លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទុក្ខវេទនា តើជាការដាក់ទោសពីព្រះឬ?

ទុក្ខវេទនា តើជាការដាក់ទោសពីព្រះឬ?

លូសៀ​ពិបាក​ប្រើ​ជើង​ឆ្វេង​របស់​នាង។ កាល​នាង​នៅ​តូច នាង​បាន​ឆ្លង​មេ​រោគ​ដែល​បង្ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​រូប​កាយ។ ពេល​នាង​អាយុ​១៦​ឆ្នាំ ស្ត្រី​ម្នាក់​ដែល​លូសៀ​បាន​ធ្វើ​ការ​ឲ្យ ប្រាប់​នាង​ថា​៖ ​«​ព្រះ​ដាក់​ទោស​ឯង​ឲ្យ​ពិការ​ដោយ​សារ​ឯង​មិន​ស្ដាប់​បង្គាប់ និង​កាច​ដាក់​ម្ដាយ​ឯង​»។ ច្រើន​ឆ្នាំ​ក្រោយ​មក លូសៀ​នៅ​តែ​ចាំ​អារម្មណ៍​ខ្ទេច​ខ្ទាំ​របស់​នាង​នៅ​ពេល​នោះ។

ពេល​ដាម៉ារីស​បាន​ដឹង​ថា នាង​មាន​ជំងឺ​មហា​រីក​ខួរ​ក្បាល ឪពុក​នាង​បាន​សួរ​នាង​ថា​៖ ​«​តើ​ឯង​បាន​ធ្វើ​អ្វី​ខ្លះ​បាន​ជា​រឿង​នេះ​កើត​ឡើង​មក​លើ​ឯង? ឯង​ច្បាស់​ជា​បាន​ធ្វើ​អ្វី​ដ៏​អាក្រក់​ហើយ បាន​ជា​ព្រះ​ដាក់​ទោស​ឯង​»។ ពាក្យ​សម្ដី​របស់​គាត់​ធ្វើ​ឲ្យ​ដាម៉ារីស​ឈឺ​ចិត្ត​ខ្លាំង​ណាស់។

អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​ជឿ​ថា​ជំងឺ​គឺ​ជា​ការ​ដាក់​ទោស​ពី​ព្រះ។ សៀវភៅ​មួយ​រៀប​រាប់​ថា មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​សម័យ​របស់​គ្រិស្ត​ជឿ​ថា ​«​ជំងឺ​គឺ​បណ្ដាល​មក​ពី​ពួក​គេ​ផ្ទាល់​ប្រព្រឹត្ត​ខុស​ឆ្គង ឬ​មក​ពី​សាច់​ញាតិ​របស់​ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង ហើយ​ថា​គឺ​ជា​ការ​ដាក់​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ​»។ (​Manners and Customs of Bible Lands​) ម្យ៉ាង​ទៀត សៀវភៅ​មួយ​សរសេរ​ថា នៅ​ជា​ច្រើន​សតវត្សរ៍​ក្រោយ​គ្រិស្ត ​«​មនុស្ស​ខ្លះ​ជឿ​ថា​ព្រះ​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​ដើម្បី​ដាក់​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​»។ (​Medieval Medicine and the Plague​) ដូច្នេះ ពេល​មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ដែល​មក​ពី​ជំងឺ​នៅ​សតវត្សរ៍​ទី​១៤ តើ​ជំងឺ​នោះ​ជា​ការ​ដាក់​ទោស​ពី​ព្រះ​ទៅ​លើ​មនុស្ស​អាក្រក់​ឬ? ឬ​តើ​គ្រាន់​តែ​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី ដូច​អ្នក​ស្រាវ​ជ្រាវ​ខាង​វេជ្ជសាស្ត្រ​បាន​បញ្ជាក់? មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​ព្រះ​ពិត​ជា​បាន​ប្រើ​ជំងឺ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឬ? *

សូម​ពិចារណា: បើ​ជំងឺ និង​ទុក្ខ​វេទនា​គឺ​ជា​ការ​ដាក់​ទោស​ពី​ព្រះ នោះ​ច្បាស់​ជា​មិន​បញ្ជាក់​អំពី​ភាព​យុត្តិធម៌​និង​ភាព​សុចរិត​របស់​ព្រះ​ទេ មែន​ទេ? ម្យ៉ាង​ទៀត បើ​នេះ​ជា​ការ​ដាក់​ទោស​ពី​ព្រះ​មែន ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ? (​ម៉ាថាយ ៤:២៣, ២៤​) លោក​យេស៊ូ​តែង​តែ​ប្រព្រឹត្ត​តាម​ព្រះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»​ ហើយ​«​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ​»។—យ៉ូហាន ៨:២៩; ១៤:៣១

គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់។ ព្រះ​យេហូវ៉ា​«​មិន​ដែល​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ឡើយ​»។ (​ការ​បំភ្លឺ​ច្បាប់ ៣២:៤​) ជា​ឧទាហរណ៍ ព្រះ​មិន​ដែល​ធ្វើ​ឲ្យ​យន្ត​ហោះ​ធ្លាក់ ដែល​នាំ​ឲ្យ​មនុស្ស​គ្មាន​កំហុស​រាប់​រយ​នាក់​ស្លាប់ ដោយ​សារ​លោក​ចង់​ដាក់​ទោស​មនុស្ស​ម្នាក់​ឡើយ! ស្ដី​អំពី​ភាព​សុចរិត​របស់​ព្រះ អាប្រាហាំ​ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក បាន​និយាយ​ថា​ព្រះ​មិន​ដែល​«​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​ទេ​»។ គាត់​បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​លោក​ប្រាកដ​ជា​មិន​ធ្វើ​ដូច្នោះ​ឡើយ​»។ (​ដើម​កំណើត ១៨:២៣, ២៥​) គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​ព្រះ​មិន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ដាច់​ខាត​»​ ពោល​គឺ​លោក​មិន​«​ធ្វើ​ខុស​»​ទេ។—យ៉ូប ៣៤:១០​-​១២

តើ​គម្ពីរ​បង្រៀន​យើង​អ្វី​អំពី​ទុក្ខ​វេទនា?

ទុក្ខ​វេទនា​មិន​មែន​មក​ពី​ព្រះ​កំពុង​ដាក់​ទោស ដោយ​សារ​កំហុស​ណា​មួយ​របស់​យើង​ទេ។ លោក​យេស៊ូ​ផ្ទាល់​ក៏​បាន​បញ្ជាក់​ច្បាស់​អំពី​ចំណុច​នេះ ពេល​លោក​និង​អ្នក​កាន់​តាម​លោក​បាន​ឃើញ​បុរស​ម្នាក់​ដែល​ងងឹត​ភ្នែក​តាំង​ពី​កំណើត។ ​«​ពួក​អ្នក​កាន់​តាម​ក៏​សួរ​លោក​ថា​៖ ‹រ៉ាប៊ី តើ​បុរស​នេះ​ងងឹត​ភ្នែក​ពី​កំណើត ដោយ​សារ​គាត់​បាន​ធ្វើ​ខុស ឬ​ក៏​ដោយ​សារ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​ខុស?›។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ‹បុរស​នេះ​មិន​បាន​ធ្វើ​ខុស​ទេ ហើយ​ឪពុក​ម្ដាយ​របស់​គាត់​ក៏​មិន​បាន​ធ្វើ​ខុស​ដែរ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​មនុស្ស​អាច​ឃើញ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ›​»។—យ៉ូហាន ៩:១​-​៣

ដោយ​សារ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ​អំពី​រឿង​នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ច្បាស់​ជា​ភ្ញាក់​ផ្អើល ពេល​លោក​បាន​ប្រាប់​ពួក​គេ​ថា បុរស​នេះ​មិន​បាន​ធ្វើ​ខុស ហើយ​ឪពុក​ម្ដាយ​របស់​គាត់​ក៏​មិន​បាន​ធ្វើ​ខុស​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​គាត់​ងងឹត​ភ្នែក​តាំង​ពី​កំណើត។ លោក​យេស៊ូ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​មើល​ឃើញ​ឡើង​វិញ​ទេ ប៉ុន្តែ​ដោយ​ធ្វើ​ដូច្នេះ​លោក​ក៏​បាន​បង្ហាញ​ដែរ​ថា​ជំនឿ​ខុស​ដែល​ថា​ទុក្ខ​វេទនា​គឺ​ជា​ការ​ដាក់​ទោស​ពី​ព្រះ មិន​មែន​ជា​ការ​ពិត​ឡើយ។ (​យ៉ូហាន ៩:៦, ៧​) សព្វ​ថ្ងៃ​នេះ អ្នក​ដែល​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ទុក្ខ​លំបាក​ទេ។

ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ បើ​ព្រះ​ដាក់​ទោស​ពួក​គេ​ដោយ​សារ​អំពើ​ខុស​ឆ្គង?

បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង

  • ​«​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ​»។ (​យ៉ាកុប ១:១៣​) លើស​ពី​នេះ​ទៀត ​«​សេចក្ដី​អាក្រក់​»​ដែល​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​អស់​ជា​ច្រើន​សតវត្សរ៍ រួម​បញ្ចូល​ជំងឺ ការ​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់ មិន​យូរ​ទៀត​នឹង​ត្រូវ​បំបាត់​ចោល។

  • លោក​យេស៊ូ​គ្រិស្ត​«​ក៏​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ​ដែរ​»។ (​ម៉ាថាយ ៨:១៦​) ដោយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មក​ជួប​លោក​ជា​សះ​ស្បើយ បុត្រ​របស់​ព្រះ​បង្ហាញ​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​សម្រេច​នៅ​ទូទាំង​ពិភព​លោក។

  • ​«​លោក​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៣​-​៥

តើ​អ្នក​ណា​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា?

ហេតុ​អ្វី​មនុស្ស​ជួប​ទុក្ខ​វេទនា​និង​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ? មនុស្ស​ឆ្ងល់​អំពី​សំណួរ​នេះ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ បើ​ព្រះ​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា ដូច្នេះ​តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​អត្ថបទ​បន្ទាប់។

^ វគ្គ 4 ទោះ​ជា​នៅ​សម័យ​បុរាណ ពេល​ខ្លះ​ព្រះ​បាន​ដាក់​ទោស​មនុស្ស​ដោយ​សារ​អំពើ​ខុស​ឆ្គង​ណា​មួយ​ក៏​ដោយ តែ​គម្ពីរ​មិន​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ជំងឺ ឬ​ទុក្ខ​វេទនា​ដើម្បី​ដាក់​ទោស​មនុស្ស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឡើយ។