លោតទៅអត្ថបទ

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ

របៀបគ្រប់គ្រងអារម្មណ៍ពេលដែលអ្នកខឹង

របៀបគ្រប់គ្រងអារម្មណ៍ពេលដែលអ្នកខឹង

 គូ​របស់​អ្នក​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​អ្នក​ខឹង ប៉ុន្តែ​អ្នក​ខំ​លាក់​ទុក​កំហឹង​នោះ។ រួច​មក​គាត់​កត់​សម្គាល់​ថា​អ្នក​មាន​អារម្មណ៍​មិន​ល្អ​សោះ។ ដូច្នេះ​គាត់​ចាប់​ផ្ដើម​សួរ​នាំ ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មួម៉ៅ​ក្ដៅ​ក្រហាយ។ ក្នុង​ស្ថានភាព​ដែល​តាន​តឹង​ដូច​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​ពេល​ដែល​អ្នក​ខឹង?

 អ្វី​ដែល​អ្នក​គួរ​ដឹង

  •   ការ​ផ្ទុះ​កំហឹង​អាច​ធ្វើ​ឲ្យ​ខូច​សុខភាព។ ការ​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​ផ្ទុះ​កំហឹង​អាច​បណ្ដាល​ឲ្យ​អ្នក​ឆាប់​មាន​ជំងឺ​លើស​ឈាម ជំងឺ​បេះ​ដូង ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហា​ក្រពះ។ កំហឹង​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សម្រាន្ត​មិន​លក់ បញ្ហា​ស្បែក តប់​ប្រមល់​កាន់​តែ​ខ្លាំង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​គម្ពីរ​បាន​ចែង​ថា​៖ ​«​ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ​»។—ទំនុក​តម្កើង ៣៧:៨

  •   ការ​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត​អាច​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​អ្នក​ដែរ។ ការ​លាក់​ទុក​កំហឹង​យូរ​គឺ​ប្រៀប​ដូច​ជា​ជំងឺ​មួយ​ដែល​អ្នក​មើល​មិន​ឃើញ ហើយ​វា​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​ខ្លួន​អ្នក។ ជា​ឧទាហរណ៍ អ្នក​អាច​ចាប់​ផ្ដើម​មាន​គំនិត​រិះ​គន់ និង​សង្ស័យ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក។ ការ​មាន​ទស្សនៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ពិបាក​រួម​រស់​ជា​មួយ​គ្នា​ហើយ​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​ទៀត​ផង។

 អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន

  •   កត់​សម្គាល់​គុណ​សម្បត្តិ​ដែល​គូ​របស់​អ្នក​មាន។ ចូរ​ស្វែង​រក​គុណ​សម្បត្តិ​ឬ​ទង្វើ​ល្អ​ៗ​បី​យ៉ាង​របស់​គាត់​ដែល​អ្នក​ពេញ​ចិត្ត។ ពេល​ណា​ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​ខឹង សូម​គិត​អំពី​គុណ​សម្បត្តិ​ដែល​អ្នក​បាន​រក​ឃើញ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក។

     គោល​ការណ៍​គម្ពីរ​៖«​ចូរ​បង្ហាញ​អំណរ​គុណ​»។—កូឡុស ៣:១៥

  •   ចេះ​អភ័យ​ទោស។ មុន​ដំបូង សូម​ព្យាយាម​យល់​ទស្សនៈ​គូ​របស់​អ្នក។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​យោគ​យល់​អារម្មណ៍​គាត់ ហើយ​នេះ​ជា​អ្វី​ដែល​គម្ពីរ​ហៅ​ថា ការ​«​កើត​ទុក្ខ​ជា​មួយ​គ្នា​»។ (​ពេត្រុស​ទី​១ ៣:៨​) បន្ទាប់​មក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​រឿង​ដែល​នាំ​ឲ្យ​ខ្ញុំ​ខឹង​គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​រហូត​ដល់​ខ្ញុំ​មិន​អាច​អភ័យ​ទោស​ឲ្យ​គាត់​ឬ?›។

     គោល​ការណ៍​គម្ពីរ​៖«​អ្នក...តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​»។—សុភាសិត ១៩:១១

  •   ប្រាប់​អារម្មណ៍​របស់​អ្នក​ដោយ​ចិត្ត​ស្លូត​បូត​និង​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត។ ជា​ជាង​បន្ទោស​គូ សូម​ប្រាប់​ពី​អារម្មណ៍​ខ្លួន​វិញ។ ជា​ឧទាហរណ៍ ជា​ជាង​និយាយ​ថា​៖ ​«​បង​មិន​ចេះ​គិត​អំពី​អារម្មណ៍​របស់​អូន​សោះ ដោយ​សារ​បង​មិន​ដែល​ទូរស័ព្ទ​មក​ប្រាប់​អូន​ថា​បង​នៅ​ឯ​ណា​ទេ​»​ សូម​និយាយ​ដូច​នេះ​វិញ​ថា​៖ ​«​អូន​ភ័យ​ដោយ​សារ​យប់​ហើយ ព្រោះ​អូន​ព្រួយ​បារម្ភ​ពី​បង​»។ ការ​ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​ចិត្ត​ស្លូត​បូត​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​អារម្មណ៍​ទោះ​ជា​អ្នក​ខឹង​ក៏​ដោយ។

     គោល​ការណ៍​គម្ពីរ​៖«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»។—កូឡុស ៤:៦

  •   ស្ដាប់​ដោយ​ការ​គោរព។ ក្រោយ​ពេល​អ្នក​ប្រាប់​អារម្មណ៍​របស់​អ្នក​រួច​ហើយ សូម​ទុក​ឱកាស​ឲ្យ​គូ​របស់​អ្នក​តប​ឆ្លើយ​ដោយ​មិន​និយាយ​កាត់​គាត់។ ពេល​គាត់​និយាយ​ចប់ សង្ខេប​ពាក្យ​ដែល​គាត់​បាន​និយាយ​ដើម្បី​ប្រាកដ​ថា​អ្នក​ពិត​ជា​យល់​អ្វី​ដែល​គាត់​បាន​រៀប​រាប់។ ការ​ស្ដាប់​អ្នក​ឯ​ទៀត​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​អ្នក​គ្រប់​គ្រង​អារម្មណ៍​ពេល​អ្នក​ខឹង។

     គោល​ការណ៍​គម្ពីរ​៖«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។—យ៉ាកុប ១:១៩