លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុង​នីនីវេ​ជា​ក្រុង​ដែល​មាន​សំណង់​និង​វិមាន​ដែល​គួរ​ឲ្យ​កោត​ស្ងើច

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​អ្វី​បាន​កើត​ឡើង​ដល់​ក្រុង​នីនីវេ​ក្រោយ​ពី​សម័យ​យ៉ូណាស?

គេហទំព័រ​មួយ​របស់​សារមន្ទីរ​អង់គ្លេស​រៀប​រាប់​ថា ប្រហែល​ជា​នៅ​ឆ្នាំ​៦៧០ មុន​គ.ស. អាស៊ីរី​ជា​ចក្រភព​ដែល​ធំ​ជាង​គេ​លើ​ពិភព​លោក ​«​ដែល​មាន​ទឹក​ដី​ចាប់​ពី​កោះ​គីប្រុស ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់ ហើយ​នៅ​គ្រា​មួយ​ក៏​រួម​បញ្ចូល​ប្រទេស​អេហ្ស៊ីប​ដែរ​»។ (​The British Museum Blog​) រាជធានី​នីនីវេ​គឺ​ជា​ក្រុង​ដ៏​ធំ​ជាង​គេ​លើ​ពិភព​លោក។ ក្រុង​នោះ​មាន​សួន​ច្បារ​ស្អាត​ៗ​ជា​ច្រើន វិមាន​ធំ​ស្កឹមស្កៃ និង​បណ្ណាល័យ​ធំ​ៗ។ សិលា​ចារឹក​លើ​ជញ្ជាំង​ពី​ក្រុង​នីនីវេ​សម័យ​បុរាណ​បង្ហាញ​ថា ដូច​ស្ដេច​អាស៊ីរី​ឯ​ទៀត ស្ដេច​អាស៊ើបានីផាល​បាន​ហៅ​ខ្លួន​គាត់​ថា​«​ស្ដេច​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក​»។ នៅ​ពេល​នោះ​ចក្រភព​អាស៊ីរី​និង​ក្រុង​នីនីវេ មើល​ទៅ​គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ​បាន​ទេ។

មហា​អំណាច​អាស៊ីរី​គឺ​ជា​ចក្រភព​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​នៅ​សម័យ​នោះ

ប៉ុន្តែ ពេល​ដែល​អាស៊ីរី​មាន​អំណាច​ដល់​កំពូល សេផានា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]​នឹង... បំផ្លាញ​ស្រុក​អាស៊ីរី។ លោក​នឹង​បំផ្លាញ​ក្រុង​នីនីវេ​ឲ្យ​ទៅ​ជា​ទី​ហួត​ហែង​ដូច​ជា​ទី​រហោស្ថាន​»។ ម្យ៉ាង​ទៀត ណាហ៊ុម​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ទៀត​របស់​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ចូរ​រឹប​អូស​យក​មាស​ប្រាក់​ទៅ!... ក្រុង​នោះ​បាន​ត្រូវ​បំផ្លាញ ហើយ​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ទទេ!... អស់​អ្នក​ដែល​ឃើញ​នាង​នឹង​រត់​ចេញ​ពី​នាង ទាំង​ពោល​ថា​៖ ‹ក្រុង​នីនីវេ​បាន​ត្រូវ​បំផ្លាញ​ហើយ!›​»។ (​សេផ. ២:១៣; ណា. ២:៩, ១០; ៣:៧​) អ្នក​ដែល​ឮ​ទំនាយ​ទាំង​នេះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​នេះ​ពិត​ជា​អាច​កើត​ឡើង​បាន​ឬ​ទេ? តើ​ចក្រភព​អាស៊ីរី​ដែល​មាន​អំណាច​ខ្លាំង​ក្លា ពិត​ជា​អាច​ត្រូវ​គេ​យក​ឈ្នះ​បាន​ឬ?›។ នេះ​ទំនង​ជា​មើល​ទៅ មិន​គួរ​ឲ្យ​ជឿ​ទេ។

ក្រុង​នីនីវេ​បាន​ទៅ​ជា​ទឹក​ដី​ដែល​គេ​ទុក​ចោល

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​ដែល​មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​បាន​កើត​ឡើង​មែន! នៅ​ចុង​សតវត្សរ៍​ទី​៧ មុន​គ.ស. ពួក​បាប៊ីឡូន​និង​ពួក​មេឌី​បាន​យក​ឈ្នះ​លើ​ពួក​អាស៊ីរី។ យូរ​ៗ​ទៅ ក្រុង​នីនីវេ​បាន​ត្រូវ​បោះ​បង់​ចោល ហើយ​គ្មាន​អ្នក​ណា​នឹក​ចាំ​អំពី​ក្រុង​នោះ​ទេ។ សៀវ​ភៅ​មួយ​បាន​រៀប​រាប់​ថា​៖ ​«​នៅ​យុគ​សម័យ​កណ្ដាល ក្រុង​នោះ​បាន​ត្រូវ​កប់​ចោល ហើយ​មនុស្ស​ស្គាល់​ក្រុង​នីនីវេ​ដោយ​សារ​តែ​ក្រុង​នោះ​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​គម្ពីរ​»។ (​The Metropolitan Museum of Art in New York​) សៀវ​ភៅ​មួយ​ទៀត​ក៏​រៀប​រាប់​ដែរ​ថា​៖ ​«​មក​ដល់​ឆ្នាំ​១៨០០​ជាង​គ្មាន​មនុស្ស​ណា​ស្គាល់​ថា​ក្រុង​នីនីវេ​ពិត​ជា​ធ្លាប់​មាន​ឬ​យ៉ាង​ណា​ទេ​»។ (​Biblical Archaeology Society Online Archive​) ប៉ុន្តែ​ក្រោយ​មក​នៅ​ឆ្នាំ​១៨៤៥ បុរាណ​វត្ថុ​វិទូ​ម្នាក់​ឈ្មោះ​អូស្ទិន ហេនរី ឡៃអាឌ​ចាប់​ផ្ដើម​រុក​រក​សំណង់​បាក់​បែក​នៅ​ក្រុង​នីនីវេ ហើយ​អ្វី​ដែល​គាត់​បាន​រក​ឃើញ​បង្ហាញ​ថា​ក្រុង​នីនីវេ​ធ្លាប់​ជា​ក្រុង​ដ៏​រុង​រឿង​មែន។

ការ​សម្រេច​យ៉ាង​ត្រឹម​ត្រូវ​នៃ​ទំនាយ​អំពី​ក្រុង​នីនីវេ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ទំនាយ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ស្ដី​អំពី​ទី​បញ្ចប់​នៃ​រដ្ឋាភិបាល​នានា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​នឹង​ត្រូវ​សម្រេច​ដែរ។—ដាន. ២:៤៤; បប. ១៩:១៥, ១៩​-​២១