លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អារម្មណ៍

អារម្មណ៍

គម្ពីរ​ព្រមាន​អំពី​អារម្មណ៍​ដែល​នាំ​ឲ្យ​អន្តរាយ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បណ្ដុះ​ឲ្យ​មាន​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍។

កំហឹង

គោល​ការណ៍​គម្ពីរ: ​«​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង​»។—សុភាសិត ១៦:៣២

អត្ថន័យ: យើង​ទទួល​ប្រយោជន៍​ពេល​យើង​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​យើង។ ជួន​កាល​យើង​ប្រហែល​ខឹង​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ តែ​បើ​យើង​មិន​គ្រប់​គ្រង​កំហឹង​យើង នេះ​អាច​នាំ​ឲ្យ​អន្តរាយ។ ពួក​អ្នក​ស្រាវ​ជ្រាវ​នៅ​សម័យ​នេះ​បញ្ជាក់​ថា ពេល​មនុស្ស​ខឹង គេ​មិន​តែង​តែ​គិត​យ៉ាង​ច្បាស់​លាស់ ហើយ​ច្រើន​តែ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គេ​ស្ដាយ​ក្រោយ។

អ្វី​ដែល​អ្នក​អាច​ធ្វើ: រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​មុន​វា​គ្រប់​គ្រង​អ្នក​វិញ។ មនុស្ស​ខ្លះ​គិត​ថា​ការ​បញ្ចេញ​កំហឹង​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​ពួក​គេ​ខ្លាំង តែ​តាម​ពិត​ពួក​គេ​ជា​មនុស្ស​ខ្សោយ​ទៅ​វិញ ព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់​គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទីក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង​»។ (​សុភាសិត ២៥:២៨​) វិធី​មួយ​ដើម្បី​ជួយ​ឲ្យ​យើង​ទប់​កំហឹង​គឺ​យល់​ការ​ពិត​ច្បាស់ មុន​និយាយ​ឬ​ធ្វើ​អ្វី​មួយ។ គម្ពីរ​រៀប​រាប់​ថា​៖ ​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង​»។ (​សុភាសិត ១៩:១១​) ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ពិចារណា​អំពី​រឿង​ទាំង​អស់ ព្រោះ​នេះ​អាច​ជួយ​ឲ្យ​យើង​យល់​ធ្លុះ​ជ្រៅ​អំពី​រឿង​នោះ ហើយ​អាច​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​អារម្មណ៍។

ចិត្ត​ដឹង​គុណ

គោល​ការណ៍​គម្ពីរ: ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។—កូឡុស ៣:១៥

អត្ថន័យ: គេ​ធ្លាប់​និយាយ​ថា បុគ្គល​ដែល​មាន​ចិត្ត​ដឹង​គុណ​ប៉ុណ្ណោះ​អាច​មាន​សុភមង្គល។ សូម្បី​តែ​អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​យ៉ាង​អាណោចអាធ័ម ឬ​បាត់​បង់​អ្វី​មួយ​ដែល​មាន​តម្លៃ ក៏​ឯកភាព​ដែរ។ ពួក​គេ​ថា​អ្វី​ដែល​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​របស់​ពួក​គេ គឺ​ការ​មាន​ចិត្ត​ដឹង​គុណចំពោះ​អ្វី​ដែល​ពួក​គេ​នៅ​តែ​មាន ជា​ជាង​គិត​ជា​និច្ច​អំពី​អ្វី​ដែល​ពួក​គេ​បាត់​បង់​នោះ។

អ្វី​ដែល​អ្នក​អាច​ធ្វើ: រាល់​ថ្ងៃ សូម​គិត​ឬ​កត់​ទុក​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​ដឹង​គុណ។ នេះ​មិន​ចាំ​បាច់​ជា​អ្វី​ដែល​ធំ​ដុំ​ទេ។ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​តូច​តាច​ដែរ ដូច​ជា​ថ្ងៃ​រះ​ដ៏​សែន​ស្អាត ការ​និយាយ​លេង​យ៉ាង​សប្បាយ​ជា​មួយ​បង​ប្អូន​ជា​ទី​ស្រឡាញ់ ឬ​ការ​មាន​ជីវិត​មួយ​ថ្ងៃ​ទៀត។ អ្វី​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​អ្នក​សប្បាយ​ជាង បើ​អ្នក​គិត ហើយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ទាំង​នោះ។

ការ​គិត​អំពី​មូលហេតុ​ដែល​អ្នក​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​ណាស់។ ពេល​អ្នក​ដឹង​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ​ចំពោះ​បុគ្គល​ម្នាក់ សូម​ប្រាប់​គាត់​ដោយ​ផ្ទាល់ ឬ​សរសេរ​សំបុត្រ ផ្ញើ​អ៊ីមែល ឬ​ផ្ញើ​សារ។ ការ​ធ្វើ​ដូច្នេះ​ទំនង​ជា​ពង្រឹង​ចំណង​មិត្តភាព​រវាង​អ្នក​និង​គាត់ ហើយ​ជួយ​អ្នក​ឲ្យ​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ។—សកម្មភាព ២០:៣៥

គោល​ការណ៍​គម្ពីរ​ឯ​ទៀត

អ្នក​អាច​ថត​ចម្លង​ឯកសារ​សំឡេង​ដែល​ជា​អំណាន​គម្ពីរ។ ឯកសារ​សំឡេង​ទាំង​នេះ​មាន​ជាង​៤០​ភាសា​នៅ​គេហទំព័រ​jw.org

ដើរ​ចេញ​ពេល​មាន​ជម្លោះ

​«​ការ​ចាប់​ផ្ដើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង​»។—សុភាសិត ១៧:១៤

កុំ​ព្រួយ​ហួស​ហេតុ​ពេក​អំពី​អនាគត

​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។—ម៉ាថាយ ៦:៣៤

គិត​ឲ្យ​បាន​ដិត​ដល់ ជា​ជាង​មាន​ប្រតិកម្ម​តាម​អារម្មណ៍​ប៉ុណ្ណោះ

​«​គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោបល់​នឹង​ថែ​រក្សា​ឯង​»។—សុភាសិត ២:១១