវ​លាត​ត្រដាង* បាន​ត្រូវ​ឃើញ​ច្បាស់​ដោយ​ពន្លឺ ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​កំពុង​ត្រូវ​ស​ឲ្យ​ឃើញ គឺ​ជា​ពន្លឺ។ ១៤  ដូច្នេះ មាន​សេចក្ដី​ដែល​ចែង​ថា​៖ ​«​អ្នក​ដេក​លក់​អើយ! ចូរ​ភ្ញាក់​ឡើង ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ+ រួច​គ្រិស្ត​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក​»។+ ១៥  ម្ល៉ោះ​ហើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន* កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ១៦  ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត*+ ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត។ ១៧  ហេតុ​នេះ កុំ​ធ្វើ​ជា​មនុស្ស​ដែល​មិន​ចេះ​គិត​ពិចារណា តែ​ចូរ​ខំព្យាយាម​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។*+ ១៨  ម្យ៉ាង​ទៀត កុំ​ស្រវឹង​ស្រា​ឡើយ+ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ* តែ​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ជា​និច្ច។ ១៩  ចូរ​និយាយ​គ្នា*ដោយ​ចម្រៀង​សរសើរ​ព្រះ ពាក្យ​លើក​តម្កើង​ព្រះ ចម្រៀង​គោរព​ប្រណិប័តន៍ ហើយ​ច្រៀង+និង​លេង​ភ្លេង​បន្ទរ+តាម​ក្នុង​ចិត្ត​ជូន​ព្រះ​យេហូវ៉ា*+ ២០  ថែម​ទាំង​អរគុណ​ព្រះ+ដែល​ជា​បិតា​របស់​យើង​ជា​និច្ច​ចំពោះ​អ្វី​ៗ​ទាំង​អស់ ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ២១  ចូរ​ចុះ​ចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក+ ដោយ​កោត​ខ្លាច​គ្រិស្ត។ ២២  ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី+ ដូច​ចុះ​ចូល​នឹង​លោក​ម្ចាស់ ២៣  ពី​ព្រោះ​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ+ ដូច​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ+ ជា​រូប​កាយ​របស់​លោក​ដែល​លោក​បាន​សង្គ្រោះ។ ២៤  តាម​ការ​ពិត ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​គ្រិស្ត។ ២៥  ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប+ ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ+ ២៦  ដើម្បី​លោក​អាច​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ។+ ២៧  យ៉ាង​នេះ ក្រុម​ជំនុំ​អាច​ស្អាត​នៅ​ចំពោះ​មុខ​លោក ដោយ​ឥត​មាន​ស្នាម​ប្រឡាក់ ជ្រួញ ឬ​លក្ខណៈ​ឯ​ទៀត​បែប​នោះ​ឡើយ+ តែ​បរិសុទ្ធ និង​ឥត​សៅហ្មង​វិញ។+ ២៨  ដូច​គ្នា​ដែរ ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង ២៩  ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ មាន​តែ​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ដូច​គ្រិស្ត​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជំនុំ ៣០  ពី​ព្រោះ​យើង​ជា​អវយវៈ​នៃ​រូប​កាយ​របស់​លោក។+ ៣១  ​«​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។+ ៣២  អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ+អស្ចារ្យ​ណាស់។ ខ្ញុំ​កំពុង​និយាយ​អំពី​គ្រិស្ត​និង​ក្រុម​ជំនុំ។+ ៣៣  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន+ ដូច​ស្រឡាញ់​ខ្លួន​អ្នក រីឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​រាល់​គ្នា​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​រាល់​គ្នា​»​
ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ឬ​«​ត្រូវ​កែ​តម្រង់​»​
ន័យ​ត្រង់​«​របៀប​ដែល​អ្នក​ដើរ​»​
ន័យ​ត្រង់​«​ដោយ​ទិញ​ពេល​វេលា​ដែល​បាន​កំណត់​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​អំពើ​ផ្ដេស​ផ្ដាស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​និយាយ​ជា​មួយ​ខ្លួន​ឯង​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥