លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណីឲ្យឆ្កែខ្ញុំ

ចំណីឲ្យឆ្កែខ្ញុំ

បង​ប្រុស​នីក​ដែល​រស់​នៅ​រដ្ឋ​អូរ៉េហ្គិន នា​សហរដ្ឋ​អាម៉េរិក​បាន​សរសេរ​ថា​៖ ​«​នៅ​ដើម​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ចាប់​ផ្ដើម​បណ្ដើរ​ឆ្កែ​ពីរ​ក្បាល​របស់​ខ្ញុំ​នៅ​ទី​ប្រជុំ​ជន នា​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ជា​ធម្មតា​នៅ​ទី​នោះ សាក្សី​ព្រះ​យេហូវ៉ា​ឈរ​នៅ​ក្បែរ​រទេះ​រុញ​ដាក់​តាំង​សៀវភៅ​របស់​ពួក​គេ។ ពួក​គេ​ស្លៀក​សម្លៀក​បំពាក់​ស្អាត​បាត ហើយ​ញញឹម​ដាក់​មនុស្ស​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ។

​«​សាក្សី​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​សប្បុរស​ដល់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ឆ្កែ​ខ្ញុំ​ផង​ដែរ។ នៅ​ថ្ងៃ​មួយ ប្អូន​ស្រី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​រទេះ​នោះ​ឈ្មោះ​អ៊ីឡេន បាន​ឲ្យ​ចំណី​ខ្លះ​ដល់​ឆ្កែ​ខ្ញុំ។ ក្រោយ​មក ពេល​ណា​ដែល​ខ្ញុំ​ដើរ​នៅ​ជិត​រទេះ​នោះ ឆ្កែ​ខ្ញុំ​រត់​ចូល​ទៅ​ជិត​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ចំណី​ពី​ពួក​គេ។

​«​ច្រើន​ខែ​បាន​កន្លង​ផុត​ទៅ ឆ្កែ​របស់​ខ្ញុំ​ចូល​ចិត្ត​ចំណី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ ហើយ​ខ្ញុំ​ក៏​សប្បាយ​សន្ទនា​យ៉ាង​ខ្លី​ជា​មួយ​ពួក​គេ​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពេក​ជា​មួយ​ពួក​គេ​ទេ។ ខ្ញុំ​មាន​អាយុ​៧០​ឆ្នាំ​ជាង ហើយ​ខ្ញុំ​មិន​សូវ​ដឹង​ថា​ពួក​សាក្សី​ជឿ​លើ​អ្វី​ខ្លះ​ឡើយ។ ខ្ញុំ​ធ្លាប់​ខក​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​វិហារ​ខាង​ប្រូតេស្តង់ ដូច្នេះ​ខ្ញុំ​គិត​ថា​ល្អ​បំផុត​គឺ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង។

​«​ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ឃើញ​សាក្សី​ឯ​ទៀត​ឈរ​ក្បែរ​រទេះ​របស់​ពួក​គេ​នៅ​តំបន់​ផ្សេង​ៗ​នា​ក្រុង​ដែល​ខ្ញុំ​រស់​នៅ ហើយ​ពួក​គេ​ក៏​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​ដែរ។ ពួក​គេ​តែង​តែ​ឆ្លើយ​សំណួរ​ខ្ញុំ​ពី​គម្ពីរ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ទុក​ចិត្ត​ពួក​គេ។

​«​ថ្ងៃ​មួយ ប្អូន​អ៊ីឡេន​បាន​សួរ​ខ្ញុំ​ថា​៖ ‹តើ​បង​ជឿ​ថា​សត្វ​គឺ​ជា​អំណោយ​ពី​ព្រះ​ឬ​ទេ?›។ ខ្ញុំ​ឆ្លើយ​ថា​៖ ‹បាទ ខ្ញុំ​ជឿ!›។ ក្រោយ​មក ប្អូន​អ៊ីឡេន​បាន​បង្ហាញ​អេសាយ ១១:៦​-​៩​ឲ្យ​ខ្ញុំ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចង់​រៀន​ថែម​ទៀត​អំពី​គម្ពីរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទទួល​សៀវភៅ​ណា​ទាំង​អស់​ពី​សាក្សី​ព្រះ​យេហូវ៉ា​ទេ។

​«​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​និយាយ​យ៉ាង​ខ្លី​ជា​មួយ​ប្អូន​អ៊ីឡេន​និង​ប្អូន​ប្រេន​ដែល​ជា​ប្ដី​របស់​គាត់ ហើយ​អ្វី​ដែល​យើង​និយាយ​គ្នា​នោះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ ពួក​គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​អាន​សៀវភៅ​ម៉ាថាយ​រហូត​ដល់​សកម្មភាព ដើម្បី​យល់​ថា​ការ​យក​តម្រាប់​គ្រិស្ត​មាន​ន័យ​យ៉ាង​ណា។ ដូច្នេះ ខ្ញុំ​បាន​ធ្វើ​អ៊ីចឹង​មែន។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ព្រម​សិក្សា​គម្ពីរ​ជា​មួយ​ប្អូន​ប្រេន​និង​ប្អូន​អ៊ីឡេន។ នោះ​គឺ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦។

​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ពេល​សិក្សា​គម្ពីរ​ជា​រៀង​រាល់​សប្ដាហ៍​និង​ចូល​រួម​កិច្ច​ប្រជុំ។ ខ្ញុំ​សប្បាយ​ចិត្ត​រៀន​អំពី​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ឥឡូវ​ខ្ញុំ​មាន​អាយុ​៧៩​ឆ្នាំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​រក​ឃើញ​សាសនា​ពិត។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ខ្ញុំ ដោយ​ជួយ​ខ្ញុំ​ឲ្យ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នៅ​ទូទាំង​ពិភព​លោក​»។