សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស ១:១-២៩

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • អរគុណ​ព្រះ​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស​មាន​ជំនឿ (​៣​-​៨)

  • សេចក្ដី​អធិដ្ឋាន​សុំ​ឲ្យ​មាន​ជំនឿ​រឹង​មាំ (​៩​-​១២)

  • តួ​នាទី​សំខាន់​របស់​គ្រិស្ត (​១៣​-​២៣)

  • ប៉ូល​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ក្រុម​ជំនុំ (​២៤​-​២៩)

 ពី​ខ្ញុំ ប៉ូល ដែល​ជា​សាវ័ក*របស់​គ្រិស្ត*យេស៊ូ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ពី​ធីម៉ូថេ+ជា​ប្អូន​ប្រុស​របស់​យើង ២  ជូន​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​និង​បង​ប្អូន​ស្មោះ​ត្រង់​ទាំង​ឡាយ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ក្រុង​កូឡុស​៖ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង។ ៣  ពេល​ដែល​យើង​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​តែង​តែ​អរគុណ​ព្រះ​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ៤  ពី​ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​ដែល​អ្នក​រាល់​គ្នា​មាន​ក្នុង​គ្រិស្ត​យេស៊ូ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់ ៥  ដោយ​សារ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​ទទួល​អ្វី​ដែល​បាន​ត្រូវ​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន​សួគ៌។+ អ្នក​រាល់​គ្នា​បាន​ឮ​អំពី​សេចក្ដី​សង្ឃឹម​នេះ​តាម​រយៈ​ការ​ប្រកាស​អំពី​សេចក្ដី​ពិត ពោល​គឺ​ដំណឹង​ល្អ ៦  ដែល​បាន​មក​ដល់​អ្នក​រាល់​គ្នា។ ដំណឹង​ល្អ​នោះ​ក៏​ដុះ​ដាល​បង្កើត​ផល​ពេញ​ពិភព​លោក+ ដូច​ដែល​កំពុង​ដុះ​ដាល​បង្កើត​ផល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ស្គាល់​ច្បាស់​នូវ​ការ​ពិត​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ៧  នោះជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​ពី​អេប៉ាប្រាស​ជា​ទី​ស្រឡាញ់​របស់​យើង+ ដែល​ជា​ខ្ញុំ​បម្រើ​ជា​មួយ​នឹង​យើង។ គាត់​បម្រើ​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ៨  គាត់​ក៏​បាន​រៀប​រាប់​ប្រាប់​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។ ៩  ហេតុ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​ឮ​រឿង​នោះ យើង​បាន​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ+ គឺ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​ត្រឹម​ត្រូវ+អំពី​បំណង​ប្រាថ្នា​របស់​លោក ដោយ​មាន​ប្រាជ្ញា​សព្វ​គ្រប់​និង​ការ​យល់​ដឹង​ដែល​ឫទ្ធានុភាព​របស់​លោក​ផ្ដល់​ឲ្យ+ ១០  ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា* ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង។ ដំណាល​គ្នា​នោះ អ្នក​រាល់​គ្នា​នឹង​បន្ត​បង្កើត​ផល​ក្នុង​គ្រប់​ការ​ល្អ​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​កាន់​តែ​ច្រើន​ឡើង​ៗ។+ ១១  សូម​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កម្លាំង​ខ្លាំង​ក្លា​ពី​ឫទ្ធានុភាព​រុង​រឿង​របស់​លោក+ ដើម្បី​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ដោយ​ចិត្ត​អត់​ធ្មត់​និង​មាន​អំណរ ១២  ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​អរគុណ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​លក្ខណៈ​គ្រប់​គ្រាន់ ដើម្បី​មាន​ចំណែក​ក្នុង​មត៌ក​របស់​ពួក​អ្នក​បរិសុទ្ធ+ដែល​នៅ​ក្នុង​ពន្លឺ។ ១៣  ព្រះ​បាន​សង្គ្រោះ​យើង​ពី​អំណាច​នៃ​ភាព​ងងឹត+ ហើយ​ផ្លាស់​យើង​ទៅ​ក្នុង​រាជាណាចក្រ​នៃ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ១៤  ដោយ​សារ​បុត្រ​របស់​លោក​បាន​រំដោះ​យើង​ដោយ​បង់​ថ្លៃ​លោះ នេះ​មាន​ន័យ​ថា​ការ​ខុស​ឆ្គង*របស់​យើង​បាន​ត្រូវ​អភ័យ​ទោស។+ ១៥  លោក​និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ មាន​លក្ខណៈដូច​គ្នា​ទាំង​ស្រុង។+ លោក​ជា​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត+ ១៦  ពី​ព្រោះ​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក គឺ​អ្វី​ដែល​មនុស្ស​មើល​ឃើញ​និង​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ+ ទោះ​ជា​បល្ល័ង្ក ការ​គ្រប់​គ្រង រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្ដី។ អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក+ និង​សម្រាប់​លោក។ ១៧  ម្យ៉ាង​ទៀត មាន​លោក​មុន​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់+ ហើយ​តាម​រយៈ​លោក អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក ១៨  ហើយ​លោក​ជា​ក្បាល​នៃ​រូប​កាយ ពោល​គឺ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។+ លោក​ជា​ទី​ចាប់​ផ្ដើម​នៃ​អ្វី​ៗ​ទាំង​អស់ និង​ជា​បុត្រ​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ+ ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ជា​អ្នក​មុន​គេ​ក្នុង​គ្រប់​ការ​ទាំង​អស់ ១៩  ពី​ព្រោះ​ព្រះ​ពេញ​ចិត្ត​ឲ្យ​គ្រិស្ត​បាន​ពេញ​ខ្នាត​ក្នុង​អ្វី​ៗ​ទាំង​អស់+ ២០  ហើយ​តាម​រយៈ​គ្រិស្ត ព្រះ​ផ្សះ​ផ្សា​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​ឲ្យ​ជា​នឹង​លោក​ឡើង​វិញ+ ទោះ​ជា​អ្វី​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌​ក្ដី ដោយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​តាម​រយៈ​ឈាម+របស់​គ្រិស្ត​ដែល​បាន​ត្រូវ​បង្ហូរ​លើ​បង្គោល​ទារុណកម្ម។* ២១  ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​និង​ជា​សត្រូវ​របស់​ព្រះ ព្រោះ​អ្នក​រាល់​គ្នា​មាន​គំនិត​លម្អៀង​ទៅ​រក​អំពើ​ទុច្ចរិត ២២  តែ​ឥឡូវ​ព្រះ​បាន​ផ្សះ​ផ្សា​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​នឹង​លោក​វិញ។ ព្រះ​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​រូប​កាយ​របស់​បុត្រ​លោក​ដែល​បាន​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ ឥត​សៅហ្មង និង​គ្មាន​កន្លែង​ចាប់​កំហុស​បាន នៅ​ចំពោះ​មុខ​លោក។+ ២៣  អ្នក​រាល់​គ្នា​នឹង​មាន​គុណ​សម្បត្តិ​ទាំង​នោះ ឲ្យ​តែ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​ជំនឿ+ ហើយ​កាន់​ជំហរ​មាំ​មួន+លើ​គ្រឹះ+ ដោយ​មិន​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​លើ​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​ដែល​បាន​ត្រូវ​ប្រកាស​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ។+ ខ្ញុំ ប៉ូល បាន​ត្រូវ​តែង​តាំង​ឲ្យ​ប្រកាស​ដំណឹង​ល្អ​នេះ។+ ២៤  ឥឡូវ​ខ្ញុំ​អរ​សប្បាយ​នឹង​អ្វី​ដែល​ខ្ញុំ​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​កំពុង​រង​ទុក្ខ​ដូច​គ្រិស្ត តែ​ខ្ញុំ​ត្រូវ​បន្ត​រង​ទុក្ខ​រហូត​ដល់​ពេញ​កម្រិត​ដើម្បី​រូប​កាយ​របស់​គ្រិស្ត+ ពោល​គឺ​ក្រុម​ជំនុំ។+ ២៥  ខ្ញុំ​បាន​បម្រើ​រាស្ត្រ​របស់​ព្រះ* ដោយ​សារ​ព្រះ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ+ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្យាយាម​ប្រកាស​បណ្ដាំ​របស់​ព្រះ​អស់​ពី​សមត្ថភាព ២៦  គឺ​ប្រកាស​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ដែល​បាន​ត្រូវ​លាក់​ពី​ពិភព​លោក*+ និង​មនុស្ស​ដែល​រស់​នៅ​ជំនាន់​មុន​ៗ។ ប៉ុន្តែ ឥឡូវ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ពួក​អ្នក​បរិសុទ្ធ​របស់​លោក។+ ២៧  ព្រះ​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​លោក​ដែល​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នា​នា ដឹង​អំពី​ទ្រព្យ​វិសេស​នៃ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ+ គឺ​គ្រិស្ត​កំពុង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដែល​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​រួម​ចំណែក​ក្នុង​សិរី​រុង​រឿង​របស់​លោក។+ ២៨  យើង​ប្រកាស​ផ្សាយ​អំពី​លោក យើង​ដាស់​តឿន​និង​បង្រៀន​មនុស្ស​គ្រប់​រូប​អំពី​លោក​ដោយ​ប្រើ​ប្រាជ្ញា​ទាំង​អស់ ដើម្បី​យើង​អាច​នាំ​មនុស្ស​គ្រប់​រូប​មក​នៅ​ចំពោះ​មុខ​ព្រះ ដោយ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែល​មាន​ភាព​ចាស់​ទុំ។+ ២៩  នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ដោយ​ឫទ្ធានុភាព​ដែល​លោក​ផ្ដល់​ឲ្យ​ខ្ញុំ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​
ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​
ឬ​«​បម្រើ​ក្រុម​ជំនុំ​នេះ​»​
មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​