លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងរៀនអំពីព្រះតាមរយៈអ្នកនាំសាររបស់លោក

យើងរៀនអំពីព្រះតាមរយៈអ្នកនាំសាររបស់លោក

នៅ​សម័យ​មុន ព្រះ​បាន​ប្រាប់​អ្នក​នាំ​សារ​របស់​លោក​នូវ​សារ​ដ៏​សំខាន់​សម្រាប់​មនុស្សជាតិ។ តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ ពេល​លោក​មាន​ប្រសាសន៍​ជា​មួយ​នឹង​អ្នក​នាំ​សារ​របស់​លោក? សូម​ឲ្យ​យើង​មើល​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​អ្នក​នាំ​សារ​ដ៏​ស្មោះ​ត្រង់​បី​នាក់​របស់​ព្រះ។

អាប្រាហាំ

ព្រះ​មិន​រើស​មុខ​នោះ​ទេ លោក​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ពរ​ពី​លោក។

ព្រះ​បាន​សន្យា​នឹង​អាប្រាហាំ​ថា​«​គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ឯង​»។—លោកុប្បត្តិ ១២:៣

តើ​យើង​អាច​រៀន​អ្វី? ព្រះ​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​លោក​ចង់​ផ្ដល់​ពរ​ដល់​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​លោក។

ម៉ូសេ

ព្រះ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ហើយ​លោក​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត។

ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​ឲ្យ​ម៉ូសេ​នូវ​អំណាច​ដើម្បី​ធ្វើ​ការ​អស្ចារ្យ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម៉ូសេ​បាន​អធិដ្ឋាន​ថា​«​សូម​សំ​ដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូល​បង្គំ​បាន​ប្រកប​ដោយ​ព្រះ​គុណ​នៃ​ទ្រង់​ពិត​»។ (​និក្ខមនំ ៣៣:១៣​) ព្រះ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ម៉ូសេ​បាន​សុំ ហើយ​លោក​បាន​ប្រទាន​ពរ​ឲ្យ​គាត់​នូវ​ចំណេះ​ថែម​ទៀត ហើយ​ម៉ូសេ​កាន់​តែ​ស្គាល់​ពី​គុណ​សម្បត្តិ​របស់​លោក។ ជា​ឧទាហរណ៍ ម៉ូសេ​បាន​រៀន​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​«​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្ដោស​»។—និក្ខមនំ ៣៤:៦, ៧

តើ​យើង​អាច​រៀន​អ្វី? ព្រះ​ចង់​ផ្ដល់​ពរ​ដល់​យើង​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង បើ​យើង​ខំ​ប្រឹង​ស្គាល់​លោក​ឲ្យ​កាន់​តែ​ច្បាស់។ ក្នុង​គម្ពីរ​បរិសុទ្ធ​លោក​បាន​បង្ហាញ​យើង​អំពី​របៀប​គោ​រ​ព​ប្រណិប័តន៍​លោក និង​ថា​លោក​ចង់​ឲ្យ​យើង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​លោក។

លោក​យេស៊ូ

សេចក្ដី​មេត្តា​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​ជា​ពី​ជំងឺ​ទាំង​អស់

យើង​អាច​ទទួល​ពរ​ជា​រៀង​រហូត​ពី​ព្រះ បើ​យើង​រៀន​អំពី​លោក​យេស៊ូ ស្វែង​យល់​អំពី​សេចក្ដី​បង្រៀន​របស់​លោក និង​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង។

តាម​រយៈ​គម្ពីរ​បរិសុទ្ធ យើង​អាច​រៀន​អ្វី​ជា​ច្រើន​អំពី​ជីវិត​របស់​លោក​យេស៊ូ និង​សេចក្ដី​បង្រៀន​របស់​លោក។ ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​នូវ​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ដូច​ជា ប្រោស​មនុស្ស​ពិការ​ភ្នែក មនុស្ស​ថ្លង់ និង​មនុស្ស​ខ្វិន​ឲ្យ​ជា​ឡើង​វិញ។ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​លោក​អាច​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ដែរ។ ដូច្នេះ លោក​យេស៊ូ​បាន​បង្ហាញ​អំពី​ពរ​ដ៏​អស្ចារ្យ​ដែល​ព្រះ​នឹង​ផ្ដល់​ឲ្យ​ដល់​មនុស្សជាតិ​នៅ​ថ្ងៃ​អនាគត។ លោក​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ទទួល​ពរ​ទាំង​នោះ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

លោក​យេស៊ូ​មាន​សេចក្ដី​មេត្តា​ករុណា ស្លូត​បូត និង​ចិត្ត​សប្បុរស។ មនុស្ស​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ទាំង​ចាស់​និង​ក្មេង​ៗ បាន​ប្រមូល​គ្នា​មក​ឯ​លោក គឺ​មក​តាម​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ . . . រៀន​ពី​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ (​ម៉ាថាយ ១១:២៩​) នៅ​សម័យ​របស់​លោក​យេស៊ូ គេ​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ស្រី​នោះ​ទេ តែ​ខុស​គ្នា​ពី​មនុស្ស​នៅ​សម័យ​នោះ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ស្រី​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ សេចក្ដី​សប្បុរស និង​ដោយ​ការ​គោ​រ​ព។

តើ​យើង​អាច​រៀន​អ្វី? លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស ហើយ​លោក​បាន​ទុក​គំរូ​ដ៏​ល្អ​ស្ដី​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ទេ

ក្នុង​គម្ពីរ​បរិសុទ្ធ​បង្រៀន​ថា​«​យើង​មាន​ព្រះ​តែ​មួយ​ទេ​»​ ហើយ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ។ (​កូរិនថូស​ទី​១ ៨:៦​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា ព្រះ​គឺ​ធំ​ជាង​លោក ហើយ​ថា​ព្រះ​បាន​បញ្ជូន​លោក​ឲ្យ​មក​ផែនដី​នេះ។—យ៉ូហាន ១១:៤១, ៤២; ១៤:២៨ *

^ វគ្គ 17 ដើម្បី​រៀន​ថែម​ទៀត​អំពី​លោក​យេស៊ូ សូម​មើល​ទៅ​ផ្នែក​៨​និង​៩​ក្នុង​សៀវភៅ​Real Faith Your Key to a Happy Life ដែល​មាន​លើ​គេហ​ទំព័រ www.pr418.com។