លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វីដែលខ្ញុំជ្រើសរើសកាលដែលខ្ញុំជាកុមារ

អ្វីដែលខ្ញុំជ្រើសរើសកាលដែលខ្ញុំជាកុមារ

ពេលខ្ញុំជាកុមារ

នៅឆ្នាំ១៩៨៥ ខ្ញុំមានអាយុតែ១០ឆ្នាំប៉ុណ្ណោះ ពេលកុមារពីប្រទេសកម្ពុជាចាប់ផ្ដើមចូលសាលារៀនរបស់ខ្ញុំនៅក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ កុមារម្នាក់ក្នុងចំណោមកុមារទាំងនោះចេះនិយាយភាសាអង់គ្លេសបន្ដិចបន្ដួច។ ដោយប្រើរូបភាព គាត់បានចាប់ផ្ដើមប្រាប់ខ្ញុំនូវរឿងដែលគួរឲ្យតក់ស្លុតស្ដីអំពីទារុណកម្ម ការសម្លាប់ និងការរត់គេចខ្លួន។ នៅពេលយប់ ខ្ញុំយំពេលគិតអំពីកុមារទាំងនោះ។ ខ្ញុំចង់ប្រាប់ពួកគេនូវសេចក្ដីសង្ឃឹមអំពីសួនឧទ្យាននិងការប្រោសឲ្យរស់ឡើងវិញ ប៉ុន្ដែពួកគេមិនចេះភាសាខ្ញុំទេ។ ទោះជាខ្ញុំនៅជាកុមារក្ដី ខ្ញុំបានសម្រេចចិត្ដរៀនភាសាខ្មែរ ដើម្បីខ្ញុំអាចប្រាប់សិស្សនៅសាលាខ្ញុំអំពីព្រះយេហូវ៉ា។ នៅពេលនោះខ្ញុំមិនបានដឹងទេថាការសម្រេចចិត្ដនេះនឹងមានឥទ្ធិពលខ្លាំងយ៉ាងណាលើអនាគតរបស់ខ្ញុំ។

ការរៀនភាសាខ្មែរគឺពិបាក។ ខ្ញុំបានសម្រេចចិត្ដឈប់រៀនពីរដង។ ប៉ុន្ដែព្រះយេហូវ៉ាបានលើកទឹកចិត្ដខ្ញុំតាមរយៈឪពុកម្ដាយរបស់ខ្ញុំ។ នៅពេលក្រោយមក គ្រូបង្រៀននិងសិស្សទៀតបានចាប់ផ្ដើមលើកទឹកចិត្ដខ្ញុំឲ្យរកអាជីពមួយដែលផ្ដល់ប្រាក់ខែច្រើន។ ប៉ុន្ដែខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយ ហើយខ្ញុំបានជ្រើសរើសមុខវិជ្ជាដែលនឹងជួយខ្ញុំឲ្យរកការងារដែលមិនពេញពេល ដើម្បីខ្ញុំអាចសម្រេចគោលដៅនោះ។ ក្រោយចប់ម៉ោងរៀន ខ្ញុំមានទម្លាប់ជួបអ្នកត្រួសត្រាយខ្លះដើម្បីផ្សព្វផ្សាយជាមួយពួកគាត់។ ខ្ញុំក៏បានស្ម័គ្រចិត្ដជួយបង្រៀននិស្សិតដែលកំពុងរៀនភាសាអង់គ្លេស ដោយសារនោះមិនមែនជាភាសាកំណើតរបស់ពួកគេទេ។ នៅពេលក្រោយមក ខ្ញុំបានទទួលប្រយោជន៍ជាច្រើនពីការសម្រេចចិត្ដនេះ។

ពេលដែលខ្ញុំមានអាយុ១៦ឆ្នាំ ខ្ញុំបានអំពីក្រុមខ្មែរមួយនៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ខ្ញុំបានទៅលេងទីនោះ ហើយបានរៀនអានភាសាខ្មែរ។ នៅពេលដែលខ្ញុំបញ្ចប់ការសិក្សានៅសាលា ខ្ញុំបានក្លាយជាអ្នកត្រួសត្រាយ ហើយបានបន្ដផ្សព្វផ្សាយដល់ជនជាតិខ្មែរដែលរស់នៅជិតផ្ទះខ្ញុំ។ កាលដែលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំបានគិតចង់រើទៅនៅប្រទេសកម្ពុជា។ នៅពេលនោះប្រទេសកម្ពុជានៅតែជាកន្លែងដែលប្រកបទៅដោយគ្រោះថ្នាក់។ ប៉ុន្ដែខ្ញុំដឹងថាក្នុងចំណោមមនុស្ស១០លាននាក់ដែលនៅប្រទេសនោះ មានតែមនុស្សតិចទេដែលបានដំណឹងល្អអំពីរាជាណាចក្រព្រះ។ នៅពេលនោះ ទូទាំងប្រទេសកម្ពុជាមានតែក្រុមជំនុំមួយប៉ុណ្ណោះដែលមានអ្នកផ្សព្វផ្សាយ១៣នាក់។ លើកទីដែលខ្ញុំទៅលេងប្រទេសនោះគឺនៅពេលដែលខ្ញុំមានអាយុ១៩ឆ្នាំ។ ពីរឆ្នាំក្រោយមក ខ្ញុំបានសម្រេចចិត្ដទៅរស់នៅទីនោះ។ ខ្ញុំរកបានការងារមិនពេញពេលជាអ្នកបកប្រែ និងជាគ្រូបង្រៀនភាសាអង់គ្លេស ដែលជួយផ្គត់ផ្គង់ខ្ញុំក្នុងកិច្ចបម្រើផ្សាយ។ ក្រោយមក ខ្ញុំរកបានប្រពន្ធម្នាក់ដែលមានគោលដៅដូចខ្ញុំក្នុងជីវិត។ ជាមួយគ្នា យើងបានជួយជនជាតិខ្មែរជាច្រើននាក់ឲ្យប្រគល់ខ្លួនជូនព្រះ។

ព្រះយេហូវ៉ាឲ្យខ្ញុំ«បានដូចបំណងចិត្ដ»របស់ខ្ញុំ។ (ទំនុក. ៣៧:៤) ការជួយមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ ជាអាជីពមួយដែលនាំឲ្យស្កប់ចិត្ដលើសពីការងារផ្សេងទៀត។ ក្នុងអំឡុង១៦ឆ្នាំដែលខ្ញុំនៅប្រទេសកម្ពុជា អ្នកបម្រើព្រះយេហូវ៉ាមួយក្រុមតូចនោះដែលមានគ្នាតែ១៣នាក់ បានចម្រើនឡើងរហូតដល់មានក្រុមជំនុំ១២និងក្រុមដាច់ស្រយាល៤! (រៀបរាប់ដោយបងចេសិន ប្លាកវេល)។