លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួក​ម៉ាសូរីត​ចម្លង​បទ​គម្ពីរ​យ៉ាង​ដិត​ដល់

ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ

គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ

ការ​គំរាម​កំហែង: ការ​ពុក​រលួយ​ឬ​ការ​ប្រឆាំង​មិន​បាន​បំផ្លាញ​គម្ពីរ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ចម្លង​និង​អ្នក​បក​ប្រែ​ខ្លះ​ព្យាយាម​កែ​ច្នៃ​ព័ត៌មាន​ក្នុង​គម្ពីរ។ ជួន​កាល ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​គម្ពីរ​យល់​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​ពួក​គេ ជា​ជាង​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ស្រប​តាម​គម្ពីរ​ទៅ​វិញ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​៖

  • កន្លែង​គោរព​ប្រណិប័តន៍: រវាង​សតវត្សរ៍​ទី​៤​ដល់​សតវត្សរ៍​ទី​២ មុន​គ.ស អ្នក​បក​ប្រែ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​នៃ​គម្ពីរ​ជា​ភាសា​សាម៉ារី​បាន​បន្ថែម​ឃ្លា​៖​«​នៅ​លើ​ភ្នំ​កេរិស៊ីម​គឺ​ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សង់​ទី​បូជា​»​ ក្រោយ​និក្ខមនំ ២០:១៧។ ជន​ជាតិ​សាម៉ារី​សង្ឃឹម​ថា​បទ​គម្ពីរ​គាំទ្រ​ការ​សាង​សង់​វិហារ​របស់​ពួក​គេ​នៅ​លើ​ភ្នំ​កេរិស៊ីម។

  • សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ: ប្រមាណ​៣០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់ អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​បាន​បញ្ចូល​ពាក្យ​បន្ថែម​ក្នុង​យ៉ូហាន​ទី​១ ៥:៧​ដូច​ត​ទៅ​៖​«​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ពាក្យ​ទាំង​នេះ​មិន​មាន​ក្នុង​ឯកសារ​ដើម​ទេ។ បណ្ឌិត​ខាង​គម្ពីរ​ប៊្រូស មិសហ្គឺ​កត់​សម្គាល់​ថា​៖​«​ចាប់​តាំង​ពី​សតវត្សរ៍​ទី​ប្រាំ​មួយ​មក ពាក្យ​ទាំង​នេះ​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​ឯកសារ​ឡាតាំង​បុរាណ និង​ឯកសារ​វ៉ុលកេត[ជា​ភាសា​ឡាតាំង]។

  • នាម​របស់​ព្រះ: ដោយ​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​ជន​ជាតិ​យ៉ូដា អ្នក​បក​ប្រែ​គម្ពីរ​ជា​ច្រើន​សម្រេច​ចិត្ត​ដក​នាម​របស់​ព្រះ​ចេញ​ពី​បទ​គម្ពីរ។ ពួក​គេ​ជំនួស​នាម​របស់​ព្រះ​ដោយ​ឋានៈ​«​ព្រះ​»​ ឬ​«​ព្រះ​អម្ចាស់​»​ទៅ​វិញ ហើយ​ពាក្យ​ទាំង​នេះ​មិន​គ្រាន់​តែ​អាច​ទាក់​ទង​ទៅ​នឹង​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​សំដៅ​ទៅ​លើ​មនុស្ស អ្វី​ណា​មួយ​ដែល​គេ​យក​មក​គោរព​ប្រណិប័តន៍ និង​សាថាន​ផង​ដែរ។—យ៉ូហាន ១០:៣៤, ៣៥; កូរិនថូស​ទី​១ ៨:៥, ៦; កូរិនថូស​ទី​២ ៤:៤ *

របៀប​ដែល​គម្ពីរ​បាន​នៅ​គង់​វង្ស: ទី​១ ទោះ​ជា​អ្នក​ចម្លង​គម្ពីរ​ខ្លះ​មិន​សូវ​យក​ចិត្ត​ដាក់​ឬ​មិន​ស្មោះ​ត្រង់​ក្ដី ប៉ុន្តែ​អ្នក​ខ្លះ​វិញ​ហ្មត់​ចត់​ហើយ​កត់​ចម្លង​ដោយ​ប៉ិន​ប្រសប់។ រវាង​សតវត្សរ៍​ទី​៦​ដល់​១០ គ.ស ពួក​ម៉ាសូរីត​បាន​ចម្លង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​ហៅ​ថា​ឯកសារ​ម៉ាសុរិត។ ពួក​គេ​បាន​រាប់​ពាក្យ​និង​អក្សរ​ដើម្បី​បញ្ជាក់​ថា​គ្មាន​កំហុស។ ពេល​ចម្លង ពួក​គេ​កត់​ចំណាំ​ក្នុង​ឯកសារ​ដើម​កន្លែង​ណា​ដែល​ពួក​គេ​គិត​ថា​មាន​កំហុស។ ពួក​ម៉ាសូរីត​បដិសេធ​មិន​កែ​ច្នៃ​គម្ពីរ​នោះ​ឡើយ។ សាស្ត្រាចារ្យ​ម៉ូសឺ កូសែន​គត់​ស្ទេន​សរសេរ​ថា​៖​«​ការ​ផ្លាស់​ប្ដូរ​ឯកសារ​គម្ពីរ​ដោយ​ចេតនា​គឺ​ជា​បទ​ឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត​សម្រាប់​ពួក​គេ​»។

ទី​ពីរ ឯកសារ​នៃ​គម្ពីរ​ដែល​យើង​មាន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ជួយ​បណ្ឌិត​គម្ពីរ​រក​ឃើញ​កំហុស​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អស់​រាប់​សតវត្សរ៍ អ្នក​ដឹក​នាំ​សាសនា​បាន​បង្រៀន​ថា​គម្ពីរ​ភាសា​ឡាតាំង​របស់​ពួក​គេ​មាន​ឯកសារ​ដើម​នៃ​គម្ពីរ។ ប៉ុន្តែ​នៅ​យ៉ូហាន​ទី​១ ៥:៧ ពួក​គេ​បាន​រួម​បញ្ចូល​ឃ្លា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ កំហុស​នេះ​ក៏​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ក្នុង​ភាសា​អង់គ្លេស​ដែល​ពេញ​និយម​ជាង​គេ​ដែរ! ប៉ុន្តែ តើ​ការ​រក​ឃើញ​នៃ​ឯកសារ​ដើម​ផ្សេង​ៗ​បាន​បង្ហាញ​អ្វី? ប៊្រូស មិសហ្គឺ​បាន​សរសេរ​ថា​៖​«​ឃ្លា​ដែល​បាន​ត្រូវ​បញ្ចូល[នៅ​យ៉ូហាន​ទី​១ ៥:៧​] មិន​បាន​រក​ឃើញ​ក្នុង​គម្ពីរ​ភាសា​បុរាណ​ទាំង​អស់​នោះ​ទេ (ដូច​ជា​ភាសា​ស៊ីរីអាក កូបធិក អាមេនី អេត្យូពី អារ៉ាប់ ស្លាវ៉ូនិក​) លើក​លែង​តែ​ភាសា​ឡាតាំង​ប៉ុណ្ណោះ​»។ ជា​លទ្ធផល កំណែ​ថ្មី​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​និង​គម្ពីរ​ឯ​ទៀត​បាន​ដក​ឃ្លា​នោះ​ចេញ។

ឆេសធឺ ប៊ីធី P​៤៦ ឯកសារ​នៃ​គម្ពីរ​ដែល​ធ្វើ​ពី​ដើម​កក់​ប្រហែល​ជា​ពី​ឆ្នាំ​២០០ ​គ.ស.​មក។

តើ​ឯកសារ​បុរាណ​ផ្សេង​ៗ​បញ្ជាក់​ថា​ដំណឹង​ក្នុង​គម្ពីរ​បាន​ត្រូវ​រក្សា​ទុក​ឬ​ទេ? ពេល​ដែល​រមូរ​នៅ​សមុទ្រ​ស្លាប់​បាន​ត្រូវ​រក​ឃើញ​នៅ​ឆ្នាំ​១៩៤៧ បណ្ឌិត​គម្ពីរ​ឥឡូវ​អាច​ប្រៀប​ធៀប​ឯកសារ​ម៉ាសុរិត​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ជា​មួយ​នឹង​រមូរ​គម្ពីរ​ដែល​មើល​ទៅ​បាន​សរសេរ​ទុក​ជាង​រាប់​ពាន់​ឆ្នាំ​មុន។ សមាជិក​នៃ​ក្រុម​ពិនិត្យ​មើល​រមូរ​នៅ​សមុទ្រ​ស្លាប់​បាន​ប្រាប់​ថា​រមូរ​មួយ​«​អាច​ផ្ដល់​ភ័ស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​ការ​ចម្លង​ឯកសារ​នៃ​គម្ពីរ​ដោយ​ដៃ​របស់​ជន​ជាតិ​យ៉ូដា​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​និង​ហ្មត់​ចត់​មែន​»។

បណ្ណាល័យ​ឆេសធឺ​ ប៊ីធី​នៅ​ក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់​មាន​បណ្ដុំ​ក្រ​ដាស់​ដែល​ធ្វើ​ពី​ដើម​កក់​ម្យ៉ាង​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​សឹង​តែ​ទាំង​អស់។ បណ្ណាល័យ​នោះ​ក៏​មាន​ឯកសារ​គម្ពីរ​ផ្សេង​ៗ​ពី​សតវត្សរ៍​ទី​២ គ.ស.​ដែល​ទើប​តែ​បាន​ត្រូវ​ចម្លង​ជាង​១០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់។ វិច​នា​នុក្រម​ខាង​គម្ពីរ​មួយ(The Anchor Bible Dictionary) កត់​សម្គាល់​ថា​៖​«​ឯកសារ​ដែល​ធ្វើ​ពី​ដើម​កក់​មិន​ត្រឹម​តែ​បាន​ផ្ដល់​ព័ត៌មាន​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្ហាញ​ដែរ​ថា​សេចក្ដី​ចម្លង​នៃ​គម្ពីរ​គឺ​តែង​តែ​ត្រឹម​ត្រូវ​»។

​«​យើង​អាច​និយាយ​ប្រាកដ​ថា​គ្មាន​សៀ​ភៅ​បុរាណ​ណា​ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​គម្ពីរ​នោះ​ទេ​»។

លទ្ធផល: ជា​ជាង​ធ្វើ​ឲ្យ​បាត់​បង់​ដំណឹង​នៃ​គម្ពីរ ឯកសារ​គម្ពីរ​បុរាណ​ដ៏​សន្ធឹក​ដែល​បាន​ត្រូវ​រក​ឃើញ​បាន​ធ្វើ​ឲ្យ​ដំណឹង​នោះ​កាន់​តែ​ច្បាស់​ទៅ​វិញ។ លោក​ហ្វ្រេដេរិក ខេនយ៉ន់​បាន​សរសេរ​អំពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ថា​៖​«​គ្មាន​សៀ​ភៅ​បុរាណ​ណា​មួយ​ដែល​មាន​ឯកសារ​ជា​ច្រើន​ដែល​បាន​ត្រូវ​ចម្លង​តាំង​ពី​យូរ​ដូច្នេះ​ទេ។ គ្មាន​បណ្ឌិត​មិន​លម្អៀង​ណា​ម្នាក់​ដែល​នឹង​បដិសេធ​ថា​គម្ពីរ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​គឺ​ត្រឹម​ត្រូវ​ឡើយ​»។ បន្ថែម​ទៅ​ទៀត បណ្ឌិត​គម្ពីរ​វីល្លាម ហេនរី ហ្គ្រីន​បាន​និយាយ​អំពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ថា​៖​«​យើង​អាច​និយាយ​ប្រាកដ​ថា​គ្មាន​សៀ​ភៅ​បុរាណ​ណា​ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​គម្ពីរ​នោះ​ទេ​»។

^ វគ្គ 6 សូម​មើល​ព័ត៌មាន​បន្ថែម​នៅ​សៀវភៅ​ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ លេខ​១​និង​២​នៅ​គេហទំព័រ www.pr418.com/km