លោតទៅអត្ថបទ

តើគម្ពីរបានត្រូវកែច្នៃឬ?

តើគម្ពីរបានត្រូវកែច្នៃឬ?

 មិន​មាន​ការ​កែ​ច្នៃ​ទេ។ ការ​ប្រៀប​ធៀប​ឯក​សារ​សម័យ​បុរាណ​បង្ហាញ​ថា​គម្ពីរ​មិន​បាន​កែ​ច្នៃ​ទាល់​តែ​សោះ ទោះ​ជា​មាន​ការ​ចម្លង​រាប់​ពាន់​ដង​នៅ​លើ​សម្ភារ​ដែល​ងាយ​ខូច​ក៏​ដោយ។

តើ​នេះ​មាន​ន័យ​ថា​មិន​ដែល​មាន​កំហុស​ក្នុង​ការ​ចម្លង​ទេ​ឬ?

 គេ​បាន​រក​ឃើញ​ឯក​សារ​គម្ពីរ​សម័យ​បុរាណ​រាប់​ពាន់​ច្បាប់។ ឯក​សារ​ចម្លង​ខ្លះ​មិន​ដូច​គ្នា​ទេ នេះ​បញ្ជាក់​ថា​ឯក​សារ​ចម្លង​ក៏​មាន​ខុស​ដែរ។ ប៉ុន្តែ ភាគ​ច្រើន​ជា​កំហុស​តូច​តាច​ឬ​តិច​តួច ហើយ​នោះ​មិន​បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អត្ថន័យ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មាន​ភាព​ខុស​គ្នា​មួយ​ចំនួន​ដែល​គួរ​ឲ្យ​កត់​សម្គាល់ កំហុស​ខ្លះ​ធ្វើ​ឡើង​ដោយ​ចេតនា​តាំង​ពី​យូរ​មក​ហើយ​ដើម្បី​កែ​ច្នៃ​ព័ត៌មាន​ក្នុង​គម្ពីរ។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​៖

  1.  ១. នៅ​យ៉ូហាន​ទី​១ ៥:៧ គម្ពីរ​បក​ប្រែ​ចាស់​ខ្លះ​មាន​ពាក្យ​ដូច​ត​ទៅ​៖​«​មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ក៏​ប៉ុន្តែ ច្បាប់​ចម្លង​ដែល​អាច​ទុក​ចិត្ត​បាន​បញ្ជាក់​ថា​ពាក្យ​ទាំង​នោះ​មិន​មាន​ក្នុង​ឯក​សារ​ដើម​ទេ តែ​ក្រោយ​មក​អ្នក​ចម្លង​បាន​បន្ថែម​ពាក្យ​ទាំង​នោះ។ a ដូច្នេះ សេចក្ដី​បក​ប្រែ​គម្ពីរ​សម័យ​ថ្មី​អាច​ទុក​ចិត្ត​បាន ដោយ​សារ​មិន​បាន​រួម​បញ្ចូល​ពាក្យ​ទាំង​នោះ​ទេ។

  2.  ២. នាម​របស់​ព្រះ​មាន​រាប់​ពាន់​ដង​ក្នុង​ឯក​សារ​បុរាណ​នៃ​គម្ពីរ។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​គម្ពីរ​រាប់​មិន​អស់​បាន​ដាក់​ពាក្យ​«​ព្រះ​អម្ចាស់​»​ឬ​«​ព្រះ​»​ជំនួស​នាម​របស់​ព្រះ​វិញ។

តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​គ្មាន​កំហុស​ថែម​ទៀត?

 មក​ដល់​ពេល​នេះ ការ​រក​ឃើញ​កំហុស​ក្នុង​ច្បាប់​ចម្លង​ដើម​ជា​ច្រើន មាន​ភាព​ងាយ​ស្រួល​ជាង​ពី​មុន។ b តើ​ការ​ប្រៀប​ធៀប​ច្បាប់​ចម្លង​ដើម​ទាំង​នេះ បង្ហាញ​យ៉ាង​ណា​ថា​គម្ពីរ​នៅ​សព្វ​ថ្ងៃ​មាន​ភាព​ត្រឹម​ត្រូវ?

  •   បណ្ឌិត​ម្នាក់​ឈ្មោះ​វីល្លាម ហេដ គ្រីន បាន​និយាយ​អំពី​បទ​គម្ពីរ​ភាសា​ហេប្រឺ(​ជា​ទូទៅ​ហៅ​ថា​«​សញ្ញា​ចាស់​»​)ថា​៖​«​យើង​អាច​និយាយ​យ៉ាង​ប្រាកដ​ថា គ្មាន​សំណេរ​ណា​ទៀត​ពី​បុរាណ​ដែល​បាន​ចម្លង​មក​យ៉ាង​ត្រឹម​ត្រូវ​ជាង​នេះ​ឡើយ​»។

  •   ស្ដី​អំពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ឬ​សញ្ញា​ថ្មី បណ្ឌិត​គម្ពីរ​ម្នាក់​ឈ្មោះ អេហ្វ អេហ្វ ប៊្រូស បាន​សរសេរ​ថា​៖​«​យើង​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​សញ្ញា​ថ្មី​បាន​ត្រូវ​ចម្លង​មក​យ៉ាង​ត្រឹម​ត្រូវ។ ភ័ស្តុតាង​នោះ​គឺ​ច្រើន​ជាង​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ស្នា​ដៃ​អក្សរ​សាស្ត្រ​ល្បី​ៗ​ពី​សម័យ​បុរាណ​ទៅ​ទៀត ជា​ស្នា​ដៃ​ដែល​គ្មាន​អ្នក​ណា​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នោះ​ទេ​»។ គាត់​បន្ថែម​ថា​៖​«​បើ​គម្ពីរ​សញ្ញា​ថ្មី​ជា​សៀវភៅ​អក្សរ​សាស្ត្រ​ធម្មតា នោះ​នឹង​គ្មាន​អ្នក​ណា​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​សៀវភៅ​នោះ​ឡើយ​»។

  •   លោក​ហ្វ្រេដេរិក ខេនយ៉ុន ដែល​ជា​អ្នក​ជំនាញ​ខាង​ឯក​សារ​ចម្លង​គម្ពីរ​បុរាណ​ដ៏​ល្បី​មួយ​រូប បាន​និយាយ​ថា​៖​«​ពេល​អ្នក​ណា​ម្នាក់​កាន់​គម្ពីរ​ទាំង​មូល គាត់​អាច​និយាយ​ដោយ​ឥត​ភ័យ​ខ្លាច​ឬ​មិន​ស្ទាក់​ស្ទើរ​ថា គាត់​កាន់​បណ្ដាំ​ពិត​របស់​ព្រះ ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​»។

តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​អាច​ជឿ​ជាក់​ថា​គម្ពីរ​បាន​ត្រូវ​ចម្លង​តាម​ច្បាប់​ដើម​យ៉ាង​ត្រឹម​ត្រូវ?

  •   អ្នក​ចម្លង​ដែល​ជា​ជនជាតិ​យូដា​និង​ជា​គ្រិស្ត​សាសនិក​បាន​រក្សា​ទុក​កំណត់​ហេតុ​អំពី​កំហុស​ធ្ងន់​ធ្ងរ​ដែល​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​នៅ​អតីតកាល។ c (​ជន​គណនា ២០:១២; សាំយូអែល​ទី​២ ១១:២​-​៤; កាឡាទី ២:១១​-​១៤​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​រក្សា​ទុក​កំណត់​ហេតុ​ដែល​ព្រះ​បាន​ផ្ដន្ទា​ទោស​ជនជាតិ​យូដា​ដែល​មិន​ស្ដាប់​បង្គាប់ និង​បាន​រក្សា​ទុក​សេចក្ដី​បង្រៀន​របស់​មនុស្ស។ (​ហូសេ ៤:២; ម៉ាឡាគី ២:៨, ៩; ម៉ាថាយ ២៣:៨, ៩; យ៉ូហាន​ទី​១ ៥:២១​) ដោយ​សារ​ពួក​គេ​បាន​ចម្លង​កំណត់​ហេតុ​ទាំង​នេះ​យ៉ាង​ត្រឹម​ត្រូវ នោះ​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​បណ្ដាំ​ដ៏​ពិសិដ្ឋ​របស់​ព្រះ ដូច្នេះ​យើង​អាច​ទុក​ចិត្ត​ពួក​គេ​បាន។

  •   ដោយ​សារ​ព្រះ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ​ដំបូង នោះ​លោក​ប្រាកដ​ជា​រក្សា​ការ​ពារ​ភាព​ត្រឹម​ត្រូវ​ក្នុង​គម្ពីរ d មែន​ទេ? (​អេសាយ ៤០:៨; ពេត្រុស​ទី​១ ១:២៤, ២៥​) លោក​មិន​គ្រាន់​តែ​ចង់​ឲ្យ​មនុស្ស​នៅ​សម័យ​បុរាណ​ទទួល​ប្រយោជន៍​ពី​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ឲ្យ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ទទួល​ប្រយោជន៍​ដែរ។ (​កូរិនថូស​ទី​១ ១០:១១​) តាម​ការ​ពិត ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

  •   លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ដក​ស្រង់​ពាក្យ​ដែល​ចម្លង​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ ដោយ​មិន​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​បទ​គម្ពីរ​ដើម​ឡើយ។—លូកា ៤:១៦​-​២១; សកម្មភាព ១៧:១​-​៣

a ពាក្យ​ទាំង​នោះ​មិន​មាន​ក្នុង​ឯក​សារ​ខូឌីក ស៊ីណាយធីកឹស(​Codex Sinaiticus​) ខូឌីក អាឡិចសង់​ឌ្រីណុស(​Codex Alexandrinus​) ឯក​សារ​វ៉ានធីខេន ឆ្នាំ​១២​០៩ សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង(​Latin Vulgate​) សេចក្ដី​បក​ប្រែ​ហ្វីឡូស៊ីនៀន ហាឃ្លីន ស៊ីរីអាក(​Philoxenian​-​Harclean Syriac​) ឬ​ភេស៊ីតា​ជា​ភាសា​ស៊ីរីអាក(​Syriac Peshitta​)។

b ជា​ឧទាហរណ៍ គេ​បាន​រក​ឃើញ​ឯក​សារ​ដើម​ជា​ភាសា​ក្រិច​ជាង​៥.០០០​ច្បាប់ ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី ឬ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។

c គម្ពីរ​មិន​បាន​ចែង​ថា​មនុស្ស​ដែល​តំណាង​ព្រះ ជា​មនុស្ស​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖​«​ដ្បិត​គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ​»។—ពង្សាវតារ​ក្សត្រ​ទី​១ ៨:៤៦

d គម្ពីរ​ប្រាប់​ថា ទោះ​ជា​ព្រះ​មិន​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​កត់​ទុក​ពាក្យ​នីមួយ​ៗ​ក៏​ដោយ តែ​លោក​បាន​ដឹក​នាំ​គំនិត​របស់​ពួក​គេ។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧; ពេត្រុស​ទី​២ ១:២១