លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

ខ្ញុំបានកោតស្ងើចចំពោះចម្លើយដែលច្បាស់និងសមហេតុផលពីគម្ពីរ

ខ្ញុំបានកោតស្ងើចចំពោះចម្លើយដែលច្បាស់និងសមហេតុផលពីគម្ពីរ
  • ឆ្នាំកំណើត: ១៩៤៨

  • ប្រទេសកំណើត: ហុងគ្រី

  • ប្រវត្ដិ: ចង់បានយ៉ាងខ្លាំងនូវចម្លើយចំពោះចម្ងល់អំពីជីវិត

អតីតកាលរបស់ខ្ញុំ:

ខ្ញុំកើតនៅប្រទេសហុងគ្រី ក្នុងក្រុងសេខេសហ្វេហេវ៉ា។ ជាង១.០០០ឆ្នាំមកហើយ ក្រុងនេះធ្លាប់មានព្រឹត្ដិការណ៍ល្បីក្នុងប្រវត្ដិសាស្ដ្រ។ គួរឲ្យស្តាយណាស់ ខ្ញុំនៅតែនឹកឃើញសភាពនៃទីក្រុងនោះ ក្រោយពីការបំផ្លិចបំផ្លាញដែលបន្សល់ទុកពីសង្គ្រាមលោកលើកទី២។

យាយតារបស់ខ្ញុំបានចិញ្ចឹមអប់រំខ្ញុំតាំងពីក្មេងមក។ ពេលខ្ញុំនឹកដល់ពួកគាត់ ខ្ញុំមានអារម្មណ៍កក់ក្ដៅ ជាពិសេសយាយរបស់ខ្ញុំ គាត់ឈ្មោះអេលីសាបិត។ គាត់បានបង្រៀនខ្ញុំឲ្យមានជំនឿមាំមួនលើព្រះ។ រាល់យប់ តាំងពីខ្ញុំអាយុឆ្នាំមកម៉្លេះ ខ្ញុំសូត្រតាមយាយនូវពាក្យដែលគេនិយមហៅថាសេចក្ដីអធិដ្ឋានរបស់លោកម្ចាស់។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនយល់អត្ថន័យនៃសេចក្ដីអធិដ្ឋាននោះរហូតដល់ខ្ញុំមានអាយុជិត៣០ឆ្នាំ។

យាយតារបស់ខ្ញុំមើលថែខ្ញុំតាំងពីក្មេងមក ដោយសារឪពុកម្ដាយរបស់ខ្ញុំរវល់ធ្វើការទាំងយប់ទាំងថ្ងៃ។ ពួកគាត់សង្ឃឹមថានឹងសន្សំលុយឲ្យបានគ្រប់គ្រាន់ដើម្បីទិញផ្ទះសមរម្យមួយ។ ទោះជាពួកគាត់រវល់ធ្វើការក៏ដោយ រៀងរាល់ថ្ងៃសៅរ៍ពីរសប្ដាហ៍ម្ដង គ្រួសារយើងទាំងមូលជួបជុំពិសារអាហារជាមួយគ្នា។ ពេលនោះជាគ្រាដ៏សប្បាយណាស់សម្រាប់ខ្ញុំ។

នៅឆ្នាំ១៩៥៨ ក្ដីស្រមៃរបស់ឪពុកម្ដាយខ្ញុំបានក្លាយជាការពិត ពីព្រោះពួកគាត់បានទិញផ្ទះមួយសម្រាប់យើងទាំងបីនាក់។ នៅទីបំផុត ខ្ញុំអាចរស់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្ដខ្លាំងណាស់! ក៏ប៉ុន្ដែ ៦ខែក្រោយមក សុភមង្គលគ្រួសាររបស់យើងបានរលាយបាត់មួយរំពេច ដោយសារឪពុករបស់ខ្ញុំបានស្លាប់ដោយជំងឺមហារីក។

ខ្ញុំកើតទុក្ខខ្លាំងមែនទែន។ ពេលនោះខ្ញុំបានអធិដ្ឋានទៅព្រះថា«ព្រះអើយ ខ្ញុំបានអង្វរលោកឲ្យជួយឪពុកខ្ញុំផង។ ខ្ញុំពិតជាត្រូវការគាត់ណាស់។ ហេតុអ្វីលោកមិនឆ្លើយតបសេចក្ដីអធិដ្ឋានរបស់ខ្ញុំ?»។ បន្ថែមទៀត ខ្ញុំពិតជាចង់ដឹងថាក្រោយពីស្លាប់ តើឪពុកខ្ញុំទៅកន្លែងណា? ខ្ញុំឆ្ងល់ថា៖ ‹តើគាត់ទៅស្ថានសួគ៌ ឬក៏គាត់លែងមានជីវិតទៀត?›។ ខ្ញុំបានច្រណែននឹងក្មេងទៀតដែលមានឪពុក។

អស់ជាច្រើនឆ្នាំ ខ្ញុំបានទៅផ្នូរឪពុកខ្ញុំស្ទើរតែរាល់ថ្ងៃ។ ខ្ញុំលុតជង្គង់ ហើយអធិដ្ឋានថា«ព្រះអើយ សូមលោកមេត្ដាប្រាប់ខ្ញុំថាឪពុកខ្ញុំបានទៅទីណា?»។ ខ្ញុំក៏បានអធិដ្ឋានសុំជំនួយដើម្បីយល់អំពីអត្ថន័យនៃជីវិតដែរ។

ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំសម្រេចចិត្ដរៀនភាសាអាឡឺម៉ង់។ ខ្ញុំបានគិតថាប្រទេសអាឡឺម៉ង់មានសៀវភៅអក្សរសាស្ដ្រជាច្រើន ហើយខ្ញុំប្រហែលជាអាចរកឃើញចម្លើយចំពោះសំណួររបស់ខ្ញុំ។ នៅឆ្នាំ១៩៦៧ ខ្ញុំចាប់ផ្ដើមរៀននៅក្រុងជេនណាដែលនៅពេលនោះស្ថិតនៅអាឡឺម៉ង់ខាងកើត។ ខ្ញុំបានអានសៀវភៅជាច្រើនរបស់ទស្សនវិទូអាឡឺម៉ង់ដោយយកចិត្ដទុកដាក់ ជាពិសេសសៀវភៅដែលរៀបរាប់អំពីអត្ថន័យនៃជីវិតមនុស្សជាតិ។ ទោះបីជាខ្ញុំបានរកឃើញទស្សនៈខ្លះដែលគួរឲ្យចាប់អារម្មណ៍ក៏ដោយ តែគ្មានទស្សនៈណាមួយដែលធ្វើឲ្យខ្ញុំអស់ចម្ងល់ឡើយ។ ដូច្នេះ ខ្ញុំបន្ដអធិដ្ឋានសុំចម្លើយពីព្រះ។

វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:

នៅឆ្នាំ១៩៧០ ខ្ញុំបានត្រឡប់ទៅប្រទេសហុងគ្រីវិញ ហើយខ្ញុំបានជួបស្ដ្រីម្នាក់ ឈ្មោះរ៉ូសដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។ នៅពេលនោះ ប្រទេសហុងគ្រីនៅក្រោមរបបកុម្មុយនីស្ដ។ មិនយូរប៉ុន្មានក្រោយពីយើងបានរៀបការ យើងរត់ភៀសខ្លួនទៅប្រទេសអូទ្រីស។ គោលដៅរបស់យើងគឺចង់ទៅរស់នៅប្រទេសអូស្ត្រាលី ក្រុងស៊ីដនីជាកន្លែងដែលពូរបស់ខ្ញុំរស់នៅ។

មិនយូរប៉ុន្មានក្រោយមក ខ្ញុំមានការងារធ្វើនៅប្រទេសអូទ្រីស។ នៅថ្ងៃមួយ អ្នករួមការងារម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំអាចរកចម្លើយចំពោះសំណួរទាំងអស់របស់ខ្ញុំក្នុងគម្ពីរ។ គាត់បានឲ្យសៀវភៅពីរក្បាលដែលពន្យល់អំពីគម្ពីរ។ ខ្ញុំបានអានសៀវភៅទាំងនោះភ្លាមៗ និងដោយចិត្ដរំភើប ហើយខ្ញុំចង់ដឹងថែមទៀត។ ម៉្លោះហើយ ខ្ញុំបានសរសេរសំបុត្រទៅអង្គការរបស់សាក្សីព្រះយេហូវ៉ាដែលជាអ្នកបោះពុម្ពផ្សាយសៀវភៅទាំងនោះ ដើម្បីស្នើសុំសៀវភៅថែមទៀត។

នៅថ្ងៃខួបអាពាហ៍ពិពាហ៍ទី១របស់យើង សាក្សីព្រះយេហូវ៉ាជនជាតិអូទ្រីសវ័យក្មេងម្នាក់បានមកជួបខ្ញុំនិងរ៉ូស។ គាត់បានឲ្យសៀវភៅដែលខ្ញុំបានស្នើសុំ ហើយបានស្នើបង្រៀនខ្ញុំអំពីគម្ពីរ។ ខ្ញុំយល់ព្រមរៀនគម្ពីរជាមួយនឹងគាត់។ ដោយសារខ្ញុំពិតជាចង់រៀន គាត់បានបង្រៀនខ្ញុំពីរដងក្នុងមួយសប្ដាហ៍ ហើយម្ដងមានរយៈពេលប្រហែលជាបួនម៉ោង!

ខ្ញុំពិតជារំភើបចិត្ដណាស់នូវអ្វីដែលខ្ញុំបានរៀនពីគម្ពីរតាមរយៈសាក្សីព្រះយេហូវ៉ា។ ពេលពួកគេបង្ហាញខ្ញុំអំពីនាមរបស់ព្រះយេហូវ៉ាក្នុងគម្ពីរជាភាសាហុងគ្រី ខ្ញុំពិតជាពិបាកជឿមែន។ ខ្ញុំបានទៅវិហារអស់២៧ឆ្នាំហើយ តែខ្ញុំមិនដែលនាមរបស់ព្រះសោះ សូម្បីតែម្ដង។ ខ្ញុំបានកោតស្ងើចចំពោះចម្លើយដែលច្បាស់និងសមហេតុផលពីគម្ពីរ។ ជាឧទាហរណ៍ ខ្ញុំបានរៀនថាមនុស្សស្លាប់គឺមិនដឹងអ្វីឡើយ ប្រៀបដូចជាដេកលក់ស៊ប់។ (សាស្តា ៩:៥, ១០; យ៉ូហាន ១១:១១-១៥) បន្ថែមទៀត ខ្ញុំបានរៀនអំពីសេចក្ដីសន្យារបស់ព្រះក្នុងគម្ពីរស្ដីអំពីពិភពលោកថ្មីដែលនៅទីនោះ«សេចក្ដីស្លាប់នឹងលែងមានទៀត»។ (ការបើកបង្ហាញ ២១:៣, ៤) ខ្ញុំសង្ឃឹមថានឹងជួបឪពុកខ្ញុំម្ដងទៀត ពីព្រោះក្នុងពិភពលោកថ្មី មនុស្សស្លាប់នឹងត្រូវ«ប្រោសឲ្យរស់ឡើងវិញ»។—សកម្មភាព ២៤:១៥

រ៉ូសបានចូលរួមរៀនគម្ពីរជាមួយនឹងខ្ញុំអស់ពីចិត្ដ។ យើងបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានបញ្ចប់សៀវភៅសិក្សានោះក្នុងរយៈពេលតែខែប៉ុណ្ណោះ។ យើងចូលរួមកិច្ចប្រជុំទាំងអស់នៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ យើងកោតស្ងើចយ៉ាងខ្លាំងចំពោះសេចក្ដីស្រឡាញ់ ការចេះជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពក្នុងចំណោមសាក្សីព្រះយេហូវ៉ា។—យ៉ូហាន ១៣:៣៤, ៣៥

នៅឆ្នាំ១៩៧៦ រ៉ូសនិងខ្ញុំបានទទួលការអនុញ្ញាតឲ្យទៅរស់នៅប្រទេសអូស្ត្រាលី។ ពេលយើងទៅដល់ប្រទេសនោះ យើងបានទាក់ទងសាក្សីព្រះយេហូវ៉ាភ្លាមៗ។ សាក្សីព្រះយេហូវ៉ានៅទីនោះបានទទួលស្វាគមន៍យើងយ៉ាងកក់ក្ដៅ។ នៅឆ្នាំ១៩៧៨ យើងបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។

ផលប្រយោជន៍ដែលខ្ញុំទទួល:

នៅទីបំផុត ខ្ញុំបានរកឃើញចម្លើយចំពោះសំណួរដែលរំខានចិត្ដខ្ញុំយូរហើយ។ ដោយចូលទៅជិតព្រះយេហូវ៉ា ខ្ញុំបានរកឃើញឪពុកដ៏ល្អបំផុត។ (យ៉ាកុប ៤:៨) ម្យ៉ាងទៀត សេចក្ដីសង្ឃឹមថានឹងជួបឪពុកបង្កើតរបស់ខ្ញុំម្ដងទៀតនៅពិភពលោកថ្មីដែលនឹងមកដល់ គឺមានសារៈសំខាន់ចំពោះខ្ញុំខ្លាំងណាស់។—យ៉ូហាន ៥:២៨, ២៩

នៅឆ្នាំ១៩៨៩ រ៉ូសនិងខ្ញុំបានសម្រេចចិត្ដត្រឡប់ទៅប្រទេសហុងគ្រីវិញ ដើម្បីផ្សព្វផ្សាយអំពីជំនឿរបស់យើងដល់មិត្ដភក្ដិនិងក្រុមគ្រួសារ ព្រមទាំងមនុស្សទាំងអស់ដែលយើងជួប។ យើងបានមានឯកសិទ្ធិបង្រៀនគម្ពីរដល់មនុស្សរាប់រយនាក់។ ក្នុងចំណោមពួកគេ មានមនុស្សជាង៧០នាក់បានចូលរួមជាមួយនឹងយើងក្នុងកិច្ចបម្រើព្រះយេហូវ៉ា ក្នុងនោះក៏មានម្ដាយជាទីស្រឡាញ់របស់ខ្ញុំផងដែរ។

អស់រយៈពេល១៧ឆ្នាំ ខ្ញុំបានអធិដ្ឋានសុំរកចម្លើយចំពោះសំណួររបស់ខ្ញុំ។ ក្រោយពីរកឃើញចម្លើយហើយ ៣៩ឆ្នាំបានកន្លងទៅ។ ខ្ញុំនៅតែអធិដ្ឋាន តែខ្ញុំអធិដ្ឋានថា«អរគុណ បិតានៅស្ថានសួគ៌ ដែលលោកបានឆ្លើយតបចំពោះសំណួរដែលខ្ញុំបានអធិដ្ឋានកាលពីនៅក្មេង»។