លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​ជន​ជាតិ​រ៉ូម​អនុញ្ញាត​ឲ្យ​គេ​បញ្ចុះ​សព​តាម​ធម្មតា​ឲ្យ​បុគ្គល​ណា​ម្នាក់​ដូច​លោក​យេស៊ូ​ដែល​ពួក​គេ​បាន​ប្រហារ​ជីវិត​នៅ​លើ​បង្គោល​ឈើ​ឬ​ទេ?

មនុស្ស​ជា​ច្រើន​ស្គាល់​កំណត់​ហេតុ​អំពី​ការ​ព្យួរ​របស់​លោក​យេស៊ូ​នៅ​លើ​បង្គោល​ឈើ ដោយ​មាន​ឧក្រិដ្ឋ​ជន​ពីរ​នាក់​អម​សង​ខាង។ (​ម៉ាថ. ២៧:៣៥​-​៣៨​) ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា​គម្ពីរ​ចែង​មិន​ត្រឹម​ត្រូវ​ទេ ពេល​ដែល​ថា​សាក​សព​របស់​លោក​យេស៊ូ​បាន​ត្រូវ​គេ​រៀបចំ ហើយ​ដាក់​ក្នុង​ទី​បញ្ចុះ​សព។—ម៉ាក. ១៥:៤២​-​៤៦

អ្នក​វិភាគ​សៀវភៅ​ដំណឹង​ល្អ​ខ្លះ​បាន​សង្ស័យ​ថា បុគ្គល​ដែល​ត្រូវ​គេ​ប្រហារ​ជីវិត មិន​អាច​ត្រូវ​គេ​បញ្ចុះ​សព​ឲ្យ​បាន​សមរម្យ​ទេ ដូច​ជា​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ជា​ដើម។ ផ្ទុយ​ទៅ​វិញ អ្នក​នោះ​គិត​ថា គេ​ប្រព្រឹត្ត​ចំពោះ​សព​ឧក្រិដ្ឋ​ជន​ទាំង​នោះ​តាម​របៀប​ផ្សេង​ពី​មនុស្ស​ធម្មតា។ អ្នក​កាសែត​ម្នាក់​ឈ្មោះ​អេរៀល សេបា​បាន​ពន្យល់​ក្នុង​ទស្សនាវដ្ដី​មួយ​អំពី​មូលហេតុ​ដែល​អ្នក​ខ្លះ​មាន​ទស្សនៈ​នោះ។ គាត់​សរសេរ​ថា​៖ ​«​ការ​ដាក់​ទោស​ដោយ​ព្យួរ គឺ​ស័ក្ដិ​សម​ចំពោះ​មនុស្ស​បាត​សង្គម ហើយ​អ្នក​ជំនាញ​ខ្លះ​មិន​ជឿ​ថា​ជន​ជាតិ​រ៉ូម​នឹង​អនុញ្ញាត​ឲ្យ​បញ្ចុះ​សព​បុគ្គល​ទាំង​នោះ​ទេ​»។ (Smithsonian) ជន​ជាតិ​រ៉ូម​ចង់​បន្ទាប​បន្ថោក​ឧក្រិដ្ឋ​ជន ដូច្នេះ​ពួក​គេ​ច្រើន​តែ​ទុក​សាក​សព​នៅ​លើ​បង្គោល​ឈើ​ដើម្បី​ឲ្យ​សត្វ​ស៊ី។ ក្រោយ​មក អ្វី​ដែល​នៅ​សល់​ពី​សាក​សព​នោះ គេ​ប្រហែល​ជា​បោះ​ទៅ​ក្នុង​កន្លែង​បញ្ចុះ​សព​រួម។

ប៉ុន្តែ បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​អ្វី​ផ្សេង​ទៀត​បាន​កើត​ឡើង​ដល់​សំណល់​សាក​សព​យ៉ាង​ហោច​ណាស់​របស់​ជន​ជាតិ​យូដា​ខ្លះ​ដែល​បាន​ត្រូវ​គេ​សម្លាប់។ នៅ​ឆ្នាំ​១៩៦៨ គេ​បាន​រក​ឃើញ​សំណល់​គ្រោង​ឆ្អឹង​របស់​បុរស​ម្នាក់​ដែល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​សតវត្សរ៍​ទី​១។ ឆ្អឹង​ទាំង​នោះ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ជិត​ក្រុង​ហ៊្សេរុយសាឡិម ក្នុង​ទីបញ្ចុះ​សព​របស់​ក្រុម​គ្រួសារ​ជន​ជាតិ​យូដា​សាមញ្ញ។ សំណល់​ឆ្អឹង​នោះ​នៅ​ក្នុង​កោដ្ឋ​ឬ​ប្រអប់​ដាក់​ឆ្អឹង។ ក្នុង​ចំណោម​ឆ្អឹង​ដែល​ពួក​គេ​បាន​រក​ឃើញ មាន​ឆ្អឹង​កែង​ជើង។ ឆ្អឹង​កែង​ជើង​នោះ​បាន​ត្រូវ​គេ​ដំ​ភ្ជាប់​នឹង​បន្ទះ​ឈើ ដោយ​ដែក​គោល​ដែល​មាន​ប្រវែង​១១.៥​សង់ទីម៉ែត្រ។ អេរៀល សេបា​និយាយ​ថា​៖ ​«​កែង​ជើង​នោះ​ដែល​ជា​កែង​ជើង​របស់​បុរស​ម្នាក់​ឈ្មោះ​យេហូខេណិន បាន​ផ្ដល់​ទី​សំអាង​ដែល​បង្ហាញ​អំពី​មូលហេតុ​ដែល​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​ការ​ដាក់​សព​របស់​លោក​យេស៊ូ​ក្នុង​ទី​បញ្ចុះ​សព​អាច​ជា​ការ​ពិត​»។ គាត់​បន្ថែម​ថា​៖ ​«​កែង​ជើង​របស់​យេហូខេណិន​គឺ​ជា​គំរូ​មួយ​អំពី​បុរស​ម្នាក់​ពី​សម័យ​លោក​យេស៊ូ​ដែល​បាន​ត្រូវ​គេ​ព្យួរ ហើយ​ដែល​ជន​ជាតិ​រ៉ូម​អនុញ្ញាត​ឲ្យ​បញ្ចុះ​សព​តាម​ទំនៀម​ទម្លាប់​ជន​ជាតិ​យូដា​»។

មាន​ទស្សនៈ​ផ្សេង​ៗ​អំពី​អ្វី​ដែល​ឆ្អឹង​កែង​ជើង​នេះ​បង្ហាញ​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ។ ប៉ុន្តែ អ្វី​ដែល​ច្បាស់​គឺ​ថា ឧក្រិដ្ឋ​ជន​ខ្លះ​ដែល​គេ​ប្រហារ​ជីវិត​បាន​ត្រូវ​គេ​បញ្ចុះ​សព មិន​មែន​បោះ​ចោល​ទេ។ យើង​អាច​ឃើញ​ច្បាស់​ថា អ្វី​ដែល​គម្ពីរ​ចែង​អំពី​សព​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​គេ​ដាក់​ក្នុង​ទី​បញ្ចុះ​សព​សមរម្យ​មួយ​គឺ​ត្រឹម​ត្រូវ។ ទី​សំអាង​នេះ​គាំទ្រ​អ្វី​ដែល​គម្ពីរ​ចែង។

សំខាន់​បំផុត ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​សព​របស់​លោក​យេស៊ូ​នឹង​ត្រូវ​បញ្ចុះ​ក្នុង​ទី​បញ្ចុះ​សព​របស់​អ្នក​មាន ហើយ​គ្មាន​អ្នក​ណា​អាច​រា​រាំង​ប្រសាសន៍​របស់​ព្រះ​មិន​ឲ្យ​សម្រេច​បាន​ឡើយ។—អេ. ៥៣:៩; ៥៥:១១