លោតទៅអត្ថបទ

តើគម្ពីរចែងយ៉ាងណាអំពីការសាក់ស្បែក?

តើគម្ពីរចែងយ៉ាងណាអំពីការសាក់ស្បែក?

ចម្លើយ​ពី​គម្ពីរ

 ស្ដី​អំពី​ការ​សាក់​ស្បែក គម្ពីរ​ចែង​តែ​ម្ដង​គត់​នៅ​ច្បាប់​លេវី ១៩:២៨ ដែល​ចែង​ថា​៖‹អ្នក​រាល់​គ្នា​មិន​ត្រូវ​សាក់​លើ​ខ្លួន​ឡើយ›។ ព្រះ​បាន​ឲ្យ​បញ្ញត្តិ​នេះ​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​ប្រជា​ជាតិ​ជុំ​វិញ​ដែល​សាក់​ឈ្មោះ​ឬ​រូប​ព្រះ​របស់​ពួក​គេ​នៅ​លើ​ស្បែក។ (​ការ​បំភ្លឺ​ច្បាប់ ១៤:២​) ទោះ​ជា​គ្រិស្ត​សាសនិក​មិន​កាន់​តាម​ច្បាប់​នេះ​ក៏​ដោយ ក៏​ពួក​គេ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​គោល​ការណ៍​នៃ​ច្បាប់​នេះ។

តើ​គ្រិស្ត​សាសនិក​គួរ​សាក់​នៅ​លើ​ស្បែក​ឬ​ទេ?

 បទ​គម្ពីរ​បន្ទាប់​ជួយ​អ្នក​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​អំពី​រឿង​នេះ​៖

  •   ‹ស្ត្រី​ទាំង​ឡាយ​គួរ​តែង​ខ្លួន​បែប​រមទម›។ (​ធីម៉ូថេ​ទី​១ ២:៩​) គោល​ការណ៍​នេះ​សំដៅ​ទៅ​លើ​ទាំង​ប្រុស​ទាំង​ស្រី។ យើង​គួរ​គិត​ពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត ហើយ​មិន​គួរ​ទាក់​ទាញ​អ្នក​ឯ​ទៀត​ឲ្យ​ផ្ដោត​អារម្មណ៍​មក​លើ​ខ្លួន​ទេ។

  •   អ្នក​ខ្លះ​សាក់​ស្បែក​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​បែប​ណា ឬ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ ចំណែក​អ្នក​ខ្លះ​ទៀត​ពួក​គេ​សាក់​ស្បែក​ដើម្បី​បង្ហាញ​ថា ពួក​គេ​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ពួក​គេ។ ប៉ុន្តែ គម្ពីរ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ថា​៖​«​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​»។ (​រ៉ូម ១២:១​) សូម​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​អ្នក ដើម្បី​ដឹង​អំពី​មូលហេតុ​ដែល​អ្នក​ចង់​សាក់​ស្បែក។ បើ​អ្នក​សាក់​ស្បែក​ដោយ​សារ​អ្នក​ចង់​ធ្វើ​តាម​អ្វី​ដែល​គេ​ពេញ​និយម ឬ​ដោយ​សារ​អ្នក​ចង់​បង្ហាញ​ថា​អ្នក​ជា​សមាជិក​នៃ​ក្រុម​ណា​មួយ សូម​ចាំ​ថា​អារម្មណ៍​របស់​អ្នក​ប្រហែល​ជា​មិន​នៅ​ជាប់​រហូត​ដូច​ស្នាម​សាក់​នោះ​ទេ។ ការ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។—សុភាសិត ៤:៧

  •   គម្ពីរ​ចែង​ថា​៖​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រ​ហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។ (​សុភាសិត ២១:៥​) ជា​ញឹក​ញយ បុគ្គល​ម្នាក់​សម្រេច​ចិត្ត​សាក់​ស្បែក​ដោយ​មិន​បាន​ព្រៀង​ទុក តែ​ការ​សម្រេច​ចិត្ត​នេះ​អាច​ជះ​ឥទ្ធិពល​យ៉ាង​យូរ​អង្វែង​ទៅ​លើ​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​និង​ការ​ងារ​របស់​គាត់។ ម្យ៉ាង​ទៀត ការ​សាក់​ស្បែក​គឺ​ថ្លៃ ហើយ​បើ​ចង់​លុប​វិញ​ក៏​ឈឺ​ខ្លាំង​ដែរ។ យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​និង​ការ​រីក​ដុះ​ដាល​នៃ​ហាង​លុប​សាក់ បង្ហាញ​ថា​នៅ​ទី​បំផុត​មនុស្ស​ភាគ​ច្រើន​ដែល​បាន​សាក់ ស្ដាយ​ក្រោយ​ដែល​ពួក​គេ​បាន​សាក់​លើ​ខ្លួន។