លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលជួបមហន្តរាយធម្មជាតិ

ពេលជួបមហន្តរាយធម្មជាតិ

អនទ្រេ​នៅ​ប្រទេស​សៀរ៉ាឡេអូន និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​អស់​សង្ឃឹម​តែ​ម្ដង។ របស់​របរ​ទាំង​អស់​ដែល​យើង​មាន​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​ការ​បាក់​ដី​និង​ទឹក​ជំនន់​»។

ដាវីឌ​នៅ​កោះ​វីជីន រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​ព្យុះ​សង្ឃរា យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ គ្មាន​អ្វី​នៅ​សេស​សល់​ទេ។ យើង​និយាយ​មិន​ចេញ​សូម្បី​មួយ​ម៉ាត់។ កូន​ស្រី​របស់​ខ្ញុំ​លុត​ជង្គង់​ដល់​ដី​ទាំង​ស្រក់​ទឹក​ភ្នែក​»។

បើ​អ្នក​ធ្លាប់​រួច​ជីវិត​ពី​គ្រោះ​មហន្តរាយ អ្នក​ប្រហែល​ជា​អាច​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ដែល​បាន​រួច​ជីវិត ដូច​ជា​៖ តក់​ស្លុត ពិបាក​ជឿ ភាន់​ភាំង តាន​តឹង​ចិត្ត និង​សុបិន​អាក្រក់។ មនុស្ស​ជា​ច្រើន​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត បាន​ជា​ពួក​គេ​មាន​អារម្មណ៍​ថា​មិន​ចង់​រស់​ត​ទៅ​ទៀត​ទេ។

បើ​អ្នក​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​មហន្តរាយ អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត​បាន​ដែរ។ អ្នក​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា តើ​អ្នក​រស់​នៅ​មាន​ន័យ​អ្វី? ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​ពន្យល់​ថា​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​បន្ត​រស់​នៅ ហើយ​ថា​អ្នក​អាច​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម​អំពី​អនាគត​ដ៏​ប្រសើរ។

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម

សៀវភៅ​អ្នក​ទូន្មាន ៧:៨ ចែង​ថា​៖ ​«​ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម​»។ ក្រោយ​ពី​មហន្តរាយ ជីវិត​របស់​អ្នក​ប្រហែល​ជា​មើល​ទៅ​អស់​សង្ឃឹម។ ក៏​ប៉ុន្តែ កាល​ដែល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ទៅ​ជា​ធម្មតា​វិញ នោះ​អ្វី​ៗ​នឹង​អាច​ប្រសើរ​ឡើង​បាន។

គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​«​គ្មាន​សម្រែក​ទ្រហោ​យំ​ឬ​ការ​ស្រែក​កើត​ទុក្ខ​ទៀត​ឡើយ​»។ (​អេសាយ ៦៥:១៩​) នេះ​នឹង​ក្លាយ​ជា​ការ​ពិត​ពេល​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ក្រោម​រាជាណាចក្រ​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:១១, ២៩​) មហន្តរាយ​ធម្មជាតិ​នឹង​លែង​មាន​ទៀត។ ទុក្ខ​សោក​និង​ការ​នឹក​ចាំ​ដែល​នាំ​ឲ្យ​ឈឺ​ចាប់ នឹង​លែង​មាន​ជា​រៀង​រហូត ពីព្រោះ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​សន្យា​ថា​៖ ​«​អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ទៀត​ដែរ​»។—អេសាយ ៦៥:១៧

សូម​គិត​៖ អ្នក​បង្កើត​«​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»​ ពោល​គឺ​ជីវិត​ដ៏​សុខ​សាន្ត​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ (​យេរេមា ២៩:១១​) បើ​អ្នក​ដឹង​អំពី​សេចក្ដី​ពិត​នេះ តើ​នេះ​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រស់​នៅ​ឬ​ទេ? សាលី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​ដំបូង និយាយ​ថា​៖ ​«​ពេល​រំលឹក​ខ្លួន​ឯង​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​អស់​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​យើង​នៅ​ថ្ងៃ​អនាគត នោះ​អាច​ជួយ​យើង​ឲ្យ​ឈប់​គិត​អំពី​អតីតកាល ហើយ​ប្រឈម​មុខ​នឹង​បច្ចុប្បន្នកាល​»។

តើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា​ទោះ​ជា​អ្នក​បាន​រង​ទុក្ខ​ពី​មហន្តរាយ​ក្ដី អ្នក​មាន​ហេតុ​បន្ត​រស់​នៅ​ដោយ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​អនាគត​ដែល​លែង​មាន​គ្រោះ​មហន្តរាយ​ទៀត។ ដំណាល​គ្នា​ដែរ គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការពិបាក​ក្រោយ​ពី​មាន​មហន្តរាយ។ សូម​ពិចារណា​ការ​ណែនាំ​ខ្លះ​ៗ។