លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យណូអែល?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យណូអែល?

អ្វី​ដែល​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ

 រឿង​មិន​ពិត: មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​បុណ្យ​ណូអែល ដោយ​សារ​ពួក​គេ​មិន​ជឿ​ទៅ​លើ​លោក​យេស៊ូ។

 រឿង​ពិត: យើង​ជា​គ្រិស្ត​សាសនិក។ យើង​ជឿ​ថា​សេចក្ដី​សង្គ្រោះ គឺ​មក​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​តែ​ប៉ុណ្ណោះ។—សកម្មភាព ៤:១២

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គេ​បែក​បាក់​គ្នា ដោយ​បង្រៀន​សមាជិក​ក្រុម​គ្រួសារ​គេ​មិន​ឲ្យ​ធ្វើ​បុណ្យ​ណូអែល។

 រឿង​ពិត: យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ ហើយ​យើង​ប្រើ​គម្ពីរ​បរិសុទ្ធ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ។

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​បាត់​បង់​ឱកាស​សប្បាយ​និង​មិន​បាន​ទទួល​ប្រយោជន៍​ពី​«​ថ្ងៃ​បុណ្យ​ណូអែល​»​ ដោយ​សារ​ពេល​នោះ​ជា​ឱកាស​ដែល​មនុស្ស​បង្ហាញ​ចិត្ត​ទូលាយ មាន​សន្តិភាព​នៅ​ផែនដី និង​មនុស្ស​បង្ហាញ​សន្ដាន​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

 រឿង​ពិត: រៀង​រាល់​ថ្ងៃ យើង​ព្យាយាម​បង្ហាញ​ចិត្ត​ទូលាយ និង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។ (​សុភាសិត ១១:២៥; រ៉ូម ១២:១៨​) ជា​ឧទាហរណ៍ របៀប​ដែល​យើង​ដឹក​នាំ​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ​គឺ​ស្រប​តាម​ការ​ណែ​នាំ​របស់​លោក​យេស៊ូ​ដែល​ថា​៖​«​អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​»។ (​ម៉ាថាយ ១០:៨​) បន្ថែម​ទៅ​ទៀត យើង​ផ្សព្វ​ផ្សាយ​ដោយ​លើក​បញ្ជាក់​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​សេចក្ដី​សង្ឃឹម​ពិត​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី។—ម៉ាថាយ ១០:៧

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​បុណ្យ​ណូអែល?

  •   លោក​យេស៊ូ​បង្គាប់​យើង​ឲ្យ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក មិន​មែន​ធ្វើ​ពិធី​នៅ​ថ្ងៃ​ដែល​លោក​កើត​ទេ។—លូកា ២២:១៩, ២០

  •   សាវ័ក​របស់​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​នៅ​សម័យ​មុន មិន​ធ្វើ​បុណ្យ​ណូអែល​ទេ។ យោង​ទៅ​តាម​ឯកសារ​មួយ​ថា​៖​«​ពិធី​បុណ្យ​ខួប​កំណើត​លោក​យេស៊ូ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោយ​ឆ្នាំ​២៤៣ គ.ស.​»​ (​New Catholic Encyclopedia​)។ ដូច្នេះ ជាង​១០០​ឆ្នាំ​បន្ទាប់​ពី​ពួក​សាវ័ក​ចុង​ក្រោយ​របស់​លោក​យេស៊ូ​ស្លាប់ នោះ​បុណ្យ​ខួប​កំណើត​របស់​លោក​យេស៊ូ​បាន​ត្រូវ​គេ​ធ្វើ​ឡើង។

  •   គ្មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ទេ ហើយ​ក្នុង​គម្ពីរ​ក៏​មិន​បាន​កត់​ទុក​ថ្ងៃ​កំណើត​របស់​លោក​យេស៊ូ​ដែរ។

  •   យើង​ជឿ​ថា ព្រះ​មិន​ពេញ​ចិត្ត​នឹង​បុណ្យ​ណូអែល​ទេ ពីព្រោះ​បុណ្យ​នេះ​មាន​ដើម​កំណើត​មក​ពី​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត។—កូរិនថូស​ទី​២ ៦:១៧

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មិន​ព្រម​ធ្វើ​បុណ្យ​ណូអែល​ដូច​អ្នក​ឯ​ទៀត?

 មនុស្ស​ជា​ច្រើន​ធ្វើ​បុណ្យ​ណូអែល ទោះ​ជា​ពួក​គេ​ដឹង​ថា​បុណ្យ​នោះ​មាន​ដើម​កំណើត​មក​ពី​សាសនា​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ពី​គម្ពីរ​ក្ដី។ ដូច្នេះ​ហើយ ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​គ្រិស្ត​សាសនិក​ចាំ​បាច់​ធ្វើ​អ្វី​ដែល​អ្នក​ឯ​ទៀត​មិន​ចូល​ចិត្ត? ហេតុ​អ្វី​ក៏​មិន​ធ្វើ​ដូច​គេ​ឯង​ទៅ?

 គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ពិចារណា​ដោយ​ខ្លួន​ឯង និង​ប្រើ​«​សមត្ថភាព​រិះ​គិត​»។ (​រ៉ូម ១២:១, ២​) គម្ពីរ​បង្រៀន​យើង​ឲ្យ​ស្គាល់​តម្លៃ​នៃ​សេចក្ដី​ពិត។ (​យ៉ូហាន ៤:២៣, ២៤​) ពិត​មែន​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត តែ​យើង​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ ទោះ​បី​ជា​ការ​ធ្វើ​ដូច្នោះ​នាំ​ឲ្យ​អ្នក​ទៀត​មិន​ពេញ​ចិត្ត​នឹង​យើង​ក្ដី។

 ទោះ​ជា​យើង​មិន​ធ្វើ​បុណ្យ​ណូអែល​ក៏​ដោយ តែ​យើង​គោរព​សិទ្ធិ​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ការ​សម្រេច​ចិត្ត​អំពី​រឿង​នេះ។ យើង​មិន​រំខាន​អ្នក​ឯ​ទៀត​ធ្វើ​បុណ្យ​ណូអែល​ទេ។