លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរបរិសុទ្ធពិតជាបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក

គម្ពីរបរិសុទ្ធពិតជាបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក

គម្ពីរ​បរិសុទ្ធ​ពិត​ជា​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក

តើ​សាវ័ក​ប៉ូល​ចង់​មាន​ន័យ​អ្វី​ពេល​គាត់​និយាយ​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ«ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»? (ធីម៉ូថេ​ទី​២ ៣:១៦) ប៉ូល​ចង់​និយាយ​ថា ព្រះ​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​សរសេរ​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​សរសេរ​ប៉ុណ្ណោះ។

សាវ័ក​ពេត្រុស​បាន​ពោល​ថា អ្នក​សរសេរ​គម្ពីរ​ទាំង​នេះ«បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ»។ (ពេត្រុស​ទី​២ ១:២១) អាស្រ័យ​ហេតុ​នេះ សាវ័ក​ប៉ូល​អាច​ពណ៌នា​សៀវភៅ​ទាំង​អស់​ក្នុង​គម្ពីរ​ថា​ជា«ឯកសារ​បរិសុទ្ធ​នានា​ដែល​អាច​ធ្វើ​ឲ្យ[លោក]អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ត​យេស៊ូ»។—ធីម៉ូថេ​ទី​២ ៣:១៥

មនុស្ស​ជា​ច្រើន​បដិសេធ​យ៉ាង​ខ្លាំង​ថា​ព្រះ​មិន​មែន​ជា​អ្នក​និពន្ធ​គម្ពីរ​ឡើយ។ អ្នក​បុរាណ​វត្ថុ​វិទ្យា​ឆាល​ម៉ាស្តុន​បាន​ពិពណ៌នា​អំពី​អ្នក​រិះ​គន់​គម្ពីរ​ថា ពួក​គេ«ខ្វះ​ការ​គោរព​ចំពោះ​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់» ហេតុ​នេះ​បាន​ជា​ពួក​គេ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​គម្ពីរ។ អ្នក​ខ្លះ​បាន​ចាត់​ទុក​គម្ពីរ​ថា​ជា«រឿង​ព្រេង​និទាន​ដែល​គេ​ចង​ក្រង​ឡើង»ប៉ុណ្ណោះ។

ចូរ​ពិចារណា​ពី​ទី​សំអាង

តើ​យើង​អាច​ទុក​ចិត្ត​លើ​គម្ពីរ​ឬ​ទេ? គឺ​សំខាន់​ឲ្យ​លោក​អ្នក​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​អំពី​រឿង​នេះ។ ហេតុ​អ្វី? ពី​ព្រោះ​បើ​គម្ពីរ​មាន​ការ​ណែនាំ​ពី​ព្រះ​ផ្ទាល់ នោះ​ការ​មិន​អើពើ​ចំពោះ​គម្ពីរ​គឺ​ជា​ការ​ល្ងង់​ខ្លៅ ឬ​អាច​នាំ​ឲ្យ​អន្តរាយ។ បើ​លោក​អ្នក​មាន​ទស្សនៈ​ថា​គម្ពីរ​គ្រាន់​តែ​ជា​សម្ដី​របស់​មនុស្ស​ជា​ជាង​បណ្ដាំ​របស់​ព្រះ នោះ​លោក​អ្នក​មិន​អាច​ឲ្យ​គម្ពីរ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​ប្រព្រឹត្ត និង​ជំនឿ​របស់​លោក​អ្នក​ទេ។—ថែស្សាឡូនិច​ទី​១ ២:១៣

តើ​លោក​អ្នក​អាច​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច​ថា​លោក​អ្នក​អាច​ទុក​ចិត្ត​លើ​គម្ពីរ? សូម​គិត​ថា តើ​លោក​អ្នក​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច​ថា​ទុក​ចិត្ត​ឬ​មិន​ទុក​ចិត្ត​បុគ្គល​ណា​ម្នាក់​ដែល​លោក​អ្នក​ជួប? គឺ​ពិបាក​ណាស់​ឲ្យ​លោក​អ្នក​ពិត​ជា​ទុក​ចិត្ត​ទៅ​លើ​បុគ្គល​ណា​ដែល​លោក​អ្នក​មិន​សូវ​ស្គាល់ មែន​ទេ? លុះ​ត្រា​តែ​លោក​អ្នក​ស្គាល់​គេ​ច្បាស់​អស់​មួយ​រយៈ​ពេល ទើប​ដឹង​ថា​គេ​ពិត​ជា​ទៀង​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ លោក​អ្នក​អាច​ស្គាល់​គម្ពីរ​តាម​របៀប​ស្រដៀង​គ្នា​ដែរ។ សូម​កុំ​ទទួល​យក​ដោយ​ឥត​គិត​ពិចារណា​នូវ​ទ្រឹស្តី​ដែល​គេ​ប៉ាន់​ស្មាន​ឬ​លម្អៀង​ដែល​ធ្វើ​ឲ្យ​លែង​មាន​ទំនុក​ចិត្ត​លើ​គម្ពីរ។ សូម​ចំណាយ​ពេល​ដើម្បី​ពិចារណា​ទី​សំអាង​ដែល​គាំទ្រ​ការ​អះអាង​នៃ​គម្ពីរ​ដែល​ថា​បាន​ត្រូវ​សរសេរ«ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»។

ការ​វាយ​ប្រហារ​ពី​អ្នក​ដែល​អះអាង​ថា​ជា​អ្នក​គាំទ្រ​គម្ពីរ

អ្នក​ខ្លះ​ដែល​អះអាង​ថា​ជា​អ្នក​គាំទ្រ​គម្ពីរ​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​គម្ពីរ ហើយ​ចោទ​ថា​គម្ពីរ​ជា​សៀវភៅ​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ទេ។ កុំ​ឲ្យ​អ្វី​នេះ​ធ្វើ​ឲ្យ​លោក​អ្នក​រសាយ​ចិត្តទាល់​តែ​សោះ។ សៀវភៅ​មួយ​បាន​ចែង​ថា សព្វ​ថ្ងៃ ទោះ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ភាគ​ច្រើន​អំពី​គម្ពីរ​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ក៏​ដោយ តែ​ពួក​គេ«និយាយ​អំពី​បទ​គម្ពីរ​ថា​ជា​សំណេរ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ» (New Dictionary of Theology)។

សាសនវិទូ​ជា​ច្រើន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​និយាយ​ថា​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ មិន​បាន​សរសេរ​សៀវភៅ​អេសាយ​ឡើយ។ គេ​បាន​ចោទ​ថា សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​យូរ​ឆ្នាំ​ក្រោយ​សម័យ​អេសាយ។ សៀវភៅ​មួយ​ដែល​ធ្វើ​អត្ថាធិប្បាយ​អំពី​គម្ពីរ​ចែង​ថា សៀវភៅ​អេសាយ​ជា«ស្នា​ដៃ​របស់​មនុស្ស​ជា​ច្រើន​ដែល​មក​ពី​ជំនាន់​ផ្សេង​ៗ»។ (Concise Bible Commentary) ប៉ុន្តែ ការ​អះអាង​នេះ​បំភ្លេច​ថា ម្ដង​ហើយ​ម្ដង​ទៀត​លោក​យេស៊ូ​គ្រិស្ត​និង​អ្នក​កាន់​តាម​លោក​បាន​ចាត់​ទុក​អេសាយ​ថា​ជា​អ្នក​សរសេរ​សៀវភៅ​នោះ។—ម៉ាថាយ ៣:៣; ១៥:៧; លូកា ៤:១៧; យ៉ូហាន ១២:៣៨​-​៤១; រ៉ូម ៩:២៧, ២៩

អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​រិះ​គន់​គម្ពីរ​ដូច​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ឈ្មោះ យ៉ូន ឌុំមេឡូ បាន​និយាយ​ថា ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល«តាម​ពិត​ជា​ព្រឹត្ដិការណ៍​ជា​ប្រវត្ដិសាស្ត្រ​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ ដែល​អ្នក​សរសេរ​បាន​យក​មក​ធ្វើ​ជា​ទំនាយ​មួយ»។ ម្ដង​ទៀត ពេល​និយាយ​ដូច្នេះ ពួក​គេ​បំភ្លេច​សក្ខី​ភាព​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដោយ​ផ្ទាល់។ លោក​យេស៊ូ​បាន​ព្រមាន​អំពី​អ្វី​ដែល​លោក​ហៅ​ថា«អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​បំផ្លិច​បំផ្លាញ កំពុង​ឈរ​នៅ​កន្លែង​បរិសុទ្ធ ដូច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​ដានីយ៉ែល»។ (ម៉ាថាយ ២៤:១៥) តើ​សម​ហេតុ​ផល​ឲ្យ​គ្រិស្ត​សាសនិក​ជឿ​ថា​លោក​យេស៊ូ​គ្រិស្ត​ចូល​ដៃ​បំភាន់​គេ ហើយ​គាំទ្រ​ការ​យក​ព្រឹត្ដិការណ៍​ជា​ប្រវត្ដិសាស្ត្រ​មក​ក្លែង​បន្លំ​ជា​ទំនាយ​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ។

តើ​ជា​ការ​សំខាន់​ឬ​ទេ?

អ្នក​ប្រហែល​ជា​សួរ​ថា‹បើ​ដឹង​ថា​នរណា​ជា​អ្នក​សរសេរ​គម្ពីរ តើ​នេះ​ពិត​ជា​ការ​សំខាន់​មែន​ឬ?›។ នេះ​ពិត​ជា​សំខាន់​មែន។ តើ​លោក​អ្នក​ទុក​ចិត្ត​លើ​ឯកសារ​មួយ​ដែល​អះអាង​ថា​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​មិត្ត​ភក្ដិ​ម្នាក់​ឬ​ទេ បើ​នៅ​ទី​បំផុត​គេ​ដឹង​ថា​គាត់​មិន​មែន​ជា​អ្នក​សរសេរ​ឯកសារ​នោះ? ឧបមា​ថា អ្នក​ឯកទេស​ម្នាក់​បាន​ប្រាប់​លោក​អ្នក​ថា​ឯកសារ​នោះ​គឺ​ក្លែង​ក្លាយ​ទេ ហើយ​ថា​អ្នក​ឯ​ទៀត​ដែល​មាន​បំណង​ចិត្ត​ល្អ​បាន​សរសេរ​អ្វី​ដែល​ពួក​គេ​ជឿ​ថា​ជា​ឆន្ទៈ​របស់​មិត្ត​ភក្ដិ​លោក​អ្នក។ នេះ​ធ្វើ​ឲ្យ​ឯកសារ​នោះ​លែង​មាន​តម្លៃ មែន​ទេ? តើ​លោក​អ្នក​មាន​ទំនុក​ចិត្ត​ពិត​ប្រាកដ​ថា​អ្វី​ក្នុង​ឯកសារ​ពិត​ជា​ឆន្ទៈ​របស់​មិត្ត​ភក្ដិ​លោក​អ្នក​ឬ​ទេ?

ចំពោះ​គម្ពីរ​ក៏​ដូច​គ្នា​ដែរ។ មិន​មែន​ជា​ការ​ចម្លែក​ទេ ដែល​មនុស្ស​ជា​ច្រើន​សូម្បី​តែ​អ្នក​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​គិត​ថា ពួក​គេ​មិន​ចាំ​បាច់​យក​ចិត្ត​ទុក​ដាក់​ទេ​នឹង​អ្វី​ដែល​គម្ពីរ​ចែង​ស្តី​អំពី​រឿង​ផ្សេង​ៗ​ដូច​ជា​ភាព​ទៀង​ត្រង់ សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ដើម។ តើ​ប៉ុន្មាន​ដង​ដែល​លោក​អ្នក​ឮ​មនុស្ស​និយាយ​បន្តុះ​បង្អាប់​ថា៖ «ប៉ុន្តែ នេះ​នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់​ទេ!» ហាក់​ដូច​ជា​អ្វី​នោះ​មិន​សូវ​មាន​តម្លៃ​ឡើយ។ មនុស្ស​នៅ​តែ​មាន​ទស្សនៈ​ដូច្នេះ ទោះ​ជា​សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​អ្វី​ដែល​មនុស្ស​ហៅ​ថា​ជា​សញ្ញា​ចាស់​ជា«ឯកសារ​បរិសុទ្ធ»ដែល​បាន​ត្រូវ​សរសេរ«ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»ក៏​ដោយ។

លោក​អ្នក​ប្រហែល​ប្រកែក​ថា‹ប៉ុន្តែ​យើង​មិន​អាច​មិន​អើពើ​នឹង​ទី​សំអាង​ដែល​អ្នក​ឯកទេស​និង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​បាន​រក​ឃើញ​ទេ›។ ត្រូវ​ហើយ យើង​មិន​អាច​ធ្វើ​ដូច្នេះ​ឡើយ! ជា​ឧទាហរណ៍ យើង​ដឹង​គុណ​ចំពោះ​ការ​ស្រាវ​ជ្រាវ​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ជួយ​យើង​ឲ្យ​សម្គាល់​ច្បាប់​ដើម​នៃ​គម្ពីរ​បរិសុទ្ធ។ ពិត​មែន​តែ​ពាក្យ​ខ្លះ​បាន​ត្រូវ​ចម្លង​ខុស​បន្ដិច​បន្តួច​ពី​ឯកសារ​ដើម កាល​ដែល​គេ​ចម្លង​ម្ដង​ហើយ​ម្ដង​ទៀត​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក។ ប៉ុន្តែ សូម​ចាំ​ថា​ការ​ទទួល​ស្គាល់​ថា​មាន​ពាក្យ​ខ្លះ​បាន​ត្រូវ​ចម្លង​ខុស​បន្ដិច​បន្តួច​ពី​ឯកសារ​ដើម និង​ការ​ចាត់​ទុក​គម្ពីរ​ទាំង​មូល​ជា​អ្វី​ដែល​មនុស្ស​ក្លែង​បន្លំ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។

រក្សា​ជំនឿ​លើ«ឯកសារ​បរិសុទ្ធ»

មុន​ប៉ូល​រៀប​រាប់​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​បាន​ប្រាប់​ធីម៉ូថេ​អំពី​មូលហេតុ​ដែល​ចាំ​បាច់​មាន​គម្ពីរ។ គាត់​បាន​និយាយ​ថា៖ «គ្រា​ចុង​ក្រោយ​បង្អស់ . . . មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ ដោយ​បំភាន់​អ្នក​ឯ​ទៀត ព្រម​ទាំង​ត្រូវ​គេ​បំភាន់​ដែរ»។ (ធីម៉ូថេ​ទី​២ ៣:១, ១៣) នៅ​សម័យ​ប៉ូល មាន​មនុស្ស​ខ្លះ​ដែល​មើល​ទៅ​ហាក់​ដូច​ជា‹ពួក​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង› ហើយ​ពួក​គេ​បាន​ប្រើ«ការ​វែក​ញែក​ដែល​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ជឿ»ដើម្បី​បោក​បញ្ឆោត​មនុស្ស និង​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​របស់​ពួក​គេ​លើ​លោក​យេស៊ូ​គ្រិស្ត​ចុះ​ខ្សោយ។ (កូរិនថូស​ទី​១ ១:១៨, ១៩; កូឡុស ២:៤,) ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ឥទ្ធិពល​ពី​ពួក​គេ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​ធីម៉ូថេ​ឲ្យ‹បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​គាត់​បាន​រៀន​តាំង​ពី​គាត់​នៅ​ជា​ទារក​នៅ​ឡើយ តាម​រយៈ​ឯកសារ​បរិសុទ្ធ​នានា›ដែល​ព្រះ​ផ្ដល់​ឲ្យ។—ធីម៉ូថេ​ទី​២ ៣:១៤, ១៥

ជា​ការ​សំខាន់​ឲ្យ​លោក​អ្នក​ធ្វើ​ដូច្នោះ​ដែរ​ក្នុង​អំឡុង«គ្រា​ចុង​ក្រោយ​បង្អស់»។ សូម​កុំ​មើល​ស្រាល​នូវ​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​បោក​បញ្ឆោត​របស់​មនុស្ស​ឆ្លាត​ដែល​ច្រើន​តែ​ប្រើ«ការ​វែក​ញែក​ដែល​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ជឿ»។ ផ្ទុយ​ទៅ​វិញ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ សូម​ការ​ពារ​ខ្លួន​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​អ្វី​ដែល​លោក​អ្នក​រៀន​ពី​គម្ពីរ​ដែល​ពិត​ជា​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។

សាក្សី​ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ត​ជួយ​លោក​អ្នក​ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង​លើ​គម្ពីរ​បរិសុទ្ធ។ ជា​ឧទាហរណ៍ ពួក​គេ​អាច​បង្ហាញ​លោក​អ្នក​នូវ​របៀប​ដែល​គោល​ការណ៍​គម្ពីរ​បាន​ស​ឲ្យ​ឃើញ​ថា​គួរ​ឲ្យ​ទុក​ចិត្ត​មែន​ក្នុង​អំឡុង​ប្រវត្ដិសាស្ត្រ ហើយ​បង្ហាញ​ថា​គម្ពីរ​គឺ​សម​ស្រប​តាម​វិទ្យា​សាស្ត្រ​កាល​ណា​និយាយ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​វិទ្យា​សាស្ត្រ គម្ពីរ​មាន​សេចក្ដី​បង្រៀន​ដែល​ស៊ី​គ្នា​តាំង​ពី​ដើម​ដល់​ចុង មាន​ទំនាយ​ដែល​បាន​សម្រេច​រាល់​ដង និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ យើង​សូម​អញ្ជើញ​លោក​អ្នក​ទាក់​ទង​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​ដែល​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ឃើញ​ថា គម្ពីរ​ពិត​ជា​បណ្ដាំ​របស់​ព្រះ​មែន។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

តើ​លោក​អ្នក​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច​ថា​ទុក​ចិត្ត​ឬ​មិន​ទុក​ចិត្ត​បុគ្គល​ណា​ម្នាក់​ដែល​លោក​អ្នក​ជួប?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦]

យើង​ដឹង​គុណ​ចំពោះ​ការ​ស្រាវ​ជ្រាវ​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ជួយ​បញ្ជាក់​ច្បាប់​ដើម​នៃ​គម្ពីរ​បរិសុទ្ធ