លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្ដភាពជាមួយនឹងព្រះ

តើលោកអ្នកមានមិត្ដភាពជាមួយនឹងព្រះទេ?

តើលោកអ្នកមានមិត្ដភាពជាមួយនឹងព្រះទេ?

គ្រិស្ដតូហ្វើដែលជាបុរសវ័យក្មេងម្នាក់មកពីប្រទេសហ្គាណា បាននិយាយថា«ការមានមិត្ដភាពជាមួយនឹងព្រះធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានសុវត្ថិភាព មានចិត្ដស្ងប់និងមានគំនិតសមហេតុសមផល។ បន្ថែមទៀត អ្នកមានអារម្មណ៍ថា ព្រះកំពុងយកចិត្ដទុកដាក់ចំពោះអ្នក ហើយចង់ឲ្យអ្នកទទួលអ្វីដ៏ល្អបំផុត»។

ហាណាដែលជាក្មេងស្រីអាយុ១៣ឆ្នាំមកពីរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក បាននិយាយថា«ព្រះឃើញអ្នកនៅពេលអ្នកមានអារម្មណ៍អស់សង្ឃឹមនិងពិបាកចិត្ដ ហើយលោកផ្ដល់សេចក្ដីស្រឡាញ់និងការយកចិត្ដទុកដាក់ចំពោះអ្នកច្រើនជាងអ្នកគិតស្មានទៅទៀត»។

ជីណាដែលជាស្ដ្រីអាយុប្រហែលជា៤៥ឆ្នាំមកពីប្រទេសហ្សាម៉ៃកា បាននិយាយថា«អ្នកនឹងមានអារម្មណ៍ថាខ្លួនមានកិត្ដិយសនិងមានចិត្ដស្ងប់បំផុត ពេលដែលអ្នកដឹងថាអ្នកមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះ!»។

មនុស្សជាច្រើនទៀតក៏មានអារម្មណ៍ស្រដៀងនឹងគ្រិស្ដតូហ្វើ ហាណា និងជីណាដែរ។ ពួកគេជឿជាក់ថា ព្រះចាត់ទុកពួកគេជាមិត្ដរបស់លោក។ ចុះលោកអ្នកវិញ? តើលោកអ្នកមានអារម្មណ៍ថាខ្លួនមានមិត្ដភាពជាមួយនឹងព្រះទេ? តើលោកអ្នកចង់មានមិត្ដភាពជិតស្និទ្ធជាងជាមួយនឹងព្រះទេ? លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើមនុស្សពិតជាអាចមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមែនឬ? បើមែន តើតាមរបៀបណា?›។

មនុស្សអាចមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះ

គម្ពីរប្រាប់ថា មនុស្សអាចមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះបាន។ គម្ពីរចែងថា ព្រះបានចាត់ទុកអាប្រាហាំដែលជាបុព្វបុរសរបស់ជនជាតិហេប្រឺថាជា«សំឡាញ់»របស់លោក។ (អេសាយ ៤១:៨) ម្យ៉ាងទៀត សូមកត់សម្គាល់នូវសេចក្ដីអញ្ជើញយ៉ាងកក់ក្ដៅមួយដែលបានត្រូវកត់ទុកនៅយ៉ាកុប ៤:៨ ថា«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ ដូច្នេះ នេះបញ្ជាក់យ៉ាងច្បាស់ថា លោកអ្នកពិតជាអាចមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះបាន។ ប៉ុន្ដែ យើងមើលព្រះមិនឃើញទេ តើលោកអ្នកអាច«ចូលទៅជិត»ព្រះ ហើយមានមិត្ដភាពល្អជាមួយនឹងលោកយ៉ាងដូចម្ដេច?

ដើម្បីឆ្លើយសំណួរនេះ សូមលោកអ្នកគិតអំពីរឿងនេះ ដើម្បីឲ្យមនុស្សម្នាក់មានមិត្ដភាពជាមួយនឹងមនុស្សម្នាក់ទៀត តើពួកគេត្រូវធ្វើអ្វីខ្លះ? មុនដំបូង ពួកគេត្រូវស្គាល់ឈ្មោះគ្នាសិន។ បន្ទាប់មក ពេលពួកគេប្រស្រ័យទាក់ទងគ្នា ហើយប្រាប់អំពីគំនិតនិងអារម្មណ៍ចំពោះគ្នា នោះមិត្ដភាពរបស់ពួកគេនឹងរឹងមាំឡើង។ បន្ថែមទៅទៀត នៅពេលពួកគេធ្វើអ្វីសម្រាប់គ្នា នោះមិត្ដភាពរបស់ពួកគេនឹងកាន់តែមាំមួន។ ស្រដៀងគ្នាដែរ លោកអ្នកក៏ត្រូវធ្វើដូច្នេះដើម្បីឲ្យមានមិត្ដភាពជាមួយនឹងព្រះដែរ។ សូមឲ្យយើងពិចារណាអំពីរបៀបដែលយើងអាចមានមិត្ដភាពជាមួយនឹងព្រះ។