លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​អប់រំ​កូន​របស់​អ្នក​ឲ្យ​មាន​គោល​ការណ៍​សីលធម៌​ក្នុង​ខ្លួន

ចូរ​អប់រំ​កូន​របស់​អ្នក​ឲ្យ​មាន​គោល​ការណ៍​សីលធម៌​ក្នុង​ខ្លួន

គន្លឹះ​សុភមង្គល​គ្រួសារ

ចូរ​អប់រំ​កូន​របស់​អ្នក​ឲ្យ​មាន​គោលការណ៍​សីលធម៌​ក្នុង​ខ្លួន

ឡូយដា *ដែល​ជា​ម្ដាយ​ម្នាក់​នៅ​ប្រទេស​ម៉ិចស៊ិច​បាន​និយាយ​ថា​៖ ​«​គេ​ចែក​ស្រោម​អនាម័យ​នៅឯសាលា​រៀន ដូច្នេះ​យុវវ័យ​គិត​ថា​រួម​ភេទ​ជា​មួយ​គ្នា​គឺ​មិន​មាន​អ្វី​ខុស​ទេ​ឲ្យ​តែ​ចេះ​ការពារ​ដោយ​ប្រើ​ស្រោម​អនាម័យ​»។

ណូប៊ូកូ​ដែល​ជា​ម្ដាយ​ម្នាក់​នៅប្រទេស​ជប៉ុន​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​បាន​សួរ​កូន​ប្រុស​របស់​ខ្ញុំ​ថា បើវា​និង​សង្សារ​វា​នៅ​តែ​ពីរ​នាក់ តើ​វា​នឹង​ធ្វើ​អ្វី? វា​ឆ្លើយ​ថា​៖ ‹អត់​ដឹង​ដែរ›​»។

ពេល​កូន​នៅ​តូច​នៅ​ឡើយ តើ​អ្នក​រៀប​ចំ​ផ្ទះ​ឲ្យ​មាន​សុវត្ថិភាព​ចំពោះ​កូន​ឬ​ទេ? អ្នក​ប្រហែលជា​បិទ​កន្លែង​ដែល​មាន​ចរន្ត​អគ្គិសនី​ឆ្លង​កាត់ លាក់​របស់​របរ​ដែល​មុត​ស្រួច និង​ដាក់​ឃាំង​ជណ្ដើរ ដើម្បី​កុំ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់។

បើ​យើង​អាច​ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​កូន​ជំទង់​របស់​យើង នោះ​ជា​ការ​ល្អ​ណាស់! ប៉ុន្តែ​ឥឡូវ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​ដូច​ជា ‹តើ​កូន​ប្រុស​របស់​ខ្ញុំ​មើល​រូប​អាសអាភាស​ឬ​ទេ? តើ​កូន​ស្រី​របស់​ខ្ញុំ​ផ្ញើ​រូប​ស៊ិច​ស៊ី​របស់​ខ្លួន​តាម​ទូរស័ព្ទ​ដៃ​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទេ?› ហើយ​មាន​សំណួរ​មួយ​ដែល​ឪពុក​ម្ដាយ​ខ្លាច​នឹង​ដឹង​ចម្លើយ​គឺ​‹តើ​កូន​ជំទង់​របស់​ខ្ញុំ​ប្រឡូក​យ៉ាង​សកម្ម​ជា​មួយ​នឹង​ការ​រួម​ភេទ​ឬ​ក៏​អត់?›។

ការ​ត្រួត​ត្រា​ទាំង​ស្រុង​លើ​កូន មិន​មែន​ជា​វិធី​ដែល​ជួយ​កូន​ឲ្យ​មាន​សីលធម៌​ក្នុង​ខ្លួន​ទេ

ឪពុក​ម្ដាយ​ខ្លះ​ខំ​ការពារ​កូន​ជំទង់​របស់​ខ្លួន​២៤​ម៉ោង​ដោយ​តាម​ដាន​និង​ត្រួត​ពិនិត្យ​រាល់​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ប៉ុន្តែ​ក្រោយ​មក ឪពុក​ម្ដាយ​ជា​ច្រើន​បាន​យល់​ថា​ការ​ការពារ​កូន​ដូច្នេះ​នាំ​ឲ្យ​កូន​លាក់​អ្វីដែល​កូន​កំពុង​ធ្វើ​ទៅ​វិញ ហើយ​កូន​ក៏​ពូកែ​លាក់​នូវ​រាល់​ការ​ប្រព្រឹត្ត​ដែល​ឪពុក​ម្ដាយ​មិន​ចង់​ឲ្យ​ខ្លួន​គេ​ធ្វើដែរ។

យ៉ាង​ច្បាស់​ណាស់ ការ​ត្រួត​ត្រា​ទាំង​ស្រុង​លើ​កូន​មិន​មែន​ជា​វិធី​ដែល​ជួយ​កូន​ឲ្យ​មាន​សីលធម៌​ក្នុង​ខ្លួន​ទេ។ ព្រះ​យេហូវ៉ា​មិន​បាន​ប្រើ​វិធី​នេះ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​និង​ទេវតា​គោរព​លោក​ឡើយ ដូច្នេះ​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​ក៏​គួរ​ធ្វើ​ដូច​លោក​ដែរ។ (​ចោទិយកថា ៣០:១៩​) អាស្រ័យ​ហេតុ​នេះ តើ​អ្នក​អាចជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ដែល​បង្ហាញ​ពី​ការ​មាន​សីលធម៌​យ៉ាង​ដូច​ម្ដេច?—សុភាសិត ២៧:១១

វិធី​ដ៏​សំខាន់​មួយ​គឺ​ឲ្យ​អ្នក​ពិភាក្សា​ជា​រឿយ​ៗ​ជា​មួយ​កូន​របស់​អ្នក​អំពី​ការ​រួម​ភេទ ហើយ​ធ្វើ​ដូច្នេះ​ពេល​កូន​នៅ​តូច​នៅ​ឡើយ។ * (​សុភាសិត ២២:៦​) ក្រោយ​មក​ពេល​ដែល​ពួក​គេ​ចូល​វ័យ​ជំទង់ សូម​បន្ត​និយាយអំពី​រឿង​នេះ​ជា​មួយ​កូន។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នក​គួរ​ជា​ប្រភព​ព័ត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​សម្រាប់​កូន​ជំទង់​របស់​អ្នក។ ក្មេង​ស្រី​ជំទង់​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​ឈ្មោះ​អា​លី​សៀ​បាន​ពោល​ថា​៖ ​«​មនុស្ស​ជា​ច្រើន​គិត​ថា យើង​ចង់​និយាយ​អំពី​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ភក្ដិ​គ្នា​ឯង។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ យើង​ចង់​ទទួល​ព័ត៌​មាន​នេះ​ពី​ឪពុក​ម្ដាយ​វិញ ព្រោះ​យើង​ទុក​ចិត្ត​អ្វីដែល​ពួក​គាត់​ប្រាប់​យើង​»។

កូន​ត្រូវ​ការ​គោលការណ៍​ដែល​ល្អ​ជា​ចាំ​បាច់

ពេល​កូន​កំពុង​ធំ​ឡើង កូន​ៗ​ត្រូវ​ដឹង​ច្រើន​ថែម​ទៀត​អំពី​ការ​រួម​ភេទ មិន​គ្រាន់តែ​ដឹង​អំពី​ការ​បន្ត​ពូជ​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ក៏​ត្រូវ​មាន​‹សមត្ថភាព​យល់​ដឹង​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ›។ (​ហេប្រឺ ៥:១៤​) បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​ត្រូវ​ជឿ​ជាក់​យ៉ាង​ខ្លាំង​អំពី​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ​ស្តី​អំពី​ការ​រួម​ភេទ ហើយ​ត្រូវ​រស់​នៅ​សម​ស្រប​តាម​ការ​ជឿ​ជាក់​នោះ។ តើ​អ្នក​អាច​អប់រំ​កូន​ជំទង់​របស់​អ្នក​ឲ្យ​មាន​គោលការណ៍​សីលធម៌​ក្នុង​ខ្លួន​យ៉ាង​ដូច​ម្ដេច?

មុន​ដំបូង​អ្នក​ត្រូវ​គិត​ពិចារណា​អំពី​គោលការណ៍​របស់​អ្នក​ជា​មុន​សិន។ ជា​ឧទាហរណ៍ អ្នក​ប្រហែលជា​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដែល​ជា​ការ​រួម​ភេទ​មុន​ពេល​រៀប​ការ ជា​អ្វីដែល​ខុស។ (​ថែស្សាឡូនិច​ទី​១ ៤:៣​) កូន​ៗ​របស់​អ្នក​ទំនង​ជា​ដឹង​ទស្សនៈ​របស់​អ្នក​ស្តី​អំពី​រឿង​នេះ ហើយ​ពួក​គេ​ក៏​ប្រហែលជា​អាច​ដក​ស្រង់​ខ​គម្ពីរ​ផ្សេង​ៗ​ដែល​គាំទ្រ​គំនិត​របស់​អ្នក​ដែរ។ ពេល​អ្នក​សួរ​ពួក​គេ នោះ​ពួក​គេ​ប្រហែលជា​ឆ្លើយ​ភ្លាម​ៗ​ថា​ការ​រួម​ភេទ​មុន​ពេល​រៀប​ការ​គឺ​ខុស។

ប៉ុន្តែ​នេះ​មិន​គ្រប់​គ្រាន់​ទេ។ ក្នុង​សៀវភៅ​មួយ​ដែល​សរសេរ​អំពី​ការអប់រំ​កូន​ស្តី​អំពី​ការ​រួម​ភេទ គេ​បាន​សង្កេត​ឃើញ​ថា យុវវ័យ​ខ្លះ​ប្រហែល​ជា​យល់​ស្រប​នឹង​ឪពុក​ម្ដាយ​តែ​មាត់​ទេ។ (​Sex Smart​) សៀវភៅ​នេះ​បាន​រៀប​រាប់​ថា​៖ ​«​ពួក​គេ​មិន​ដឹង​ថា​ទស្សនៈ​ណា​គឺ​ត្រឹម​ត្រូវ​ឡើយ។ ពេល​ដែល​ពួក​គេ​ជួប​រឿង​មួយ​ដែល​មិន​បាន​ដឹង​ទុក​ជា​មុន ដែល​នាំ​ឲ្យ​ពួក​គេ​មិន​ដឹង​ថា​ការ​ប្រព្រឹត្ត​ណា​ដែល​គួរ​និង​មិន​គួរ​ធ្វើ នោះ​ពួក​គេ​ចាប់​ផ្ដើម​យល់​ខុស និង​អាច​ធ្វើ​ខុស​សីលធម៌​យ៉ាង​ធ្ងន់​»។ នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​មាន​គោលការណ៍​សីលធម៌​ក្នុង​ខ្លួន​ជា​ចាំ​បាច់។ ក៏​ប៉ុន្តែ តើ​អ្នក​អាច​ជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​មាន​សីលធម៌​ក្នុង​ខ្លួន​យ៉ាង​ដូច​ម្ដេច?

បញ្ជាក់​ឲ្យ​កូន​ដឹង​ច្បាស់​អំពី​គោលការណ៍​របស់​អ្នក។ តើ​អ្នក​ជឿ​ជាក់​ថា​ការ​រួម​ភេទ​គឺ​សម្រាប់​តែ​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ​ឬ? បើ​ដូច្នេះ សូម​ប្រាប់​កូន​ជំទង់​របស់​អ្នក​ឲ្យ​ច្បាស់​និង​ជា​រឿយ​ៗ​អំពី​ទស្សនៈ​នេះ។ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ដែល​មាន​ក្នុង​សៀវភៅ​មួយ​បាន​ឃើញ​ថា​៖ ​«​ពេល​ឪពុក​ម្ដាយ​បាន​ប្រាប់​កូន​ជំទង់​របស់​ពួក​គេ​យ៉ាង​ច្បាស់​ថា​ខ្លួន​គាត់​មិន​ពេញ​ចិត្ត​ឲ្យ​ក្មេង​ៗ​ជំទង់​រួម​ភេទ នោះ​កូន​របស់​ពួក​គេ​ទំនង​ជា​ពន្យារ​ពេល​ប្រឡូក​នឹង​ការ​រួម​ភេទ​»​ (​Beyond the Big Talk​)។

ដូច​បាន​រៀប​រាប់​ខាង​លើ ការ​ប្រាប់​អំពី​គោលការណ៍​របស់​អ្នក​មិន​ធានា​ថា កូន​ៗ​របស់​អ្នក​នឹង​រស់​នៅ​ស្រប​តាម​គោលការណ៍​នោះ​ទេ។ ប៉ុន្តែ ការ​ប្រាប់​យ៉ាង​ច្បាស់​អំពី​គោលការណ៍​ដែល​អ្នក​ចង់​ឲ្យ​ក្រុម​គ្រួសារ​កាន់​តាម នឹង​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ឲ្យ​កូន​ៗ​បណ្ដុះ​ឲ្យ​មាន​គោលការណ៍​របស់​ខ្លួន​ដែរ។ បន្ថែម​ទៅ​ទៀត តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សង្កេត​ឃើញ​ថា នៅ​ទី​បំផុត​ក្មេង​ៗ​យុវវ័យ​ជា​ច្រើន​បាន​កាន់​តាម​គោលការណ៍​ដូច​ឪពុក​ម្ដាយ ទោះ​ជា​តាម​មើល​ទៅ​ក្នុង​អំឡុង​វ័យ​ជំទង់ ពួក​គេ​មិន​បាន​ធ្វើ​តាម​គោលការណ៍​នោះ​ក៏​ដោយ។

សូម​សាក​វិធី​នេះ: ប្រើ​ហេតុ​ការណ៍​ដែល​កើត​ឡើង​តាម​ព័ត៌​មាន​ដើម្បី​ចាប់​ផ្ដើម​សន្ទនា​និង​ប្រាប់​កូន​អំពី​គោលការណ៍​របស់​អ្នក។ ជា​ឧទាហរណ៍ បើ​មាន​ព័ត៌​មាន​អំពី​បទ​ល្មើស​ដែល​ទាក់​ទង​នឹង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​អាច​និយាយ​ថា​៖ ​«​ប៉ា​(​ម៉ាក់​)​រន្ធត់​ចិត្ត​ណាស់​ដែល​បុរស​ខ្លះ​ខំ​កេង​ចំណេញ​លើ​ស្ត្រីភេទ​បែប​នេះ។ តើ​កូន​គិត​ថា​ពួក​គេ​មាន​គំនិត​បែប​នេះ​ពី​ណា​មក?​»។

ប្រាប់​ការ​ពិត​ទាំង​អស់​ដល់​កូន​អំពី​ការ​រួម​ភេទ។ ការ​ព្រមាន​ជា​អ្វីដែល​សំខាន់​ចាំ​បាច់។ (​កូរិនថូសទី១ ៦:១៨; យ៉ាកុប ១:១៤, ១៥​) គម្ពីរ​ពណ៌​នា​អំពី​ការ​រួម​ភេទ​ជា​អំណោយ​ពី​ព្រះ មិន​មែន​ជា​អន្ទាក់​របស់​សាថាន​ទេ។ (​សុភាសិត ៥:១៨, ១៩; បទ​ចម្រៀង​សាឡូម៉ូន ១:២​) ការ​ប្រាប់​កូន​ជំទង់​របស់​អ្នក​អំពី​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ ប្រហែលជា​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​គំនិត​មិន​ត្រឹម​ត្រូវ និង​មាន​ទស្សនៈ​ខុស​ពី​គម្ពីរ​ស្តី​អំពី​រឿង​នេះ។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​កូ​រី​ណា​នៅ​ប្រទេស​បារាំង​បាន​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​និយាយ​ច្រើន​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​មិន​ត្រឹម​ត្រូវ​អំពី​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ​»។

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​ៗ​របស់​អ្នក​ដឹង​ការ​ពិត​ទាំង​អស់​អំពី​ការ​រួម​ភេទ។ ម្ដាយ​ម្នាក់​នៅ​ប្រទេស​ម៉ិចស៊ិច​ឈ្មោះ​ណា​ឌី​យ៉ា​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​តែង​តែ​ខំ​ប្រាប់​កូន​ជំទង់​របស់​ខ្ញុំ​ឲ្យ​យល់​ថា​ការ​រួម​ភេទ​ជា​អ្វីដែល​ល្អ​និង​ជា​លក្ខណៈ​ធម្មជាតិ ហើយ​ថា​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឡើង​ដើម្បីឲ្យ​មនុស្ស​មាន​ភាព​រីករាយ។ ប៉ុន្តែ​ព្រះ​ផ្ដល់​ឲ្យ​សម្រាប់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ។ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​ឬ​ទុក្ខវេទនា​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​វា​»។

សូម​សាក​វិធី​នេះ: លើក​ក្រោយ ពេល​ដែល​អ្នក​និយាយ​ជា​មួយ​កូន​ជំទង់​របស់​អ្នក​អំពី​ការ​រួម​ភេទ សូមបញ្ចប់​ការ​សន្ទនា​នោះ​ដោយ​និយាយ​អំពី​លក្ខណៈ​ល្អ​ៗ។ កុំ​ខ្លាច​និយាយ​ថា​នេះ​ជា​អំណោយ​ដ៏​ល្អ​អស្ចារ្យ​មួយ​ពីព្រះ ដែល​កូន​ៗ​អាច​រីករាយ​នៅ​អនាគត​ក្នុង​នាម​ជា​គូ​ស្វាមីភរិយា។ សូម​ធ្វើ​ឲ្យ​កូន​មាន​ទំនុក​ចិត្ត​ថា ទម្រាំ​ដល់​ពេល​នោះ កូន​អាច​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​បាន។

ជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​ចេះ​គិត​អំពី​ផល​វិបាក។ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត យុវជន​យុវតី​ត្រូវ​ដឹង​អំពី​របៀប​ដែល​ពួក​គេ​អាច​ស្គាល់​ជម្រើស​របស់​ខ្លួន ហើយ​ចេះ​ថ្លឹង​ថ្លែង​អំពី​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​នៃ​ជម្រើស​នីមួយ​ៗ​នោះ។ កុំ​គិត​ថា បើ​កូន​ដឹង​អំពី​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ​គឺ​គ្រប់​គ្រាន់​ហើយ។ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​នៅ​ប្រទេស​អូស្ដ្រាលី​ឈ្មោះ​អេ​ម៉ា​បាន​ពោល​ថា​៖ ​«​បើ​ខ្ញុំ​គិត​អំពី​កំហុស​ដែល​ខ្ញុំ​ធ្វើ​កាល​ពី​នៅ​ក្មេង នោះ​ខ្ញុំ​អាច​និយាយ​ថា​ការ​ស្គាល់​ខ្នាត​តម្រា​របស់​ព្រះ​មិន​មាន​ន័យ​ថា​យើង​ធ្វើ​តាម​នោះ​ទេ។ គឺ​សំខាន់​ចាំ​បាច់​ណាស់​ឲ្យ​យើង​យល់​នូវ​ប្រយោជន៍ដែល​មក​ពី​ខ្នាត​តម្រា​របស់​ព្រះ និង​ផល​វិបាក​នៃ​ការ​បំពាន​ខ្នាត​តម្រា​នោះ​វិញ​»។

គម្ពីរ​អាច​ជួយ​យើង​បាន ព្រោះ​ច្បាប់​ជា​ច្រើន​ក្នុង​គម្ពីរ​បញ្ជាក់​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​បំពាន​ច្បាប់​នោះ។ ជា​ឧទាហរណ៍ សុភាសិត ៥:៨, ៩​ដាស់​តឿន​បុរស​វ័យ​ក្មេង​ឲ្យ​ចាក​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​‹ក្រែង​ពួក​គេ​ប្រគល់​កិត្ដិសព្ទ​របស់​ខ្លួន​ដល់​អ្នក​ដទៃ›។ ដូច​ខ​នេះ​បាន​បញ្ជាក់ ពួក​អ្នក​ដែល​រួម​ភេទ​មុន​ពេល​រៀប​ការ​បាត់បង់​សីលធម៌​ខ្លះ​ក្នុង​ខ្លួន បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ និង​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ទៀត។ ជា​លទ្ធផល នេះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មាន​គុណ​សម្បត្ដិ​ទាំង​នោះ​ដែល​អាច​ទៅ​ជា​គូ​អនាគត​របស់​ពួក​គេ ប្រហែលជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ពួក​គេ​ទៅ​វិញ។ ដោយ​សញ្ជឹង​គិត​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​បំពាន​ច្បាប់​របស់​ព្រះ ដូច​ជា​គ្រោះ​ថ្នាក់​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក នោះ​អាច​ជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​រស់​នៅ​ស្រប​តាម​ច្បាប់​របស់​លោក។

សូម​សាក​វិធី​នេះ: ប្រើ​ឧទាហរណ៍​ផ្សេង​ៗ​ដើម្បី​ជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​យល់​ថា​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​នាំ​ឲ្យ​មាន​ប្រយោជន៍មែន។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​ថា​៖ ​«​ភ្នក់​ភ្លើង​ជា​អ្វីដែល​ល្អ ប៉ុន្តែ​បើ​ភ្លើង​ឆេះ​ព្រៃ​គឺ​អាក្រក់។ តើ​កូន​គិត​ថា​ភ្លើង​ទាំង​ពីរ​នេះ ខុស​គ្នា​ត្រង់​ណា? ហើយ​បើ​កូន​គិត​អំពី​កម្រិត​ដែល​ព្រះ​បាន​ដាក់​ស្តី​អំពី​ការ​រួម​ភេទ តើ​ទាក់​ទង​យ៉ាង​ណា​នឹង​ឧទាហរណ៍​នេះ?​»។ សូម​ប្រើ​កំណត់​ហេតុ​នៅ​សៀវភៅ​សុភាសិត ៥:៣​-​១៤​ដើម្បី​ជួយ​កូន​ជំទង់​របស់​អ្នក​យល់​អំពី​ផល​វិបាក​ដ៏​អាក្រក់ ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

នៅ​ប្រទេស​ជប៉ុន ប្អូន​ប្រុស​ម្នាក់​អាយុ​១៨​ឆ្នាំ​ឈ្មោះ​តា​កាអូ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ធ្វើ​អ្វីដែល​ត្រឹម​ត្រូវ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តស៊ូ​ជា​និច្ច​ដើម្បី​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​រូប​កាយ​ខ្ញុំ​»។ យុវជន​យុវតីដែល​មាន​អារម្មណ៍​ដូច​នេះ​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​បាន​ដោយ​យល់​ថា​ពួក​គេ​មិន​មែន​ជួប​បញ្ហា​នេះ​តែ​ម្នាក់​ឯង​ទេ។ សូម្បីតែ​សាវ័ក​ប៉ូល​ដែល​ជា​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ម្នាក់​ក៏​បាន​សារភាព​ថា​៖ ​«​កាល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វីដែល​ត្រឹម​ត្រូវ នោះ​អ្វីដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ​»។—រ៉ូម ៧:​២១

ជា​ការ​ល្អ​ឲ្យ​យុវជន​យុវតី​យល់​ថា​ការ​តស៊ូ​បែប​នេះ​មិន​តែង​តែ​ជា​អ្វីដែល​អាក្រក់​នោះ​ទេ ព្រោះ​នេះ​អាច​ជំរុញ​ពួក​គេ​ឲ្យ​គិត​ថា​ខ្លួន​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ប្រភេទ​ណា។ នេះ​អាច​ជួយ​ពួក​គេ​ឲ្យ​ឆ្លើយ​ដោយ​មាន​ទំនុក​ចិត្ត​ចំពោះ​សំណួរ​ដូច​ជា​‹តើ​ខ្ញុំ​ចង់​កាន់កាប់​លើ​ជីវិត​របស់​ខ្លួន ហើយ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​មាន​សីលធម៌​ក្នុង​ខ្លួន ថែម​ទាំង​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​ចង់​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​តោង​កន្ទុយ​គេ ហើយ​ចុះ​ចាញ់​នឹង​បំណង​ប្រាថ្នា​របស់​ខ្លួន​វិញ?›។ ការ​មាន​គោលការណ៍​សីលធម៌​ល្អ​នឹង​ជួយ​កូន​ជំទង់​របស់​អ្នក​ឲ្យ​ចេះ​ឆ្លើយ​សំណួរ​ទាំង​នេះ​យ៉ាង​ត្រឹម​ត្រូវ។

[​កំណត់​សម្គាល់​]

^ វគ្គ 3 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 10 ដើម្បី​ទទួល​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​ផ្ដើម​ពិភាក្សា​ជា​មួយ​កូន​អ្នក​ស្តី​អំពី​ការ​រួម​ភេទ និង​អំពី​របៀប​ដែល​អ្នក​អាច​ប្រាប់​អំពី​រឿង​នោះ​សម​ស្រប​តាម​វ័យ​របស់​កូន សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ ទំព័រ​៩​-​១១

សូម​សួរ​ខ្លួន​អ្នក​ថា . . .

តើ​អ្វី​បង្ហាញ​ឲ្យខ្ញុំ​ដឹង​ថា​កូន​ជំទង់​របស់​ខ្ញុំ​មាន​គោលការណ៍​សីលធម៌​រឹង​មាំ?

ពេល​ដែល​និយាយ​ជា​មួយ​កូន​ជំទង់​របស់​ខ្ញុំ​អំពីការ​រួម​ភេទ តើ​ខ្ញុំ​ប្រាប់​ថា​នេះ​ជា​អំណោយ​ពី​ព្រះ ឬ​ក៏​ជា​អន្ទាក់​របស់​សាថាន?

[​ប្រអប់​នៅ​ទំព័រ​៣១​]

គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ​នេះ

សៀវភៅ​មួយ​បាន​សរសេរ​ថា​៖ ​«​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ទាក់​ទង​នឹង​ទំនាក់​ទំនង​ផ្លូវ​ភេទ​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ក្មេង​យុវជន​យុវតី​កាន់​តែ​ច្រើន​មាន​វិបត្ដិ​ខាង​ផ្លូវ​ចិត្ត​ដែល​បណ្ដាល​មក​ពី​ការ​រួម​ភេទ​មុន​ពេល​រៀប​ការ មាន​កូន​ឥត​ខាន់ស្លា ជំងឺ​អេដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ៗ។ ដូច្នេះ ការ​ណែនាំ​ក្នុង​បទ​គម្ពីរ​ដែល​ថា​ឲ្យ​រួម​ភេទ​ក្រោយ​ពេល​រៀប​ការ . . . ប្រាកដជា​មាន​ប្រយោជន៍​ណាស់ នេះ​ជា​របៀប​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​អាច​ជៀស​ពី​ផល​វិបាក​ទាំង​នោះ​បាន​»​ (​Parenting Teens With Love and Logic​)។