លោតទៅអត្ថបទ

ការណែនាំសម្រាប់កិច្ចប្រជុំកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក

ការណែនាំសម្រាប់កិច្ចប្រជុំកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក

មាតិកា

.  ការ​ណែនាំ​ក្នុង​ឯកសារ​នេះ​ជា​ជំនួយ​សម្រាប់​អស់​អ្នក​ដែល​មាន​ផ្នែក​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ មុន​រៀប​ចំ​ផ្នែក​របស់​ខ្លួន ពួក​គេ​ម្នាក់​ៗ​គួរ​មើល​សារ​ឡើង​វិញ​នូវ​ការ​ណែនាំ​ដែល​មាន​ក្នុង​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ និង​ក្នុង​ឯកសារ​នេះ។ សូម​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ទាំង​អស់​ឲ្យ​ចុះ​ឈ្មោះ​ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ បើ​អាច​ធ្វើ​បាន។ អ្នក​ឯ​ទៀត​ដែល​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​ក្រុម​ជំនុំ​ក៏​អាច​ចុះ​ឈ្មោះ​ថ្លែង​សុន្ទរកថា ប្រសិន​បើ​ពួក​គេ​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ និង​មាន​របៀប​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គ្រិស្ត​សាសនិក។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​គួរ​ពិគ្រោះ​អំពី​តម្រូវ​ការ​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​អ្នក​ផ្សាយ តែ​ចង់​ចុះ​ឈ្មោះ រួច​ប្រាប់​បុគ្គល​នោះ​ថា​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា។ ពេល​មាន​ការ​ពិគ្រោះ​នេះ អ្នក​ដឹក​នាំ​ការ​សិក្សា​ជា​មួយ​គាត់​គួរ​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ (​ឬ​គួរ​មាន​វត្តមាន​របស់​ឪពុក​ឬ​ម្ដាយ​ដែល​ជា​អ្នក​ជឿ​)។ តម្រូវ​ការ​គឺ​ដូច​គ្នា​នឹង​តម្រូវ​ការ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក (od ជំ.៨ វ.៨​)។

 ពាក្យ​ផ្ដើម

.  ១​នាទី។ រាល់​សប្ដាហ៍ ក្រោយ​បញ្ចប់​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​ដំបូង អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​នឹង​ជួយ​អ្នក​ចូល​រួម​ឲ្យ​មាន​ចិត្ត​រំភើប​ចំពោះ​កម្ម​វិធី​បន្ត​បន្ទាប់។ អធិការី​គួរ​ផ្ដោត​ទៅ​លើ​ចំណុច​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​បំផុត​ដល់​ក្រុម​ជំនុំ។

  ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

 សុន្ទរកថា៖ ១០​នាទី។ មាន​ប្រធាន​និង​គោល​ចំណុច​ពីរ​ឬ​បី​នៅ​ក្នុង​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ។ សុន្ទរកថា​នេះ​នឹង​ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ ពេល​ចាប់​ផ្ដើម​អាន​សៀវភៅ​ថ្មី​សម្រាប់​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍ នោះ​វីដេអូ​មួយ​ដែល​រៀប​រាប់​អំពី​សៀវភៅ​ថ្មី​នេះ​នឹង​ត្រូវ​បង្ហាញ។ អ្នក​ថ្លែង​អាច​លើក​បញ្ជាក់​អំពី​ចំណុច​ស្រដៀង​គ្នា​រវាង​វីដេអូ​និង​ប្រធាន​នៃ​សុន្ទរកថា។ យ៉ាង​ណា​ក្ដី គាត់​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​លើក​បញ្ជាក់​ចំណុច​ដែល​មាន​ក្នុង​កំណត់​សម្រាប់​កិច្ច​ប្រជុំ។ ម្យ៉ាង​ទៀត តាម​ពេល​កំណត់ គាត់​គួរ​ប្រើ​រូប​ភាព​ដែល​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ អ្នក​ថ្លែង​ក៏​អាច​ប្រើ​ព័ត៌មាន​ពី​ឯកសារ​យោង​ផ្សេង​ទៀត​ដែរ ឲ្យ​តែ​ព័ត៌មាន​នោះ​ជួយ​ពន្យល់​ចំណុច​ដែល​មាន​ក្នុង​កំណត់​សម្រាប់​កិច្ច​ប្រជុំ។

 ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ៖ ១០​នាទី។ នេះ​ជា​ផ្នែក​សំណួរ​និង​ចម្លើយ ដែល​គ្មាន​ពាក្យ​ផ្ដើម​ឬ​ពាក្យ​បញ្ចប់​ទេ។ ផ្នែក​នេះ​ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ អ្នក​ដឹក​នាំ​គួរ​សួរ​សំណួរ​ទាំង​ពីរ​ទៅ​អ្នក​ស្ដាប់។ ម្យ៉ាង​ទៀត គាត់​អាច​សម្រេច​ចិត្ត​ថា គួរ​អាន​ខ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​សម្រាប់​សំណួរ ឬ​មិន​គួរ​អាន​វិញ។ ពួក​អ្នក​ដែល​ចូល​រួម​ឆ្លើយ គួរ​ឆ្លើយ​ត្រឹម​តែ​៣០​វិនាទី​ឬ​ខ្លី​ជាង។

 អំណាន​គម្ពីរ៖ ៤​នាទី។ ផ្នែក​នេះ​ត្រូវ​ថ្លែង​ដោយ​បង​ប្អូន​ប្រុស​ម្នាក់។ សិស្ស​គួរ​អាន​អំណាន​ដែល​បាន​ត្រូវ​កំណត់​ឲ្យ ដោយ​មិន​មាន​ពាក្យ​ផ្ដើម​ឬ​ពាក្យ​បញ្ចប់​ទេ។ អធិការី​កិច្ច​ប្រជុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ជួយ​សិស្ស​ឲ្យ​រៀន​អាន​ឲ្យ​បាន​ត្រឹម​ត្រូវ ស្ទាត់ ទាំង​យល់​ន័យ សង្កត់​សំឡេង​ឲ្យ​យល់​អត្ថន័យ ឡើង​ចុះ​សំឡេង ផ្អាក​នៅ​កន្លែង​ត្រឹម​ត្រូវ និង​អាន​ដោយ​ប្រើ​សំឡេង​ធម្មតា។ អំណាន​គម្ពីរ​ខ្លះ​គឺ​ខ្លី រីឯ​អំណាន​គម្ពីរ​ខ្លះ​ទៀត​គឺ​វែង ដូច្នេះ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​គួរ​តែ​គិត​អំពី​សមត្ថភាព​របស់​សិស្ស​នីមួយ​ៗ​ពេល​ចាត់​ចែង​សិស្ស​អាន​អំណាន​គម្ពីរ។

 ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

.  ១៥​នាទី។ ផ្នែក​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​បង​ប្អូន​ទាំង​អស់​ឲ្យ​មាន​ឱកាស​ហាត់​ពាក្យ​ផ្សាយ និង​បង្កើន​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សន្ទនា ការ​ផ្សព្វ​ផ្សាយ និង​ការ​បង្រៀន។ បើ​ចាំ​បាច់ សុន្ទរកថា​របស់​សិស្ស​ក៏​អាច​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ដែរ។ សិស្ស​ម្នាក់​ៗ​គួរ​ធ្វើ​តាម​ចំណុច​ហាត់​រៀន​ពី​សៀវភៅ​ស្ដើង​ការ​បង្រៀន ឬ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្សដែល​មាន​ក្នុង​វង់​ក្រចក​ក្បែរ​សុន្ទរកថា​ក្នុង​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ។ ជួន​កាល​នឹង​មាន​ផ្នែក​មួយ​ដែល​ជា​ការ​ពិគ្រោះ។ ផ្នែក​បែប​នោះ​ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ (​ស្ដី​អំពី​របៀប​ដឹក​នាំ​ផ្នែក​ដែល​ជា​ការ​ពិគ្រោះ​សូម​មើល វគ្គ​១៥)។

 ចាប់​ផ្ដើម​ការ​សន្ទនា៖ បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​អាច​ថ្លែង​សុន្ទរកថា​នេះ។ អ្នក​ជំនួយ​គួរ​តែ​មាន​ភេទ​ដូច​គ្នា​នឹង​អ្នក​ថ្លែង ឬ​ជា​សមាជិក​ក្រុម​គ្រួសារ​គាត់។ សិស្ស​និង​អ្នក​ជំនួយ​អាច​អង្គុយ​ឬ​អាច​ឈរ​ក៏​បាន (​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ថ្លែង​និង​ស្ថានភាព​សម្រាប់​សុន្ទរកថា​នេះ សូម​មើល វគ្គ​១២​និង ១៣​)។

 ត្រឡប់​ទៅ​ជួប៖ បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​អាច​ថ្លែង​សុន្ទរកថា​នេះ។ អ្នក​ជំនួយ​គួរ​តែ​មាន​ភេទ​ដូច​គ្នា​នឹង​អ្នក​ថ្លែង។ (​km ១/០៦ ទំ.៥​) សិស្ស​និង​អ្នក​ជំនួយ​អាច​អង្គុយ​ឬ​អាច​ឈរ​ក៏​បាន។ សិស្ស​គួរ​សម្ដែង​អំពី​របៀប​និយាយ​ពេល​ត្រឡប់​ទៅ​ជួប​បុគ្គល​ដែល​ធ្លាប់​ជួប​ពី​មុន (​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ថ្លែង​និង​ស្ថានភាព​សម្រាប់​សុន្ទរកថា​នេះ សូម​មើល វគ្គ​១២​និង ១៣​)។

 ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត៖ បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​អាច​ថ្លែង​សុន្ទរកថា​នេះ។ អ្នក​ជំនួយ​គួរ​តែ​មាន​ភេទ​ដូច​គ្នា​នឹង​អ្នក​ថ្លែង។ (​km ១/០៦ ទំ.៥​) សិស្ស​និង​អ្នក​ជំនួយ​អាច​អង្គុយ​ឬ​អាច​ឈរ​ក៏​បាន។ ផ្នែក​នេះ​គួរ​បង្ហាញ​អំពី​របៀប​បង្រៀន​សិស្ស​គម្ពីរ​ក្នុង​អំឡុង​ការ​សិក្សា។ អ្នក​ថ្លែង​មិន​ចាំ​បាច់​ប្រើ​ពាក្យ​ផ្ដើម​ឬ​ពាក្យ​បញ្ចប់​ទេ លើក​លែង​តែ​ពេល​គាត់​ត្រូវ​ធ្វើ​តាម​ចំណុច​ហាត់​រៀន​ទាំង​នេះ។ មិន​ចាំ​បាច់​អាន​ប្រភព​ព័ត៌មាន​ទាំង​អស់​ឲ្យ​ឮ​ៗ​ទេ តែ​ប្រសិន​ជា​គាត់​ចង់​អាន នោះ​ក៏​បាន​ដែរ។

 ១០ពន្យល់​អំពី​ជំនឿ​របស់​អ្នក៖ ពេល​ផ្នែក​នេះ​ជា​សុន្ទរកថា បង​ប្អូន​ប្រុស​ម្នាក់​គួរ​ជា​អ្នក​ថ្លែង។ ពេល​ផ្នែក​នេះ​ជា​ការ​សម្ដែង បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​អាច​ថ្លែង​បាន។ អ្នក​ជំនួយ​គួរ​តែ​មាន​ភេទ​ដូច​គ្នា​នឹង​អ្នក​ថ្លែង ឬ​គួរ​ជា​សមាជិក​ក្រុម​គ្រួសារ​គាត់។ សិស្ស​គួរ​តែ​ផ្ដល់​ចម្លើយ​ដែល​ច្បាស់​និង​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត ដោយ​ប្រើ​ព័ត៌មាន​ក្នុង​ឯកសារ​យោង​ដែល​បាន​ផ្ដល់​ឲ្យ។ សិស្ស​អាច​សម្រេច​ចិត្ត​ថា​គួរ​ឬ​មិន​គួរ​ប្រាប់​អំពី​ឯកសារ​ដែល​ជា​មូលដ្ឋាន​ចំពោះ​ផ្នែក​របស់​គាត់។

 ១១សុន្ទរកថា៖ សុន្ទរកថា​នេះ​គួរ​ថ្លែង​ដោយ​បង​ប្អូន​ប្រុស​ម្នាក់ ហើយ​ជា​សុន្ទរកថា​ដែល​ថ្លែង​ជូន​ក្រុម​ជំនុំ។ ពេល​សុន្ទរកថា​មាន​មូលដ្ឋាន​លើ​ចំណុច​ណា​មួយ​ក្នុង​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស សិស្ស​គួរ​តែ​លើក​បញ្ជាក់​អំពី​របៀប​ប្រើ​បទ​គម្ពីរ​ពី​ចំណុច​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍ គាត់​អាច​ពន្យល់​អំពី​ពេល​ណា​អាច​ប្រើ​បទ​គម្ពីរ បក​ស្រាយ​អត្ថន័យ​នៃ​បទ​គម្ពីរ ឬ​របៀប​ប្រើ​បទ​គម្ពីរ​ដើម្បី​លើក​ហេតុ​ផល​ទៅ​បុគ្គល​ម្នាក់។ ពេល​សុន្ទរកថា​មាន​មូលដ្ឋាន​លើ​ចំណុច​ណា​មួយ​ពី​មេ​រៀន​ក្នុង​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស សិស្ស​គួរ​តែ​ផ្ដោត​ទៅ​លើ​របៀប​ប្រើ​ចំណុច​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ គាត់​ប្រហែល​អាច​លើក​ឡើង​ឧទាហរណ៍​ដែល​មាន​នៅ​ចំណុច​ទី១​ក្នុង​មេ​រៀន ឬ​លើក​បញ្ជាក់​ខ​គម្ពីរ​បន្ថែម​ដែល​មាន​ក្នុង​មេ​រៀន។

   ១២របៀប​ថ្លែង៖ ព័ត៌មាន​ក្នុង​វគ្គ​នេះ​និង​វគ្គ​បន្ទាប់​គឺ​សម្រាប់​សុន្ទរកថា​ក្នុង​ផ្នែក​«​ចាប់​ផ្ដើម​ការ​សន្ទនា​»​ និង​សុន្ទរកថា​ក្នុង​ផ្នែក​«​ត្រឡប់​ទៅ​ជួប​»​។ បើ​សុន្ទរកថា​នោះ​គ្មាន​ការ​ណែនាំ​ផ្សេង​ទៀត​ទេ គោល​ដៅ​របស់​សិស្ស​គឺ​ប្រាប់​សេចក្ដី​ពិត​ពី​គម្ពីរ​ដែល​ស្រួល​យល់​និង​ដែល​ទាក់​ទង​នឹង​បុគ្គល​ដែល​គាត់​កំពុង​និយាយ ព្រម​ទាំង​លើក​ចំណុច​មួយ​ដើម្បី​និយាយ​លើក​ក្រោយ។ សិស្ស​គួរ​តែ​ជ្រើស​រើស​ប្រធានបទ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ថ្មី​ៗ និង​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់។ គាត់​អាច​សម្រេច​ចិត្ត​ថា គួរ​បង្ហាញ​ឬ​មិន​បង្ហាញ​សៀវភៅ​ឬ​វីដេអូ​ពី​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ ជា​ជាង​ទន្ទេញ​ឲ្យ​ចាំ​ការ​សម្ដែង សិស្ស​គួរ​តែ​ហាត់​របៀប​ធ្វើ​ការ​សន្ទនា​ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ឯ​ទៀត ហើយ​និយាយ​បែប​ធម្មជាតិ។

   ១៣ស្ថានភាព៖ សិស្ស​គួរ​ប្រើ​ស្ថានភាព​ដែល​បាន​ផ្ដល់​ឲ្យ តែ​គួរ​កែ​សម្រួល​ឲ្យ​ស្រប​នឹង​កាលៈទេសៈ​ក្នុង​តំបន់។ ជា​ឧទាហរណ៍៖

  1.  (​១​) ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ៖ ស្ថានភាព​នេះ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ (​មិន​ថា​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់ តាម​ទូរស័ព្ទ​ឬ​តាម​សំបុត្រ​ក្ដី​) និង​ការ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​បុគ្គល​ដែល​បាន​ជួប​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

  2.  (​២​) ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ៖ ស្ថានភាព​នេះ​បង្ហាញ​អំពី​របៀប​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​ដល់​បុគ្គល​ដែល​កំពុង​សន្ទនា​ធម្មតា​ជា​មួយ​យើង។ នេះ​អាច​រួម​បញ្ចូល​ការ​ប្រាប់​ចំណុច​មួយ​ពី​គម្ពីរ​ដល់​អ្នក​ដែល​ជួប​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា អ្នក​ជិត​ខាង ពេល​ជិះ​ឡាន​សាធារណៈ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក។

  3.  (​៣​) ផ្សព្វ​ផ្សាយ​សាធារណៈ៖ ស្ថានភាព​នេះ​អាច​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ ឬ​ការ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ពាណិជ្ជកម្ម តាម​ផ្លូវ តាម​សួន​សាធារណៈ នៅ​ចំណត ឬ​នៅ​កន្លែង​ណា​ដែល​អាច​ជួប​មនុស្ស​បាន។

 ១៤ការ​ប្រើ​វីដេអូ​និង​សៀវភៅ៖ អាស្រ័យ​លើ​កាលៈទេសៈ សិស្ស​អាច​សម្រេច​ចិត្ត​ប្រើ​វីដេអូ​ឬ​សៀវភៅ។ បើ​សុន្ទរកថា​រួម​បញ្ចូល​វីដេអូ ឬ​បើ​សិស្ស​សម្រេច​ចិត្ត​ប្រើ​វីដេអូ គាត់​គួរ​រៀប​រាប់​និង​ពិភាក្សា​វីដេអូ​នោះ​តែ​មិន​បង្ហាញ​វីដេអូ​ទេ។

  របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

១៥.  ក្រោយ​ពី​ច្រៀង​ចប់ ១៥​នាទី​ដំបូង​នឹង​មាន​ផ្នែក​មួយ​ឬ​ពីរ​ដែល​នឹង​ជួយ​អ្នក​ស្ដាប់​ឲ្យ​អនុវត្ត​អ្វី​ដែល​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ។ បើ​គ្មាន​ការ​ណែនាំ​ផ្សេង​ទៀត​ទេ អ្នក​ចាស់​ទុំ​ម្នាក់​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​នឹង​ដឹក​នាំ​ផ្នែក​នេះ។ ពេល​មាន​ផ្នែក​សេចក្ដី​ត្រូវ​ការ​ក្នុង​ក្រុម​ជំនុំ នោះ​អ្នក​ចាស់​ទុំ​ម្នាក់​ត្រូវ​ថ្លែង។ ចំពោះ​ផ្នែក​ណា​ដែល​ជា​ការ​ពិគ្រោះ អ្នក​ថ្លែង​អាច​សួរ​សំណួរ​ដែល​មាន​នៅ​ក្នុង​ផ្នែក​នោះ​ហើយ​ក៏​អាច​សួរ​សំណួរ​បន្ថែម​ទៀត​ដែរ។ គាត់​គួរ​មាន​ពាក្យ​ផ្ដើម​ខ្លី ដើម្បី​គាត់​អាច​ផ្ចង់​ទៅ​លើ​ចំណុច​សំខាន់ និង​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​មាន​ពេល​ចូល​រួម​ឆ្លើយ។ ប្រសិន​បើ​មាន​ការ​សម្ភាសន៍ បើ​អាច​ធ្វើ​បាន ជា​ការ​ល្អ​ដែល​គាត់​ប្រាប់​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ពី​លើ​វេទិកា មិន​មែន​ពី​កៅអី​អង្គុយ​ទេ។

  ១៦ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ៖ ៣០​នាទី។ ផ្នែក​នេះ​ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់។ (​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​សូវ​មាន​អ្នក​ចាស់​ទុំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​ដឹក​នាំ​ផ្នែក​នេះ​បើ​ចាំ​បាច់​) ក្រុម​អ្នក​ចាស់​ទុំ​គួរ​សម្រេច​ចិត្ត​ថា តើ​អ្នក​ណា​មាន​សមត្ថភាព​ឬ​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ បង​ប្អូន​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដើម្បី​ដឹក​នាំ​គួរ​មាន​សមត្ថភាព​ដឹក​នាំ​តាម​របៀប​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​ស្ដាប់។ នេះ​រួម​បញ្ចូល​ការ​បញ្ចប់​ការ​សិក្សា​តាម​ពេល​កំណត់ ការ​លើក​បញ្ជាក់​បទ​គម្ពីរ​សំខាន់​ៗ និង​ការ​ជួយ​បង​ប្អូន​ឲ្យ​ទទួល​ស្គាល់​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ចំណុច​ផ្សេង​ៗ​ដែល​បាន​ត្រូវ​ពិគ្រោះ។ អ្នក​ដឹក​នាំ​នឹង​កាន់​តែ​បង្រៀន​ដោយ​ប្រសិទ្ធភាព​បើ​គាត់​ពិចារណា​អត្ថបទ​ស្ដី​អំពី​របៀប​ដឹក​នាំ​ផ្នែក​សំណួរ​និង​ចម្លើយ។ (​w២៣.០៤ ទំ.២៤, ប្រអប់​) ក្រោយ​ព័ត៌មាន​ដែល​បាន​កំណត់​សម្រាប់​សប្ដាហ៍​បាន​ត្រូវ​បក​ស្រាយ​ច្បាស់​លាស់​អស់​ហើយ អ្នក​ថ្លែង​មិន​ចាំ​បាច់​ពន្យារ​ពេល​ការ​សិក្សា​ឲ្យ​គ្រប់​៣០​នាទី​ទេ។ បើ​អាច​ធ្វើ​បាន បង​ប្រុស​ផ្សេង​ៗ​គ្នា​គួរ​ដឹក​នាំ​និង​អាន​ជា​រៀង​រាល់​សប្ដាហ៍។ ប្រសិន​បើ​អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​សុំ​អ្នក​ដឹក​នាំ​ធ្វើ​ការ​សិក្សា​ខ្លី​ជាង នោះ​អ្នក​ដឹក​នាំ​ការ​សិក្សា​នឹង​សម្រេច​ចិត្ត​អំពី​របៀប​ធ្វើ​ដូច្នោះ។ គាត់​អាច​សម្រេច​ចិត្ត​មិន​អាន​វគ្គ​ខ្លះ។

  សេចក្ដី​បញ្ចប់

១៧.  ៣​នាទី។ អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​នឹង​សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​កិច្ច​ប្រជុំ។ គាត់​ក៏​គួរ​ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់។ បើ​មាន​ពេល គាត់​អាច​ប្រាប់​ឈ្មោះ​សិស្ស​ដែល​មាន​សុន្ទរកថា​នៅ​សប្ដាហ៍​ក្រោយ។ បើ​គ្មាន​ការ​ណែនាំ​ផ្សេង​ទៀត​ទេ អធិការី​គួរ​ជូន​ដំណឹង​ណា​និង​អាន​សំបុត្រ​ណា​ដែល​ចាំ​បាច់​ដល់​ក្រុម​ជំនុំ​ក្នុង​អំឡុង​សេចក្ដី​បញ្ចប់។ ព័ត៌មាន​ទូទៅ ដូច​ជា​កម្ម​វិធី​កិច្ច​បម្រើ​ផ្សាយ​ធម្មតា​និង​កម្ម​វិធី​សម្អាត មិន​គួរ​ប្រកាស​ពី​លើ​វេទិកា​ទេ តែ​គួរ​បិទ​នៅ​លើ​ក្ដារ​ព័ត៌មាន​វិញ។ ប្រសិន​បើ​អធិការី​មិន​អាច​ជូន​ដំណឹង​ឬ​អាន​សំបុត្រ​ក្នុង​ពេល​កំណត់​សម្រាប់​សេចក្ដី​បញ្ចប់ គាត់​គួរ​សុំ​បង​ប្អូន​ប្រុស​ដែល​ដឹក​នាំ​កម្ម​វិធី ក្នុង​ផ្នែក​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក​ឲ្យ​កាត់​បន្ថយ​ផ្នែក​របស់​ពួក​គេ​ឲ្យ​ខ្លី​ជាង។ (​សូម​មើល វគ្គ​១៦​និង ១៩​) កិច្ច​ប្រជុំ​នឹង​ត្រូវ​បញ្ចប់​ដោយ​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន។

  ការ​សរសើរ​និង​ឱវាទ

១៨.  ក្រោយ​ពី​សិស្ស​ម្នាក់​ៗ​ថ្លែង​ចប់ អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​មាន​ពេល​ប្រហែល​មួយ​នាទី​ដើម្បី​សរសើរ​និង​ជូន​ឱវាទ​ដល់​សិស្ស​ដោយ​មាន​មូលដ្ឋាន​លើ​ចំណុច​ដែល​សិស្ស​បាន​ហាត់​រៀន។ ពេល​អធិការី​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​ឬ​ធ្វើ​ការ​សម្ដែង គាត់​នឹង​មិន​ប្រាប់​អំពី​ចំណុច​ដែល​សិស្ស​កំពុង​ហាត់​រៀន​ទេ។ ប៉ុន្តែ ក្រោយ​ពី​សិស្ស​ថ្លែង​ចប់ អធិការី​នឹង​សរសើរ​សិស្ស​ជា​មុន​សិន​អំពី​ចំណុច​ល្អ​ខ្លះ​ដែល​សិស្ស​បាន​ធ្វើ ហើយ​បន្ទាប់​មក​គាត់​អាច​ប្រាប់​អំពី​ចំណុច​ដែល​សិស្ស​កំពុង​ហាត់​រៀន ព្រម​ទាំង​ប្រាប់​នូវ​មូលហេតុ​និង​របៀប​ដែល​សិស្ស​ធ្វើ​បាន​ល្អ​ចំពោះ​ចំណុច​នេះ ឬ​ពន្យល់​ដោយ​ចិត្ត​សប្បុរស​នូវ​មូលហេតុ​ដែល​សិស្ស​គួរ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ចំពោះ​ចំណុច​នេះ។ អធិការី​ក៏​អាច​ប្រាប់​អំពី​ចំណុច​ផ្សេង​ទៀត​ក្នុង​ការ​សម្ដែង​ដែល​គួរ​ឲ្យ​កត់​សម្គាល់ បើ​គាត់​គិត​ថា​ចំណុច​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ឬ​អ្នក​ស្ដាប់។ ក្រោយ​កិច្ច​ប្រជុំ​ចប់​ឬ​នៅ​ពេល​ផ្សេង​ទៀត អធិការី​អាច​ជួប​សិស្ស​ដើម្បី​ជូន​ឱវាទ​ថែម​ទៀត​ស្ដី​អំពី​ចំណុច​ដែល​សិស្ស​បាន​ហាត់​រៀន​ឬ​អំពី​ចំណុច​ហាត់​រៀន​ផ្សេង​ទៀត ដោយ​ប្រើ​សៀវភៅ​ស្តើង​ស្រឡាញ់​មនុស្ស​ឬ​សៀវភៅ​ស្ដើង​ការ​បង្រៀន​ជា​មូលដ្ឋាន (​សូម​មើល វគ្គ​១៩,  ២៤និង ២៥​សម្រាប់​ការ​ណែនាំ​បន្ថែម​ស្ដី​អំពី​តួ​នាទី​របស់​អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត និង​តួ​នាទី​របស់​អ្នក​ជូន​ឱវាទ​រង​)។

     ពេល​កំណត់

១៩.  គ្មាន​សុន្ទរកថា​ណា​ដែល​គួរ​ថ្លែង​លើស​ពេល​កំណត់​ទេ ហើយ​ពាក្យ​របស់​អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ក៏​មិន​គួរ​លើស​ពេល​កំណត់​ដែរ។ ទោះ​បី​ជា​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ​បាន​កំណត់​ម៉ោង​សម្រាប់​ផ្នែក​នីមួយ​ៗ​ក៏​ដោយ អ្នក​ថ្លែង​មិន​ចាំ​បាច់​និយាយ​បន្ថែម​ឲ្យ​គ្រប់​ពេល​កំណត់​ទេ បើ​ព័ត៌មាន​បាន​ត្រូវ​ថ្លែង​គ្រប់​គ្រាន់​ហើយ។ បើ​អ្នក​ដឹក​នាំ​ថ្លែង​លើស​ពេល​កំណត់ អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ឬ​អ្នក​ជូន​ឱវាទ​រង​គួរ​ជួប​គាត់​ដោយ​ឡែក​ពី​គេ​ដើម្បី​ជូន​ឱវាទ។ (​សូម​មើល វគ្គ​២៤​និង ២៥​) កិច្ច​ប្រជុំ​ទាំង​មូល​រួម​ទាំង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​គួរ​មាន​រយៈ​ពេល​១​ម៉ោង​៤៥​នាទី។

 ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល

២០.  ពេល​ក្រុម​ជំនុំ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល កម្ម​វិធី​កិច្ច​ប្រជុំ​គួរ​ធ្វើ​ឡើង​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​ត​ទៅ៖ ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​ក្នុង​ផ្នែក​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក នឹង​ត្រូវ​ជំនួស​ដោយ​សុន្ទរកថា​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​សម្រាប់​ក្រុម​ជំនុំ ដែល​មាន​រយៈ​ពេល​៣០​នាទី។ មុន​សុន្ទរកថា​នេះ អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​នឹង​សើរើ​កម្ម​វិធី​ឡើង​វិញ ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់ ជូន​ដំណឹង​ណា​និង​អាន​សំបុត្រ​ណា​ដែល​ចាំ​បាច់ ហើយ​បន្ទាប់​មក​គាត់​នឹង​អញ្ជើញ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា។ ក្រោយ​ពី​ថ្លែង​ចប់ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ដោយ​អញ្ជើញ​អ្នក​ចូល​រួម​ឲ្យ​ច្រៀង​ចម្រៀង​មួយ​ដែល​គាត់​បាន​ជ្រើស​រើស។ គាត់​អាច​សុំ​បង​ប្រុស​ម្នាក់​ទៀត​អធិដ្ឋាន​បញ្ចប់។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល មិន​គួរ​មាន​សាលា​តូច​ឯ​ទៀត​ជា​ភាសា​របស់​ក្រុម​ជំនុំ​ទេ។ បើ​ក្រុម​ជំនុំ​គាំទ្រ​ក្រុម​ណា​មួយ ក្រុម​នោះ​អាច​មាន​កិច្ច​ប្រជុំ​ដូច​ធម្មតា ទោះ​ជា​ក្រុម​ជំនុំ​ដែល​គាំទ្រ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក្ដី។ ក៏​ប៉ុន្តែ ក្រុម​នោះ​គួរ​មក​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​ដែល​គាំទ្រ ដើម្បី​ស្ដាប់​សុន្ទរកថា​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​សម្រាប់​ក្រុម​ជំនុំ។

 សប្ដាហ៍​ដែល​មាន​សន្និបាត​ឬ​មហា​សន្និបាត

២១.  ក្នុង​អំឡុង​សប្ដាហ៍​ដែល​មាន​សន្និបាត​ឬ​មហា​សន្និបាត នោះ​ក្រុម​ជំនុំ​គ្មាន​កិច្ច​ប្រជុំ​ទេ។ សូម​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​ឲ្យ​ពិចារណា​ព័ត៌មាន​ក្នុង​កម្ម​វិធី​កិច្ច​ប្រជុំ​សម្រាប់​សប្ដាហ៍​នោះ​ដោយ​ខ្លួន​ឯង ឬ​ជា​ក្រុម​គ្រួសារ។

 សប្ដាហ៍​ដែល​មាន​ពិធី​រំលឹក

២២.  ពេល​មាន​ពិធី​រំលឹក​នៅ​រវាង​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ នោះ​គ្មាន​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​នៅ​សប្ដាហ៍​នោះ​ទេ។

 អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត

២៣.  អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ក្រុម​អ្នក​ចាស់​ទុំ​បាន​ជ្រើស​រើស នឹង​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។ គាត់​មាន​ភារកិច្ច​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នេះ​មាន​របៀប​រៀប​រយ​និង​មាន​ដំណើរ​ការ​ស្រប​តាម​ការ​ណែនាំ​ក្នុង​ឯកសារ​នេះ។ គាត់​គួរ​រក្សា​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​នឹង​អ្នក​ជូន​ឱវាទ​រង។ ពេល​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ទទួល​ឯកសារ​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ គាត់​នឹង​ចាត់​ចែង​អ្នក​ថ្លែង​ចំពោះ​គ្រប់​ផ្នែក​ទាំង​អស់​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​សម្រាប់​ពីរ​ខែ​នោះ​ភ្លាម​ៗ។ នេះ​រួម​បញ្ចូល​ការ​ជ្រើស​រើស​អធិការី​និង​អ្នក​ថ្លែង​សម្រាប់​ផ្នែក​ផ្សេង​ៗ ពី​ក្នុង​ចំណោម​អ្នក​ដែល​មាន​ការ​យល់​ព្រម​ពី​ក្រុម​អ្នក​ចាស់​ទុំ។ គាត់​ក៏​ត្រូវ​ចាត់​ចែង​ភារកិច្ច​របស់​សិស្ស​ផង​ដែរ។ (​សូម​មើល វគ្គ​៣​-​១៦ និង ២៤) ពេល​រៀប​ចំ​សុន្ទរកថា​របស់​សិស្ស គាត់​គួរ​គិត​ពិចារណា​អំពី​អាយុ បទ​ពិសោធន៍ និង​ស្ថានភាព​របស់​សិស្ស។ គាត់​គួរ​ប្រើ​សមត្ថភាព​វែក​ញែក​ដូច​គ្នា​ពេល​ចាត់​ចែង​អ្នក​ថ្លែង​ផ្សេង​ទៀត​សម្រាប់​កិច្ច​ប្រជុំ។ សិស្ស​ម្នាក់​ៗ​គួរ​ទទួល​ភារកិច្ច​របស់​គាត់​តាម​រយៈ​ឯកសារ​ភារកិច្ច​សម្រាប់​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក (​S-89​) យ៉ាង​ហោច​ណាស់​បី​សប្ដាហ៍​មុន​ថ្ងៃ​ដែល​គាត់​ត្រូវ​ថ្លែង។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​គួរ​ប្រាកដ​ថា​កាល​វិភាគ​មួយ​ច្បាប់​ដែល​គាត់​បាន​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​បាន​ត្រូវ​បិទ​នៅ​លើ​ក្ដារ​ព័ត៌មាន។ ក្រុម​អ្នក​ចាស់​ទុំ​អាច​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ឲ្យ​ជួយ​គាត់។ ប៉ុន្តែ មាន​តែ​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ដែល​គួរ​ជ្រើស​រើស​អធិការី​ឬ​អ្នក​ថ្លែង​សម្រាប់​ផ្នែក​ផ្សេង​ៗ​ដែល​មិន​មែន​ជា​ភារកិច្ច​របស់​សិស្ស។

    អធិការី​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត

២៤.  ជា​រៀង​រាល់​សប្ដាហ៍ អ្នក​ចាស់​ទុំ​ម្នាក់​នឹង​ធ្វើ​ជា​អធិការី​សម្រាប់​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។ (​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​សូវ​មាន​អ្នក​ចាស់​ទុំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​បំពេញ​ភារកិច្ច​នេះ​បាន បើ​ចាំ​បាច់​) គាត់​មាន​ភារកិច្ច​រៀប​ចំ​ពាក្យ​ផ្ដើម និង​សេចក្ដី​បញ្ចប់។ ម្យ៉ាង​ទៀត គាត់​ក៏​មាន​ភារកិច្ច​ប្រាប់​អ្នក​ស្ដាប់​អំពី​សុន្ទរកថា​ជា​បន្ត​បន្ទាប់​ហើយ​អញ្ជើញ​អ្នក​ថ្លែង​ម្នាក់​ៗ​ឲ្យ​ឡើង​វេទិកា តែ​គាត់​គួរ​រក្សា​ពាក្យ​ណែនាំ​ទាំង​នេះ​ឲ្យ​ខ្លី។ អាស្រ័យ​លើ​ចំនួន​អ្នក​ចាស់​ទុំ គាត់​ប្រហែល​ជា​នឹង​ដឹក​នាំ​ផ្នែក​ខ្លះ​ក្នុង​កិច្ច​ប្រជុំ​ដែរ ជា​ពិសេស​ផ្នែក​ដែល​មាន​វីដេអូ​ប៉ុន្តែ​មិន​ចាំ​បាច់​ពិភាក្សា​អំពី​វីដេអូ​នោះ​ទេ។ ក្រុម​អ្នក​ចាស់​ទុំ​នឹង​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ណា​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ភារកិច្ច​នេះ។ ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​ជ្រើស​រើស​នឹង​បម្រើ​ជា​អធិការី​ជា​ទៀង​ទាត់។ ស្រប​តាម​ស្ថានភាព​ក្នុង​តំបន់ អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត អាច​បម្រើ​ជា​អធិការី​ញឹក​ញាប់​ជាង​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ បើ​អ្នក​ចាស់​ទុំ​ម្នាក់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ នោះ​គាត់​ទំនង​ជា​មាន​សមត្ថភាព​ដើម្បី​ធ្វើ​ជា​អធិការី​កិច្ច​ប្រជុំ។ សូម​ចាំ​ថា​ពេល​អ្នក​ចាស់​ទុំ​ដែល​ជា​អធិការី​ផ្ដល់​ការ​សរសើរ​គាត់​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ហើយ​ផ្ដល់​ការ​សរសើរ​ដែល​មាន​ប្រយោជន៍។ បើ​ចាំ​បាច់ គាត់​ក៏​ត្រូវ​ផ្ដល់​ឱវាទ​ដែរ​ដល់​បង​ប្អូន​ដែល​បំពេញ​ភារកិច្ច​ជា​សិស្ស។ ម្យ៉ាង​ទៀត អធិការី​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​ប្រជុំ​ចប់​តាម​ពេល​កំណត់។ (​សូម​មើល វគ្គ​១៧​និង ១៩​) បើ​មាន​កន្លែង​គ្រប់​គ្រាន់​នៅ​លើ​វេទិកា អធិការី​អាច​សុំ​ដាក់​មេក្រូ​បញ្ឈរ​មួយ​លើ​វេទិកា​ដើម្បី​គាត់​អាច​ប្រើ​ពេល​អញ្ជើញ​អ្នក​ថ្លែង​ម្នាក់​ៗ ហើយ​ដំណាល​គ្នា​នោះ​អ្នក​ថ្លែង​អាច​ឡើង​មក​កាន់​មេក្រូ​នៅ​តុ​វេទិកា។ ម្យ៉ាង​ទៀត អធិការី​ប្រហែល​ចង់​អង្គុយ​នៅ​តុ​មួយ​លើ​វេទិកា​ក្នុង​អំឡុង​ពេល​ដែល​សិស្ស​អាន​អំណាន​គម្ពីរ ឬ​បំពេញ​ភារកិច្ច​ក្នុង​ផ្នែក​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​សន្សំ​ពេល​វេលា។

   អ្នក​ជូន​ឱវាទ​រង

២៥.  បើ​អាច​ធ្វើ​បាន ជា​ការ​ល្អ​ដែល​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ធ្វើ​ជា​អ្នក​ជូន​ឱវាទ​រង។ អ្នក​ជូន​ឱវាទ​រង​មាន​ភារកិច្ច​ជូន​ឱវាទ​ដែល​ចាំ​បាច់​ដល់​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​ថ្លែង​សុន្ទរកថា ឬ​ដឹក​នាំ​ផ្នែក​ណា​ក៏​ដោយ មិន​ថា​ផ្នែក​មួយ​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត សុន្ទរកថា​សាធារណៈ ការ​អាន​ឬ​កា​រដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ឬ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ ប៉ុន្តែ គាត់​មិន​ជូន​ឱវាទ​នេះ​ពី​វេទិកា​ទេ។ (​សូម​មើល វគ្គ​១៩​) ប្រសិន​បើ​ក្រុម​ជំនុំ​មាន​អ្នក​ចាស់​ទុំ​មួយ​ចំនួន​ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​ថ្លែង​និង​ការ​បង្រៀន នោះ​អ្នក​ចាស់​ទុំ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​ផ្លាស់​ប្ដូរ​គ្នា​ធ្វើ​ជា​អ្នក​ជូន​ឱវាទ​រង​មួយ​ឆ្នាំ​ម្ដង។ អ្នក​ជូន​ឱវាទ​រង​មិន​ចាំ​បាច់​ជូន​ឱវាទ​រាល់​ដង​ក្រោយ​ពី​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ថ្លែង​នោះ​ទេ។

 សាលា​តូច​ឯ​ទៀត

២៦.  អាស្រ័យ​ទៅ​លើ​ចំនួន​សិស្ស ក្រុម​ជំនុំ​អាច​រៀប​ចំ​សាលា​តូច​ឯ​ទៀត ដើម្បី​ឲ្យ​សិស្ស​ថ្លែង​សុន្ទរកថា។ សាលា​តូច​នីមួយ​ៗ​គួរ​មាន​អ្នក​ជូន​ឱវាទ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ ជា​ការ​ល្អ​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​បំពេញ​ភារកិច្ច​នេះ តែ​បើ​ចាំ​បាច់ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក៏​អាច​ធ្វើ​បាន​ដែរ។ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើស​រើស​អ្នក​ណា​ដែល​អាច​បំពេញ​ភារកិច្ច​នេះ ហើយ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្ដូរ​វេន​គ្នា​ឬ​យ៉ាង​ណា។ អ្នក​ជូន​ឱវាទ​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង វគ្គ​១៨។ បើ​មាន​សាលា​តូច​ឯ​ទៀត នោះ​ក្រោយ​ពី​ចប់​ផ្នែក​ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ អធិការី​គួរ​អញ្ជើញ​សិស្ស​ដែល​ត្រូវ​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​ឯ​ទៀត​ឲ្យ​ទៅ​សាលា​នោះ។ សិស្ស​គួរ​ត្រឡប់​មក​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​វិញ​ក្រោយ​ផ្នែក​ចុង​ក្រោយ​របស់​សិស្ស​ចប់។

 វីដេអូ

២៧.  ក្នុង​កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​បញ្ចាំង​វីដេអូ​ផ្សេង​ៗ។ វីដេអូ​ដែល​ត្រូវ​បញ្ចាំង​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​នឹង​មាន​ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ® ដែល​អាច​មាន​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ។

© 2023 Watch Tower Bible and Tract Society of Pennsylvania

S​-​38​-​CB 11/23