លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភព​លោក​ដ៏​ច្របូក​ច្របល់

២ | ការពាររបៀបចិញ្ចឹមជីវិតរបស់អ្នក

២ | ការពាររបៀបចិញ្ចឹមជីវិតរបស់អ្នក

ហេតុ​អ្វី​នេះ​សំខាន់

មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​មាន​លុយ​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ខ្លួន។ គួរ​ឲ្យ​ស្ដាយ បញ្ហា​ក្នុង​ពិភព​លោក​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ​ថែម​ទៀត។ ហេតុ​អ្វី?

  • ពេល​មាន​បញ្ហា​ក្នុង​តំបន់​មួយ ស្បៀង​អាហារ​និង​កន្លែង​ស្នាក់​នៅ​កាន់​តែ​មាន​តម្លៃ​ថ្លៃ។

  • វិបត្តិ​ក្នុង​ពិភព​លោក​អាច​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ការ​ងារ ឬ​ទទួល​ប្រាក់​ចំណូល​តិច​ជាង​មុន។

  • គ្រោះ​មហន្តរាយ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​និង​បំផ្លាញ​អាជីវកម្ម​របស់​មនុស្ស ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ក្រី​ក្រ​កាន់​តែ​ច្រើន។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • បើ​អ្នក​ចេះ​ចំណាយ​ប្រាក់​តាម​របៀប​ដែល​ឈ្លាស​វៃ អ្នក​នឹង​អាច​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច។

  • សូម​ចាំ​ថា ប្រាក់​ចំណូល លុយ​សន្សំ និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក អាច​លែង​មាន​តម្លៃ។

  • មាន​អ្វី​ជា​ច្រើន​ដែល​លុយ​មិន​អាច​ទិញ​បាន ដូច​ជា​សុភមង្គល​និង​សាមគ្គីភាព​ក្នុង​ក្រុម​គ្រួសារ​ជា​ដើម។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា​៖ ​«​យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិ​ភោគ សម្លៀក​បំពាក់ និង​ជម្រក​»។—ធីម៉ូថេ​ទី​១ ៦:៨

ការ​ស្កប់​ចិត្ត​មាន​ន័យ​ថា ជា​ការ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ មិន​មែន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ។ នេះ​គឺ​ពិត​ជា​សំខាន់ ជា​ពិសេស​នៅ​ពេល​ដែល​របៀប​រស់​នៅ​របស់​យើង​ជួប​ប្រទះ​នូវ​ការ​ពិបាក។

ដើម្បី​ចេះ​ស្កប់​ចិត្ត អ្នក​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​អ្នក។ បើ​អ្នក​មិន​រស់​នៅ​ស្រប​តាម​ប្រាក់​ចំណូល​របស់​អ្នក​ទេ នោះ​អ្នក​នឹង​មាន​បញ្ហា​លុយ​កាក់​កាន់​តែ​ច្រើន។