យ៉ូប ១:១-២២

  • ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ទ្រព្យ​សម្បត្តិ​របស់​យ៉ូប (​១​-​៥)

  • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប (​៦​-​១២)

  • យ៉ូប​បាត់​បង់​ទ្រព្យ​សម្បត្តិ​និង​កូន​ៗ​ (​១៣​-​១៩)

  • យ៉ូប​មិន​បាន​បន្ទោស​ព្រះ​ទេ (​២០​-​២២)

 នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប។*+ គាត់​ជា​មនុស្ស​សុចរិត​និង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។*+ គាត់​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​មិន​ព្រម​ធ្វើ​អំពើ​អាក្រក់​ឡើយ។+ ២  គាត់​មាន​កូន​ប្រុស​៧​នាក់ និង​កូន​ស្រី​៣​នាក់។ ៣  គាត់​មាន​ចៀម​៧.០០០​ក្បាល អូដ្ឋ​៣.០០០​ក្បាល គោ​១.០០០​ក្បាល លា*៥០០​ក្បាល និង​មាន​អ្នក​បម្រើ​ជា​ច្រើន​នាក់។ ដូច្នេះ គាត់​ជា​អ្នក​មាន​ជាង​គេ​នៅ​ភាគ​ខាង​កើត។ ៤  កូន​ប្រុស​ៗ​របស់​យ៉ូប​តែង​តែ​ប្ដូរ​វេន​គ្នា​ធ្វើ​ពិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​ពួក​គេ​ម្នាក់​ម្ដង​ៗ។ រាល់​ដង ពួក​គេ​ក៏​អញ្ជើញ​បង​ប្អូន​ស្រី​បី​នាក់​របស់​ខ្លួន​ឲ្យ​មក​ចូល​រួមដែរ។ ៥  ក្រោយ​ពី​ពួក​គេ​ធ្វើ​ពិធី​ជប់​លៀង​ម្នាក់​ម្ដង​ៗ​ចប់​អស់​ហើយ យ៉ូប​តែង​តែ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​កូន​ៗ​របស់​គាត់​មក ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ។ រួច​មក យ៉ូប​ក្រោក​ពី​ព្រលឹម ហើយ​ជូន​គ្រឿង​បូជា​ដុត+ទៅ​ព្រះ​សម្រាប់​កូន​ម្នាក់​ៗ ព្រោះ​គាត់​និយាយ​ថា​៖ ​«​ក្រែង​លោ​កូន​ៗ​របស់​ខ្ញុំ​បាន​ធ្វើ​ខុស ហើយ​ប្រមាថ​ព្រះ​នៅ​ក្នុង​ចិត្ត​»។ នោះ​ជា​អ្វី​ដែល​យ៉ូប​ធ្វើ​ជា​ប្រចាំ។+ ៦  នៅ​ថ្ងៃ​មួយ កូន​ៗ​*របស់​ព្រះ​យេហូវ៉ា+បាន​ចូល​មក​ប្រជុំ​នៅ​ចំពោះ​មុខ​លោក+ដែល​ជា​ព្រះ​ពិត ហើយ​សាថាន+ក៏​បាន​ចូល​មក​ដែរ។+ ៧  បន្ទាប់​មក ព្រះ​យេហូវ៉ា​សួរ​សាថាន​ថា​៖ ​«​តើ​អ្នក​ទើប​មក​ពី​ណា?​»។ សាថាន​តប​ទៅ​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ​«​ទើប​តែ​មក​ពី​ដើរ​ពិនិត្យ​មើល​ស្ថានភាព​នៅ​ផែនដី​»។+ ៨  ព្រះ​យេហូវ៉ា​សួរ​សាថាន​ទៀត​ថា​៖ ​«​តើ​អ្នក​បាន​សង្កេត​មើល​យ៉ូប​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឬ​ទេ? នៅ​ផែនដី គ្មាន​មនុស្ស​ណា​ម្នាក់​ដូច​គាត់​ឡើយ។ គាត់​ជា​មនុស្ស​សុចរិត​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ*+ និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​មិន​ព្រម​ធ្វើ​អំពើ​អាក្រក់​ទេ​»។ ៩  ឮ​ដូច្នេះ សាថាន​តប​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ការ​ដែល​យ៉ូប​កោត​ខ្លាច​ព្រះ តើ​មិន​មែន​ដោយ​សារ​គាត់​បាន​ទទួល​ប្រយោជន៍​ទេ​ឬ?+ ១០  តើ​លោក​មិន​បាន​ដាក់​របង​ការពារ​គាត់+ និង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​ការពារ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទេ​ឬ? ទោះ​ជា​គាត់​ធ្វើ​កិច្ចការ​ណា​ក៏​ដោយ លោក​តែង​ឲ្យ​ពរ​គាត់​ជា​និច្ច+ ហើយ​ហ្វូង​សត្វ​របស់​គាត់​ក៏​កើន​ឡើង​យ៉ាង​ច្រើន​សន្ធឹក​នៅ​ក្នុង​ស្រុក​ដែរ។ ១១  ប៉ុន្តែ បើ​លោក​សាក​ធ្វើ​ឲ្យ​គាត់​បាត់​បង់​អ្វី​ៗ​ទាំង​អស់ នោះ​គាត់​ច្បាស់​ជា​នឹង​ប្រមាថ​លោក​នៅ​ចំពោះ​មុខ​លោក​ជា​មិន​ខាន​»។ ១២  ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​សាថាន​ថា​៖ ​«​មើល! អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប៉ុន្តែ អ្នក​មិន​ត្រូវ​ប៉ះ​ពាល់​រូប​កាយ​គាត់​ជា​ដាច់​ខាត!​»។ ដូច្នេះ សាថាន​ក៏​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៅ។+ ១៣  នៅ​ថ្ងៃ​មួយ ពេល​ដែល​កូន​ប្រុស​កូន​ស្រី​របស់​យ៉ូប​កំពុង​ពិសា​អាហារ​ពិសា​ស្រា​នៅ​ក្នុង​ផ្ទះ​បង​ប្រុស​ច្បង​របស់​ពួក​គេ+ ១៤  ក៏​មាន​អ្នក​បម្រើ​ម្នាក់​មក​រាយ​ការណ៍​ប្រាប់​យ៉ូប​ថា​៖ ​«​ពេល​គោ​កំពុង​ភ្ជួរ​ដី ហើយ​ហ្វូង​លា​កំពុង​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ ១៥  ស្រាប់​តែ​ពួក​សេបៀន​បាន​ចូល​មក​ប្លន់​យក​សត្វ​គោ​សត្វ​លា​ទាំង​អស់ ព្រម​ទាំង​សម្លាប់​ពួក​អ្នក​បម្រើ​ទៀត​ផង។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រត់​រួច មក​ប្រាប់​លោក​ម្ចាស់​»។ ១៦  កាល​ដែល​អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​រត់​មក​ប្រាប់​យ៉ូប​ថា​៖ ​«​ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ*មក​ឆេះ​ហ្វូង​ចៀម​និង​ពួក​អ្នក​បម្រើ​ស្លាប់​អស់​ហើយ! មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រត់​រួច មក​ប្រាប់​លោក​ម្ចាស់​»។ ១៧  កាល​ដែល​អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​រត់​មក​ប្រាប់​យ៉ូប​ថា​៖ ​«​ពួក​ខាល់ដេ+បាន​លើក​គ្នា​មក​ចំនួន​បី​ក្រុម សម្រុក​ចូល​ប្លន់​យក​ហ្វូង​អូដ្ឋ ព្រម​ទាំង​សម្លាប់​ពួក​អ្នក​បម្រើ​ទៀត​ផង។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រត់​រួច មក​ប្រាប់​លោក​ម្ចាស់​»។ ១៨  កាល​ដែល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ប្រាប់​ថា​៖ ​«​ខណៈ​ដែល​កូន​ប្រុស​កូន​ស្រី​របស់​លោក​ម្ចាស់​កំពុង​ពិសា​អាហារពិសា​ស្រា​នៅ​ក្នុង​ផ្ទះ​បង​ប្រុស​ច្បង​របស់​ពួក​គេ ១៩  រំពេច​នោះ មាន​ខ្យល់​ដ៏​ធំ​ពី​តំបន់​ស្ងាត់​ជ្រងំ វាយ​បោក​បក់​ផ្ទះ​នោះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​បាក់​សង្កត់​ទៅ​លើ​កូន​ៗ​របស់​លោក​ម្ចាស់ បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រត់​រួច មក​ប្រាប់​លោក​ម្ចាស់​»។ ២០  ពេល​ឮ​ដូច្នោះ យ៉ូប​ក្រោក​ឡើង​ហែក​អាវ ហើយ​កោរ​សក់ រួច​គាត់​ក្រាប​ខ្លួន​ដល់​ដី ២១  ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក មាន​តែ​ខ្លួន​ទទេ។ ខ្ញុំ​ទៅ​វិញ ក៏​មាន​តែ​ខ្លួន​ទទេ​ដែរ។+ ព្រះ​យេហូវ៉ា​បាន​ឲ្យ+ ហើយ​ព្រះ​យេហូវ៉ា​បាន​ដក​ចេញ​វិញ។ សូម​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​រហូត​ត​ទៅ​»។ ២២  ទោះ​ជា​យ៉ូប​បាន​ជួប​រឿង​ទាំង​អស់​នោះ​ក៏​ដោយ គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​ចោទ​ប្រកាន់​ថា​ព្រះ​បាន​ធ្វើ​ខុស​ឡើយ។

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ប្រឆាំង​»​
ឬ​«​ជា​មនុស្ស​សុចរិត​និង​គ្មាន​កន្លែង​បន្ទោស​»​
ន័យ​ត្រង់​«​លា​ញី​»​
ពាក្យ​នេះ​ក្នុង​ភាសា​ហេប្រឺ​សំដៅ​លើ​ទេវតា​ដែល​ជា​កូន​ៗ​របស់​ព្រះ
ឬ​«​ជា​មនុស្ស​សុចរិត​និង​គ្មាន​កន្លែង​បន្ទោស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រន្ទះ​បាញ់​ពី​លើ​មេឃ​»​